ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុនឥណ្ឌាមួយបានប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តកម្ពុជានៅលើផលិតផលអង្កររបស់ខ្លួន ដោយពុំមានការអនុញ្ញាតនោះទេ។
ក្រសួងការបរទេសបានចេញសេចក្តីជូនព័ត៌មានមួយ ចុះថ្ងៃទី១២ ខែកក្កដា ដោយលើកឡើងថាក្រោយទទួលបានព័ត៌មានពីការប្រើប្រាស់នេះ ក្រសួងបានឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាចាត់វិធានការភ្លាមៗ ដោយទាមទារឲ្យក្រុមហ៊ុនឥណ្ឌានោះបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើកញ្ចប់វេចខ្ចប់របស់ខ្លួន។
សេចក្តីជូនព័ត៌មានលើកឡើងថាក្រសួងការបរទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Horn Mali Jasmine Rice ដែលត្រូវបានដាក់លក់តាមប្រព័ន្ធអនឡាញ និងបានប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាត។ ក្រសួងបានរកឃើញថាផលិតផលអង្ករនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ដែលមានមូលដ្ឋាននៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ក្រសួងបញ្ជាក់ថាជាលទ្ធផលនៃការស្នើសុំខាងលើ ក្រុមហ៊ុនឥណ្ឌាបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តនៅលើសំបកវេចខ្ចប់របស់ខ្លួន។
ក្រសួងការបរទេសបានចាត់ទុកទង្វើនេះថាខុសនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម។
កន្លងទៅ គេឃើញរូបថតផលិតផលអង្កររបស់ក្រុមហ៊ុនឥណ្ឌាខាងលើ ត្រូវបានចែករំលែកនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គមនេះមួយចំនួនបានបង្ហាញប្រតិកម្មខឹងសម្បាចំពោះការប្រើប្រាស់ឈ្មោះ និងរូបភាពមិនត្រឹមត្រូវ ដែលបង្កឲ្យមានការភ័ន្តច្រឡំពីបេតិកភណ្ឌរបស់កម្ពុជា និងប្រទេសថៃ។
គិតត្រឹមល្ងាចថ្ងៃអង្គារ ក្រុមហ៊ុនមិនទាន់ដកឈ្មោះ និងរូបប្រាសាទអង្គរវត្តពីលើផលិតផលរបស់ខ្លួននៅឡើយទេ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននៅឡើយទេ នាថ្ងៃអង្គារនេះ។ វីអូអេមិនអាចសុំការឆ្លើយតបពីក្រុមហ៊ុនឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា តាមសារ Email បានទេ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថាការដាក់ឈ្មោះ ឬរូបភាពបេតិកភណ្ឌជាតិនៅលើផលិតផល ដែលធ្វើឲ្យមានការភ័ន្តច្រឡំ គឺជាកំហុសដ៏ធំមួយ ដែលក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការ ដើម្បីធានាថាកេរ្តិ៍ឈ្មោះរបស់កម្ពុជា ត្រូវបានប្រើប្រាស់ឲ្យស្របច្បាប់ និងដើម្បីផលប្រយោជន៍របស់កម្ពុជា។ លោកបន្តថាមូលហេតុនៅពីក្រោយការប្រើប្រាស់ឈ្មោះបេតិកភណ្ឌរបស់កម្ពុជានេះ គឺដោយសារតែកេរ្តិ៍ឈ្មោះល្បីនៃបេតិកភណ្ឌរបស់កម្ពុជា ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយចំនួនឆ្លៀតកេងចំណេញ។
«ហើយកន្លងមក ក៏មានឱកាសឲ្យក្រុមហ៊ុនបរទេសខ្លះប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទៅរកស៊ី ឬទៅធ្វើការប្រព្រឹត្តរកផលចំណេញជាច្រើន។ អញ្ចឹងយើងចង់ឲ្យមានការពង្រឹងទៅលើ ការពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផល ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កម្ពុជាឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកេរ្តិ៍ឈ្មោះ ក៏ដូចជាធានាបាននូវទីផ្សារសេដ្ឋកិច្ច ហើយធ្វើឲ្យពិភពលោកស្គាល់នូវផលិតផលរបស់ប្រទេសកម្ពុជា»។
លោកបញ្ជាក់ថាការអនុវត្តច្បាប់នៅមានភាពខ្វះចន្លោះ ដែលអាចបង្កលទ្ធភាពដល់ក្រុមហ៊ុនឆ្លៀតឱកាសមួយចំនួន។
លោកបន្ថែមថា៖ «យើងឃើញថាការត្រួតពិនិត្យទៅលើកម្រិតកន្លងមកហ្នឹង វាមានភាពស្រពេចស្រពិល មានន័យថាទាក់ទងនឹងច្បាប់អនុញ្ញាត ក៏ដូចជាអាជ្ញាបណ្ណរបស់កម្ពុជាហ្នឹង យើងអត់បានត្រួតពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនរកស៊ីហ្នឹងឲ្យបានគ្រប់ជ្រុងជ្រោយ ជាហេតុធ្វើឲ្យវាមានការឆកល្វែង និងបង្កើតឲ្យមានបាតុភាពទាំងអស់នេះកើតឡើង»។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន៤៩នៅលើសាកលលោក ក្នុងបរិមាណសរុបជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ ស្មើប្រមាណ២០០លានដុល្លារអាមេរិក។
ការនាំចេញក្នុងឆមាសទី១នេះបានធ្លាក់ចុះប្រមាណ៣០% បើប្រៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថាការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះទូរកុងតឺន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឲ្យតម្រូវការនិងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ បានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃមធ្យមប្រមាណ៩០០ដុល្លារ មកត្រឹមប្រហែល៧៣០ដុល្លារ ក្នុងមួយតោនប៉ុណ្ណោះ៕