ប្រទេសកម្ពុជាកំពុងប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ដែលបានធ្វើឲ្យការស្តារសេដ្ឋកិច្ចមានភាពយឺតយ៉ាវជាពិសេសវិស័យសេវាកម្មសំណង់ និងអចលនទ្រព្យដែលការណ៍នេះធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនត្រឹមប្រមាណ២,២ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១ទោះបីជាការនាំចេញមានភាពរឹងមាំគាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អក៏ដោយ។ នេះជាការវាយតម្លៃរបស់ធនាគារពិភពលោកនៅក្នុងរបាយការណ៍ចុងក្រោយមួយចេញផ្សាយនៅថ្ងៃអង្គារនេះ។
ស្របពេលជាមួយគ្នានឹងការវាយតម្លៃនេះសេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកជំរុញឲ្យកម្ពុជាពង្រឹងគោលនយោបាយអភិវឌ្ឍន៍ និងពិពិធកម្មក្នុងវិស័យសេវាកម្មនិងឧស្សាហកម្មផលិតក្នុងស្រុកបន្ថែមទៀតបន្ទាប់ពីកម្ពុជាបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។
សេដ្ឋវិទូជាន់ខ្ពស់ផ្នែកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៃធនាគារពិភពលោកលោក Aaditya Mattoo បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានជាមួយបណ្តាប្រទេសដទៃទៀត ក្រៅពីបស្ចិមលោក អាចជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ច និងលទ្ធភាពចូលក្នុងទីផ្សារបានធំទូលាយជាងមុន។
យ៉ាងណាក្តី លោកបានបញ្ជាក់នៅក្នុងសន្នីសិទសារព័ត៌មានតាមប្រព័ន្ធអនឡាញស្តីពីរបាយការណ៍ព័ត៌មានសេដ្ឋកិច្ចចុងក្រោយសម្រាប់តំបន់អាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិកថា កម្ពុជាគួរផ្តោតបន្ថែមលើការកែទម្រង់គោលនយោបាយសេដ្ឋកិច្ចដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបើកទូលាយផ្នែកពាណិជ្ជកម្ម។
លោកថ្លែងយ៉ាងដូច្នេះ៖ «ផលប្រយោជន៍ទទួលបានពីកិច្ចព្រមព្រៀងខាងលើនេះនៅមានតិចជាងតម្រូវការក្នុងការកែទម្រង់គោលនយោបាយនិងការលើកកម្ពស់វិស័យនានានៅក្នុងស្រុកនិងការបើកទូលាយបន្ថែមផ្នែកពាណិជ្ជកម្មដែលកម្ពុជាអាចមានលទ្ធភាពប្រាស្រ័យទាក់ទងជាមួយគ្រប់ដៃគូពាណិជ្ជកម្ម ដើម្បីអាចទទួលបានប្រភពល្អបំផុតសម្រាប់ការនាំចូលនិងនាំចេញ ក៏ដូចជា ទីផ្សារទាំងមូល»។
លោក Mattoo បានលើកឡើងពីតម្រូវការក្នុងការពង្រឹងវិស័យឧស្សាហកម្មបន្ទាប់បន្សំដទៃទៀតនិងការលើកកម្ពស់សមត្ថភាពផលិតនូវផលិតផលដែលមានតម្លៃបូកបន្ថែមឲ្យបានប្រសើរជាងមុននៅកម្ពុជាផងដែរ។
VOA មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក មាស សុខសេនសាន បានទេនៅថ្ងៃអង្គារនេះ។
កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (Free Trade Agreement) ជាផ្លូវការកាលពីខែតុលាឆ្នាំមុននេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងដែលកម្ពុជាធ្វើជាមួយរដ្ឋបរទេសនេះ ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការកាលពីដើមខែកញ្ញានេះ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកគាំទ្រការលើកឡើងរបស់សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកដោយកត់សម្គាល់ថា វិស័យផលិតកម្មនៅកម្ពុជាគឺនៅត្រូវការការជ្រោមជ្រែងបន្ថែមទាំងលើផ្នែកប្រកួតប្រជែងនិងបច្ចេកទេស។
លោកបានថ្លែងថា៖ «តាមការសិក្សាស្រាវជ្រាវរបស់ខាងខ្ញុំហ្នឹងក៏ឃើញថា វិស័យផលិតកម្មនៅក្នុងស្រុកយើងនេះគឺនៅមានកម្រិតនៅឡើយ។ ហើយការគាំពារមានតែជាគោលនយោបាយក៏ប៉ុន្តែការអនុវត្តនៃការគាំពារនេះនៅមានកម្រិត។ ដូច្នេះហើយវិស័យឯកជនជាពិសេស SME (សហគ្រាសធុនតូចនិងមធ្យម) របស់យើង គឺនៅមានការប្រកួតប្រជែងតែនៅក្នុងស្រុកខ្លួនឯងជាជាងប្រកួតប្រជែងជាមួយនឹងអ្នកខាងក្រៅ។ ទីពីរបញ្ហាបច្ចេកទេសរបស់យើងក៏នៅមានកម្រិតដែរ ដែលទាមទារឲ្យរដ្ឋាភិបាលហ្នឹងគាត់ជួយជ្រោមជ្រែងទៅលើវិស័យបច្ចេកទេសរបស់ SME ហ្នឹងឲ្យកាន់តែខ្លាំងបាទ»។
ក្រៅពីនេះ លោកក៏បានជំរុញឲ្យរដ្ឋាភិបាលរក្សានូវភាពស្មើភាពក្នុងការប្រកួតប្រជែងរបស់សហគ្រាសផលិតក្នុងស្រុក ពង្រឹងស្តង់ដារអនាម័យទទួលស្គាល់ជាអន្តរជាតិ និងអនុវត្តច្បាប់ឲ្យបានខ្ជាប់ខ្ជួននិងដោយស្មើភាពចំពោះវិនិយោគិនដែលដាក់ទុនរកស៊ីនៅកម្ពុជា។
កម្ពុជាអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិននេះនឹងធ្វើឲ្យខ្លួនដែលជាប្រទេសផលិតស្បៀង អាចបង្កើននាំចេញកសិផលចូលទៅទីផ្សារចិនដីគោក បើទោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំខុសគ្នាឆ្ងាយ ហើយប្រទេសចិនខ្លួនឯងជាប្រទេសមួយដែលដាំដុះកសិផលស្ទើរតែសព្វមុខក៏ដោយ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនមានទឹកប្រាក់ប្រមាណ៩,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ ដែលក្នុងនោះ ភាគច្រើនលើសលប់ជាការនាំចូលពីចិនមកកម្ពុជា។នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់១០ ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣។
បើតាមធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញនិងជំរុញការបង្កើតការងារវាជារឿងសំខាន់ណាស់ដែលកម្ពុជាត្រូវចាត់វិធានការចាំបាច់ក្នុងការពង្រឹងភាពប្រកួតប្រជែងខាងក្រៅដើម្បីជម្រុញការផលិតនិងការនាំចេញដោយការទាញយកផលប្រយោជន៍ពីច្បាប់វិនិយោគថ្មីនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន៕