អ្នកជំនាញខាងការអប់រំក្នុងប្រទេសកម្ពុជាមើលឃើញថា គំនិតផ្តួចផ្តើមរបស់លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការផ្តល់ឱកាសឱ្យស្រ្តីសិក្សាបានខ្ពង់ខ្ពស់នឹងជួយជំរុញឱ្យស្ត្រីកម្ពុជាកាន់តែមានឱកាសក្នុងការសិក្សាថែមទៀត។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈយល់ថា រនាំងខណ្ឌចែករវាងបុរសនិងស្រី្តក្នុងប្រទេសកម្ពុជាលែងមានទៀតហើយ ហើយស្រ្តីកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទទួលបានការសិក្សាអប់រំ។
Your browser doesn’t support HTML5
លោកបានបន្ថែមថា៖ «ស្រ្តីដើរតួនាទីសំខាន់ក្នុងសង្គមគ្រួសារក៏ដូចជាឆាកនយោបាយដែរ។ ដូច្នេះខ្ញុំជឿជាក់ថាចំណាប់អារម្មណ៍របស់ស្រ្តីបណ្តុះបណ្តាលស្រ្តីរបស់លោកស្រី មីស្ហែល អូបាម៉ា គឺជាជោគជ័យដ៏ធំមួយនៅពេលដែលប្រទេសពីរដែលមានគំនិតប្រហាក់ប្រហែលគ្នា»។
លោកស្រី មីស្ហែល អូបាម៉ា នឹងធ្វើដំណើរទៅដល់ប្រទេសកម្ពុជានៅយប់ថ្ងៃសុក្រទី២០ខែមីនា ហើយចាកចេញវិញនៅថ្ងៃអាទិត្យទី២២ខែមីនា ដើម្បីផ្សព្វផ្សាយគម្រោង «Let Girls Learn» ឬ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា»។ នេះជាគម្រោងមួយដែលនឹងជួយស្ត្រីនៅប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១១ក្នុងនោះមានកម្ពុជាផងដែរ។
លោកស្រីមីស្ហែល បានលើកឡើងថា គម្រោងជួយស្ត្រីទាំងនេះគឺមិនមែនដាក់ទៅពីខាងក្រៅទេ៖
«ខ្ញុំសូមសង្កត់ធ្ងន់ថាកម្មវិធីនេះនឹងចេញមកពីសហគមន៍ហើយដឹកនាំដោយសហគមន៍វានឹងផ្តោតលើដំណោះស្រាយដែលរៀបចំដោយមេដឹកនាំសហគមន៍ ក្រុមគ្រួសារ ហើយសូម្បីតែសិស្សស្រីខ្លួនឯង»។
លោកបណ្ឌិត សុខ ទូច យល់ថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ផលប្រយោជន៍ដល់ស្រ្តីនៅក្នុងប្រទេសក្រីក្រ។
«ខ្ញុំជឿជាក់ថា អ្វីដែលជាទស្សនវិជ្ជារបស់លោកស្រីគឺបើទោះបីជាលោកស្រី មិនបានជួយដល់កម្រិតទាំងអស់ទេ ក៏ប៉ុន្តែវាជាទស្សនៈមួយជំរុញ។ ប៉ុន្តែទស្សនៈនេះបើដាក់ទៅតំបន់អាហ្វ្រិកនិងតំបន់បូព៌ាខ្ញុំជឿជាក់ថា មានប្រសិទ្ធភាពណាស់»។
លោកបណ្ឌិត សុខ ទូច មើលឃើញថា ស្រ្តីដែលមានការអប់រំច្រើនមានការទូន្មានប្រៀនប្រដៅកូនបានប្រសើរជាងស្ត្រីជាមាតាដែលមិនទទួលបានការអប់រំជ្រៅជ្រះ។
«ស្ត្រីដើរតួនាទីសំខាន់ណាស់។ ស្រ្តីគឺជាមាតាក្នុងលោក។ ស្រ្តីគឺជាជាងចម្លាក់។ ហើយបើស្រ្តីអត់ចេះឆ្លាត កូនកើតមកខ្ញុំជឿជាក់ថាលំបាកនឹងកែសង្គមណាស់»។
កម្ពុជាជួបប្រទះបញ្ហាធ្ងន់ធ្ងរលើអត្រាកុមារបោះបង់ការសិក្សាចោល។ ក្នុងចំណោមកុមារ១០០នាក់ដែលបានចូលសិក្សាតាំងពីថ្នាក់ទីមួយគឺមានតែកុមារ២០នាក់ប៉ុណ្ណោះបានបញ្ចប់ការសិក្សាថ្នាក់ទី៩៕