ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក សម រង្ស៊ី​ចូលរួម​ជាមួយ​បាតុករ​រងគ្រោះ​ដោយ​ទំនាស់​ដី​ធ្លី

  • ហេង រស្មី

ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​តែការ​ចាប់​យក​ដីធ្លី​នៅ​តំបន់​បឹងកក់​ បូរី​កីឡា​ និង​សហគម​ន៍រង​គ្រោះ​ដទៃ​ទៀត​ប្រមាណ​ជាង​១០០​នាក់​ ​បាន​មក​តវ៉ា​នៅ​ពីមុខ​តុលាការ​កំពូល​ដើម្បីឲ្យ​​ពន្លឿន​ការ​កាត់​ក្តី​សំណុំ​រឿង​ ដែល​​ស្នើ​សុំឲ្យ​​អ្នក​ទាំង​២១​នាក់​នោះ​នៅ​ក្រៅ​ឃុំ។
លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ទាមទារ​ឲ្យ​ដោះ​លែង​លោក​វន់​ ពៅ​ និង​សកម្មជន​សហជីព​ សកម្ម​ជន​ដី​ធ្លី​ចំនួន​២១​នាក់ចេញ​ពី​មន្ទីរ​ឃុំឃាំង​ដោយ​គ្មាន​លក្ខខណ្ឌ​ ដើម្បី​សម្រួល​ឲ្យ​បរិយាកាស​នៃ​ការ​ចរចា​រវាង​គណបក្សគូជម្លោះ​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​គំរាម​កំហែង។​

លោកសម រង្ស៊ីបាន​បញ្ជាក់​ដូច្នេះ​នៅមុខតុលាការ​កំពូល​ ក្នុង​ពេល​ដែល​លោក​បាន​ចូល​រួម​ការ​តវ៉ា​ជាមួយ​នឹង​ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​នៅ​ពី​មុខ​តុលាការ​ ដើម្បី​ទាមទារឲ្យតុលាការ​ពន្លឿន​ការ​កាត់​ក្តី​សំណើ​ស្នើ​សុំឲ្យជន​ជាប់​ចោទ​ចំនួន​២១​នាក់​នៅ​ក្រៅឃុំ។

លោក​បាន​បញ្ជាក់​ថា​ តុលាការ​ត្រូវ​តែ​ដោះ​លែង​ពួកគេ​ជា​បន្ទាន់។​ បើ​មិន​ដូច្នេះ​ទេ​ វិបត្តិ​នយោបាយ​នឹង​មិន​អាច​រក​ច្រកចេញឲ្យបាន​ឆាប់​រហ័ស​ទេ។​

លោក​និយាយ​ថា៖​

«ប្តូរ​បរិយាកាស​នយោបាយ​គឺ​បញ្ចប់​អំពើ​ហិង្សា​ ផ្តល់​យុត្តិធម៌​ និង​រក​ការណ៍​ពិត​ទាក់​ទង​ទៅនឹង​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​បាញ់​សម្លាប់​កម្មករ ​ហើយ​ឲ្យ​ដោះ​លែង​អ្នក​ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ពេល​នេះ។ ហ្នឹង​ហើយ​ជា​បរិយាកាស​នយោបាយ​ថ្មី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​ឲ្យបាន​ឆាប់​រហ័ស»។

សាលា​ឧទ្ធរណ៍​ កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដោយ​បន្ត​ឃុំ​ខ្លួន​តំណាង​សហជីព​ និង​ក្រុម​កម្មករ​ចំនួន​២១​នាក់​នៅ​ក្នុង​ពន្ធនាគារ​ ម៣ ​ត្រពាំង​ផ្លុង​ដដែល។

ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​តែការ​ចាប់​យក​ដីធ្លី​នៅ​តំបន់​បឹងកក់​ បូរី​កីឡា​ និង​សហគម​ន៍រង​គ្រោះ​ដទៃ​ទៀត​ប្រមាណ​ជាង​១០០​នាក់​ ​បាន​មក​តវ៉ា​នៅ​ពីមុខ​តុលាការ​កំពូល​ដើម្បីឲ្យពន្លឿន​ការ​កាត់​ក្តី​សំណុំ​រឿង​ ដែលស្នើ​សុំឲ្យអ្នក​ទាំង​២១​នាក់​នោះ​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​ការ​បដិសេធ​របស់​សាលា​ឧទ្ទរណ៍។​

ក្រុម​អ្នក​ចូល​រួម ​ដោយ​មាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ​ បាន​ដើរ​ជុំ​វិញ​តុលាការ​កំពូល​ចំនួន​បី​ជុំ​ ដោយ​កាន់​រូប​ថត​សកម្មជន​សហជីព​ និង​សកម្មជន​ដីធ្លី​ ហើយ​ស្រែក​ទាមទារ​ឲ្យតុលាការ​ត្រូវ​តែ​ដោះ​លែង​អ្នក​ទាំង​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ។​

«ត្រូវ​តែ​ដោះ​លែង​ ដោះ​លែង​ជា​បន្ទាន់»។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ បាន​អះអាង​ថា​ គ្មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេ បើទោះ​បី​ជា​មាន​កង​កម្លាំងសមត្ថកិច្ចរាប់​រយ​នាក់​បាន​ដាក់​ពង្រាយ​ជុំវិញ​បរិវេណ​គេ​ហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏ដោយ។

អ្នក​ស្រី​ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​បាន​ទទួល​ញត្តិ​ មន្ត្រី​តុលាការ​បាន​សន្យា​ថា ​នឹង​ពន្លឿន​រឿង​ក្តី​នេះ​ឲ្យបាន​ឆាប់។​ ​

អ្នក​ស្រី​និយាយ​ថា៖

​«ពួក​ខ្ញុំ​ទាមទារ​ដាច់​ខាត​សុំឲ្យតុលាការ​កំពូល​ហ្នឹង​ត្រូវ​តែ​កាត់​ក្តី​ឲ្យសុក្រឹតសម្រាប់​ពួកគាត់​ កាត់​ដោយ​មិន​លម្អៀង​ ហើយឲ្យមាន​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​អ្នក​ទាំង​២១​នាក់​ដើម្បី​ស្រោច​ស្រង់​ជីវិត​របស់​ពួក​គាត់»។​

អ្នក​ស្រី​ប្រាក់​ សុវណ្ណរី​ ភរិយា​លោក​វន់ ពៅ​ បាន​បញ្ជាក់​ថា ​ស្វាមីយ​របស់​អ្នក​ស្រី​នឹង​មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង។​ ​ប្រសិន​បើ​មិន​ត្រូវ​បាន​ដោះ​លែងទេ​ ស្វាមី​របស់​អ្នក​ស្រី​អាច​នឹង​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ពន្ធនាគារ។​

អ្នក​ស្រី​និយាយ​ថា៖​

«អ្វី​ដែល​ខ្ញុំ​គិត​ហើយ​ហ្នឹង​ស្វាមីយ​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំប្រសិន​បើ​តុលាការ​ពុំ​មាន​ការ​ដោះ​លែង​គាត់ឲ្យនៅ​ក្រៅ​ឃុំទេ​ ប្រហែល​ជា​ខ្លួន​គាត់​ផ្ទាល់​តែ​ម្តង​ ប្រហែល​ជា​មាន​ការ​បាត់​បង់​អាយុ​ជីវិត​នៅ​ក្នុង​ពន្ធនាគារ»។​

​វីអូអេ​បានព្យាយាមទាក់ទង់​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​មន្ត្រី​តុលាការ​កំពូល​ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​ណៃ វ៉ង់ដា​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ការ​ច្បាប់​របស់​អង្គការ​អាដហុក​ មាន​ប្រសាសន៍​ថា​ ជនជាប់​ចោទ​ទាំង​២១​នាក់​ ដែល​បាន​ជាប់​ឃុំ​គ្មាន​កំហុស​ទេ។ ​ពួកគេ​គួរ​តែ​ត្រូវ​បាន​ដោះ​លែង។

លោក​និយាយ​ថា៖​

«យើង​បាន​សិក្សា​អង្កេត​មើល​ផ្លូវ​ច្បាប់​អស់​ហើយ​គឺ​គាត់​ធ្វើ​ដោយ​សន្តិវិធី​ ហើយ​អ្នក​ប្រព្រឹត្ត​ល្មើស​ហិង្សា​គឺ​ក្រុម​មួយ​ផ្សេង​ទៀត​ទេ។​ហើយ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​គឺ​អ្នក​ដែល​បាន​វាយ​ដំ​ និង​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​គាត់»។​

ជន​ជាប់​ចោទ​ ដែល​នៅ​សេស​សល់​ក្នុង​ពន្ធនាគារ​ចំនួន​២១​នាក់​ក្នុង​ចំណោម​២៣​នាក់​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់បទ​ល្មើស​ដូចៗ​គ្នា​ពី ​បទ​ពាក់ព័ន្ធ​នឹង​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រមាថ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​សាធារណៈ។​

ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ និង​នៅ​រោង​ចក្រ​យ៉ាក​ជីង​ កាល​ពី​ដើម​ខែ​មករា ​ដែល​បាន​បណ្តាល​ឲ្យមនុស្ស​ប្រមាណ​៥​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត ​និង​ចាប់​ខ្លួន​២៣​នាក់៕​
XS
SM
MD
LG