ក្រុមហ៊ុនអាមេរិកាំងនិងអន្តរជាតិមើលឃើញប្រទេសកម្ពុជាថាជាគោលដៅវិនិយោគទុនដ៏ទាក់ទាញប៉ុន្តែពួកគេចង់ឲ្យមានការដោះស្រាយបញ្ហាមួយចំនួនដើម្បីបង្កបរិយាកាសឲ្យពួកគេអាចដាក់ទុនវិនិយោគបាន។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID)។
អ្នកស្រី Power បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធក្នុងរាជធានីភ្នំពេញថា អ្នកស្រីបានពិភាក្សាបញ្ហានេះរួចហើយជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតក្នុងអំឡុងពេលជួបពិភាក្សាគ្នានៅថ្ងៃដដែលនេះ។
អ្នកស្រីបានបន្ថែមថា៖ «ដើម្បីឲ្យពួកគេអាចមកបណ្តាក់ទុននៅទីនេះបានគឺ ពួកគេចង់ឃើញការកែលម្អដ៏មានអត្ថន័យនៅក្នុងបរិយាកាសដែលអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មបានដែលក្នុងនោះមានការដោះស្រាយអំពើពុករលួយ លើកកម្ពស់ការគោរពសិទ្ធិការងារ និងដោះស្រាយ ប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតដែលកំពុងញាំញីកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅឆាកអន្តរជាតិ»។
អ្នកស្រី Power បន្ថែមថាការណ៍ដែលកម្ពុជាធ្វើការឆ្ពោះទៅរកតម្លាភាពកាន់តែច្រើន មានគណនេយ្យភាព និងការការពារសិទ្ធិមនុស្សអាចបើកច្រកឲ្យមានភាពរុងរឿងដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ដែលអាចជាកត្តាជោគជ័យសម្រាប់មនុស្សជំនាន់ថ្មី។
អ្នកស្រី Power បានធ្វើដំណើរទៅប្រទេសកម្ពុជាពីថ្ងៃទី២២ ដល់ ២៣ខែតុលា។ នេះជាដំណើរទស្សនកិច្ចលើកទី១របស់អ្នកស្រី Power ទៅប្រទេសកម្ពុជាក្នុងនាមជាប្រធានទីភ្នាក់ងារ USAIDដោយអ្នកស្រីបានទៅខេត្តសៀមរាបដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍មួយចំនួនដែលសហរដ្ឋអាមេរិកគាំទ្រក្នុងចំណោមនោះមានគម្រោងទប់ស្កាត់ជំងឺរបេង។ អ្នកស្រី Power ក៏បានបានជួបជាមួយសមាជិកសហជីព និងសកម្មជនការងារ ដែលធ្វើការនៅប្រាសាទអង្គរវត្ត ដើម្បីពិភាក្សាអំពីលក្ខខណ្ឌការងារ និងបញ្ហាសិទ្ធិការងារដ៏សំខាន់ៗផ្សេងទៀត។
ក្នុងរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនមន្ត្រីជាន់ខ្ពស់មកទាក់ទាញអ្នកវិនិយោគទុនអាមេរិកាំងដោយមន្ត្រីកម្ពុជាអះអាងថា នៅក្នុងអាណត្តិ១ឆ្នាំ នៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជាមានបរិយាកាសវិនិយោគប្រសើរជាងមុនសម្រាប់ក្រុមហ៊ុនអាមេរិកាំង។ ពួកគេអះអាងថាកម្ពុជាបានបង្កើតវិធានការមួយចំនួនដូចជាការបង្កើនតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ និងការទាក់ទងនិងស្តាប់កង្វល់របស់អ្នកវិនិយោគច្រើនជាងមុន។
ក្នុងចំណោមមន្ត្រីនោះមានលោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ លោក បានធ្វើដំណើរមកសហរដ្ឋអាមេរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ដើម្បីទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកនិងកាណាដា។
លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់វីអូអេនៅក្រោយវេទិកាអ្នកដឹកនាំអាស៊ាន (ASEAN Leadership Forum) នៅវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែតុលាថានៅពេលនេះ នីតិវិធីជាច្រើនរួមទាំងការដាក់ពាក្យសម្រាប់គម្រោងវិនិយោគទុននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ត្រូវធ្វើឡើងតាមអនឡាញដែលនឹងជួយកាត់បន្ថយអំពើពុករលួយ។
មន្ត្រីកម្ពុជាបានថ្លែងបន្តថាមានសក្ដានុពលលេចធ្លោមួយចំនួនរបស់កម្ពុជា ដែលរួមមាន កត្តាភូមិសាស្ត្រនៅកណ្តាលតំបន់ទន្លេមេគង្គ មានរដ្ឋាភិបាលដែលគាំទ្រក្រុមធុរកិច្ច (pro-business government) សមាជិកភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន និងហេដ្ឋារចនាសម្ពន្ធប្រសើរជាងមុនជាដើម។
បញ្ហាប្រឈមដទៃទៀតសម្រាប់អ្នកវិនិយោគទុនដែលកម្ពុជាត្រូវដោះស្រាយគឺមានដូចជាស្ថិរភាពនយោបាយដែលមានការតានតឹងនិងការរឹតត្បិតលើគណបក្សប្រឆាំងនិងសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់អ្នកនយោបាយនៅក្រៅប្រទេស។
អ្នកស្រីមូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្លែងប្រាប់វីអូអេថាក្រុមប្រឆាំងមិនជំទាស់នឹងការវិនិយោគពីសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាទេ។ ប៉ុន្តែកម្ពុជាត្រូវមានតម្លាភាពជៀសវាងអំពើពុករលួយនិងត្រូវមានតុលាការឯករាជ្យ។ ទន្ទឹមនឹងនោះសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងអង្គការសង្គមស៊ីវិលក្នុងការបញ្ចេញមតិក៏ជាកត្តាសំខាន់ដែរ។
អ្នកស្រីមូរ សុខហួរបន្ថែមថា៖
«យើងចង់ឲ្យមានបរិបទប្រទេសកម្ពុជាមួយដែលចំណេញប្រទេសកម្ពុជាដូច្នេះបើកទៅសេរីភាពនៃការបញ្ចេញមតិ បើកទៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវសេរីនិងយុត្តិធម៌»។
អ្នកស្រីនាយិកា Power ក៏បានប្រកាសពីជំនួយជាង៥០លានដុល្លារសម្រាប់ការអភិវឌ្ឍកម្ពុជាក្នុងនោះ មានទឹកប្រាក់ចំនួន៦ លានដុល្លាររបស់ទីភ្នាក់ងារ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំទ្រដល់សង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ USAID៕
វេទិកាបញ្ចេញមតិ