ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្នើ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឲ្យ​បន្ធូរបន្ថយ​ការ​បង់​រំលស់​ប្រចាំ​ខែ


រូបឯកសារ៖ សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងលំនៅដ្ឋានរបស់ពលរដ្ឋនៅកណ្តាលរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​វត្ថុ​ទាំងអស់​សម្រួល​លក្ខខណ្ឌ​បង់​រំលស់​ដល់​ប្រជា​ពលរដ្ឋ ស្រប​ពេល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩​ ក្នុង​ប្រទេស​នៅ​មិនទាន់ធូរស្រាល​នៅ​ឡើយ។ នេះ​ជាការ​អំពាវ​នាវ​រួម​គ្នា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជាក្នុង​សេចក្តី​ប្រកាស​រួម​មួយ។

ក្នុង​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី ​២២ ​ខែមីនា ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគា​រជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​និង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់ «សូម​ពិនិត្យ​ពី​លទ្ធភាព​បន្ធូរបន្ថយ​លក្ខខណ្ឌ​បង់​រំលស់​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អតិថិជន​ និង​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ទិញ​អចលនវត្ថុ​ក្នុង​បុរី​និង​អគារ​សហកម្មសិទ្ធិ​នានា ​ក្នុង​ករណី​ដែល​អ្នក​ទិញយឺតយ៉ាវ​មិន​បាន​បង់​ប្រាក់​តាម​កាល​កំណត់»។

ស្ថាប័ន​រដ្ឋ​ទទួល​បន្ទុក​កិច្ចការ​ហិរញ្ញវត្ថុ​ទាំង​ពីរបន្ថែម​ថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​មិន​ត្រូវ​មាន​បន្ទុក​ការ​ប្រាក់ ​ឬ​ជាប់​ការ​ពិន័យ​បន្ថែម​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បង់​ប្រាក់​រំលស់​ ដាក់​ចេញ​នូវ​គោល​នយោបាយ​គាំពារ​នានា​ដល់​អតិថិជន​របស់​ខ្លួន​លើ​ការ​បង់​រំលស់​អចលនវត្ថុ​ក្នុង​បុរី​និង​អគារ​សហកម្ម​សិទ្ធិ​នានា ​និង​អនុវត្ត​វិធានការ​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​រហូត​ដល់​ដំណាច់​ខែ​មីនា ​ឆ្នាំ​ ២០២២។

លោក​ ចេង​ ខេង ​ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ CPL (Cambodia Properties Limited) ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ម្ចាស់​បុរី ឬ​ក៏​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ ត្រូវ​មាន​ការ​យោគយល់​ដល់​ការ​ពន្យារ​ពេល​បង់​ប្រាក់ ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​ឆ្លង​សាធារណៈ​នេះ។ លោក​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំង​អស់ ​អនុវត្ត​ទៅ​តាម​សេចក្តី​អំពាវនាវ​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ទំនាស់​ផ្សេង​ៗ។

«ខ្ញុំ​គិត​ថា​ យើង​ធ្វើ​ទៅ​តាម​ប៉ុន្មាន​ចំណុច​ដែល​រាជ​រដ្ឋាភិបាល​ជា​ការ​ណែ​នាំ​ច្បាស់លាស់ហើយ​ទៅ​លើ​ចំណុច​អី​ខ្លះ។​ ខ្ញុំបាន​ទទួល​ការ​ណែនាំ​ហ្នឹង​ដែរ ​អ៊ីចឹង​បើ​យើង​ធ្វើ​ទៅ​តាម​ហ្នឹង​អត់​មាន​អី​ត្រូវ​ទំនាស់​ត្រូវ​មាន​បញ្ហា​អី​ទេ ​ពីព្រោះ​យើង​ទាំង​អស់​គ្នា​យល់​ពី​គោល​ការណ៍​នៃ​ការ​ពន្យារ​ហ្នឹង​ទាំង​អស់​គ្នា។ អ៊ីចឹង​យើង​អនុវត្ត​ទៅ​តាម​ហ្នឹង​។ ហើយក្នុង​លទ្ធភាព​ប៉ុណ្ណា​គឺ​សំខាន់​ត្រូវ​កំណត់​ឲ្យ​មាន​លក្ខណៈ​ច្បាស់​លាស់​ ព្រោះ​ឥឡូវ​រាជ​រដ្ឋាភិបាល​មាន​ក្រដាស​ប្រកាស​ហើយ ​គឺ​គាត់​ដាក់​ចំ​ចំណុច​ហើយ»។

លោក​បាន​អធិប្បាយ​បន្ថែម​អំពី​ការ​ពន្យារ​ពេល​បង់​ប្រាក់រំលស់យ៉ាង​ដូច្នេះ៖ «រឿង​ការ​ប្រាក់​រឿងត្រូវ​បង់​អីហ្នឹង​ជា​គំនិត​របស់​ខ្ញុំ វា​នៅ​តែ​ដដែល​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ថាឲ្យ​គ្នា​ពន្យារ​ពេល​ក្នុង​គ្រា​ដែល​កំពុង​តែ​លំបាក​ហ្នឹង ​គឺ​យើង​អាច​ពន្យារ​ពេល​នៃ​ការ​បង់។ ប៉ុន្តែ​មិនមែន​កាត់​បន្ថយ​ទៅ​លើការ​បង់​ដូច​ថា​ ឬ​ក៏​ការ​ប្រាក់​អី​ទេ។ គ្រាន់​តែ​ថា​យើង​បន្ថយ​ឧបមា​ឥឡូវ​គាត់​បង់​រៀង​រាល់​ខែ ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហាជួន​កាល​គាត់​អ្នក​ដែល​គាត់​មាន​លទ្ធ​ភាព ​អាហ្នឹង​វា​អត់អី​ទេ​តែ​អ្នក​ដែល​អត់​មាន​លទ្ធភាព ​អាហ្នឹង​យើង​ត្រូវ​ធ្វើ​តាម​ហ្នឹង​មាន​ការ​យោគយល់​ជាក់​អ៊ីចឹង ព្រោះ​មាន​តែ​ពួក​គាត់​ទេ​ដែល​ដឹង​ថា អតិថិជន​ណា​គាត់​មាន​លទ្ធភាព​យ៉ាង​ម៉េច»។

លោក ចេង​ ខេង​ ​ក៏​ស្នើ​សុំ​ធនាគារ​ជាតិ​នៃ​កម្ពុជា ឲ្យ​មាន​ការ​យោគយល់​ដល់​ធនាគា​រឯកជន​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ផងដែរ​ នៅ​ពេល​ផ្តើម​ការ​អនុវត្តការ​ពន្យារ​ពេល​បង់​ប្រាក់​រំលស់​របស់​អតិថិជន​នៃ​ក្រុមហ៊ុន​ ដែល​សាងសង់​ផ្ទះ​ ឬ​បុរី​ទាំង​នោះ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​លោក​ មាស សុខសេនសាន​ អ្នក​នាំ​ពាក្យក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​លោក​ស្រី​ ជា​សិរី​ ឧបការី​ទេសាភិបាល​និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ នេះ។

ដោយ​សារ​វិបត្តិ​កូវីដ​១៩​ សេដ្ឋ​កិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា ​–៣,១%​ កាល​ពី​ឆ្នាំ​២ ០២០។ នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ទោះ​យ៉ាង​ណា ក្រសួង​សង្ឃឹម​ថា ​កំណើន​ងើប​ឡើង​វិញ​ក្នុង​អត្រា ​៤% ​ក្នុង​ឆ្នាំ​ ២០២១​ នេះ​ ដោយ​មើល​ឃើញ​ពី​ការ​ទប់​ទល់​បាននឹង​ជំងឺ​នេះ ដោយ​សារ​មិន​មាន​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ មុន​ថ្ងៃ​ទី​ ២០ ​ខែ​កុម្ភៈ។

ប៉ុន្តែ​នៅ​ពេល​មានវត្តមាន​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​សហគមន៍​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ​មក​នោះ ​ក្រុម​សេដ្ឋវិទូ​បាន​សម្ដែង​ក្ដី​បារម្ភ​ថា​ក្ដី​រំពឹង​ទុក​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាមួយ​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​នេះ អាច​នឹង​រង​ការ​រំខាន។

ធនាគារ​ពិភពលោក​បាន​ព្យាករ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រហាក់​ប្រហែល​នឹង​ការ​ព្យាករ​ណ៍របស់​រដ្ឋា​ភិបាល​។

ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​ ២០២០ ​ធនាគារ​ពិភពលោក​បាន​លើក​ឡើង​ផង​ដែរ​នូវ​សារៈ​សំខាន់​ចាំបាច់​បំផុត​នៃ​ការ​រៀប​ចំ​បង្កើន​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ​ សម្រាប់​ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំង​កូវីដ​១៩ ក៏​ដូច​ជា​ការ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ផង​ដែរ​នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​អាច​បង្ក​ដោយ ​«កំណើន​អូស​បន្លាយ​យូរ​ពេករ​បស់​វិស័យ​សំណង់​និង​អចលនទ្រព្យ»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ឆ្នាំ​ ២០២០ ធនាគារ​ជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​ស្នើ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​ទាំង​អស់​លើក​លែង​ការ​សង​បំណុល​ ដែល​ប្រជា​ពលរដ្ឋ​ជំពាក់​ ប្រសិន​បើ​ពួក​គេ​ពុំ​មាន​លទ្ធភាព​បង់ ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG