មន្រ្តីជំនាញផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនិងអ្នកវិភាគសេដ្ឋកិច្ចសុទ្ធតែព្រួយបារម្ភពីសេដ្ឋកិច្ចប្រទេសកម្ពុជានៅក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណាថ្មីនេះ។
ប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនភ្ញៀវទេសចរ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា ជនជាតិចិនឈរក្នុងលំដាប់ថ្នាក់លេខ១នៅលើវិស័យធំៗនេះ ដែលជាឆ្អឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
មេរោគកូរ៉ូណាក៏បានផ្ទុះចេញពីប្រភពប្រទេសចិនក្នុងខេត្តហ៊ូយបេ ទីក្រុងវូហានដែលបានឆ្លងរីករាលដាលយ៉ាងហោចណាស់ជិត១ម៉ឺននាក់និងបានសម្លាប់មនុស្សជាង២០០នាក់ទូទាំងប្រទេស។
ប្រទេសកម្ពុជាក៏បានរកឃើញអ្នកកើតជំងឺនេះជាជនជាតិចិនដំបូងគេកាលពីថ្ងៃទី២៧ ខែមករា នេះដែរ។
លោក ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានទទួលស្គាល់ថាប្រទេសកម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចក្រោមឥទ្ធិពលនៃមេរោគកូរ៉ូណាថ្មីនេះ។ លោកនិយាយថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅក្នុងអំឡុងពេលនេះស្ថិតនៅត្រឹមមធ្យមនៅឡើយ។
«បើសួរខ្ញុំឥឡូវ ខ្ញុំឆ្លើយថាមធ្យម ហើយក៏មិនមែនតិចដែរ ខ្ញុំជឿថាមិនមែនតិចដែរ ហើយចាំ មើលស្ថានការណ៍តទៅទៀតមើលតើវាយ៉ាងណាយើងអត់ដឹងទេ កន្លែងអ្នកវិនិយោគធំ គាត់ ឈឺហើយ យើងដេកព្រួយហើយ»។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ ខែមេសាឆ្នាំ២០១៩ បង្ហាញថា ជាងពាក់កណ្តាលនៃការហូរចូលទុនវិនិយោគពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន ហើយត្រូវបានតម្រង់ទិសលើការវិនិយោគវិស័យសំណង់ រួមមានហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន វិស័យទេសចរណ៍ វិស័យផលិតកម្ម និងកសិកម្ម។
លោក ម៉ុង ឬទ្ធី អ្នកជំនួញផ្នែកកសិកម្មដ៏ធំនៅក្នុងប្រទេសកម្ពុជាក៏បានអោយដឹងដែរថាជនបរទេសដែលវិនិយោគលើវិស័យកសិកម្មក្នុងប្រទេសកម្ពុជាច្រើនជាងគេគឺជនជាតិចិន ដូច្នេះការផ្ទុះជំងឺនេះនឹងធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្មនេះមិនខាន ។ លោកបានអោយដឹងបន្តថា អ្នកវិនិយោគចិនមួយក្រុមបានពន្យាពេលជួបចរចារក្នុងការធ្វើវិនិយោគជាមួយលោក បន្ទាប់ពីមានមេរោគកូរ៉ូណានេះផ្ទុះឡើង។
«ឃើញអ្នកណាត់ជួបខ្ញុំគាត់សុំពន្យាពេលមួយក្រុមដែរ មកពីអាហ្នឹងហើយ កុំអី អត់មានរឿងអីត្រូវពន្យាពេលណា។ បារម្ភហើយនឹងការទប់ស្កាត់វាប្រុងប្រយ័ត្នគ្រប់កន្លែងដើម្បីទប់ស្តាត់ហើយ ប៉ុន្តែរួចមិនរួចបានកម្រិតណាយើងក៏អត់ដឹងដែរ»។
នៅមុនករណីមេរោគកូរ៉ូណាថ្មីនៅមិនទាន់បានផ្ទុះនៅឡើយ ធនាគារពិភពលោកធ្លាប់បានព្រមានកាលពីខែឧសភាឆ្នាំ២០១៩ថា ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាប្រឈមនឹងហានិភ័យ។
ស្របជាមួយគ្នានេះដែរ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក៏បានលើកឡើងដែរថា វិស័យសំខាន់ទាំង៤នៃសេដ្ឋកិច្ចកម្ពុជាលើសពី៥០ភាគរយគឺជនជាតិចិនជាអ្នកកាន់កាប់ហេតុដូច្នេះសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់នៅពេលមានផ្ទុះមេរោគកូរ៉ូណាថ្មីនេះ។
លោកបានបន្ថែមថា ទំហំផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនេះអាស្រ័យលើកម្រិតនិងរយៈពេលនៃការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនោះ។
«អ្នកជំនួញជនជាតិចិនអាចកាត់បន្ថយ បរទេសផ្សេងទៀតក៏អាចដែរ ប៉ុន្តែអោយមានផលប៉ះពាល់ ធ្ងន់ធ្ងរមែនទែនគឺអត់ទាន់ទេ វាអាស្រ័យថាតើស្ថានភាពនេះវាពន្យា បន្តទៅមុខយ៉ាងម៉េចទៀតថ្វីត្បិតតែយើងអត់ទាន់មានផលប៉ះពាល់ខ្លាំងតែហានិភ័យខ្ពស់ដោយសារយើងការវិនិយោគក្រៅប្រទេសជាងពាក់កណ្តាលមានប្រភពមកពីខាងប្រទេសចិន»។
លោកបានបន្តទៀតថា៖
«(អ៊ី)ចឹងទាមទារអោយខាងរដ្ឋាភិបាលមានយន្តការ មានគោលនយោបាយ លក្ខណៈត្រៀមទុកជាមុន ពីឥឡូវទៅ ដើម្បីអាចដោះស្រាយបញ្ហានេះ និងដោះស្រាយការប្រឈមរយះពេលវែង»។
ផ្អែកតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចាប់តាំងពីឆ្នាំ២០០០ដល់ខែមីនាឆ្នាំ២០១៩ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន៤៤៦៥៧គម្រោង ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាជិត៤៤ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន១២៩៦អគារ។
ដោយឡែក ទុនវិនិយោគមកពីប្រទេសចិនក្នុងវិស័យអចលនទ្រព្យនេះមានចំនួនជាង៥៣៥៥លានដុល្លារអាមេរិក គឺស្មើនឹងប្រមាណ៥០ភាគរយនៃទុនវិនិយោគសរុបលើវិស័យនេះ។
VOA មិនអាចធ្វើការទំនាក់ទំនង លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហាស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណាថ្មីបាននោះទេ។
ក៏ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះ ក្នុងវេទិកាស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា២០២០ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ចិនជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា ដូច្នេះមេរោគកូរ៉ូណាថ្មីនេះធ្វើអោយសេដ្ឋកិច្ចកម្ពុជាប្រឈមបញ្ហាធំជាងមុន សម្រាប់ឆ្នាំនេះ។
នៅវេទិកានោះដែរបានបង្ហាញអោយដឹងថាឥទ្ធិពលរបស់មេរោគកូរ៉ូណាថ្មីមកលើសេដ្ឋកិច្ចកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃបញ្ហាប្រឈមហានិភ័យនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ចំណែកឯផលប៉ះពាល់ពីជំងឺនេះដល់ស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងការតាមដាននៅឡើយ។
ជាមួយគ្នានេះដែរយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍បានអោយដឹងថានៅក្នុងឆ្នាំ២០១៩កន្លងទៅភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជាមានចំនួន៦,៦លាននាក់ក្នុងនោះទេសចរណ៍ជនជាតិចិនមានចំនួន២,៣លាននាក់ដែលចំនួននេះធ្វើអោយទេសចរណ៍ជនជាតិចិនឈរក្នុងលំដាប់ថ្នាក់លេខ១ពោលគឺស្នើ ៣៥ភាគរយនៃភ្ញៀវទេសចរសរុបក្នុងចំណោម១១០សញ្ជាតិ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងក្រុមវិស័យឯកជនក្នុងវិស័យទេសចរណ៍បានអោយដឹងដែរថា វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាកំពុងជួបវិបត្តិនៅក្នុងអំឡុងពេលផ្ទុះមេរោគកូរ៉ូណានេះដោយភ្ញៀវទេសចរភាគច្រើនបានលប់ចោលការធ្វើដំណើររបស់ខ្លួនមកកាន់ធ្វើប្រទេសកម្ពុជា។
ប្រទេសមួយចំនួនក្នុងពិភពលោកបានបិទជើងយន្តហោះចេញចូលពីប្រទេសចិន និងខ្លះទៀតកំពុងដាក់ការពិចារណាក្នុងការបិទជើងយន្តហោះនេះក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣០ខែមករានេះនៅក្នុងសិន្និសិទសារពត៌មានទាក់ទងនឹងមេរោគកូរ៉ូណាថ្មីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា មិនទទួលសំណើបិទជើងយន្តហោះពីប្រទេសចិននោះទេ ព្រោះវាជាការសម្លាប់សេដ្ឋកិច្ច៕