រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះពី«ទំនាក់ទំនងល្អនិងជាប្រវត្តិសាស្ត្រ»រវាងកម្ពុជានិងសហរដ្ឋអាមរិក។
សេចក្តីអះអាងនេះធ្វើឡើងក្រោយពីទីប្រឹក្សាមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក រស់ ចន្ត្រាបុត្រ បានថ្លែងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងលោក សម រង្ស៊ី ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានអធិប្បាយលើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក»។
លោកគូសបញ្ជាក់បន្ថែមថា «កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចជា នៅក្នុងវិស័យដោះមីន វិស័យអប់រំ កសិកម្ម បេតិកភណ្ឌ និងក្នុងការរួមគ្នាប្រឆាំងអំពើភេរវកម្មជាដើម»។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរៀបចំផែនការសម្រាប់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
ការចោទប្រកាន់នេះធ្វើឡើងចំពេលដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា លោក Patrick Murphy ទើបនឹងមកដល់បានមួយថ្ងៃ។
លោក ផៃ ស៊ីផាន ពន្យល់មកវិញថា«ផលប្រយោជន៍ និងទស្សនៈយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវ ដែលបានលើកឡើងនៅសន្និសីទសារព័ត៌មាននោះ គឺគ្រាន់តែជាសិទ្ធិនៃការបញ្ចេញយោបល់ មិនមែនជាជំហររបស់រាជរដ្ឋាភិបាលឡើយ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) នៅទីក្រុងភ្នំពេញ បានប្រាប់ VOA តាមទូរស័ព្ទកាលពីល្ងាចថ្ងៃច័ន្ទនេះថា ទំនាក់ទំនងការទូតដែលរឹងមាំគឺពឹងទៅការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយលោកយល់ឃើញថា ការមកដល់នៃឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីអាចនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះប្រសើរជាងមុន។ លោក ឈាង វណ្ណារិទ្ធិ បានថ្លែងយ៉ាងដូច្នេះថា៖
«ឯកអគ្គរដ្ឋទូតថ្មី លោក Patrick Murphy ហ្នឹង ជាអ្នកជំនាញខាងអាស៊ី យល់ពីអាស៊ី តាំងពីប្រវត្តិសាស្ត្រនិងសង្គម អ៊ីចឹងទេនោះគឺជាកត្តាវិជ្ជមានមួយដើម្បីឲ្យទំនាក់ទំនងកម្ពុជាអាមេរិកហ្នឹងវាល្អប្រសើរជាងនេះ»។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញនិងអ្នកនាំពាក្យរដ្ឋាភិបាលបានប៉ះពាក្យសម្ដីគ្នាមួយចំនួនក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតអាមេរិកថ្មីជាច្រើនខែ។ ការប៉ះទង្គិចគ្នានោះកើតឡើងក្រោយពីស្ថានទូតបានបង្ហាញការយកចិត្តទុកដាក់លើការចាប់ខ្លួននិងចោទប្រកាន់សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលបានរីករាលដាល ព្រមទាំងការយកចិត្តទុកដាក់លើការឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សនេះ ដោយមិនមានការជម្រះទោស។
រហូតដល់ល្ងាចថ្ងៃច័ន្ទនេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកអ្នកស្រី Emily Zeeberg មិនទាន់ឆ្លើយតបនឹងសំណួរតាមសារអេឡិចត្រូនិករបស់ VOA ទាក់ទងនឹងការបញ្ជាក់ជំហររបស់កម្ពុជាឡើងវិញ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជានិងសហរដ្ឋអាមេរិកនោះទេ៕