លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា កម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ក្នុងខែសីហា ឆ្នាំ ២០២៤ នេះ។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា អ្នកវិនិយោគក្នុងគម្រោងនេះភាគច្រើនជាអ្នកវិនិយោគខ្មែរ។
នេះជាការបញ្ជាក់លើកដំបូងរបស់នាយករដ្ឋមន្រ្តីអំពីការចូលរួមរបស់វិនិយោគិនខ្មែរក្នុងគម្រោងព្រែកជីកតម្លៃប្រមាណ ១.៧០០ លានដុល្លារអាមេរិក។ ពីដើមឡើយ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន ក្នុងទម្រង់ BOT ដូចផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែរ គឺរដ្ឋាភិបាលកម្ពុជាមិនត្រូវចំណាយថវិកាអ្វីឡើយ។
ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលព្រះពុទ្ធសាសនាកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ាណែត ថ្លែងថា ព្រែកជីកនេះត្រូវតែធ្វើឱ្យខាងតែបាន បើទោះមានការព្រួយបារម្ភ ឬរិះគន់ក៏ដោយ។ លោកបន្ថែមថា បើទោះបីរដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ប៉ុន្តែលោកថា គម្រោងនេះនឹងមានការចូលរួមពីអ្នកវិនិយោគខ្មែរភាគច្រើន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ពិតណាស់! យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីគាត់មានបច្ចេកទេស ហើយដាក់ទុនមួយចំនួន ដើម្បីធ្វើ។ ប៉ុន្តែឥឡូវនេះ យើងបានចរចា ហើយសូមជម្រាបលោកយាយលោកតាថាខ្មែរយើងនឹងមានភាគច្រើន[ការវិនិយោគ]នៅក្នុងគម្រោងនេះតែម្តង នៅក្នុងការសាងសង់។ ហើយការបើក[ការដ្ឋានសាងសង់]មិនចាំយូរនាំឱ្យយប់យន់ សុបិនច្រើន។ ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើតែម្តង។ អ៊ីចឹងយើងនឹងបើកការដ្ឋាននៅក្នុងខែ ៨ ខាងមុខនេះ ដើម្បីធ្វើ»។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើអ្នកវិនិយោគខ្មែរណានឹងចូលរួមដាក់ទុនក្នុងគម្រោងព្រែកជីកនេះឡើយ។
នៅពេលសួរអំពីអ្នកវិនិយោគខ្មែរក្នុងគម្រោងព្រែកជីកនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្វែរសំណួរនេះទៅលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលទទួលបន្ទុកកិច្ចការព្រែកជីកនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចាន់ថុល បាននៅឡើយទេ។
កាលពីកន្លងទៅ លោក ផន រឹម ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគព្រែកជីកនេះ ក្នុងរូបភាពភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលក្រុមហ៊ុនវិនិយោគត្រូវសាងសង់ ប្រតិបត្តិការនិងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប។ លោកបន្ថែមថា ការវិនិយោគនេះរដ្ឋាភិបាលនឹងមិនចំណាយថវិកាឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូរបស់ខ្លួន ១០០% ដើម្បីវិនិយោគលើគម្រោងនេះ។
ការប្រកាសជាសាធារណៈរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពីពេលវេលានៃការបើកការដ្ឋានព្រែកជីកនេះ ក្រោយអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានជំរុញទៅរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោកបើកការដ្ឋានព្រែកជីកហ្វូណននេះឱ្យបានឆាប់ ដើម្បីបញ្ឈប់ការរិះគន់។
ក្នុងពេលដែលកម្ពុជាកំពុងពន្លឿនគម្រោងនេះ រដ្ឋាភិបាលវៀតណាមបានស្នើសុំឯកសារបន្ថែមពីកម្ពុជា និងស្នើសុំការសិក្សារួមគ្នាលើផលប៉ះពាល់ឆ្លងដែនទឹក។
ពាក់ព័ន្ធនឹងការស្នើសុំឯកសារដោយភាគីវៀតណាម អ្នកនាំពាក្យរបស់គណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) អះអាងថា ខ្លួនបានទទួលការជូនដំណឹងពីកម្ពុជា កាលពីខែសីហា ឆ្នាំមុន អំពីគោលបំណងរបស់កម្ពុជាក្នុងការស្តារ និងសាងសង់ព្រែកជីក។
អ្នកនាំពាក្យប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ពេលនេះ គណៈកម្មការទន្លេមេគង្គមិនទាន់បានទទួលឯកសារអ្វីឡើយពីភាគីកម្ពុជា ហើយក្រុមការងារកំពុងតាមដានករណីនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននៅឡើយទេ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបានដែរ។
គម្រោងព្រែកជីកនេះត្រូវបានសារព័ត៌មានបរទេសមួយចំនួនចុះផ្សាយថា វាអាចបង្កជាក្តីបារម្ភផ្នែកសន្តិសុខដល់រដ្ឋាភិបាលទីក្រុងហាណូយ ពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលរបស់ចិន ប្រសិនបើផ្លូវទឹកមួយនេះត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញប្រើប្រាស់លើសពីក្របខណ្ឌពាណិជ្ជកម្ម។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់ថ្លែងថាព្រែកជីកហ្វូណនជា «គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ» ហើយលោកស្នើឱ្យបញ្ឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។ លោកបន្ថែមថា ព្រែកជីកហ្វូណននេះធ្វើឡើងក្នុងគោលបំណង ដើម្បីផលចំណេញខាងសេដ្ឋកិច្ច និង «ឯករាជ្យភាពនយោបាយ» លើបញ្ហានៃការដឹកជញ្ជូនតាមផ្លូវទឹក។
គម្រោងព្រែកជីកហ្វូណននេះភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែប ដែលនឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ ៧០%។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល កាលពីកន្លងទៅ។
គម្រោងព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប៕