អង្គការ​ CHRAC ​រិះគន់​កិច្ចព្រម​ព្រៀង​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា

នាង Rmah H'Bin អាយុ​១៨​ឆ្នាំ​ជា​ជនជាតិ​ភាគតិច​ Montagnard និង​ជា​ជន​​ភៀស​ខ្លួន​​ពី​ប្រទេស​វៀតណាម សម្រាក​​ក្នុង​អំឡុង​ការ​បង្រៀន​មួយ​​នៅ​អង្គការ​អន្តរជាតិ​សម្រាប់​អន្តោប្រវេសន៍ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣​ខែ​ឧសភា ឆ្នាំ​២០០៥។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្កការ​សមាគម​ការពារ​សិទ្ឋិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ឋ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​២១​ដែល​ហៅ​កាត់​ថា (CHRAC) កាលពី​ថ្ងៃ​ពុធ បាន​សម្ដែង​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​សម្រេច​រវាង​ប្រទេស​អូស្ត្រាលី​និង​កម្ពុជា​ទាក់​ទិន​នឹង​ការ​ផ្តល់​ការ​តាំង​ទី​លំនៅ​ថ្មី​ដល់​ជនភៀស​ខ្លួន​បរទេស​មួយ​ចំនួនដែល​គេ​គ្រោង​នឹង​បញ្ជូន​ចេញ​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់អង្កការ​សមាគម​ការពារ​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​អូស្ត្រាលី​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូច​ប្រទេស​អូស្ត្រាលី​ដែល​កំពុង​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញាជន​ភៀស​ខ្លួន ហើយ​ទម្លាក់​កំហុស​ដាក់​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ឋិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​មាន​ធនធាន​បន្តិច​បន្ទួច​ឬ​គ្មាន​ដើម្បី​គាំទ្រ​ជនភៀស​ខ្លួន​ទាំង​នេះ។

លោក ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍ថា ប្រទេស​អូស្រ្តាលី​គួរ​តែ​ទុក​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​តើ​ប្រទេស​ណាមួយ​ដែល​ខ្លួន​គួរ​ជ្រើស​រើស​បញ្ជួន​ក្រៅ​ប្រទេស។

«គួរ​តែគិត​សិទ្ឋិ​ជាមូល​ដ្ឋាន​របស់​ជនភៀស​ខ្លួន​ហ្នឹង​ជាធំ ពី​ព្រោះ​ថា គ្នា​ខំ​បាន​រត់​ទៅ​ហើយ​ៗ​គ្នា​បាន​រស់​នៅ​ទី​នោះ​រួច​ទៅ​ហើយ​ ស្រាប់​តែ​ឥឡូវ​រុញ​គ្នា​មក​វិញ​ដោយ​មិន​មាន​ការ​ស្ម័គ្រ​ចិត្ត​នេះ​គឺ​ថា​ជា​រឿង​មួយ​ដែល​ប៉ះពាល់​ដល់​សិទ្ឋ​គ្នា​បាទ។ នេះ​ជាបញ្ហា​មួយ​ដែល​យើង​ចង់​លើក​ឲ្យរដ្ឋាភិបាល​ទាំង​ពីរ​មេត្តា​យក​ការ​ស្ម័គ្រ​ចិត្ត​ហ្នឹង​ជាធំ»។​

លោក​ កុយ កួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ប្រសាសន៍ថា នេះ​ជាសិទ្ធិ​រិះ​គន់​របស់​អង្កការ​ក្រៅ​រដ្ឋាភិបាល។ ក៏ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ច្បាស់​ចំពោះ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​និង​មិន​អាច​ធ្វើ​បាន។​

លោក​មាន​ប្រសាសន៍ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ណាមួយ​រវាង​កម្ពុជា​និង​អូស្ត្រាលី​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ទាំង​នោះ​ទេ។​

«យើង​កំពុង​ធ្វើ​ការ​សិក្សា​ឆ្លើយ​ឆ្លង​គ្នា​នៅ​ឡើយ។ យើង​អត់​ទាន់​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​មាន​កិច្ច​ព្រម​ព្រៀង​ មាន​អនុ​ស្សារណៈ​យោគ​យល់​ឯណា​។​អត់​ទាន់​មាន​ទេ»។​

នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ដែល​ដាក់​ឈ្មោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ហើយ​លោក​ ហ៊ុន សែន​ធ្លាប់​បាន​បដិសេធ​ថា មិន​មាន​គណនី​ហ្វេស​ប៊ុក បាន​សរសេរ​ថា បញ្ហា​ជនភៀស​ខ្លួន​គឺ​កម្ពុជា​នៅ​តែ​មាន​បំណង​ល្អ​ក្នុង​ការ​ជួយ​ទទួល​ពួក​គេ​ដែល​មាន​បំណង​ពិតប្រាកដ​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា​ដោយ​គ្មាន​ការ​រើស​អើង។

កម្ពុជា​មាន​សន្តិភាព​ដែល​អាច​ផ្តល់​ឱកាស​ដល់​ជនភៀស​ខ្លួន​ចូលរួម​ក្នុង​សង្គម​ដូចជា​ពលរដ្ឋ​កម្ពុជា​ដទៃទៀត​ដែរ។ ជន​ភៀស​ខ្លួន​គឺ​ត្រូវ​តែ​យល់ព្រម​ស្ម័គ្រចិត្ត​ និង​ចុះ​ហត្ថលេខា​ព្រម​ទទួល​យក​ការ​តាំង​ទីលំនៅ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។​

លោក ស៊ីម៉ុន ហ្វេឡូវស៍ (Simon Fellows) លេខាទូត​ទី​១​និង​ជា​អនុប្រធាន​បេសកម្ម​ទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​និង​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​មិន​បាន​ឆ្លើយ​តាម​សារ​អេឡិច​ត្រូ​នីច​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ ស្កត់ ម៉ូរីសាន់ (Scott Morrison) រដ្ឋ​មន្ត្រី​ក្រសួងអន្តោ​ប្រវេសន៍​អូស្ត្រាលី​ បាន​បញ្ជាក់​ក្នុង​ពេល​ថ្មីៗ​នេះ​ថា «ឋានៈ​ជាជន​ភៀស​ខ្លួន​គឺ​មិនមែន​ជា​សំបុក​សម្រាប់​តែ​ទៅ​កាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លំដាប់​លេខ​១នោះ​ទេ»។

លោក​និយាយ​ថា វា​ជាការ​អនុវត្ត​ធម្មតា​ក្នុង​ការ​ផ្តល់​ជម្រក​ដល់​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​ក្រី​ក្រ​ហើយ​ត្រូវ​បញ្ជួន​ពួកគេ​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឃ​ជាង។

ប្រទេស​អូស្ត្រាលី​ធ្លាប់​បាន​បញ្ជួន​ជនភៀស​ខ្លួន​ចំនួន​៨០០​នាក់​ឲ្យ​ទៅ​សុំ​សិទ្ឋិ​ជ្រក​កោន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់​ពីមាន​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ជួន​អ្នក​ស្វែង​រក​សិទ្ឋិ​ជ្រក​កោន​នៅ​ឆ្នាំ​២០១១។

រដ្ឋាភិបាល​អូស្រ្តាលី ឥឡូវ​នេះ កំពុង​តែ​ព្យាយាម​ផ្តល់​ការ​ស្នាក់​នៅ​ដល់​ជន​ភៀស​ខ្លួន​បរទេស​ដែល​មិន​មែន​ជាជន​ជាតិ​ខ្មែរ​ចំនួនប្រមាណ​៦០​នាក់​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រៅ​រដ្ឋាភិបាល៕

កំណត់​សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​