អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងកសាងសំណុំរឿងបញ្ជូនស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលទៅតុលាការ ពាក់ព័ន្ធនឹងការកិបកេងប្រាក់ដែលរដ្ឋាភិបាលរៀបចំឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោកសយ ចាន់វិចិត្រ ប្រាប់ VOA តាមសារអេឡិចត្រូនិកតេឡេក្រាមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា អង្គភាពប្រឆាំងអំពើពុករលួយកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនស្មៀនសង្កាត់តាខ្មៅទៅតុលាការ ក្រោយពីស្មៀនរូបនោះត្រូវបានមន្ត្រីមានសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ។
លោក សយ ចាន់វិចិត្រ សុំមិនឆ្លើយតបនឹងសំណួរថា តើការកិបកេងប្រាក់ឧបត្ថម្ភនោះធ្វើឡើងរយៈពេលប៉ុន្មាន និងមានតម្លៃជាទឹកប្រាក់សរុបចំនួនប៉ុន្មាន ដោយគ្រាន់តែបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់អាចជូនព័ត៌មានបន្ថែមបាននៅឡើយ ដោយសារបញ្ហានេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្ថែមថា៖ «បើតុលាការរកឃើញថា ជាបទល្មើសកិបកេង ជនសង្ស័យអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល»។
សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយថា ទឹកប្រាក់សរុបដែលមិនត្រូវបានផ្តល់ជូនគ្រួសារក្រីក្រក្នុងករណីនេះមានចំនួនប្រមាណជាង៧០លានរៀល ឬប្រមាណជិត១ម៉ឺន៧ពាន់ដុល្លារអាមេរិក។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅម៉ោង៥ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។
ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឈួរ សុបញ្ញា ប្រាប់ VOA ថា ការឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋតាមប្រព័ន្ធ hotline។
លោកថ្លែងថា៖ «កម្មវិធីនេះយើងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីធ្វើការចុះឈ្មោះ និងធ្វើការបើកផ្តល់។ អ៊ីចឹងយន្តការទាំងអស់គឺមិនអាចលាក់បាំងទេ ព្រោះនៅក្នុងមន្រ្តីថ្នាក់កណ្តាលយើងគឺមានមន្រ្តីដែលចាំឆ្លើយតបព័ត៌មានទាន់ហេតុការណ៍ជាមួយនឹងការស្រាវជ្រាវរកនូវព័ត៌មានមិនប្រក្រតី។ អ៊ីចឹងពេលដែលមានមកភ្លាម គឺយើងធ្វើការស្រាវជ្រាវភ្លាម។ យើងដឹងហើយដូចមានពលរដ្ឋទាក់ទងនឹងការបាត់លេខកូដ ឬភ្លេចលេខកូដអីហ្នឹង គឺយើងដោះស្រាយជូនភ្លាមៗ។ បើក្នុងករណីរកឃើញ ដូចក្នុងករណីនេះគឺយើងស្រាវជ្រាវរកភ្លាមតែម្តង ហើយយើងចុះធ្វើការដោះស្រាយភ្លាមៗនៅមូលដ្ឋាន»។
បើតាមលោក ឈួរ សុបញ្ញា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួនជាង៧៥ម៉ឺនគ្រួសារ។ ហើយក្នុងពេលបច្ចុប្បន្ននេះ គឺនៅសល់ត្រឹមជាង៦៩ម៉ឺនគ្រួសារ បន្ទាប់ពីក្រសួងបានជម្រុះគ្រួសារមួយចំនួនចេញពីបញ្ជីនៃអ្នកសមនឹងទទួលបានការឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាល។ លោកថា ទឹកប្រាក់ដែលបានផ្តល់ជូនសរុបមានជាង៨៣៧លានដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងការកិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោកប៉ិច ពិសី លើកឡើងថា អាជ្ញាធរត្រូវតែស្វែងរកឲ្យឃើញការណ៍ពិតលើករណីនៃការកិបកេងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកពាក់ព័ន្ធ ព្រមទាំងដើម្បីទប់ស្កាត់ករណីបែបនេះមិនឲ្យកើតឡើងទៀត។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំបានដឹងថា ការពាក់ព័ន្ធរបស់ជនសង្ស័យហ្នឹងគឺមានទំហំទឹកប្រាក់ធំ រហូតដល់ទៅជាង៧០លានរៀលឯណោះ។ ក្នុងទំហំនេះគឺមានន័យថា ថវិកា ដែលត្រូវឲ្យទៅប្រជាពលរដ្ឋដែលក្រីក្រហ្នឹង គាត់ត្រូវបានបាត់បង់ឱកាសដែលត្រូវបានជួយឧបត្ថម្ភ។ អ៊ីចឹងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹង និងជាក់លាក់ ហើយយុត្តិធម៌សម្រាប់អ្នកពាក់ព័ន្ធហ្នឹងគឺជារឿងចាំបាច់មួយ ដើម្បីធានាថា មន្រ្តីផ្សេងអត់ហ៊ានធ្វើ»។
លោក ប៉ិច ពិសី បន្ថែមថា ការកិបកេងប្រាក់សាធារណៈធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការវិនិយោគរបស់អ្នកវិនិយោគបរទេស និងការអភិវឌ្ឍសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។
លោកថា បើតាមការស្រាវជ្រាវរបស់អង្គការតម្លាភាព អំពើពុករលួយក្នុងវិស័យសាធារណៈនៅកម្ពុជា នៅកើតមានច្រើននៅឡើយ ក្រោមរូបភាពការកិបកេង ការប្រើអំណាចខុសក្នុងការកេង និងស៊ីសំណូកពាក់ព័ន្ធនឹងការដេញថ្លៃគម្រោងធំៗជាដើម។
លោកបន្ថែមថា៖ «លុយរដ្ឋជាលុយដែលពលរដ្ឋបង់ពន្ធ ពលរដ្ឋជាអ្នកចេញធ្វើផ្លូវ ធ្វើថ្នល់ និងធ្វើការវិនិយោគសាធារណៈដទៃទៀតហ្នឹង គឺសុទ្ធតែលុយជាតិ។ អ៊ីចឹងខ្ញុំគិតថា វិសាលភាពនៃការបាត់បង់ថវិកាជាតិហ្នឹងច្រើន ដែលទាមទារឲ្យរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរអនុវត្តច្បាប់ហ្នឹងមានឆន្ទៈនយោបាយខ្ពស់ នៅក្នុងការដោះស្រាយបញ្ហាអំពើពុករលួយក្នុងវិស័យសាធារណៈហ្នឹង»។
កាលពីខែមករា ឆ្នាំ២០២២ អង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ បានចេញសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ២០២១ ដោយបង្ហាញថា អំពើពុករលួយនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ ហើយកាលពីខែមករា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជារកឃើញថា ស្ថាប័នតុលាការ ប៉ូលិស និងវិស័យសាធារណៈ នៅតែជាស្ថាប័នដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា៕