លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហាអនុ​តំបន់​មេគង្គ​នៅ​ចិន

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ​ម៉ាណែត ​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី៨ ​កិច្ច​ប្រជុំ​កំពូល​អេកម៉ិក ​(ACMECS ) ​និង​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា ឡាវ​ មីយ៉ាន់ម៉ា ​និង​វៀតណាម​ (CLMV) ​នៅ​ទី​ក្រុង​គុនមិញ ​ប្រទេស​ចិន ​ថ្ងៃ​ទី ​៦ ​និង ​៧​ ខែ​វិច្ឆិកា។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា។​

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​នាយក​រដ្ឋ​មន្ត្រី​ថៃ ​នាយក​រដ្ឋមន្រ្តី​វៀតណាម​ និង​មេដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា ​លោក ​Min Aung Hlaing ​ត្រូវ​បាន​រាយ​ការណ៍​ថា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ​ដែល​ចិន​ជា​ម្ចាស់​ផ្ទះ។​

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ​នឹង​ពិនិត្យ​លើ​សមិទ្ធ​ផល​ដែល​សម្រេច​បាន ​និង​កំណត់​ទិស​ដៅ​អនាគត​សម្រាប់​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ជំរុញ​បន្ថែម​នូវ​ទំនុក​ចិត្ត​ទៅវិញ​ទៅ​មក ​ក៏ដូច​ជា​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ​និង​ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​ក្នុង​តំបន់។​

ក្រសួង​ការ​បរទេស​កម្ពុជា​បន្ថែម​ថា​ កិច្ច​ប្រជុំ​កំពូល​នោះ​ក៏​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​សន្តិ​ភាព​ប្រកប​ដោយ​និរន្តរ​ភាព​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​យូរ​អង្វែង​ ក៏ដូច​ជា​ការ​រួម​រស់​ដោយ​សន្តិ​សហ​វិជ្ជមាន ​ក្នុង​ចំណោម​ប្រទេស​សមាជិក។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ អ្នកស្រី​ Mao Ning ​បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​៥​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ រួមមាន​ កម្ពុជា ​ឡាវ ថៃ​ ​វៀតណាម​ មីយ៉ាន់ម៉ា ​និង​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​ចិន​ កាល​ពី​ថ្ងៃ​ចន្ទ។​ បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​រូប​នេះ ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក ​Li Qiang។​

លោក​ គិន​ ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​ ប្រាប់​វីអូអេ​ថា​ ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​មហា​អនុ​តំបន់​មេគង្គ ​គឺ​ជា​យន្តការ​ពហុភាគី​ ដែល​លោក​ថា​ មាន​សារៈ​សំខាន់​សំដៅ​ដល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ដូចជា​ការ​ប្រើ​ប្រាស់​ធន​ធាន​ទឹក ​ការ​គ្រប់​គ្រង​បរិស្ថាន ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ។ ​លោក​យល់​ថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​អេកម៉ិក ​និង​កិច្ច​សហ​ប្រតិបត្តិការ​ ​CLMV ​គឺ​ជា​ការ​រួម​ចំណែក​ ក្នុង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​ និង​ជំរុញ​ឱ្យ​មាន​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ក្នុង​ស្មារតី​តំបន់​និយម។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ទាក់​ទង​អេកម៉ិក​ (ACMECS)​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត​នេះ ​ខ្ញុំ​គិត​ថា​ ជា​ការ​រួម​ចំណែក​ក្នុង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អនុ​មេគង្គ ​ដែល​សុទ្ធ​តែជា​យន្តការ​ពហុ​ភាគី​ ដែល​ប្រទេស​ទាំង​អស់​ចាំបាច់​លើក​កម្ពស់ ​និង​ជំរុញ​ឱ្យ​មាន​កិច្ច​សហការ​ជិត​ស្និទ​ជាមួយ​គ្នា ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ស្មារតី​តំបន់​និយម»។​

បើ​តាម​លោក ​គិន ភា​ ចិន​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​អនុ​តំបន់​មេគង្គ​ ដោយ​សារ​ចិន​បាន​បោះ​ទុន​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ និង​ពាណិជ្ជ​កម្ម​ច្រើន​ជាង​គេ។​

អំឡុង​ពេល​ស្នាក់​ទីក្រុង​គុនមិញ ​ប្រទេស​ចិន ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំ ​និង​ធុរជន​បរទេស​ផង​ដែរ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោក​ គិន ភា​ យល់​ថា​ ជំនួប​ទ្វេ​ភាគី​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេង​ គឺ​ជា​ឱកាស​ល្អ​ដែល​កម្ពុជា​អាច​បង្ហាញ​សក្តានុពល​នៃ​ការ​វិនិយោគ ​ពាណិជ្ជ​កម្ម ​និង​ការ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បង្ហាញ​អំពី​បរិយាកាស​ពាណិជ្ជ​កម្ម​ វិនិយោគ​ល្អ​ប្រសើរ ​សន្តិ​ភាព ​ស្ថិរ​ភាព ​និង​ការ​អនុគ្រោះ​នានា ​ដែលជា​កាតាលីករ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់​តែ​ច្រើន​មក​កាន់​កម្ពុជា។​ ក៏​ប៉ុន្តែ​លោក​ថា​ កម្ពុជា​ត្រូវតែ​មាន​វិធានការ​ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជន​ល្មើស​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ទឹក​ដី​កម្ពុជា​ ដើម្បី​ស្តារ​ទំនុក​ចិត្ត​វិនិយោគ​គិន​បរទេស ​និង​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ កត់​សម្គាល់​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​ទៅ​ក្រៅ​ប្រទេស ​គឺ​តែង​តែ​ឃើញ​មាន​ការ​ទាញ​ប្រយោជន៍​ធំ​ចំនួន​ពីរ​ គឺ​នយោបាយ​ការ​បរទេស​ និង​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ ដោយ​ក្នុង​នោះ ​នយោបាយ​ការ​បរទេស​ គឺ​ជួយ​លើក​មុខ​មាត់​រដ្ឋាភិបាល​កម្ពុជា ​និង​ជួយ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​កាន់​តែ​រឹងមាំ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ដំណើរ​ទស្សន​កិច្ច​ហ្នឹង​ ប្រមុខ​រដ្ឋាភិបាល​ នាយក​រដ្ឋ​មន្ត្រី​សម្តេច​ធិបតី​ក៏​មាន​រដ្ឋ​មន្ត្រី ​អម​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​សំខាន់ៗ​ពាក់​ព័ន្ធ​ពាណិជ្ជ​កម្ម​ វិនិយោគ​ជាដើម។​ អ៊ីចឹង​មាន​កិច្ច​ការ​អ្វី​ចាំបាច់​បន្ទាន់​អាច​ជជែក ​ប្រជុំ ​ឬ​ក៏​ចុះ​កិច្ច​ព្រម​ពៀង​ជាមួយ​គ្នា​បាន​ទាន់​ពេល​វេលា ​ឬ​ក៏​តាម​ការ​ចាំបាច់។ ​នេះ​ជា​កិច្ចការ​មួយ​ដែល​កម្ពុជា​ចេញ​ទៅ​ក្រៅ​ឆាក ​លើក​ណា​ក៏​ដោយ​ ​ក៏​មាន​សារៈ​ប្រយោជន៍​ផ្នែក​នយោបាយ​ការ​ទូត​ និង​ផ្នែក​ពាណិជ្ជ​កម្ម​ដែរ»។​

លោក ​ឯម សុវណ្ណារ៉ា ​បន្ត​ទៀត​ថា​ កម្ពុជា​ក៏​ត្រូវ​ជម្រះ​មន្ទិល​សង្ស័យ ​ឬ​លុប​បំបាត់​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ​ដូចជា​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ (Scam)​ ការ​ចាប់​ជំរិត ​ឬ​អសុវត្ថិ​ភាព​ផ្នែក​ពាណិជ្ជ​កម្ម ​ឬ​ទេសចរណ៍​ជា​ដើម។ ​បញ្ហា​ទាំង​អស់​នេះ​ គឺ​ជា​កិច្ចការ​មួយ​ដែល​វិនិយោគិន​បរទេស ​និង​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ចាប់​អារម្មណ៍។​

ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន ​អ្នកស្រី ​Mao Ning ​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ក្នុង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​នេះ ​ប្រទេស​ចិន​សង្ឃឹម​ថា ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ស៊ី​ជម្រៅ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ ដោយ​សង្កត់​ធ្ងន់​លើ​ការ​បើក​ចំហ​ នវានុវត្តន៍​ ការ​ត​ភ្ជាប់ ​និង​ការ​សម្រប​សម្រួល ​ការ​ខិត​ខំ​ឆ្ពោះ​ទៅ​រក​វឌ្ឍន​ភាព​ថ្មី​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​សំខាន់ៗ ​ដែល​រួម​មាន​ការ​តភ្ជាប់​ក្នុង​តំបន់ ​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ ​កសិកម្ម ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​រួម​ចំណែក​កាន់​តែ​ប្រសើរ​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់»៕​