សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អ បន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ ហើយកំណើនសេដ្ឋកិច្ចប្រទេសនេះនៅឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងកើន ៤,៨ ភាគរយ។ នេះបើតាមការវាយតម្លៃរបស់ធនាគារពិភពលោកដែលទើបតែបានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា។
កំណើនខាងលើនេះ ខ្ពស់ជាងកំណើននៅឆ្នាំ២០២១ ដែលស្ថិតក្នុងចន្លោះ ៤ ទៅ៤,៤ ភាគរយ ហើយដែលនាពេលនោះផលប៉ះពាល់ផ្សេងៗបង្កដោយជំងឺកូវីដ១៩មិនទាន់ត្រូវបានដោះស្រាយនៅឡើយទាំងនៅប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី និងសកលលោក។
របាយការណ៍ធនាគារពិភពលោកស្តីពី៖ «សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើង ប៉ុន្តែនៅអាចជួបឧបសគ្គច្រើនទៀត» បានបង្ហាញថាកំណើនសម្រាប់ឆ្នាំ២០២២ គឺបានមួយផ្នែកពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើង និងមួយផ្នែកទៀតបានមកពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
របាយការណ៍លើកឡើងទៀតថាឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជា នៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ ចំណែកវិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ១៩» នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ១,២លាននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២។
បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹម៥,២%នៅឆ្នាំ២០២៣ខាងមុខ ក្រោមហេតុផលថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវឌ្ឍសភាពការណ៍នៅក្រៅព្រំដែនកម្ពុជា។
អំឡុងពេលថ្លែងបើកការចេញផ្សាយរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូឆ្នាំ២០២២នេះនៅក្នុងទីក្រុងភ្នំពេញនាថ្ងៃពុធនេះ នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ អ្នកស្រី ម៉ារៀម ស័រមែន (Mariam Sherman) បានលើកឡើងថា ហានិភ័យជាច្រើនកំពុងកើនឡើង ពោលគឺពាណិជ្ជកម្មសកលត្រូវបានព្យាករណ៍ថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។
បើតាមអ្នកស្រី Sherman វិស័យផលិតកម្មសម្រាប់ការនាំចេញកម្ពុជាមានភាពងាយរងគ្រោះទៅនឹងការថយចុះនៃសកម្មភាពជំនួញដែលកាន់តែអូសបន្លាយពេលយូរនៅសហរដ្ឋអាមេរិក។ បញ្ហាស្រដៀងគ្នានេះ បានកំពុងកើតឡើងនៅប្រទេសចិន និងសហភាពអឺរ៉ុបដែលជាទីផ្សារធំៗសម្រាប់ទំនិញកម្ពុជា និងជាប្រភពនៃការដាក់ទុនដោយផ្ទាល់ពីបរទេសមកកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ដំណើរទៅមុខទៀតរបស់ប្រទេសកម្ពុជានៅមានភាពមិនច្បាស់លាស់ ប៉ុន្តែប្រទេសនេះអាចត្រួសត្រាយផ្លូវខ្លួនឯងទៅមុខទៀតបាន ដោយធានាឲ្យបានចីរភាពសារពើពន្ធ ហើយការពង្រឹងឡើងវិញជំហរសារពើពន្ធគឺជាកិច្ចការដែលត្រូវធ្វើចាំបាច់។ ហើយដើម្បីដោះស្រាយបញ្ហានេះឲ្យបានចំគោលដៅនោះ គឺសំខាន់ត្រូវចាប់ផ្តើមពង្រីកមូលដ្ឋានពន្ធ ហើយអ្វីដែលចាំបាច់ជាងនេះទៀតនោះ គឺការធ្វើឲ្យមានស្ថិរភាពហិរញ្ញវត្ថុ»។
អ្នកស្រីបន្ថែមថា កម្ពុជាគួរលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សហកម្មទេសចរណ៍ ហើយត្រូវគិតគូរលើការដោះស្រាយការកំហិតផ្សេងៗពាក់ព័ន្ធការផ្គត់ផ្គង់ ដូចជាថ្លៃដឹកជញ្ជូនខ្ពស់ និងការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់សកម្មភាពជំនួញ ជាពិសេសសម្រាប់ការនាំចេញដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងនៅខាងក្រៅ។
យ៉ាងណាក៏ដោយ ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តទៅដល់អត្រាកំណើនប្រហែល៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ហើយការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឲ្យកាន់តែមានសន្ទុះឡើងទៀតដែរ។ នេះបើតាមរបាយការណ៍ធនាគារពិភពលោក។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេនៅថ្ងៃពុធនេះ។
ស្របពេលមានការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងមាន ៤,៨ ភាគរយ ក្នុងឆ្នាំ២០២២ អត្រាអតិផរណាដែលហក់ឡើងខ្ពស់ក្នុងខែមិថុនា ហើយចុះថមថយវិញមកដល់ពេលនេះ បានក្លាយជាក្តីបារម្ភសម្រាប់ពលរដ្ឋកម្ពុជា។
របាយការណ៍ធនាគារពិភពលោកឲ្យដឹងថា កម្ពុជាបានជួបប្រទះការកើនឡើងអត្រាអតិផរណា ឬការឡើងខ្លាំងនៃថ្លៃទំនិញ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ ដោយកម្រិតអតិផរណា បានហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ កាលពីខែមិថុនាកន្លងទៅនេះ ពោលគឺអត្រាអតិផរណាបានស្ថិតនៅកម្រិត ៧,៨ ភាគរយ កាលពីខែមិថុនាឆ្នាំ ២០២២នេះ ដែលខ្ពស់ជាង ៤ ភាគរយ នៅមុនពេលចូលមកដល់ឆ្នាំ២០២២។ អត្រាអតិផរណា ៧,៨ ភាគរយ នេះជាអត្រាធ្លាប់បានឃើញអំឡុងពេលមានវិបត្តិស្បៀងសកលកាលពីឆ្នាំ២០០៨។
ទោះជាយ៉ាងនេះក្តី របាយការណ៍បង្ហាញថា អតិផរណាបានថយចុះមកវិញ ដែលយ៉ាងហោចណាស់អាចបានត្រឹមមួយគ្រា។ ហើយឆ្ពោះទៅមុខទៀត សម្ពាធនៃអតិផរណានឹងបន្តកើតមានក្នុងបរិបទនៃការកើនឡើងថ្លៃអាហារ និងថាមពល ដោយសារតែសង្គ្រាមដែលអូសបន្លាយនៅប្រទេសអ៊ុយក្រែន និងការកាត់បន្ថយសកម្មភាពផលិតប្រេងដោយប្រជាជាតិដែលជាអ្នកផលិតប្រេង៕