សកម្មជន​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​សហគមន៍​ខ្មែរ​នៅ​អាមេរិក​រួម​ដៃ​ជួយ​ពលរដ្ឋ​កម្ពុជា

អ្នកស្រី​ ទេព វន្នី​

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ដ៏​ល្បី​ឈ្មោះ​ម្នាក់កំពុង​ធ្វើ​ដំណើរ​ជួប​ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ​តាម​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ស្នើ​សុំ​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ថែ​មទៀតដើម្បីជួយ​លើក​កម្ពស់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​តែ​ធ្លាក់​ចុះ​ជា​លំដាប់។

អ្នកស្រីទេព វន្នី​ដែល​ក៏​ជា​ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នក​ដឹកនាំ​នៃ​អង្គការ​ Vital Voices ​របស់​អាមេរិកាំង​ផងដែរ​បាន​បញ្ជាក់​ថា៖

«អ្វី​ដែល​ពួកយើង​ខ្ញុំចង់​បាន​គឺ​សុំ​ឱ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​ជួយ​ជ្រោម​ជ្រែង​និង​ធ្វើ​ការ​សហការគ្នា​ដើម្បី​ជំរុញ​យ៉ាង​ម៉េច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​នឹង​ផ្តល់​នូវ​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

បញ្ហា​ធ្ងន់​ធ្ងរដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​គឺ​ការ​រឹបអូស​យក​ដី​ធ្លី​ពី​សំណាក់​អ្នក​មាន​អំណាច​និង​ប្រាក់​ខែ​កម្មករ​តិចតួច​ដែល​ពិបាក​រស់​នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូរ​និង​ការ​ចាប់​សកម្មជន​សហជីព​និង​សកម្ម​ជន​ដីធ្លី​ព្រម​ទាំង​កម្មករ​ដាក់ពន្ធនាគារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ​ទេព វន្នី។

អ្នកស្រី​បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ដាំ​ក្បាល​ចុះ​ជា​បន្ត​បន្ទាប់​ដោយ​សារ​តែ​មន្ត្រី​ពួកគាត់​ នៅ​ក្រោម​ឱវាទពួកគាត់​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គាត់ផ្ទាល់​តែ​ម្តង​កំពុង​សហការ​គ្នា​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ខុស​ច្បាប់​កាន់តែ​ធ្ងន់​ធ្ងរ​ជា​ពិសេស​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការបាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​យ៉ាង​កម្រោល»។

មាន​កម្មករ​យ៉ាង​ហោចណាស់ចំនួន​៤​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុងការបង្រ្កាប​ហិង្សា​លើ​កម្មករ​ដែល​តវ៉ា​ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​កាលពី​ដើម​ខែ​មករា។ មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ការ​បង្រ្កាប​នោះ។ អាជ្ញាធរ​បាន​ចាប់​សកម្មជន​សហជីព សកម្ម​ជន​ដីធ្លី​និង​កម្មករ​ចំនួន​២៣​នាក់​ដាក់​ក្នុង​ពន្ធនាគារប៉ុន្តែ ពីរនាក់​ក្នុង​ចំណោម​នោះ​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​។ ពួកគេ​នឹង​ត្រូវ​ឡើង​តុលាការ​កាត់​ទោស​នៅ ថ្ងៃ​ទី​២៥​ខែ​មេសា​ខាង​មុខ​នេះ។

អ្នកស្រីទេព វន្នី​ក៏​អំពាវនាវ​សុំ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​នោះ មាន​សហរដ្ឋ​អាមេរិក​ត្រូវ​ចាត់​វិធានការ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង​អស់។

«បើ​សិន​ជា​អន្តរជាតិ​ទាំង​អស់​នៅ​តែ​ឱប​ដៃ​ឈរ​មើល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​ឱ្យ​តុលាការ​ស្រុក​ខ្មែរ​ផ្តល់​នូវ​យុត្តិធម៌​ដល់​ពួក​គាត់​គឺ​ពួកគាត់​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ទេ»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​ឈ្មោះ​ថា​ Human Rights Watch​ ក៏​បាន​រិះគន់​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ ក្នុង​ប្រទេស​កម្ពុជា​ដោយ​លើក​ឡើង​ពី​អាជ្ញា​ធរ​ហាម​ឃាត់​និង​បង្ក្រាប​ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ។ អ្នក​នយោបាយ​និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង៕