អ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនៅបន្តអន់ខ្សោយ

ទិដ្ឋភាព​នៃសំណង់អគារ​ដែល​មាន​ដាក់​ស្លាកលក់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ធីតា វីន/វីអូអេ)

នេះ​គឺ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួនរបស់​លោក ​នួន​ សារឿន​ ដែល​ជា​ម្ចាស់ដី​កសិកម្ម​ម្នាក់​នៅខេត្ត​សៀមរាប។ លោក​បានប្រកប​របរ​រក​ស៊ី​ពុះ​ដី​ឡូ​លក់​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថ្លែងថា៖ «​និយាយ​ទៅ[ឆ្នាំ]​ ២០២៣ ​និង ​២០២២ ​វា​ដូច​តែ​គ្នា ​២០​២៤ ​ដើម​ឆ្នាំ​នេះ​ក៏​អត់ទាន់​មាន​អី​កម្រើក​តម្លៃ​អចលន​ទ្រព្យ​ធ្លាក់​ចុះ​។ កាល​វិនិយោគ​ទិញ​តម្លៃ ​១០​ម៉ឺន​[ដុល្លារ]​មក ​ឥឡូវ​លក់​តែ​ ៥ម៉ឺន ​[ដុល្លារ]​ក៏​មិន​ទាន់​រក​ភ្ញៀវ​ដាក់​បាន​។ ​ខ្ញុំ​ទិញ​ដី​កសិកម្ម ​ទិញ​៣​ពាន់​[ដុល្លារ] ​ក្នុង​១​ហិចតា​ ដល់​ពេល​ឥឡូវ​ហ្នឹង ​យើង​លក់​ក្នុង​តម្លៃ​ ១៥០០[ដុល្លារ]​ ក៏​អត់​ទាន់​មាន​ភ្ញៀវ​ណា​មក​ទិញ​ដែរ​។

លោក​បាន​ឱ្យ​ដឹង​បន្ថែម​ថា ​កាល​ពី​មុន​សម័យ​កូវីដ ​ក្នុងរយៈពេល​មួយខែ​យ៉ាង​ហោច​ណាស់លោកលក់​បាន​ប្រហែលដី​បាន​ ​៥​ឡូ​។ ក៏ប៉ុន្តែ​ ​បច្ចុប្បន្ននេះ​ ក្នុង​រយៈពេល​មួយឆ្នាំ លោកមិន​ទាន់​លក់​បានដី​ ​១​ឡូ​ផង​។

លោក នួន​ សារឿន​ ថ្លែងថា៖ «មុន​សម័យ​កូវីដ​ ដី​របស់​ខ្ញុំ​ដែល​ពុះ​ឡូ​លក់​នៅ​ព្រៃ​គុយ​ហ្នឹង​ យើង​លក់ ​១​ឡូ​ អាច​បាន​ ៤​ម៉ឺន​[ដុល្លារ]​ក្នុង​ក្បាល​ ១០​ជម្រៅ​៤០​ តែ​ពេល​បច្ចុប្បន្ន​នេះ​យើង​លក់​តែ ​១​ឡូ​ ៣​ម៉ឺន​[ដុល្លារ] ​ឬ​ក៏ ​២៥០០០​[ដុល្លារ] ឬ​ក៏​ទោះ​បី​ជា​តម្លៃ​តែ​ ២​ម៉ឺន​[ដុល្លារ]​ អី​ក៏​លក់​អត់​ចេញ​ដែរ​»។

បុរស​វ័យ ​៤០ ឆ្នាំ ​រូបនេះ​យល់ថា​ ស្ថាន​ភាព​អចលន​ទ្រព្យ​ដ៏​យ៉ាប់​យ៉ឺន​នេះ​ កំពុង​តែបង្ក​ផល​ប៉ះ​ពាល់ផ្នែក​សេដ្ឋកិច្ច​ដល់​រូប​លោក និង​ស្ទើ​រតែគ្រប់​គ្នា​សម្រាប់​អ្នក​ដែល​ធ្វើ​ការពាក់ព័ន្ធលើ​វិស័យ​នេះ​។ លោកថា​ ​បើ​ស្ថាន​ភាពបែបនេះនៅ​តែ​អូស​បន្ថាយ​ ​នោះ​លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​រក​មុខ​របរ​ថ្មី ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវ​ភាព​គ្រួសារ​។

លោក​ថ្លែងថា៖ «​ឥឡូវ​សូម្បី​តែ​សហគមន៍​ពុះ​ឡូ​ទាំង​អស់ ​សមា​គម​ពុះ​ឡូ​ផុស​លក់​ក៏​អត់​មាន​នរណា​ចាប់​អារម្មណ៍​មើល​ក្នុង​ផេក ​សូម្បី​តែ​ចូល​មើល​ក៏​គេ​អត់​ចូល​មើល​ផង​។ ឥឡូវ​យើង​មើល​ឆ្នាំ​ ២០២៤ ​អាច​ឡើង ​ឬ​មួយ​យ៉ាង​ម៉េច​ត​ទៅ​ទៀត​។​ ឥឡូវ​មិន​ទាន់​បាន​លក់​ចេញ​ទេ​តាំង​ពី​ឆ្នាំ​ ២០២៣​ គឺ​អត់​សោះ​តែ​ម្តង​។ ​ឥឡូវ​បច្ចុប្បន្ន​នេះ ​អ្នក​ទិញ​ដូច​ជា​អត់​មាន​ បើ​សិន​នៅ​តែ​ចឹង​ទៀត ​ទាល់​តែ​យើង​ដូរ​មុខ​របរ ​ធ្វើ​កសិ​កម្ម​ធ្វើ​អី​ផ្សេង​ៗ​ទៀត ​ឬ​ក៏​ចំណាក​ស្រុក​»។

អចលន​ទ្រព្យ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជម្រើស​នៃ​ការ​វិនិយោគ​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ឆ្នាំ ​២០​១៥ ​ដល់​ចុង​ឆ្នាំ​ ២០១៩ ​វិស័យ​អចលន​ទ្រព្យមាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំងដោយមានសកម្ម​ភាព​ទិញ​លក់​យ៉ាង​មមា​ញឹក​។ ចំណែក​តម្លៃ​វិញក៏​កើនខ្ពស់​លឿន​ណាស់​ដែរ​ ជា​ពិសេស​នៅ​តាម​តំបន់​សំខាន់​ៗ​មួយ​ចំនួន ​ដូច​ជា​ខេត្ត​ព្រះ​សីហនុនាំ​មុខ​គេ​យ៉ាង​ខ្លាំង​ បន្ទាប់​មក​ក្រុង​ភ្នំពេញ ​ក្រុង​ប៉ោយ​ប៉ែត​ ក្រុង​បាវិត ​និង​ក្រុង​សៀម​រាប​ជា​ដើម​។ ក៏ប៉ុន្តែស្ថាន​ភាព​អចលន​ទ្រព្យដ៏​ពេញនិយម​នេះ​បាន​ផ្លាស់ប្តូរ​ខ្លាំង​ចាប់តាំងពីឆ្នាំ ២០២០ មក ដោយសារ​ការ​រាតត្បាត​ជំងឺកូវីដ១៩ បញ្ហាជម្លោះនិង​សង្គ្រាម​នៅ​ជុំវិញពិភពលោក។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ។

ទិដ្ឋភាពសំណង់អគារខ្ពស់ស្កឹមស្កៃនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក​ គង់ ​តារា​ ប្រធាន​ក្រុម​ផ្នែក​លក់​អចលន​ទ្រព្យ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ បាន​ប្រាប់​វីអូអេថា ​ក្រោយ​សម័យ​កូវីដ គឺ​មាន​តែ​អ្នក​លក់ ​រី​ឯ​អ្នក​ទិញ​មាន​តិច​បំផុត​។ ចំណែក​តម្លៃ​វិញ​គឺ​ស្ថិត​ក្រោម​ទី​ផ្សារ​យ៉ាង​តិច​ពី​ ៣០ភាគរយ​ ទៅ​ ៤០​ភាគ​រយ​ ទើប​អាច​សង្ឃឹម​លក់​ចេញ​បាន។ ​ហើយការ​លក់​ចេញក៏​អាស្រ័យ​ទៅ​តាម​ទី​តាំង ​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ​។

លោក​បាន​បន្ថែម​ឱ្យ​ដឹង​ថា ​មុន​ជំងឺរាតត្បាត​កូវីដ១៩ ​លោក​ចំណាយ​លើ​ថ្លៃ​ការ​ផ្សព្វ​ផ្សាយ​រក​ទី​ផ្សារ​តាម​បណ្តាញ​សង្គម​ ១​ខែ ​ប្រហែល​ ៥.០០០​ដុល្លារ​។ ប៉ុន្តែ​ ​ សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ក្នុងពេល​នេះជួន​កាល​លោក​ចំណាយ​រហូត​ដល់​ទៅ​ជិត​ ១​ម៉ឺន​ដុល្លារ​ តែ​លទ្ធ​ផល​នៃ​ការ​លក់​របស់​លោក ​១​ខែ​ ស្ទើរតែមិន​បាន​ដល់​១​ថ្ងៃ​កាល​ពី​មុន​វិបត្តិ​កូវីដផង​។

លោក​ គង់ ​តារា ថ្លែងថា៖ «ដោយ​សារ​ការ​លក់​របស់​ខ្ញុំ ​ខ្ញុំ​បាន​លក់​គម្រោង​ច្រើន​ចឹង​ជំនាន់​ឆ្នាំ​២០១៨​ ២០១៩ ​១​ថ្ងៃ ​ថ្ងៃ​ខ្លះ​បាន​ ពី​២០ ​ទៅ​៣០​ យូនិត ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ១​ខែ​ សឹង​តែ​អត់​បាន​ដូច​មុន ​១​ថ្ងៃ​ផង ​ឥឡូវ​ជួន​កាល ​១​ខែ ​បាន​តែ​ ១០​ជាង​តែ​ប៉ុណ្ណោះ​។ កាល​ពី​កូវីដ​ដំបូង​ហ្នឹង​ក៏​ថយ​ដែរ​ ប៉ុន្តែ​នៅ​មាន​ចរន្ត ​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​ពាក់​ម៉ាស់​ហើយ​នែកចុង​[ឆ្នាំ]២២​ មក​ ​[ឆ្នាំ]២៣​ហ្នឹង​ គឺ​ពិបាក ​ពិបាក​ខ្លាំង[ឆ្នាំ]២៣​។ ​[ឆ្នាំ]២៤​នេះ​ទៀត​ បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ខ្ញុំ ​ប្រហែល​មិន​ទាន់​ស្រួល​ទេ​ មាន​ន័យ​ថា ​បើ​យើង​មើល​ពី​ហ្វ្រេកង់​វិញ ​អាច​ថា​ ២០២៤​ហ្នឹង​អាច​ដល់​បាត​ ឬ​ក៏​ទើប​តែ​ជិត​ដល់​បាត​ទេ​»។

ចាប់តាំងពី​ចុង​ឆ្នាំ​ ២០១៩ មក ​វិស័យ​អចលន​ទ្រព្យនិង​សំណង់​នៅ​ប្រទេស​កម្ពុជា ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​អ្នក​វិនិយោគ​ចិន បាន​និង​កំពុង​ជាប់​គាំងខ្លាំង បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​ល្បែងអន​ឡាញ ​ដែល​នាំឲ្យ​ជន​ជាតិ​ចិន​ជា​ច្រើន​ម៉ឺន​នាក់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ (World Bank) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៩ ​បង្ហាញ​ថា ​ជាង​ពាក់​កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស​មាន​ប្រភព​មកពីប្រទេស​ចិន ​ហើយ​មាន​វិសាល​ភាព​ស្ទើរ​គ្រប់​វិស័យ​រួមទាំងការ​វិនិយោគ​វិស័យ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ លំនៅឋាន​ វិស័យ​ទេសចរណ៍ ​និង​មួយ​ផ្នែក​តូច​ទៅ​លើ​វិស័យ​ផលិត​កម្ម ​និង​កសិកម្ម​ផងដែរ​។ ​ធនាគារ​ពិភព​លោក​ក៏​ធ្លាប់​បាន​ព្រ​មាន​ផង​ដែរ​ថា​ ដោយ​សារ​ប្រភព​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ភាគ​ច្រើន​បាន​មក​ពី​ប្រទេស​ចិន នោះ​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាច​ធ្វើ​ឲ្យ​វិស័យ​សំណង់ ​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ។

​លោក​ សៅ​ ហុក ​ជា​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះ​សីហនុ​ ជា​នាយកក្រុម​ហ៊ុន​ KW (Keller Williams Realty USA) ​និង​ជា​នាយក​ក្រុម​ហ៊ុន​ BNI (Business Network International) ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ ​បាន​មាន​ប្រសាសន៍​ថា ​សម្រាប់​ចលនា​ការ​លក់​ដូរ​អចលន​ទ្រព្យ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មាន​តម្លៃ​ទាប​ជាង​តម្លៃ​កាល​ពី​មុនវិបត្តិ​ជំងឺកូវីដ ​អាស្រ័យ​ទៅ​តាម​ទី​តាំង​។

លោក​ថ្លែងថា៖ «បច្ចុប្បន្ន ​វា​ទាប​ជាង​សម័យ ​២០១៨​ ២០១៩​ ហើយ​ គាត់​អាច​លក់​ទាប​ជាង​ទី​តាំង​ខ្លះ ​៣០ ​ទៅ ​៥០​ ឬ​ក៏ ​៦០%​ តាម​ទី​តាំង​កន្លង​ខ្លះ​កន្លែង​រក​ស៊ី​បាន​លក់​ទាប​ជាង​ ៣០% ​ក៏​គេ​យក​ដែរ​តែ​បើ​កន្លែង​ខ្លះ​វា​អត់​មាន​ធ្វើ​អាជីវ​កម្ម​អី​បាន​ លក់​ទាប​ជាង​ ៦០​ទៅ​៧០% ​ក៏​គេ​អត់​យក​ដែរ​ ដោយ​សារ​រក​ស៊ី​អី​អត់​កើត​ ចឹង​ការ​លក់​ដូរ​រាល់​ថ្ងៃ​ទៅ​លើ​ការ​លក់​ជាក់​ស្តែង​ តម្លៃ​នោះ»។

ជាមួយគ្នានោះ លោក​ ឡង់​ ឌីម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងថា​ ស្ថាន​ភាព​អចល​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហនុ​ មាន​សភាព​នៅ​ទ្រឹង​នៅ​ឡើយ ​ដោយ​សារ​តម្លៃ​នៅ​ខ្ពស់​ មិន​មាន​អ្នក​ហ៊ាន​ទិញ​។

លោក​ថ្លែងថា៖ «ខ្ញុំអាចហ៊ាននិយាយយ៉ាងខ្លីមួយម៉ាត់ថា ទីផ្សារអចលនទ្រព្យនៅចង្អៀតណាស់ មិនទាន់អាចទូលំទូលាយបាននៅឡើយទេ។ ប៉ុន្តែតម្លៃនៅថ្លៃ តម្លៃថ្លៃនេះហើយដែលជាបញ្ហាមួយក្នុងបញ្ហាចម្បងរបស់យើងខ្ញុំ ដែលជាក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំងនេះ កំពុងតែប្រឈមគឺតម្លៃនេះឯង។ បើសិនបងប្អូននៅតែរក្សាតម្លៃ ថ្លៃដដែល គាត់គិតថា គាត់អភិវឌ្ឍន៍កាលពីពេលក្នុងចន្លោះ ២០១៦ ២០១៩ ហើយគាត់យកមកប្រៀបធៀបជាមួយឥឡូវ វាអត់ទៅមុខពីព្រោះសេដ្ឋកិច្ចវាខុសគ្នា ចឹងបើសិនជាគាត់នៅតែរក្សាចឹងបញ្ហាគឺវានៅតែបន្ត»។

​ទោះ​បី​ជា​យ៉ាង​ណា​ ​លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា ​តាម​រយៈផែន​ការ​ថ្មីមួយរបស់​រដ្ឋា​ភិបាល ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហនុ​នឹង​ចាប់​ផ្តើម​ល្អ​ប្រសើរ​ឡើង​វិញ​ជា​បណ្តើរៗ។

លោក​ ឡង់​ ឌីម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ថ្លែងថា៖ «​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា ​គោល​នយោបាយ​ និង​កញ្ចប់​លើក​ទឹក​ចិត្ត​ពិសេស​មួយ​របស់​រាជ​រដ្ឋា​ភិបាល​សម្រាប់​តែ​ឆ្នាំ​ ២០២៤ ​ខ្ញុំ​សង្ឃឹម​លើ​កញ្ចប់​គោល​ការណ៍​នេះ​មួយ។ ទី ​២ ​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​គោល​នយោបាយ​ក្នុង​ការ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​អគារ​ជាប់​គាំង​ជំរុញ​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​អ្នក​អគារ​ជាប់​គាំង ​ទៅ​លើ​អគារ​ដែល​មិន​ជាប់​គាំង​ មាន​២​ហ្នឹង​ និង​ទី​ ៣ ​ដែល​ខ្ញុំ​ជឿ​ជាក់​ជាង​គេមួយទៀត ​គឺ​ទៅ​លើ​ប្លង់​គោល​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហនុ ​ទៅ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ពហុ​បំណង​នេះ​ដែល​ប្លង់​គោល​នេះ​វា​ គឺ​ជា​ឯក​សារ​តម្រង់​ទិស​ផង​ និង​ជា​ឯក​សារ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​មក​ថែម​ទៀត​ផង​»។

បដាបង្ហាញការដាក់លក់ដីនិងផ្ទះ ត្រូវបានឃើញនៅលើដងផ្លូវនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ (ធីតា វីន/វីអូអេ)

បដាបង្ហាញការដាក់លក់ដីនិងផ្ទះ ត្រូវបានឃើញនៅលើដងផ្លូវនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ (ធីតា វីន/វីអូអេ)

កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​ ២០២៣ ដើម្បីស្តារ​ស្ថានភាពអចលនទ្រព្យ​ដុនដាប​នៅខេត្ត​កំពង់ផែ​មួយនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសអំ​ពី​ផែនការ​ពិសេស​ជំរុញការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ឆ្នាំ​ ២០២៤ ដែល​នឹង​អនុវត្ត​សម្រាប់​តែ​ឆ្នាំ​ ២០២៤ ​សម្រាប់​គម្រោង​វិនិយោគ​ដែល​មាន​ទី​តាំង​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​ផ្តោត​លើ​គម្រោង​វិនិយោគ ​៣ ​ប្រភេទ​ គឺ​គម្រោង​វិនិយោគ​ពាក់​ព័ន្ធ​នឹង​អាគារ​កំពុង​ជាប់​គាំង​ គម្រោង​វិនិយោគ​មិនជាប់​ពាក់​ព័ន្ធ​នឹង​អាគារ​ជាប់​គាំង​ និង​ការ​ពង្រីក​គម្រោង​មាន​ស្រាប់​ស្រប​តាម​លក្ខ​ខណ្ឌ​វិនិច្ឆ័យ​ជាក់​លាក់​។

ផែនការពិសេស​នោះ​រួម​មាន ​ការ​ជួយ​សម្រួល​ការ​លើក​លែង​ពន្ធ​ជា​ច្រើន​ដូច​ជា​ពន្ធ​លើក​ការ​ជួល​អច​លន​ទ្រព្យ​ ពន្ធ​លើ​ប្រាក់​ចំណូល​ ពន្ធ​ប៉ា​តង់ ​និង​មាន​ការ​សម្រួល​នីតិវិធី ​និង​ការ​លើក​ទឹក​ចិត្ត​វិនិយោគនិង​ធុរកិច្ច​ លំ​ហូរ​វិនិយោគ​ និង​ទេសចរ​ ដោយ​មាន​ការ​ផ្តល់​ទិដ្ឋា​ការ​ពិសេស​រយៈពេល​ ៣ ​ឆ្នាំ​ សម្រាប់​ការ​ទិញ​ឬ​ជួល​អចលន​ទ្រព្យ​រយៈ​ពេល​វែង ​ដែល​មាន​តម្លៃ​លើស​ពី ១០០.០០០​ ដុល្លារ​អាមេរិក​។

ជា​ទូ​ទៅ ​វិស័យ​អចលន​ទ្រព្យ​តែង​តែង​រងផល​រំខាន​ ឬ​ធ្លាក់​ចុះ​រៀង​រាល់ ​១០ ​ឆ្នាំ​ម្តង​ ដែល​ផល​រំខាន​នោះ​ភាគ​ច្រើន​មាន​រយៈ​ពេល​ប្រហែល​ ១ ​ឆ្នាំ។ ដោយ​ឡែក​ការ​ធ្លាក់ចុះ​លើកនេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ ៣ ​ឆ្នាំ​មក​ហើយ។ ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់ឃើញសញ្ញា​វិជ្ជ​មាន​ណា​មួយ​សម្រាប់​វិស័យ​នេះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​អះ​អាង​ពី​ក្រុម​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​ ដែល​វីអូអេ​បាន​សម្ភាសន៍។

លោក​ ច្រឹក​ សុខ​នីម​ ប្រធាន​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ Century​ 21 ​Mekong ​និង​អតីត​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ស្ថាន​ភាព​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​ ២០២៤ ​គឺ​ជា​ឆ្នាំ​ដែល​លំបាក​ បើ​មិន​មាន​វិធាន​ការណា​មួយ​ជួយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា ​ផែនការ​សម្រួលរបស់​រដ្ឋា​ភិបាល​កន្លង​មក​លើ​វិស័យ​អចលន​ទ្រព្យ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដែល​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ជួយ​ស្រោច​ស្រង់​លើ​វិស័យ​អចលន​ទ្រព្យ​នេះ​បាន​នៅ​ឡើយ​។

លោក​ ច្រឹក​ សុខ​នីម​ ថ្លែងថា៖ «ទស្សន​របស់​ខ្ញុំ​ឆ្នាំ​ ២០២២​ ២០២៣ ​គឺ​មាន​កំណើន​យឺត ​ដូច​យើង​បាន​ដឹង​ស្រាប់ ​តែ​ឆ្នាំ​ ២០២៤​ បើ​យើង​នៅ​តែ​បន្ត ​មិន​ជួយ​នៅ​ក្នុង​វិស័យ​នេះ ​រឹត​តែ​ធ្ងន់​ធ្ងរ​ធ្ងន់​ធ្ងរ​នៅ​ត្រង់​ថា ​គាត់​បាន​ចាយ​លុយ​អស់​ ៣ ​ឆ្នាំ​រួច​ហើយ។ ឥឡូវ​បើ​អត់​ជួយ​ពួក​គាត់​ឡើង​វិញ​ឱ្យ​ខ្លាំង​ទេ​ គាត់​អស់​ហើយ​។ ធម្មតា​លុយ​យើង​មាន​ ១​ម៉ឺន[ដុល្លារ] ចឹង​បើ​យើង​ដក​ ១​ថ្ងៃ​បន្តិច​ៗ ​ហើយ​រយៈ​ពេល​៣​ឆ្នាំ​ មាន​នៅ​សល់​អី​ទៀត​ ចឹង​ទាល់​តែ​យើង​មាន​ចំណូល​ថ្មី​មក​ទប់​ទល់​ចំណាយ​ចាស់​យើង​។ តែ​សព្វ​ថ្ងៃ​នេះ​យើង​មើល​ឃើញ​ហើយ ​មាន​ចំណូល​ឯ​ណា​បាន​ច្រើន ​អត់​សូវ​មាន​ទេ ​មួយ​ៗ​ស្ថាន​ភាព​សេដ្ឋកិច្ច​យើង​លំបាក​សឹង​តែ​គ្រប់​កន្លែង​»។

លោក​បាន​បន្ត​ទៀត​ថា ​វិស័យ​អចលន​ទ្រព្យ​គឺ​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ដូច្នេះ​ការ​ជួយ​វិស័យ​នេះ​ឱ្យ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​គឺ​ជា​ការ​ចាំ​បាច់។ បើ​មិន​ដូច្នោះទេ​ វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើនទៀតផង​ដែរ​។

លោក​ សុខនីម ថ្លែងថា៖ «​វិស័យ​អចលន​ទ្រព្យ​គឺ​ជា​សរស​ស្តម្ភ​នៃ​សេដ្ឋកិច្ច​តាម​យន្ត​ការ​របស់​ពួក​យើង​សេដ្ឋកិច្ច​រីក​ចម្រើន​ គឺ​ដោយ​សារ​វិស័យ​អចលន​ទ្រព្យ ​ពី​ព្រោះ​លុយ​ធំ​ៗ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ទាំង​អស់​មួយ​ៗ​មាន​លុយ​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​ SME​ គាត់​ពី​ ៣០​ទៅ​៤០​ភាគ​រយ ​៦០​ទៅ​៧០​ភាគ​រយ​ទៀត​ នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ទាំង​អស់​។ ​បើ​វិស័យ​នេះ​ដួល​ ឈាន​ចូល​ទៅ​ដល់​ការ​ដួល​រលំ​ទី​ ១​ គឺ​ដួល​រលំ​នូវ ​SME ​ទី​ ២ ​ដួល​រលំ​នូវ​ Micro ​finance ​ហើយ​និង​ធនាគារ​។ យើង​មើល​ឃើញ​វិស័យ​ទេស​ចរណ៍​ជាប់​គាំង​ អចលន​ទ្រព្យ​នៅ ​មិន​ទាន់​អី​ទេ ​ឥឡូវ​នៅ​ពេល​វិស័យ​អចលន​ទ្រព្យ​គាំង​ ស្អី​ក៏​វា​ទៅ​គាំង​ពី​ព្រោះ​ស្អី​ក៏​គាត់​ជាប់​លុយ​នៅ​ក្នុង​ហ្នឹង​អស់​ហើយ​។ ​ចឹង​បាន​ខ្ញុំ​ចេះ​តែ​សំណូម​ពរម្តង​ហើយ​ម្តង​ទៀត​ ​ទទូច​ទៅ​រាជ​រដ្ឋា​ភិបាល​គឺ​ត្រូវ​ការ​ជួយ​ទប់ ដើម្បី​ទប់​ឱ្យ​ស្ថាន​ភាព​នេះ​អាច​ឆ្លង​ផុតនៅក្នុង​រយៈពេល ​១៨​ខែ»។

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២៣ ​ធនាគារ​ពិភព​លោក​បាន​ចេញ​របាយ​ការណ៍​មួយ​បង្ហាញ​ថា ​ឆ្នាំ ​២០២៣ បានដល់​ទី​បញ្ចប់​ហើយ​ ខណៈ​ដែល​សន្ទុះសេដ្ឋ​កិច្ច​របស់​កម្ពុ​ជានៅ​តែ​បន្តធ្លាក់​ចុះ។ ធនាគារ​ពិភព​លោក​បាន​ព្យាករ​ថា​ ​សេដ្ឋ​កិច្ចឆ្នាំ​នេះ​នឹង​មាន​កំណើន​ក្នុងកម្រិត ៥,៤ភាគរយ ដែល​ខ្ពស់​ជាង​គេ​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប៉ុន្តែ​ក៏​នៅ​តែ​ទាប​ជាង​ច្រើន​នៅឡើយ បើ​ប្រៀប​ទៅ​នឹង​កំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម ​៧,២​ភាគ​រយ​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​មួយ​ទសវត្សរ៍​មុន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។

កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បន្តថយ​សន្ទុះ​នៅ​ឆ្នាំ​ក្រោយ ​ដែល​ជា​រយៈពេល​បី​ឆ្នាំ​ជាប់​ៗ​គ្នា។ ក្នុង​នាម​ជា​ប្រទេស​មួយ​តូច​មាន​សេដ្ឋកិច្ចបើក​ចំហ​ កម្ពុជា​មិន​អាច​គេច​ផុត​ពីការ​រងផលជះ​របស់​សភាព​ការណ៍​សកលទាំងនេះ​ឡើយ​។ បរិយា​កាស​នៅ​ខាង​ក្រៅ​មិន​ត្រឹម​តែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បង្ក​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេសផង​ដែរ។ បញ្ហា​ប្រឈម​ទាំងនេះ​មាន​តាំង​តែពីមុន​ផ្ទុះ​ជំងឺ​រាត​ត្បាត​ម្ល៉េះ ​ប៉ុន្តែ​វា​មិន​សូវ​ស្តែង​ឱ្យ​ឃើញ​ខ្លាំង​ប៉ុន្មាន​ទេ​ដោយ​សារ​ កាល​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ​ទុន​ពី​ខាង​ក្រៅ​សម្រុក​ហូរ​ចូលប្រទេស​កម្ពុជា​យ៉ាង​គគ្រឹក​គគ្រេង ដែល​ធ្វើ​ឱ្យ​វិស័យ​សំណង់​មាន​សកម្ម​ភាព​ស្ទុះ​ឡើង​យ៉ាង​ឆាប់​រហ័ស នៅ​មុន​សម័យ​កូវីដ​១៩។

ទិដ្ឋភាព​នៃសំណង់អគារ​ដែល​មាន​ដាក់​ស្លាកលក់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ធីតា វីន/វីអូអេ)

បដាបង្ហាញការដាក់លក់ដីនិងផ្ទះ ត្រូវបានឃើញនៅលើដងផ្លូវនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ (ធីតា វីន/វីអូអេ)

ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​របស់​ធនាគារ​ពិភព​លោក​លើការ​វិភាគ​ជា​ប្រព័ន្ធ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ (World Bank’s Systematic Country Diagnostic Update for Cambodia) កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​បង្ហាញ​ថា ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ គឺ​បាន​មក​ពី​កំណើន​លើ​កត្តា​តែ​មួយ​មុខ​ (factor accumulation) អម​ដោយផលិតភាព​អវិជ្ជ​មាន​។ ការ​វិនិយោគ ​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​វិស័យ​សំណង់ មាន​ចំនួន​ជាង​ ៩០​ភាគ​រយ ​នៃ​កំណើន​នៅ​ក្នុង​ទស​វត្សរ៍​ចុង​ក្រោយ​នេះ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ គង់ ​តារា ​ប្រធាន​ក្រុម​ផ្នែក​លក់​អចលន​ទ្រព្យ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ដើម្បី​ជួយ​សម្រួល​ការ​លក់​ដែល​អ្នក​លក់​កំពុង​តែ​លក់​ខាត​ឬ​ក្រោម​តម្លៃទី​ផ្សារ​នោះ ​ការ​ពន្លឿន​និតិ​វិធី​ការ​កាត់​ឈ្មោះ​ផ្ទេរ​សិទ្ធ​ ការ​បន្ធូរ​បន្ថយ​ការ​បង់​ពន្ធ​ប្រថាប់ ​និង​ការកាត់​ឈ្មោះ​ផ្ទេរ​សិទ្ធ​ក្រោម​បន្ទុក​អាច​ដំណើរ​ការ​ទៅ​បាន​ បើ​ទោះ​បី​ជា​ប្លង់​ផ្ទះ​ ឬ​ដី​នោះ​កំពុង​ជាប់​នៅ​ធនាគារ​ ក្នុង​ករណី​អ្នក​ទិញ​ត្រូវ​ការ​កម្ចី​បន្ត​។

លោក​ថ្លែងថា៖ «ការ​បង់​ពន្ធ ​ដូច​ជា​ពន្ធ​ប្រថាប់​ត្រា​ គឺ​ ៤%​ បើ​សិន​ជា​អាច អាច​ ១%​ ទី​ ២ ​គឺ​និតិ​វិធី​ការ​កាត់​ឈ្មោះ​កុំ​ឱ្យ​យូរ​ពេក ​យើង​គួរ​តែ​រក​និតិ​វិធី​យ៉ាង​ម៉េច​ឱ្យ​វា​លឿន​ពី​ព្រោះ​អ្នក​លក់​ឥឡូវ​លក់​បន្ទាន់ ​ដល់​ពេល​លក់​បន្ទាន់ ​ត្រូវ​តម្លៃ​ណា​មួយ​ គាត់​ខាត​ចំនួន​ណា​មួយ​ហើយ​ វា​នៅ​ទើ​ការ​កាត់​ឈ្មោះ​ហ្នឹង​វា​យូរ​ទៀត ​វា​ធ្វើ​ឱ្យ​គាត់​រង​ចាំ ​អ្នក​ខ្លះ​ត្រូវ​ទៅ​ខ្ចី​លុយ​គេ​ក្នុង​ចន្លោះ​ហ្នឹង​ទៀត​ ហើយ​បើ​ខាង​ធនាគារ​វិញ ​ខ្ញុំ​គិត​ថា ​គួរ​តែ​មាន​គោល​ការណ៍​ ធ្វើ​ការ​កាត់​ឈ្មោះ​គួរ​តែ​អាច​ធ្វើ​ទៅ​បាន​លក្ខខណ្ឌ​កាត់​ឈ្មោះ​ក្រោម​បន្ទុក​»។

របាយ​ការណ៍​និន្នា​ការ​សេដ្ឋកិច្ចសង្គម​ប្រចាំ​ខែ​តុលា ​ឆ្នាំ​ ២០២៣ ​ដែល​រៀប​ដោយ​ នាយក​ដ្ឋាន​ស្ថិតិ​និង​វិភាគ​សេដ្ឋកិច្ច ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយនៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ បាន​ឱ្យ​ដឹង​ថា ​ស្ថាន​ភាព​សំណង់​គិត​ត្រឹម​ខែ​តុលា ​ឆ្នាំ​២០២៣ ​គម្រោង​សាង​សង់​សរុប​មាន​ចំនួន​ ២.៩២៤ ​ដែល​មាន​ផ្ទៃ​ក្រឡា​ ១២,៣៤​លាន​ម៉ែត្រ​ការ៉េ​ និង​ប្រើ​ប្រាស់​ទំហំ​ទឹក​ប្រាក់​អស់​ចំនួន​ ៥១០៩​លាន​ដុល្លារ​។ ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២២​ ចំនួន​គម្រោង​បាន​ធ្លាក់​ចុះ​ចំនួន​ ៤៨៣ ​គម្រោង ​ប៉ុន្តែ​ផ្ទៃ​ក្រឡា​សាង​សង់ ​និង​ទឹក​ប្រាក់​សាង​សង់​កើន​ឡើង​ ១២៥%។

លោក ​មាស ​សុខ​សេន​សាន ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​បាន​ទទួល​ស្គាល់​ថា ​វិស័យ​អចលន​ទ្រព្យ​ពិត​ជា​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ខ្លះ​ដ៏​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថ្លែងថា៖ «​មាន​សារៈសំខាន់​ដោយ​សារ​គាត់​នៅ​ក្នុង​ការ​ចូល​រួម​ចំណែក​នូវ​កំណើន​ផលិត​ផល​សរុប​ក្នុង​ស្រុក​ហៅ​ ភ​ ស ​ស ​ឬ​ហៅ​ថា​ GDP ​ហើយ​សំណង់​គឺ​ស្ថិត​នៅ​ក្នុង​វិស័យ​ឧស្សាហ៍កម្ម​ដែល​ជា​វិស័យ​ធំ​ ៣ ​ដែល​ចូល​រួម​កំណើន​សេដ្ឋកិច្ច​ជាតិ​ចឹង​សំណង់​ស្ថិត​ក្នុង​វិស័យ​ឧស្សាហ៍កម្ម​ដែល​ជា​ខ្នោះ​សេដ្ឋកិច្ច​មួយ​ចូល​រួម​កំណើន ​ចឹង​បើ​វា​ប៉ះ​ទង្គិច ​វា​នឹង​ប៉ះ​ទង្គិច​ទៅ​ដល់​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ នេះ​ជា​និន្នា​ការ​ឆ្នាំ​ ២០​២៣​ ប៉ុណ្ណឹង​»។

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​លោក​សង្ឃឹម​ថា ​ឆ្នាំ ​២០២៤​ នេះ​ស្ថាន​ភាព​វិស័យ​អចលទ្រព្យ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ និង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋា​ភិបាល​ផង​ដែរ​នោះ​។​

លោក ​មាស ​សុខ​សេន​សាន ថ្លែងថា៖ «​ប្រាកដ​ហើយ​ពី​ព្រោះ​កំណើន​នេះ​យើង​ព្យាករ​ពី​ ៥.៦%​ ឆ្នាំ​ ២០២៣​ ឡើង​ដល់ ​៦.៦% ​២០២៤ ​ចឹង​វិស័យ​ខ្នោះ​សំខាន់​ៗ​វា​ចូល​រួម​ចំណែក​ហើយ ​ចឹង​នៅ​ក្នុង​មាន​ទាំង​សំណង់​ដែរ​ ចឹង​និន្នា​ការ​យើង​ឃើញ​ថា​ មាន​ការ​គ្រាន់​បើ​ជាង​មុន​។​ ជា​ទូ​ទៅ​រាជ​រដ្ឋា​ភិបាល​បន្ត​ឃ្លាំង​មើល​ក្នុង​និន្នាការ​ហ្នឹង​ ហើយ​អ្វី​ដែល​យើង​អាច​បន្ត​ជា​វិធាន​ការ​គឺ​នឹង​គិត​គូរ ​សម្តេច​ធិបតី​លោក​បាន​ប្រកាស​បង្កើត​វេទិកាវិស័យឯក​ជន​កាល​ពី​លើក​មុន​ យើង​នឹង​មាន​ការ​គិត​គូរ​ ជួយ​បន្ធូរ​បន្ថយ​មួយ​ចំនួន​»។

កាល​ពី​ចុង​ខែ​មករា ​ឆ្នាំ​ ២០២៤ ​ធនាគា​រជាតិ​នៃ​កម្ពុជា​បាន​ចេញ​វឌ្ឍន​ភា​ព​ម៉ាក្រូ​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០២៣ ​និង​ទស្សន​វិស័យ​ឆ្នាំ​ ២០២៤​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​វិស័យ​សំណង់​នៅ​ឆ្នាំ​ ២០២៣ ​មាន​កំណើន​ទាប ​១,១%​ ធៀប​នឹង​ ០,៥%​ នៅ​ឆ្នាំ​មុន ​ដែល​គាំ​ទ្រ​ដោយ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធសាធារណៈ​ ដូច​ជា​ស្ពាន​អាកាស​យានដ្ឋាន​ និង​ផ្លូវ​ល្បឿន​លឿន​ជា​ដើម​។ ការ​នាំ​ចូល​សម្ភារ​និង​បរិក្ខារ ​សំណង់​បាន​កើន​ ៤,៧% ​(ឆ្នាំមុនថយ -២៥,៦%)។​ ផ្ទៃ​ក្រឡា​និង​តម្លៃ​គម្រោង​សំណង់ ​ដែល​ទទួល​បានការ​អនុម័ត​មាន​កំណើន​ ១ដង​ ជា​ពិសេស​គម្រោង​សំណង់​លំនៅ​ឋាន​និង​សំណង់​សាធារណៈ ​ខណៈ​ចំនួន​គម្រោង​សំណង់​សរុប​បាន​ថយ​ចុះ​ -២០,៥%​។

វិស័យ​អចលន​ទ្រព្យ​នៅ​ឆ្នាំ ​២០២៣​ បន្ត​កើន​ឡើង​ទាប​ត្រឹម ​០,៥% ​ធៀប​នឹង​ ០,២%​ នៅ​ឆ្នាំ ​២០២២​។ សកម្មភាពលក់​លំនៅ​ឋាន ​(ផ្ទះល្វែង វីឡាភ្លោះនិងទោល) បាន​ថយ​ចុះ​-៤៩,៧%​ ខណៈ​ដែល​ការ​លក់​ខុន​ដូ ​កើន​ឡើង​ ២%​។ ​សន្ទស្សន៍​ថ្លៃ​លំនៅ​ឋាន​ (RPPI) បាន​ថយ​ចុះ​ -២,៤%​ ដែល​ក្នុង​នោះ​នៅ​រាជ​ធានី ​ភ្នំពេញ​បាន​ថយ​ចុះ​ -៣,២% ​ខណៈ​នៅ​តាម​បណ្តា​ ខេត្ត​បាន​កើន​ឡើង​ ៣,២%​។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយបន្ថែមជុំវិញបញ្ហាទាំងអស់នេះពីលោក សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​ដែនដី ​នគរូបនីយ​កម្ម​ និង​សំណង់​បាន​នោះ​ទេ​។

កម្ពុជា​រំពឹង​ថា​នឹង​បន្ត​កើន​ក្នុង​អត្រា ​៦.៤%​ ខ្ពស់​ជាង​ឆ្នាំ​ ២០២៣ ​ដែល​មាន​អាត្រា​៥.៥%​។ ក៏​ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​ដែល​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​ត្រូវ​បាន​ព្យាករ​ថា​ បន្ត​ថយ​ចុះ​បន្តិច​ការ​ងើប​ឡើង​វិញ​សេដ្ឋ​កិច្ច​កម្ពុជា​ក៏​អាច​ប្រឈម​នឹង​ហានិ​ភ័យ​មួយ​ចំនួន ​ជា​ពិសេស​កំណើន​យឺត​នៅ​បណ្តា​ប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម​សំខាន់​ៗ​របស់​កម្ពុជា​។ ចំពោះ​ហានិភ័យ​ខាង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ ​កម្រិត​ខ្ពស់​នៃ​បំណុល​ក្នុង​វិស័យ​ឯកជន ​និង​ការ​ងាយ​រង​គ្រោះ​នឹង​អាកាស​ធាតុ​នៃ​វិស័យ​កសិកម្ម​។

ដើម្បី​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ រដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​ ៧ បាន​ប្រកាស​បន្ត​អនុវត្ត​វិធាន​ការ​មួយចំនួន​ពី​រដ្ឋា​ភិបាល ​អាណត្តិ​ទី ៦ ដែល​មាន​ដូច​ជា ​ការ​បន្ត​ពន្យារ​ពេល​ការ​អនុវត្ត​ការ​បង់​ពន្ធ​ជា​កញ្ចប់​ បង្កើន​រយៈ​ពេល​នៃ​ការ​បង់​ពន្ធ​ជា​កញ្ចប់​ បន្ត​ពន្យារ​ពេល​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ បន្ត​ការ​លើក​លែង​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​លំនៅ​ឋាន​តម្លៃ​ស្មើ​ ឬ​ក្រោម ​៧​ ម៉ឺន​ដុល្លារ​ ការ​ស្នើ​ឱ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ធ្វើ​ការ​រៀបចំ​ឥណទាន​ឡើងវិញ​ ការ​លើក​លែង​ការ​ពិន័យ​ផ្សេងៗ​ និង​ការ​ពន្យារ​ពេល​អនុវត្ត​សេចក្តី​សម្រេច​ស្តី​ពី​កាតព្វ​កិច្ច​ដាក់​របាយ​ការណ៍​ហិរញ្ញវត្ថុ​ជា​ដើម​៕

សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើងដោយរួមមាន​ការសហការពី​ Newsroom Cambodia។