ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព​និង​កន្លែង​ចែក​ចាយ

អ្នកសារព័ត៌មានមួយរូបទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១។

ថ្ងៃ​ទី​១ ខែ​មេសា​នេះ កម្ពុជា​ចាប់​ផ្តើ​ម​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ស៊ីណូវ៉ាក់ (Sinovac) បន្ទាប់​ពី​បាន​ទិញ​ពី​ប្រទេសចិនចំនួន​ ១លាន​ ៥​សែន​ដូស ​និង​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​មីនា ​ឆ្នាំ​ ២០២១។​

ការ​ទិញ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ចំនួន​ ១លាន ​៥​សែន​ដូស​នេះ ធ្វើ​ឡើង​ ខណៈដែលកម្ពុជា​កំពុង​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពីមាន​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​លើកទី​ ៣ កាល​ពីថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ២២ ​នាក់​បាន​ស្លាប់ និង​ជាង​ ២,៨០០ នាក់​បាន​ឆ្លង គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ដែល​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាល​ពីថ្ងៃ​ទី​ ២៦ ខែមីនា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​វ៉ាក់សាំង Sinovac ដែល​ផលិត​ដោយ​ក្រុមហ៊ុនចិន Sinovac Biotech មាន​លក្ខខណ្ឌ​ប្រើប្រាស់ និង​ប្រសិទ្ធភាព​មិន​ខុស​ប្លែក​ពី​វ៉ាក់សាំង​ស៊ី​ណូហ្វាម​ (Sinopharm)​ នោះ​ទេ។

លោក​បន្ថែម​ថា៖​ «ជីវិត​វ៉ាក់សាំង​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល ៣៦ ​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ណែនាំ​ឱ្យ​ចាក់​ក្នុង​រយៈពេល ៦ ខែ ដើម្បី​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព»។

វ៉ាក់​សាំង​ស៊ីណូវ៉ាក់ ត្រូវបាន​ផលិត​ដោយ​ក្រុម​ហ៊ុន Sinovac Biotect Ltd. នៅ​ប្រទេស​ចិន។ យ៉ាង​ហោច​ណាស់ ​ប្រទេស​ចំនួន ១៩ ​នៅ​ទូទាំង​ពិភព​លោក បាន​និង​កំពុង​ប្រើ​ប្រាស់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់នេះ។

លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លើក​ឡើង​ថា វ៉ាក់​សាំង​ស៊ីណូវ៉ាក់មាន​ប្រសិទ្ធ​ភាពចន្លោះ​ពី ​៧០ ទៅ​ ៨០ ​ភាគ​រយ ក្រោយ​ការ​ចាក់​ដូស​ទីពីរ។​

«នៅ​ក្នុង​ឯកសារ​របស់​ក្រុម​ហ៊ុន​ស៊ីណូវ៉ាក់​បាន​បញ្ជាក់​ថា ប្រសិទ្ធភាព​គឺ​ស្រដៀង​វ៉ាក់​សាំង​ដទៃ​ដែរ គឺ​ចន្លោះ​ពី​ ៧០ ទៅ​ ៨០ ​ភាគរយ ហើយ​ក្រោយ​ពី​ចាក់​ដូស​ទី​ ២ ​ហើយ ការ​ធ្វើ​ឲ្យ​មាន​ភាព​ស៊ាំ​ហ្នឹង វា​ប្រែ​ប្រួល​ទៅ​លើ​បុគ្គល​ពី​ម្នាក់​ទៅម្នាក់​ដែរ មិនមានការ​កំណត់​អី​ច្បាស់​លាស់​ទេ»។

បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

វ៉ាក់សាំង​ស៊ីណូវ៉ាក់ ចំនួន ​១លាន ​៥សែន​ដូស ដែល​កម្ពុជា​បាន​ទិញ​ក្នុង​តម្លៃ​សរុប​ ១៥​លាន​ដុល្លារ​អាមេរិក​នេះ ​អាច​ចាក់​មនុស្ស​បាន​ ៧៥ ​ម៉ឺន​នាក់ ដោយ​សារ​មនុស្ស​ម្នាក់​ត្រូវ​ការ​ចំនួន ២​ ដូស ចាក់​ក្នុង​ចន្លោះ ​១៤ ថ្ងៃ។

ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ត្រូវបានកំណត់ឲ្យក្រុមអាទិភាព មុននឹងពលរដ្ឋទូទៅអាចទទួលចាក់វ៉ាក់សាំងនេះបាន។ អ្នកដែលស្ថិតក្នុងក្រុមអាទិភាពនេះរួមមានក្រុមគ្រូពេទ្យ បុគ្គលិក និងមន្រ្តីសុខាភិបាលជួរមុខ អ្នកធ្វើការនៅស្ថាប័នរដ្ឋដូចជារដ្ឋសភាព្រឹទ្ធសភា អ្នកសារព័ត៌មាន កម្លាំង និងមន្រ្តីមូលដ្ឋាន មន្រ្តីរាជការស៊ីវិល មន្រ្តី និងបុគ្គលិកបម្រើការងារនៃអគ្គិសនីកម្ពុជា គណៈមេធាវី សាលាក្តីខ្មែរក្រហម និងកម្មកររោងចក្រមួយចំនួនទៅតាមវេន ដែលរៀបចំដោយក្រសួងការងារ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ VOA នៅថ្ងៃទី ៤ ខែមេសា ថា ក្រសួងបាននិងកំពុងពង្រីកចំនួនទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បន្ថែមទៅលើទីតាំងដែលមានស្រាប់ ភាគច្រើននៅតាមស្ថាប័នរដ្ឋាភិបាល។ លោកស្រីបន្ថែមថា ក្រសួងក៏កំពុងចាប់ផ្តើមចាក់ឲ្យប្រជាពលរដ្ឋធម្មតាទៅតាមចំនួនវ៉ាក់សាំងដែលមានផងដែរ។

«នឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​ណា ​ដែល​យើង​មាន​វ៉ាក់សាំង​ច្រើន​មក​ដល់ ក្មួយ។ ហើយ​ម្យ៉ាង​ទៀត ឥលូវ​ទៅ​ដល់​បណ្តើរៗ​ហើយ ព្រោះ​ឥលូវ​យើង​កំពុង​តែ​ធ្វើការ​ទៅ​លើ​ក្រុម​នីមួយៗ ហើយ​ក្រុម​ទាំង​ហ្នឹង គឺ​សុទ្ធ​សឹងតែ​ជា​ប្រជា​ពលរដ្ឋ​ហើយ»។

វ៉ាក់​សាំង​ស៊ីណូវ៉ាក់ អាច​ចាក់​បាន​លើ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ១៨ ​ឆ្នាំ​ឡើង​ទៅ។ សម្រាប់​ក្រុម​មនុស្ស​អាយុ​ក្រោម ​១៨ ​ឆ្នាំ និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ មិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ទេ។​

លោក​ស្រី ​យក់ សម្បត្តិ​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​អំពី​លក្ខខណ្ឌដែល​មិនអាច​ចាក់​វ៉ាក់​សាំងស៊ីណូវ៉ាក់ ​ដែល​ដូច​គ្នា​ទៅ​នឹង​វ៉ាក់​សាំង​ស៊ីណូហ្វាម​ ថា៖

«អ្នក​ដែល​ធ្លាប់​មាន​អាឡែកស៊ី​ជាមួយ​នឹងការ​ចាក់​វ៉ាក់​សាំង គឺ​គេមិនអនុញ្ញាតឲ្យ​ចាក់​ទេ ហើយ​ចំពោះ​អ្នកជំងឺ​ដែល​ធ្ងន់​ៗ ដែលគ្រប់​គ្រង​ស្ថានការណ៍​មិនបាន​ទេ ហើយ​អ្នក​មាន​កម្តៅ​ឡើង​ខ្ពស់ក៏​គេ​ហាម​មិន​ឲ្យ​ចាក់​ដែរ»។

សម្រាប់​វ៉ាក់​សាំង​ស៊ីណូហ្វាម​លក្ខខណ្ឌ​លម្អិត​ ដែល​មិនអាច​ចាក់បាន​មាន​ ដូចជា​អ្នកមាន​អាការៈ​ក្ដៅខ្លួន​ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ​អ្នក​មាន​ប្រវត្តិ​កើត​ជំងឺ​កូវីដ​១៩ អ្នក​ប្រតិកម្ម​នឹង​វ៉ាក់សាំង​ផ្សេងៗ ស្ត្រី​មាន​ផ្ទៃពោះ ស្រ្តី​កំពុង​បំបៅ​ដោះ​កួន និង​ស្ត្រី​ដែល​កំពុង​មាន​ផែន​ការ​យក​កូន​ក្នុង​ពេល​ឆាប់ៗ​ជាដើម។

អ្នក​ដែល​មាន​បញ្ហា​សុខភាព​ ក៏​មិនអាច​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩បាន​ដែរ។​ បញ្ហា​សុខភាព​ទាំង​នោះ រួម​មាន​ដូចជា ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ហឺត ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ជំងឺ​រ៉ាំរ៉ៃ​ឧស្សាហ៍​ធ្វើ​ទុក ជំងឺ​អាឡែកស៊ី ជំងឺ​កន្ទាល​ត្រអាក ជំងឺ​ថ្លើម ​ជំងឺ​តម្រង​នោម​ធ្ងន់ធ្ងរ​ ជំងឺ​លើស​ឈាម ជំងឺ​ប្រកាច់​ស្កន់ ឬ​ឆ្កួតជ្រូក សរសៃ​ប្រសាទ រលាក​ស្រោមខួរ ជំងឺ​ខ្វះ​ភាព​ផ្សាំ​ពី​កំណើត អ្នក​មាន​ជំងឺ​អេដស៍ (HIV) អ្នក​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​ឈាមស ឬ​អ្នក​មាន​ជំងឺ​ភាព​ស៊ាំ អ្នក​ប្រើប្រាស់​ថ្នាំ​សម្រួល​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ​មហារីក​ដុំ​សាច់។

ជាទូទៅ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ អាច​មាន​ប្រតិកម្ម​មួយ​ចំនួន​ដូច​ការ​ចាក់​វ៉ាក់​សាំង​ស៊ីណូហ្វាម​ដែរ។ ប្រតិកម្ម​ទាំង​នោះ​មាន​ដូចជា អាការៈ​ក្តៅ​ខ្លួន រមាស់ ឬ​ឈឺ​ចុកចាប់​ក្នុង​រាងកាយ ឬ​ក្រហម​កន្លែង​ចាក់ ក្នុង​រយៈពេល​មួយ​ថ្ងៃ ទៅ​ពីរ​ថ្ងៃ​យ៉ាង​យូរ។​

រូបឯកសារ​៖ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/វីអូអេ)

កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការនៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជាលើក​ដំបូង​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ។ គិត​ត្រឹម​ថ្ងៃ​ទី ៤ ខែ​មេសា​ ពលរដ្ឋ​កម្ពុជា​ប្រមាណជិត ​៤សែន ២ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ស្មើ​នឹង ប្រមាណជាជិត ​៣ ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ពលរដ្ឋ​សរុប​ប្រមាណ ១៦ លាន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា

ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​អស់​នោះ​ពលរដ្ឋ​ប្រមាណ ១សែន ៤ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ជិត ​១សែន ៥ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម និង ១សែន ២ម៉ឺន​នាក់ បានចាក់វ៉ាក់សាំង​កូវីស្យែល ដែល​ផលិត​នៅ​ឥណ្ឌា។

បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ចំនួន​បី​ប្រភេទ​រួម​មាន​វ៉ាក់សាំង​កូវីស្យែល​តាម​រយៈ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ស៊ីណូហ្វាម និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ បើ​ទោះបី​ជា​សន្ទុះ​នៃ​ការ​ចាក់​នៅ​យឺតយ៉ាវ​នៅ​ឡើយ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​នៅ​កម្ពុជាមួយ​ចំនួនហាក់​ស្ទាក់​ស្ទើរ​ក្នុងការ​ចាក់​វ៉ាក់​សាំងស៊ីណូហ្វាម និង​វ៉ាក់​សាំង​ស៊ី​ណូវ៉ាក់ដែលផលិត​នៅ​ប្រទេស​ចិន ដោយ​ហេតុ​ថា ​មិន​ទាន់​មានការ​បញ្ជាក់សុវត្ថិភាព​ពីអង្គការ​សុខភាព​ពិភព​លោក។

ក៏​ប៉ុន្តែ អ្នកជំនាញ​ខាង​ផ្នែក​វ៉ាក់សាំង​មួយ​ចំនួន​របស់​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ បាន​លើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា ការ​វិភាគ​ជា​បណ្តោះ​អាសន្ន​មួយ​ទៅ​លើទិន្នន័យ​ពិសោធន៍​របស់​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩​ ចំនួន​ពីរ​ប្រភេទ​របស់​ចិន ​គឺ​វ៉ាក់សាំងស៊ីណូវ៉ាក់​និង​ស៊ីណូហ្វាម បាន​បង្ហាញ​ថា​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ «មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ល្អ»។​

យ៉ាងណាមិញ វ៉ាក់សាំង​ទាំង​ពីរ​នេះ​នៅ​ខ្វះ​ខាត​ទិន្នន័យ​បញ្ជាក់​ពី​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ច្រើន​និង​មនុស្ស​ដែល​មាន​បញ្ហា​ជំងឺ​ផ្សេងៗ​នៅ​ឡើយ។ ​នេះ​បើ​តាមទីភ្នាក់ងារ​ព័ត៌មាន ​AFP ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ខ្លួនកំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ ស៊ីណូវ៉ាក់ ប្រមាណ ៤លាន​ដូស​បន្ថែម​ទៀត ពី​ភាគី​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​តាម​ផែនការ៕