កុមារ​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រៃវែង​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី H5N1

រូបឯកសារ៖ មាន់​កំពុង​​រង់ចាំ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ ខណៈ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ពេល​នោះ។

ក្មេង​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាល ឃុំ​ស្មោង​ខាង​ត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 ដែល​បំផ្លាញ​ផ្លូវ​ដង្ហើម​របស់​មនុស្ស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

កុមារ​ម្នាក់​នោះ​ជា​មនុស្ស​ទី​៣ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​បំផ្លាញ​ផ្លូវ​ដង្ហើម ​H5N1 នៅ​ឆ្នាំ​២០២៣​ នេះ។ កាល​ពី​សប្តាហ៍​មុន មនុស្ស​ម្នាក់​នៅខេត្ត​ស្វាយ​រៀង​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា​ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​២ឆ្នាំស្លាប់ ហើយរក​ឃើញ​ថា​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិន១ (H5N1) ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២៣។ តាម​ការសាកសួរ​បង្ហាញ​ថា ​នៅ​ផ្ទះ​កុមារ​មាន​មាន់​ងាប់​ជា​ហូរហែ។ នេះ​បើ​តាម​ក្រសួង​សុខាភិ​បាល។

លោក ឈឹម ឆូយវល្លិន មេភូមិ​វាល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រោយ​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី អាជ្ញាធរ​ភូមិ​ឃុំ​បាន​រៀបចំ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​ផ្តាសាយ​បក្សី។

លោក​ថ្លែង​ថា​៖ «មិន​ទាន់​បាន​បិទ​ទេ​ភូមិ​ គ្រាន់​តែ​ថា​កំពុង​តែ​ធ្វើ[រៀបចំ]វ៉ាក់សាំង​អី ដើម្បី​ការពារ​ បាញ់​ថ្នាំ​ បាញ់​អី​ ហើយ​បាញ់​ការពារ​អី​ទាំង​អស់​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​ភូមិ​ ឃុំ​ អ្នក​មក​ពី​ស្រុក​ខេត្ត ចាប់​ដំណើរ​ការ​តាំង​ពី​ព្រឹក តែ​ឥឡូវ​មិន​ទាន់​ចប់​ទេ»។

មេភូមិ​រូប​នេះ​បន្ត​ទៀត​ថា ​ឪពុកម្តាយ​របស់​កុមារី​ដែល​ស្លាប់​នេះ មាន​មុខរបរ​ជា​កម្មករ​ស៊ី​ឈ្នួល​ឱ្យ​គេ។ លោក​បញ្ជាក់​ទៀត​ថា​ ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក ​នៅ​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​តែង​តែ​មាន​មាន់​ងាប់​ជា​រឿយៗ ដែល​បង្ក​ជា​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នេះ។

ក្រសួង​សុខាភិបាល​អះអាងថា ​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២៣ ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល ថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ បានកំពុង​អង្កេត​ស្រាវជ្រាវ​ការ​កើត​ឡើង​នូវ​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​នេះ និង​សហការ​គ្នា​រវាង​ក្រុម​ឆ្លើយ​តប​បន្ទាន់​ផ្នែក​សុខា​ភិបាល ដើម្បី​ស្វែង​រក​ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​បន្ត​ស្វែង​រក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​អ្នកដទៃ​ទៀត​ក្នុង​សហគមន៍។ ក្រសួង​ក៏​បាន​ផ្តល់ឱសថ​តាមីស្លូ (Tamiflu)​ ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ​ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​កើត​ហេតុ​ខាង​លើ។

ក្រសួង​លើក​ឡើង​ថា របៀប​ចម្លង​ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺ​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត​ ប៉ុន្តែ​ជួន​កាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការ​ប៉ះ​ពាល់​ជិត​ស្និទ្ធ​ជា​មួយ​បក្សី​ដែល​ឈឺ ​ឬ​ស្លាប់។ ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា។

ក្រសួង​បាន​ណែនាំ​ពី​វិធានការ​បង្ការ រួម​មាន​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់ ជា​មួយ​សាប៊ូ​និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះ​ពាល់​ជា​មួយ​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ កុំ​បរិភោគ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចំអិន​ឱ្យ​ឆ្អិន​ល្អ។

កាលពី​ថ្ងៃអាទិត្យ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព័ត៌មាន​ថា ​កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ មាន​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ម្រាក់​ទាប ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង បាន​ស្លាប់​ដោយ​សារ​មាន​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ​ H5N1។

ក្រសួង​បញ្ជាក់​ថា ​បុរស​នោះ​បាន​ទិញ​មាន់​មក​ស្តុក​ទុក​លក់​ បន្ទាប់​មក​ក៏​ឃើញ​មាន​មាន់​នៅ​ផ្ទះ​របស់​គាត់​និង​មាន់​អ្នក​ក្បែរ​ខាង​ចាប់​ផ្ដើម​ងាប់​ប្រមាណ​ជាង​៥០​ក្បាល ​ហើយ​មាន់​ងាប់​នោះ​ក៏​ត្រូវ​បាន​ចែកចាយ​ឱ្យ​បងប្អូន​យក​ទៅ​បរិភោគ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង​ លោក សួន សុម៉ាលីន ​បាន​បើក​កិច្ច​ប្រជុំ​ទៅ​លើ​ករណី​ការឆ្លង​ជំងឺ​នេះ ដើម្បី​ត្រួត​ពិនិត្យ​ និង​ដាក់​វិធានការ​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​ផ្កាសាយបក្សី H5N1 ស្ថិត​ក្នុង​ភូមិសាស្ត្រ​ផ្ទុះ​ជំងឺ​នៃ​ស្រុក​កំចាយ​មារ។ នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការឆ្លើយ​តប​ពី​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា ​អ្នក​ស្រី Li Ailan តាម​រយៈ​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង លោក សេង បញ្ញាឬទ្ធិ និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​នៅ​ឡើយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច ពី​ព្រោះ​ជំងឺ​ផ្ដាសាយ​បក្សី​ H5N1 នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ពិសេស​លើ​កុមារ​ដែល​ជា​ក្រុម​មាន​ហានិភ័យ និង​មាន​ភាព​ងាយ​រង​គ្រោះ។

គួរ​បញ្ជាក់​ថា ​បើ​គិត​ករណី​ស្លាប់​ចុង​ក្រោយ​នេះ កម្ពុជា​បាន​រាយការណ៍​ករណី​ជំងឺ​ផ្តាសាយ​បក្សី ​H5N1 ​ចំនួន​៥៩​ករណី​ឆ្លង​លើ​មនុស្ស ដែល​ក្នុង​នោះ​មាន​ស្លាប់​ចំនួន​៤០​នាក់ គិត​ចាប់​តាំង​ពី​ឆ្នាំ២០០៥ ដែល​កម្ពុជា​រាយការណ៍​ករណី​ឆ្លង​ដំបូង៕