កម្ពុជា​ទទួល​ក្រុម​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដំបូង​ពី​អូស្រ្តាលី

ឡាន​មួយ​បាន​ដឹក​ជន​ភៀស​ខ្លួន​ចំនួន​បួន​នាក់​មក​ពី ប្រទេស​អូស្ត្រាលី​ចេញ​ពី​ព្រលាន​យន្តហោះ​ អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៥ ។

កម្ពុជា​បាន​ទទួល​ក្រុម​អ្នក​សុំ សិទ្ធិ​ជ្រកកោន​លើក​ដំបូង​មក​ពី​ប្រទេស​អូស្រ្តាលី ​ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀងតាំង​ទី​លំនៅសារជាថ្មី​របស់​ជន​ភៀស​ខ្លួន​ដែល​បាន​ត្រូវ​រិះគន់​យ៉ាង​ខ្លាំងពីក្រុម​អង្គការ​សិទ្ធិ​មនុស្ស។

ក្រុម​មន្រ្តី​នៅឯចំណត​អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ថា ​ជន​ភៀស​ខ្លួន​បាន​ទៅ​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​កំពុង​ជួយ​ពួកគេ​តាំង​ទី​លំនៅ​ថ្មី។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​អង្គការទេសន្តរប្រវេសន៍​បាននិយាយ​ប្រាប់​ថា ​ខ្លួន ​នឹង​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ដ៏​សំខាន់ ​រួមមាន​ការហ្វឹកហាត់​ភាសា​ ណែនាំ​ឲ្យ​ស្គាល់ពី​វប្បធម៌និង​សង្គម ​សេវាកម្មសិក្សា​អប់​រំ ​សុខភាព​និង​សេវាកម្មការងារ​សម្រាប់​ពួក​អ្នក​សុំសិទ្ធិ​ជ្រក​កោន​ទាំង​នោះ។

សេចក្តី​ថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ពួកគេ​នឹង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ និង​គាំទ្រ​ដើម្បី​ចូល​ក្នុង​សហគមន៍​កម្ពុជា​ និង​ពឹង​ពាក់​លើ​ខ្លួន​ឯង​បាន​យ៉ាង​ឆាប់​រហ័ស​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន»។

កាល​ពី​ឆ្នាំ​ទៅ ​កម្ពុជា ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​ទឹក​ប្រាក់​៣២​លាន​ដុល្លារដើម្បី​តាំង​ទី​លំនៅ​របស់​ជន​ភៀស​ខ្លួន​ ដែល​ត្រូវ​បាន​ប្រទេសអូស្ត្រាលី​មិន​ព្រមទទួល​យក ហើយ​ឥឡូវ​នេះ​កំពុង​ឃុំ​ឃាំង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ឃុំឃាំង​មួយ​កន្លែង​នៅ​កោះNauruក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក។

ពួក​អ្នក​រិះគន់​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​ប្រៀប​បាន​ថា ​ប្រទេស​អូស្រ្តាលីដែល​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបំផុត​មួយ​របស់​ពិភពលោក​ ​មិន​អើពើ​ការ​ទទួល​ខុស​ត្រូវ​អន្តរជាតិ​របស់​ខ្លួន​ ហើយ​បាន​ចាក់ចោល​ជន​ភៀសខ្លួន​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយក្នុង​ពិភពលោក។

យោង​ទៅ​តាម​លោក Phil Robertson នៃ​អង្គការសិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា «វា​ជា​ថ្ងៃ​ដ៏​អាម៉ាស​បំផុតរបស់​អូស្រ្តាលី​ខាង​សិទ្ធិ​មនុស្ស‍» អង្គការ​នោះ ​បាន​និយាយ​ទៀត​ថា កម្ពុជា​គ្មាន​បំណង ឬ​អាច​បញ្ចូល​ជន​ភៀស​ខ្លួន​ទៅ​ក្នុង​សង្គម។

ជន​ជាតិ​អ៊ី​រ៉ង់​៣​នាក់​និង​ជន​ជាតិ​ភាគ​តិច Rohingyaមក​ពី​ប្រទេស​ភូមាដែល​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​លើក​ដំបូង​មក​ពី​កោះ Nauru ទៅ​កាន់​ប្រទេស​កម្ពុជា៕