ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​អូស្ត្រាលី ចរចា​ដើម្បី​បញ្ជូន​​​ជន​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​មក​កម្ពុជា


ប្រសិន​​​បើ​​​ការ​​​ចរចា​​​នេះ​​​បាន​​សម្រេច​​​ ជន​​​អន្តោ​ប្រវេសន៍​​​ខុស​​​ច្បាប់​​​ទាំង​​​នោះ​​​ ជា​​​ច្រើន​​​នាក់​​​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​​​កាន់​​​កម្ពុជា។
ប្រសិន​​​បើ​​​ការ​​​ចរចា​​​នេះ​​​បាន​​សម្រេច​​​ ជន​​​អន្តោ​ប្រវេសន៍​​​ខុស​​​ច្បាប់​​​ទាំង​​​នោះ​​​ ជា​​​ច្រើន​​​នាក់​​​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​​​កាន់​​​កម្ពុជា។
រដ្ឋាភិបាលកម្ពុជា​អះអាង​ថា​ ខ្លួន​មិន​ទាន់​ច្បាស់​ថា​ នឹង​ទទួល​យកជន​អន្តោ​ប្រវេសន៍​ពី​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ខាង​ភាគី​កម្ពុជា​កំពុង​បង្ហាញ​ជំហរយ៉ាង​វិជ្ជមាន​ចំពោះ​សំណើនេះ។​

កាល​ពី​ដើម​ខែ​ឧសភា​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​មួយ​ជា​មួយ​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្ទេរ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ក្នុង​ចំនួន​ដ៏​ច្រើន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។ ​ទោះបី​ជា​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ផ្លូវ​ការ​ក៏​ដោយ ​ក៏​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​អះអាង​ជន​អន្តោ​ប្រវេសន៍​ដែល​នឹង​បញ្ជូន​មក​កម្ពុជា​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។​

ប៉ុន្តែ​លោកស្រី​សឿង រដ្ឋចាវី រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ថ្លែង​ក្រោយ​ពី​សិក្ខាសាលា​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​សម្រេច​ថា​ នឹង​ទទួល​យក​សំណើ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ​ភ្លាមៗ​នៅ​ឡើយ​ទេ ដោយ​ទុក​ភារកិច្ច​ឱ្យ​គណៈ​កម្មការ​ជំនាញ​ជា​អ្នក​សម្រេច។​

«ខ្ញុំ​យល់​ថា​ វា​មិន​ទាន់​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ វា​មាន​សំណើ​ហ្នឹង ​ប៉ុន្តែ​ត្រូវ​ការ​សិក្សា​ទាំង​អស់​គ្នា។ យើង​មិន​អាច​ពេល​គេ​ស្នើ​ភ្លាម​ យើង​ឯកភាព​ភ្លាម​បាន​ទេ។ យើង​បង្កើត​គណៈកម្មការ​មួយ​សិក្សា​ ថា​យើង​ធ្វើ​យ៉ាង​ម៉េច? យើង​ទទួល​បាន​ឬ​អត់ ឬ​យ៉ាង​ណា? ​ដូច្នេះ​ពេល​គេ​បង្កើត​គណៈកម្មការ​មួយ​មាន​ន័យ​ថា​ គេ​ត្រូវ​ការ​ពេល​វេលា​សិក្សា»។​

យ៉ាង​ណា​ក៏​ដោយ លោក Scott Morrison ​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្ត្រាលី​ បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​យ៉ាង​វិជ្ជមានចំពោះ​សំណើ​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​មក​កាន់​កម្ពុជា។​

ក្នុង​មួយ​ឆ្នាំៗ​មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ជា​ច្រើន​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​មក​ពី​ទ្វីប​អាស៊ី​ និង​មជ្ឈិម​បូព៌ា​ បាន​លួច​ឆ្លង​ដែនចូល​ក្នុង​ប្រទេស​អូស្ត្រាលី​តាម​រយៈ​ផ្លូវ​សមុទ្រ ​និង​ផ្លូវ​អាកាស​ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច ​និង​ដើម្បី​រត់​គេច​ពី​ការ​ប្រហារ​ជីវិត​នៅ​ប្រទេស​ខ្លួន។ ដូច្នេះ​ប្រសិន​បើ​ការ​ចរចា​នេះ​បានសម្រេច​ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​ ជា​ច្រើន​នាក់​នឹង​ត្រូវ​បញ្ជូន​មក​កាន់​កម្ពុជា។​

លោកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ចាត់​ទុក​កិច្ច​ចរចា​ដ៏​ចម្រូង​ចម្រាស​នេះ​ថា​ ជា​ការ​«គេចវេះ​ពី​កាតព្វកិច្ច»​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ស៊ីដនី ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​មាន​កំណត់​ត្រា​សិទ្ធិ​មនុស្ស​មិន​ល្អ​នោះ។

«គាត់​ចង់​គេច​វេះ​ពី​កាតព្វកិច្ច​របស់​ខ្លួន ដោយ​ផ្ទេរ​ពលរដ្ឋ​ទាំង​អស់​ហ្នឹង​មក​ប្រទេស​កម្ពុជា​ បើ​ទោះបី​ដឹង​ថា ​ប្រទេស​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​បែប​ណា​ ហើយ​កម្ពុជា​ធ្លាប់​មាន​អតីត​កាលបញ្ជូន​ជន​ភៀស​ខ្លួន​ ដូចជា​ជន​ជាតិ​អ៊ុយហ្គោ​ មក​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​ចិន​វិញ។ អញ្ចឹង​ទាំង​អស់​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​គឺ​បិទ​ភ្នែក​ចំពោះ​ស្ថានភាព​បែប​នេះ ​ហើយ​គេច​វេះ​ពី​កាតព្វកិច្ច​របស់​ខ្លួន»។​

កាល​ពី​ឆ្នាំ​២០០៩​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ភាគ​តិច​ចិន​អ៊ុយហ្គោ​ចំនួន​២០​នាក់​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​ ដែល​ក្រោយ​មក​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ចាប់​ដាក់​ពន្ធនាគារ​ និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត។​

ពីរ​ថ្ងៃ​ក្រោយ​មក​ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​កញ្ចប់​ជំនួយ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា។​

ចំណាត់​ការ​របស់រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នា​ពេល​នោះ​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​អន្តរជាតិ។​

លោកស្រី​ចក់ សុភាព​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ទទួលយក​សំណើ​របស់​អូស្ត្រាលី​នេះ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ស្មារតី​មនុស្ស​ធម៌​របស់​ខ្លួន​ និង​ដោយ​សារ​ខ្លួនអាច​ទទួល​បាន​ការ​តប​ស្នង​ផ្នែក​ហិរញ្ញវត្ថុ​ណា​មួយ​ពី​កិច្ច​ព្រមព្រៀង​នេះ។​

លោក​ Scott Morrison ​រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្ត្រាលី ​បាន​អះអាង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្ដល់​ជំនួយ​ប្រមាណ​៨០​លាន​ដុល្លារ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០១៤​នេះ។​

លោក​យ៉ែម បុញ្ញាឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា​ សព្វ​ថ្ងៃ​នេះ​មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ជា​ច្រើន​នាក់​ ជា​ពិសេស​ជនជាតិ​វៀតណាម​ កំពុង​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធិភាព​ជា​មុន​សិន​ ប្រសិន​បើ​ខ្លួន​ចង់​ទទួល​យក​ជន​អន្តោ​ប្រវេសន៍​បន្ថែម​ទៀត​ពី​ប្រទេស​អូស្ត្រាលី។

«យើង​ឃើញ​ថា ​ប្រទេស​យើង​នៅ​មាន​ការ​អនុវត្ត​ច្បាប់​ទន់​ខ្សោយ​ណាស់។ សូម្បី​តែ​ជន​អន្តោ​ប្រវេសន៍​ខ្លួន​ឯង​ យើង​មិន​ទាន់​គ្រប់គ្រង​បាន​ច្បាស់​លាស់​ផង។ សូម្បី​តែ​ពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់ មិន​ទាន់​មាន​សមត្ថភាព​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​ប្រជា​ពលរដ្ឋ​បាន​គ្រប់​គ្នា​ផង។ យើង​គួរ​ពង្រឹង​វិស័យ​អន្តោ​ប្រវេសន៍​ឱ្យ​បាន​ច្បាស់លាស់​សិន»។​

បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ​ឲ្យដឹង​ថា ​ក្នុង​ការដោះស្រាយ​រឿង​អន្តោ​ប្រទេសជាមួយ​អ.ស.ប. ​ កម្ពុជា​ទទួល​ស្គាល់​តែ​ជន​អន្តោ​ប្រវេសន៍តែ​ចំនួន​៧០​នាក់​ ​និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​តែ​ចំនួន​១០​នាក់​ប៉ុណ្ណោះ។​

គណបក្ស​ប្រឆាំង​ធ្លាប់​អះអាង​ថា​ មាន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​រាប់​សែន​នាក់​កំពុង​តាំង​ទី​លំនៅ​ដោយ​ខុស​ច្បាប់​នៅកម្ពុជា៕
XS
SM
MD
LG