ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​រាល់​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បង្ខូច​មុខមាត់​កម្ពុជា


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានរួម​ជាមួយ​នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានរួម​ជាមួយ​នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ បាន​ព្រមាន​ដាក់​ឈ្មោះក្នុង​បញ្ជី​ខ្មៅចំពោះ​ជន​ទាំង​ឡាយ​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មក​បង្ខូច​មុខមាត់​ និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ ហើយ​បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ជនជាតិ​តៃវ៉ាន់​ពីរនាក់ ​ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះ​សីហនុ​សម្រេច​ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​ ​ចំពោះ​ការ​បង្ហោះ​វីដេអូ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ថា​ ពួកគេ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ចាប់​ជំរិត។​ ​

បុគ្គល​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ព្រោះ​បានប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ដូច​ករណី​ជន​ជាតិ​តៃវ៉ាន់​ខាង​លើ​នេះ​ នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​ជា​ដាច់​ខាត។ ​នេះ​បើ​តាម​លោក​ហ៊ុន ម៉ាណែត។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ ​ចាក់​អង្រែ​ក្រោម-ព្រែក​ប្រា​ លោក ​ហ៊ុន ម៉ាណែត​ ថ្លែង​ថា៖​ «ម្សិល​ម៉្ងៃ​មាន​អ្នក​តវ៉ា​រក​អន្តរាគមន៍។ ​ខ្ញុំ​ថា ឱ្យ​តាម​ទូរស័ព្ទ។​ អ្នក​អន្តរាគមន៍​ថា ក្មេងៗអាណិត​ម្តាយ​ឈឺ​នៅ​តៃវ៉ាន់។ ​សុំលែង​ទៅ!​ ខ្ញុំ​ថា បើ​ម្តាយ​ឈឺ​គួរតែ​ដាក់​វា​ឱ្យ​យូរ។​ បើ​ម្តាយ​ឈឺមិន​គួរ​អកតញ្ញូ ​គួរតែ​នៅ​តៃវ៉ាន់​មើល​ម្តាយ​ឈឺ​ មិន​គួរ​ជិះ​កប៉ាល់​ហោះ​មក​បំផ្លាញ​ស្រុក​គេ​ទេ។​ ទី២ ​បើ​អ្នក​ឯង​បំផ្លាញ​រូបភាព​ស្រុក​ខ្មែរ​មិន​ឱ្យ​ tourists​ (ភ្ញៀវ​ទេសចរ​)​ មក​ វេទនា​ប្រជា​ពលរដ្ឋ​យើង​ដែល​អត់​ចំណូល។ ​គិត​មើល​មើ!»​។

បន្ថែម​ពី​នេះ​ លោក ​ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ ​អ្នក​ដែល​ផលិត​វីដេអូ​បំភ្លៃ​ឱ្យខុសពីស្ថាន​ភាព​ពិត​ជាក់​ស្តែងនៅ​កម្ពុជា​ក្នុង​ចេតនា​បំផ្លាញ​រូបភាព​កម្ពុជា​ នឹង​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ប្រទេស​កម្ពុជា​អស់​មួយ​ជីវិត។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា៖​ «ហើយ​សូម​ព្រមាន​ទៅ​អ្នក​ផ្សេង​ទៀត ​ដែល​យក​កម្ពុជា​ធ្វើ​ជា​កន្លែង​អាជីវ​កម្ម​ដើម្បី​បាន ​View​ (ទស្សនា) ​បាន​អី រូបភាព​បែប​នេះ​ គឺ​នឹង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹងម៉ាត់​ អនុវត្ត​ជាប់​គុក ​២ ឆ្នាំ​ហើយ​ ចេញ​ទៅ​ បណ្តេញ​ចេញ​ពី​ប្រទេស​ ហើយ​ blacklist ​(ដាក់​ក្នុង​បញ្ជី​ខ្មៅ)​ ឈប់​ឱ្យ​ចូល​ស្រុក​ខ្មែរ»។​

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ លោក ​ស រដ្ឋា ​បដិសេធមិន​ផ្តល់​ការ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ឱ្យ​មាន​ការ​ដោះលែង​ជន​ជាតិ​តៃវ៉ាន់ទាំង​ពីរដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​

លោក​ថ្លែង​ថា៖​ «បាទ ​ខ្ញុំ​សុំទោស!​ ខ្ញុំអត់​អាច​ឆ្លើយ​បាន​ទេ​ ហើយ​ខ្ញុំ​ក៏​អត់​មាន​ពេល​ដែរ ​បាទ»។​

កន្លង​មក​ ​មាន​សេចក្តី​រាយ​ការណ៍​ និង​របាយ​ការណ៍​ជាច្រើន​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណ​កម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ នៅ​ក្នុង​នោះ​ ខេត្ត​ព្រះ​សីហនុ​គឺ​ជា​ទីតាំង​គោល​ដៅ​មួយ​ ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​អំពី​ករណី​នេះ​ផង​ដែរ។​

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​លើក​ឡើង​ថា ​ប្រទេស​នីមួយៗ​តែង​តែ​មាន​ច្បាប់​នៅ​ក្នុង​ការ​អនុវត្ត។​ លោក​បន្ថែម​ថា​ សង្គម​ស៊ីវិល​ជា​រឿយៗ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ នៅ​ពេល​មា​ន​ព័ត៌មាន​ពាក់ព័ន្ធនឹ​ង​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យា។​

លោក​បញ្ជាក់​ថា៖ «អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ថា បើ​សិន​ជា​មាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ក៏បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ផ្សេងៗ​គឺ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ក្នុង​ការ​ស៊ើប​អង្កេត​ ការ​ស្រាវជ្រាវ​ដើម្បី​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ធានា​អំពី​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ ជាពិសេស​បទ​ល្មើស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​បញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា»។​

បើ​តាម​លោក​ អំ សំអាត​ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ជាច្រើន​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​មនុស្ស​ ហេតុនេះ​កម្ពុជា​មាន​កាតព្វ​កិច្ច​នៅ​ក្នុង​ការ​ធានា​នូវ​គុណ​តម្លៃ​សិទ្ធិ​មនុស្ស៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG