លោក ហ៊ុន ម៉ាណែត នឹង​ទៅ​អូស្ត្រាលី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី-អាស៊ាន

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមួយ​ជាមួយ​ប្រធានាធិបតី​បារាំង​ក្នុង​អំឡុង​ទស្សនកិច្ចរបស់លោក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល ​ក្រោយ​ការ​កាន់​អំណាច​រយៈ​ពេល​៦​ខែ ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី។​

ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ចាប់​ពី​ថ្ងៃទី​ ៤ ​ដល់​ថ្ងៃទី​ ៦ ​ខែ​មីនា​ ឆ្នាំ​ ២០២៤ ​ដើម្បី​អបអរ​ភាព​ជាដៃ​គូ​សន្ទនា​អស់​រយៈ​ពេល ​៥០ ​ឆ្នាំ​មក​ហើយ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​អូស្ត្រាលី។​

អ្នក​វិភាគ​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​និង​អូស្ត្រាលី​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ​ ប៉ុន្តែ​វា​ទាម​ទារ​ឱ្យ​កម្ពុជា​ស្តារ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ផ​ងដែរ។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ជំហរ​របស់​អូស្ត្រាលី​ គឺដូច​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ និងសហរដ្ឋអាមេរិក​ដែរ​ ដែល​ចង់​ឱ្យ​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​សិទ្ធិ​មនុស្ស។​ លោក​បន្ថែម​ថា​ បញ្ហា​ចម្រូង​ចម្រាស​មួយ​ទៀត​ គឺ​រឿង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​រាម​ដោយ​កងទ័ព​ចិន ​ដែល​នាំឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើប្រាស់ជា​មូលដ្ឋាន​ទ័ព​ចិន។

លោក​បញ្ជាក់​ថា៖ ​«ពាក់ព័ន្ធ​នឹ​ង​វត្តមាន​យោធា​បរទេស​ជា​ដើម​ដែល​លើក​ឡើង ​ហើយ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោ​បាយ​ ប្រសិន​បើ​ភាគី​ទាំង​ពីរ​សម្រេច​បាន​ការ​ឯកភាព​គ្នា ​ខ្ញុំ​គិត​ថា ជាកិច្ច​ការ​មួយ​ល្អ ​ក៏​ប៉ុន្តែ​បើ​សិន​បើ​អត់​បាន​លើក​មក​ជជែក​ ឬ​ក៏​និយាយ​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​នយោបាយ​ ប្រជា​ធិបតេយ្យ​ទេ​។ ខ្ញុំ​គិត​ថា​ កិច្ច​ប្រជុំ​តំបន់​រវាង​អូស្ត្រាលី ​និង​អង្គការ​តំបន់​អាស៊ាន​ហ្នឹង​ វា​មិន​សូវ​មាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា​ទេ»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ កម្ពុជា​និង​អូស្ត្រាលី​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​ ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ​និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​។ ប៉ុន្តែ​លោក​ចង់​ឃើញ​កម្ពុជា​យក​ឱកាស​នេះ​ដើម្បី​ជជែក​ជាមួ​យ​មេដឹកនាំ​អូស្ត្រាលី ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​សមយុទ្ធ​យោធា​ឡើង​វិញ។​

បើ​និយា​យ​ពី​ទំនាក់​ទំនង​អូស្ត្រាលី​ និង​អាស៊ាន​វិញ​ លោក ​ឯម សុវណ្ណារ៉ា​ អះអាង​ថា អូស្ត្រាលី​ក៏​ដូច​ជាសហរដ្ឋអាមេរិក​ដែរ​ គឺ​មិន​ចង់​ឃើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ភាព​ល្អូកល្អើន​ជាមួយ​ចិន​នោះ​ទេ។​

សហស្ថាបនិក​នៃ​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​លោក ​រ៉ូ វណ្ណៈ ​ក៏​បាន​លើក​ឡើង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​អូស្ត្រាលី។ ​លោក​បញ្ជាក់​ជា​អក្សរ​ថា៖ ​«នេះ​អាច​កំណត់​របៀប​វារៈ​នៃ​ការ​ធ្វើ​ពិពិធកម្ម​ការ​ទូត​របស់​កម្ពុជា ​ដើម្បី​ស្វែង​រក​ឱកាស​សេដ្ឋកិច្ច ​និង​ផល​ប្រយោជន៍​ជាតិ។​ ដំណើរ​ទស្សន​កិច្ច​ទំនង​ជា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​វិនិយោគ ​ពាណិជ្ជ​កម្ម ​និងការអប់រំ»។​

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា​ មេដឹក​នាំអូស្ត្រាលី​គួរ​តែ​លើក​បញ្ហា​នៃ​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​។ ​លោក​មើល​ឃើញ​ថា លោក ​ហ៊ុន ម៉ាណែត​ អាច​ទទួល​យក​ការ​ចូលរួម​បែប​ស្ថាបនា​ពី​ភាគី​នានា។​

លោក​បញ្ជាក់​ថា៖​ « ​សារៈ​សំខាន់​នៃស្ថាប័ន​រដ្ឋ​ដ៏រឹង​មាំ ​គណបក្ស​ប្រឆាំង​ដែល​មាន​ឱកាស​ស្មើគ្នា​សម្រាប់​ការ​ប្រកួត​ប្រជែង​ដោយ​សេរី​ និង​យុត្តិធម៌ ​សង្គម​ស៊ីវិល​ដ៏​រស់​រវើក ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មិន​អា​ចត្រូវ​បាន​គេ​ព្រងើយ​កន្តើយ​ឡើយ។ ​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​ប្រកាន់​ខ្ជាប់​នូវ​ប្រព័ន្ធ​សភា»។​

រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

នៅគ្រា​លោក ​ហ៊ុន ម៉ាណែត ​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​មែលប៊ន (Melbourne) ​នៃ​ប្រទេស​អូស្ត្រាលី​ ប្រជា​ពលរដ្ឋ​កម្ពុជា​នៅទីនោះ​ក៏​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​រូប​នេះ​ផង​ដែរ។​

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា ​ប្រទេស​អូស្ត្រាលី ​លោក ​ឡែម ណារ៉ា​ ប្រាប់​វីអូអេ​ថា ប្រជាពល​រដ្ឋ​ប្រមាណ​ ១​ពាន់នាក់ ​នឹង​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​ ២ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ខា ង​មុខ។ ​លោក​បន្ថែម​ថា ​ការ​ដែល​ពួកគេ​ធ្វើ​បាតុ​កម្មគឺ​ដោយ​សារតែ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក ​ហ៊ុន ម៉ាណែត ​ដែល​លោក​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​មិន​គោរព​តាម​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។​

លោក​បញ្ជាក់​ថា៖ ​«គោល​បំណង​របស់​យើង​គឺ​យើង​មិន​ពេញ​ចិត្ត​ ហ៊ុន ម៉ាណែត​ ដឹកនាំ​ប្រទេស​ទេ​ ដោយ​សារ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ បន្លំ​ ​ដឹកនាំ​របៀប​ចាប់​ដាក់​ពី​ឪមក​កូន​ មិន​មែន​របៀប​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឹមត្រូវ​ទេ»។​

បើ​តាម​លោក ​ឡែម ណារ៉ា ​ក្រុម​ការ​ងារ​របស់​លោក​ក៏​បាន​ដាក់​ញត្តិ​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ ដោយ​លើក​ឡើង​ពី​ការ​មិន​ទទួល​ស្គាល់​លោក​ ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​ក៏​ជំរុញ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​ធ្វើ​អន្តរាគមន៍ ​ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ។​

អូស្ត្រាលី​ក៏​ជា​ប្រទេស​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា ​ក្នុង​ការ​នាំ​កម្ពុជា​ទៅ​រក​គន្លង​ប្រជា​ធិបតេយ្យ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ ការ​មាន​ប្រជា​ពល​រដ្ឋ​សម្តែង​មតិ​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​នៅ​អូស្ត្រាលី ​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។​

លោក​ថ្លែង​ថា៖ «ការ​បញ្ចេញ​មតិ​សម្តែង​បាតុកម្ម​អីពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ក្តាប់​តូច​នៅ​ឯ​ក្រៅ​ប្រទេស ​នៅ​ពេល​ដែល​មាន​ប្រមុខ​ដឹក​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ អត់​មាន​ប៉ះពាល់​អីទៅ​ដល់​ប្រទេស​កម្ពុជា​ ឬទៅ​ដល់​មុខ​មាត់របស់​ប្រមុខ​ដឹកនាំ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ការ​សម្តែង​មតិ​នេះ​វា​បាន​បង្ហាញ​ឱ្យ​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​បាន​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​ជញ្ជីង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

បើ​តាម​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា ​អូស្ត្រាលី​ និង​កម្ពុជា​មាន​មិត្តភាព​ ទំនាក់​ទំនង​យូរ​អង្វែង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​ប្រវត្តិ​សាស្ត្រ ​ហើយ​ឆ្នាំ​នេះ​ជា​ខួប​ទី ​៧០ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា ​លោក ​ចាស្ទីន វ៉ាយអេត ​ (Justin Whyatt)​ ធ្លាប់​បាន​បញ្ជាក់​កាល​ពីចុង​ខែ​មករា​ថា​ កម្ពុជា​និង​អូស្រ្តាលី​សហការ​គ្នា​ក្នុង​វិស័យជា​ច្រើន​ រួម​មាន​សុខាភិបាល​ ការ​អប់រំ ​កសិកម្ម ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ថាមពល​ និង​អាកាសធាតុ ​ការការ​ពារ​សង្គម ​និង​សន្តិសុខ​ជាតិ ​សង្គម​ស៊ីវិល ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស។ ​លោក​បន្ថែម​ថា​ អូស្ត្រាលី​ក៏​កំពុង​ស្វែង​រក​ផល​ប្រយោជន៍​រួម​ក្នុង​តំបន់​តាម​រយៈ​អាស៊ាន​ផង​ដែរ។​

បើ​តាម​ឯក​អគ្គ​រដ្ឋទូត​រូប​នេះ ​ឆ្នាំ ២០០៤ នេះ​ អាស៊ាន​និង​ប្រទេស​អូស្ត្រាលី​ប្រារព្ធ​ខួប ​៥០ ​ឆ្នាំ​នៃ​ភាព​ជាដៃ​គូ​សន្ទនា ​ហើយ​ប្រទេស​អូស្ត្រាលី​រង់ចាំ​ទទួល​ស្វាគមន៍​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​និង​ថ្នាក់​ដឹកនាំ​អាស៊ាន ​និង​ទីម័រ​ខាងកើត ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៅ​ដើម​ខែ​មីនា​ខាង​មុខ។​

លោក ​ចាស្ទីន វ៉ាយអេត ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី ​៣១​ ខែ​មករា​ ឆ្នាំ​ ២០២៤​ថា ៖ ​«ក្នុង​នាម​ជា​ដៃ​គូសន្ទនា​ដំបូង​របស់​អាស៊ាន​ និង​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​មួយ​ ប្រទេស​អូស្ត្រាលី​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ភាព​ជា​មជ្ឈភាព​អាស៊ាន ​និង​ទស្សន​វិស័យ​អាស៊ាន​ស្តី​ពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ​ប្រទេស​អូស្ត្រាលី​មើល​ឃើញ​ថា ​អាស៊ាន​គឺជា​ចំណុច​ស្នូល​នៃ​តំបន់​ដែល​មាន​ស្ថិរភាព ​សន្តិភាព ​វិបុលភាព ​និង​សន្តិសុខ»៕