មនុស្ស​ជិត​ ៦០ ​នាក់​ទៀត​ឆ្លង​​កូវីដ​១៩ ​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ

រូបឯកសារ៖ ស្ត្រីមួយក្រុមដែលមានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ដើរកាត់បដាពាណិជ្ជកម្មមួយនៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មនុស្ស​ ៥៨​ នាក់​ទៀត ​បាន​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩​ នៅ​ក្នុងព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​កំពុង​រាលដាល​ទៅ​តាម​បណ្តា​ខេត្ត ដែលនាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត ដោយសារ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

កាល​ពី​ថ្ងៃ​ពុធ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​មនុស្ស​ជិត​ ៤០ នាក់​ បាន​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៥៨ ​នាក់​ទៀត​ ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​មាន​ខ្មែរ​ ៥​នាក់។ ករណីឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​ «២០​កុម្ភៈ» កើន​ឡើង​ជាង​ ១៩០ ​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រៅ​ពី​ការ​ឆ្លង​ពាក់ព័ន្ធ​នឹង​ចង្កោម​សហគមន៍​នេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស ​៧ ​នាក់​ទៀត ដែល​មាន​ជនជាតិ​ចិន​ ៦ ​នាក់ រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បានឆ្លង​ជំងឺ​កូវីដ​១៩​នេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ពួកគេមានបំណងទៅប្រទេសចិនវិញ ដូច្នេះពួកគេបានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយលទ្ធផលតេស្តវិជ្ជមាន។

ប៉ុន្តែ​ក្រសួង​ចាត់​ទុក​ពួកគេ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ ដោយ​សារ​មិន​ទាន់​មាន​ព័ត៌មាន​ថា ​តើ​ពួកគេ​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ឬ​យ៉ាងណា។

អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្រមាន​អំពី «ហានិភ័យ»​ ដែល​ថា ​ទំហំ​នៃ​ចង្កោម​ការ​ឆ្លង​រាត​ត្បាត​វីរុស​កូវីដ​១៩ ​ក្នុង​សហគមន៍​លើក​ទី​ ៣ លើក​ទី​ ២ និង​ទី ១ ក្នុង​រយៈពេល​ ៤ ខែ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា​នេះ អាច​រាល​ដាល​ទៅ​ដល់ ​«ទ្រង់​ទ្រាយធំ​ជាង​នេះ»៕