សកម្មជន​ដីធ្លី​សុំ​ឱ្យ​តុលាការ​កំពូល​ដោះលែង​ជនរងគ្រោះ​២១​នាក់

បាតុកម្ម​ក្នុង​ពេល​កន្លង​មក

កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋា​ភិបាល​បានរារាំង​ការ​ប្រមូល​ផ្តុំរបស់​សកម្ម​ជន​ដី​ធ្លី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ជនជាប់​ចោទ​ចំនួន​២១​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ការ​បង្រ្កាប​បាតុ​កម្ម​ដោយ​ហិង្សា​កាល​ពី​ខែ​មករា។ ​ការ​រារាំង​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​មួយ​ឈុត​ខ្លី។

កង​កម្លាំងមាន​សមត្ថកិច្ច​ចម្រុះ​ដែល​បំពាក់​ដោយ​ខែល ដំបង និង​កាំភ្លើងរាប់​សិប​នាក់​បាន​ដាក់​រនាំង​ការពារតាម​ច្រក​ផ្លូវ​ជុំ​វិញ​បរិវេណ​ព្រះ​បរម​រាជវាំង ​ហើយ​បាន​រារាំង​និងរឹប​អូស​សម្ភារៈ​មួយ​ចំនួន​ រួម​មាន​ឧគ្ឃោសនស័ព្ទ ​អាគុយ ​និង​ស្គរ​របស់​ក្រុម​អ្នកភូមិ​បឹងកក់ ​បុរីកីឡា​និង​សហគមន៍​ថ្មគោល​នៅ​ពេល​ដែល​សកម្មជន​ទាំង​នេះ​បាន​ប៉ុនប៉ង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​តុលាការ​កំពូល។​

បាតុករ​ដែល​មាន​គ្នា​ប្រមាណ​១០០​នាក់ បាន​ដក​ថយ​ទៅ​ឈរ​ជើង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រូប​សំណាក់​តេជោ​យត​និង​តេជោ​មាស​វិញ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​តុលាការ​កំពូល។

ទោះ​យ៉ាង​ណា​បាតុករ​ទាំង​នេះ​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស ​បាន​ធ្វើ​ពិធី​បួង​សួង​និង​លែង​ចាប​តំណាង​ឲ្យ​ជនដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​២១​នាក់​និង​បាន​ដាក់​ទំនាយ​ដល់​មន្ត្រី​ពុក​រលួយ​ផង​ដែរ។

បន្ទាប់ពី​នោះ​ក្រុម​បាតុករ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ខណ្ឌ​ដូន​ពេញ ដើម្បី​ទាមទារ​យកសម្ភារៈ​ដែល​រឹប​អូស​យក​មក​វិញ​ប៉ុន្តែ​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ដែល​ប្រដាប់​ដោយ​ដំបង​និង​មួក​កាស ​បាន​រារាំង​ពួក​គេ​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ឈុត​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ពីរ​នាក់​រង​របួស​ស្រាល។

អ្នកស្រី ភួង សុភាព មកពី​សហគមន៍​ថ្ម​គោល​ត្រូវ​បាន​កង​សន្តិសុខ​វាយ​បែក​ច្រមុះ​ចេញ​ឈាមខណៈ​ដែល​អ្នកស្រី​ព្យាយាម​រុល​ចូល​ទៅ​ខាង​ក្នុង​សាលាខណ្ឌ​ដូន​ពេញ។ អ្នកស្រី​រៀបរាប់ដោយ​ទឹក​ភ្នែក​រលីងរ​លោងអំពី​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ថា៖

«អម្បាញ់​មិញ វាយ​ខ្ញុំ​មួយ​អាយកូម​ហើយ ទាត់​ខ្ញុំ​ពីរ បី​ជើង​ទៀត។ ហើយ​អម្បាញ់​មិញ​តាម​មក​រក​វាយ​ខ្ញុំ​ទៀត។ ពួកខ្ញុំ​គ្រាន់​តែ​មក​សូម​ស្គរ​ទៅ​វិញ​ទេ អត់​បាន​មក​ប្រតាយ​ប្រតប់​ជាមួយ​ពួកគាត់​ទេ។ គាត់​បាន​បញ្ជា​ឱ្យ​វាយ​ពួក​ខ្ញុំ»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ​មិន​អាច​ទំនាក់​ទំនង​ដើម្បី​អត្ថាធិប្បាយបាន​ទេ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់ លោក ជាម រដ្ឋា ប្រធាន​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សួន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ដឹកនាំ​ការ​បង្ក្រាប​នេះ​ បញ្ជាក់​ថាការ​ប៉ះ​ទង្គិច​កើត​ឡើង​ដោយ​
អចេតនាប៉ុណ្ណោះ​។

«ខ្ញុំ​ឯ​ណា​ដែល​ទៅ​វាយ។ សាក​បើក​មើល​រូបភាព​ឡើង​វិញ​ទៅ។ ធម្មតា​ទេ តែ​រុញ​ទៅ​រុញ​មក​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​ហើយ។ ខ្ញុំ​ម៉េច​នឹង​ដឹង ច្រមុះ​គាត់​អញ្ចឹង​ត្រូវ​ថ្ងៃ​ទៅ គេ​រុញ​ទៅ ពី​ណា​គេ​ដឹង»។

លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ចាត់​ទុក​ការ​ប្រព្រឹត្តិ​របស់​ក្រុម​សមត្ថកិច្ច​មក​លើ​បាតុករ​អហិង្សា​ជា​អំពើ​ផ្ទុយ​នឹង​អនុសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។​

«ខ្ញុំ​យល់​ថា​ហាក់​ដូចជា​មាន​ការ​អនុវត្ត​ផ្សេង​គ្នា​ពី​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ព្រោះ​ថាថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ណែនាំ​ឱ្យ​មន្ត្រី​តាម​មូលដ្ឋាន និង​ខេត្ត​ក្រុង​ទាំង​អស់​ឱ្យ​ដក​បម្រាម​លើ​ការ​ប្រមូលផ្តុំ​និង​តវ៉ា​ដោយ​សន្តិវិធី មិន​ឱ្យ​មាន​ការ​ហាម​ឃាត់​ទៀត​ទេ ប៉ុន្តែ​នៅ​ព្រឹក​នេះ នៅ​ពេល​ដែល​សហគមន៍​បុរីកីឡា បឹងកក់ និង​ថ្ម​គោល គាត់​សុំ​ទៅ​ធ្វើ​ការ​ត​វ៉ា​នៅ​ខាង​មុខ​តុលាការ​កំពូល​ឱ្យ​តុលាការ​ពន្លឿន​សវនាការ​ដោះលែង​មនុស្ស​ទាំង​២១​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ស្រាប់​តែ​មាន​ការ​ប្រទូស្តរាយ​និង​ដក​ហូត​យក​ស្គរ​ជា​ដើម»។

បន្ទាប់​ពី​មាន​ការ​ជជែក​គ្នា​តឹង​សរសៃ​ក ខាង​អាជ្ញាធរ​ខណ្ឌ​បាន​ប្រគល់​សម្ភារៈ​ទាំង​នោះឱ្យ​បាតុករ​វិញ​ក្រោម​លក្ខខណ្ឌ​ថា​ការ​តវ៉ា​នៅ​ពេល​ក្រោយរបស់​ពួកគេ​ត្រូវ​តែ​ស្រប​តាម​ច្បាប់៕