កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អំពើ​ពុករលួយ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ

រូបឯកសារ៖ ប្រជាពលរដ្ឋនៃបណ្តាញ​សហគមន៍​២៤​ខេត្តក្រុង កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅទីក្រុងភ្នំពេញ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ក្នុង​សន្ទស្សន៍​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥០ ​ដែល​មាន​អំពើ​ពុក​រលួយ​ប្រសើរ​ជាង​ឆ្នាំ​មុន​ តែ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។​

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ​ដែល​ត្រូវ​បាន​ប្រកាស​ផ្សាយ​ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិកម្ពុជា ​នៅថ្ងៃទី​៣១ ​ខែ​មករា ​ឆ្នាំ​២០២៣​នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​២៤ ​ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ក្នុង​ចំណោម​ប្រទេស​១៨០​លើពិភពលោក ​ខណៈ​មីយ៉ាន់ម៉ាស្ថិត​នៅ​លេខ​រៀង​ទី​១៥៧ ​ចំណែក​កូរ៉េ​ខាងជើង​លេខ​១៧១។ ករណី​កម្ពុជា ​ចំណាត់​ថ្នាក់​នេះ​ប្រសើរ​ជាងកាល​ពី​ឆ្នាំ​២០២១​បន្តិច ​ដោយ​កាល​ពី​ឆ្នាំ​២០២១ ​កម្ពុជា​ទទួល​បាន​២៣​ពិន្ទុ​ នៅ​លេខ​រៀង​ទី​១៥៧។​
បើ​ទោះបី​ជា​ចំណាត់​ថ្នាក់​ថ្មី​នៃ​កម្រិត​ពុក​រលួយ​ឆ្នាំ​២០២២​បង្ហាញ​ថា កម្ពុជាបាន​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច​ក្តី​ ប៉ុន្តែ​ក៏​នៅ​តែ​ស្ថិត​ក្នុង​លេខ​រៀង​ដែល​មាន​អំពើ​ពុក​រលួយ​គួរ​ឱ្យ​បារម្ភ​ដដែល។

សន្ទស្សន៍​នៃ​ការយល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ប្រកាស​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា និង​អន្តរជាតិ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

របាយ​ការណ៍​សន្ទស្សន៍​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​បន្ថែម​ថា ​យោង​តាម​ប្រភព​ទិន្នន័យ​ទាំង​៨ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គណនា​ពិន្ទុ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពើ​ពុក​រលួយ​របស់​កម្ពុជា ​ការ​កើន​ឡើង​ពិន្ទុ​តិចតួច​នៅ​ឆ្នាំ​២០២២​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​នេះ​ ក្នុង​ការ​ស្តារ​ឡើង​វិញ ​និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រោយ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​ការកែ​លម្អ​បរិយាកាស​ធុរកិច្ច ​ការ​លើក​កម្ពស់​សេវា​សាធារណៈ ​និង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ជាពិសេស​តម្លាភាព​សារ​ពើ​ពន្ធ ​និង​ការ​កៀរគរ​ធនធាន។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ​ប៉ិច ពិសី ​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្សាយ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ថា ​មូលហេតុ​ដែល​កម្ពុជា​នៅ​តែ​ទទួល​បាន​ពិន្ទុ​ទាប ​និង​ស្ថិត​ក្នុង​លេខ​រៀង​អំពើ​ពុក​រលួយ​ខ្ពស់​គឺ​ដោយសារ​កម្ពុជា​មានអំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ ​និងអំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ច្រើន។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​បាទ​សូម​សង្កត់​ធ្ងន់​ទៅ​លើ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ​អំពើ​ពុក​រលួយ​ខ្នាត​ធំ​ ជាពិសេស​នៅ​ក្នុង​ទម្រង់​ប្រទាក់​ក្រឡា​គ្នា ​ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា ​Patronage ​Network ​គឺ​នៅ​មាន​ភាព​ចាក់​ស្រេះ ​នៅមាន​ភាព​ស្មុគស្មាញ ​ជា​ពិសេស​គឺ​ប្រព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​រវាង​អ្នក​មាន​អំណាច ​និង​អ្នក​រកស៊ី ​ដែល​ប្រើ​ប្រាស់​អំណាច​ខុស​ដើម្បី​បាន​ប្រយោជន៍​ឯកជន​ ប្រយោជន៍​ខ្លួន​ឯង​ហ្នឹង​គឺ​ច្រើន»។​

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​កំពុង​បង្ហាញ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

បើ​តាម​លោក ​ប៉ិច ពិសី ​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ ​ជា​ពិសេស​ជា​ឧបសគ្គ​រារាំង​កំណើន​សេដ្ឋកិច្ច ​រារាំង​ដល់​ការ​វិនិយោគ ​និង​ការ​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ។​

លោក​ ប៉ិច ពិសី ​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង ​និង​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ចាំបាច់ ​ដោយ​បើក​លំហ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ជួប​ជុំ​ឡើង​វិញ ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អំណាច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ​កែប្រែ​គោល​ការណ៍​គតិ​យុត្ត​មួយ​ចំនួន ​ដូចជា​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ​ពាក់ព័ន្ធ​នឹងការ​ប្រកាស​ទ្រព្យ​សម្បត្តិ ​ការ​ការពារ​អ្នក​រាយ​ការណ៍ ​និង​សេចក្តី​ព្រាង​ច្បាប់​ការពារ​អ្នក​ជំនាញ ​និង​ជន​រង​គ្រោះ ​និង​ការ​ការពារ​សាក្សី​ជាដើម ​ជំរុញ​ការ​អនុម័តច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគដោយ​ស្មើ​ភាព​ជាដើម។​

គួរ​បញ្ជាក់​ថា ​ក្នុង​សន្ទស្សន៍​កំណត់​ពិន្ទុ​ពី​០​មាន​ន័យ​ថា​ «ពុក​រលួយ​បំផុត‍»​ និង​១០០​មាន​ន័យ​ថា​ «ស្អាតស្អំ​បំផុត‍»។ ​ការ​វាយ​តម្លៃ​នេះ​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​ចំនួន​១៨០​នៅ​ក្នុង​ពិភពលោក។
សន្ទស្សន៍​ស្ដី​ពី​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ផ្អែក​លើ​ការ​ស្ទង់​មតិ ​និង​ការ​វាយតម្លៃ​ពី​អ្នក​ជំនួញ ​និង​អ្នក​ជំនាញ ​ដើម្បី​វាស់វែង​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ។​

រូបឯកសារ៖ ប្រអប់​រាយការណ៍​អំពី​ករណី​អំពើ​ពុករលួយ នៅ​តាម​បណ្តោយ​មហាវិថី​នរោត្តម ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ​សយ ចាន់វិចិត្រ ​ប្រាប់​ VOA ​តាម​ប្រព័ន្ធ​ទំនាក់​ទំនងតេឡេក្រាម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិនដែល​ទទួល​ស្គាល់​ការ​ដាក់​ពិន្ទុ​របស់​អង្គការ​តម្លា​ភាព​នោះ​ទេ។​

បើ​តាម​លោក​សយ ចាន់វិចិត្រ​ ការ​ដាក់​ពិន្ទុនេះខុស​ពី​គោល​ការណ៍​អន្តរជាតិ ​និង​ខុស​ពី​ការណ៍​ពិត។​ ទោះយ៉ាង​ណា​ លោក​ថា ​អង្គភាព​តែងតែ​ទទួល​យក​ទុក​ជា​ព័ត៌មាន​សម្រាប់​ការ​ពិចារណា។

ចំណែក​ អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន​ យល់ថា ​សន្ទស្សន៍​ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ទេ។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​បាន​និង​កំពុងធ្វើ​កំណែ​ទម្រង់​ឲ្យ​មាន​តម្លាភាព​ និង​គណនេយ្យ​ភាព​ក្នុង​វិស័យ​សាធារណៈ​ ព្រម​ទាំងចាត់​វិធានការ​លើ​ករណី​អំពើ​ពុក​រលួយ​ជា​បន្តបន្ទាប់។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​ «ទី១ ​យើង​បាន​អប់រំ​បញ្ចៀស​ពី​ការ​ចូលរួម​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ ទី២​យើង​ធ្វើ​កំណែ​ទម្រង់​ឈរ​លើ​តម្លាភាព ​និង​គណ​នេយ្យភាព ​អាហ្នឹង​ជាគោល​នយោបាយ​ដែល​យើង​ចាត់​វិធានការ​តាម​យុទ្ធសាស្ត្រ ​ជាពិសេស​ក្នុង​វិស័យ​សាធារណៈ។ ចំណុច​ទី​៣ ​ក្រៅ​ពី​កំណែ​ទម្រង់ ​យើង​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​ដោយ​ដាក់​ទណ្ឌកម្ម​ទៅលើមន្ត្រី​ដែល​ប៉ះពាល់ ​ឬ​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ»។​

កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​សន្ទស្សន៍​ពុក​រលួយ​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១២​មក។​ នៅ​ឆ្នាំ​២០១៦ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៦ ​ ​នៅ​ឆ្នាំ​២០១៧​ ​លេខ​១៦១ ​នៅ​ឆ្នាំ​២០១៨​លេខ​១៦១​ នៅ​ឆ្នាំ​២០១៩​លេខ​១៦២ ​នៅ​ឆ្នាំ​២០២០លេខ​១៦០ ​ឆ្នាំ​២០២២លេខ​១៥៧​ និង​ឆ្នាំ​២០២២​នេះ​លេខ​១៥០​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ​នៅ​ទូទាំង​ពិភព​លោក៕