ក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំនេះ ការដាំដុះរបស់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាបានទំហំជាង ២លាន៦សែន ៣ម៉ឺន ហិកតា។ នេះ បើផ្អែកតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយមនៅថ្ងៃចន្ទនេះ។
របាយការណ៍បញ្ជាក់ថាខេត្តបាត់ដំបងដាំស្រូវបានច្រើនជាងគេ គឺបានជាង៣០ម៉ឺនហិកតា តាមពីក្រោយដោយខេត្តបន្ទាយមានជ័យ បានចំនួនជាង២៥ម៉ឺនហិកតាគឺប្រហាក់ប្រែលនឹងខេត្តព្រៃវែងដែរ។ ដោយឡែកខេត្តកំពង់ធំ តាកែវ និងកំពត ស្ថិតក្នុងចំណោមខេត្តដែលដាំដុះស្រូវបានច្រើនលំដាប់បន្ទាប់។ រីឯខេត្តកែប គឺជាខេត្តដែលបង្កបង្កើនផលស្រូវបានតិចជាងគេ គឺត្រឹមតែជិត៣៦០០ហិកតា ប៉ុណ្ណោះមកដល់នឹងដំណាច់ខែកញ្ញានេះ ដោយសារតែខេត្តនេះមានផែនការដាំដុះស្រូវតិច៕