ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានថ្លែងជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះថាពិធីបូជាព្រះបរមសពនៃព្រះករុណាសម្តេចព្រះនរោត្តម សីហនុនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំក្រោយនេះ។
លោកហ៊ុន សែន បានបង្ហើបយ៉ាងដូច្នេះនៅពេលដែលលោកបើកសម្ភោធផ្លូវជាតិលេខ៨ដែលភ្ជាប់ពីខេត្តកណ្តាលទៅកាន់ព្រំដែនវៀតណាមដោយឆ្លងកាត់ខេត្តព្រៃវែងក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន។
លោកនាយករដ្ឋមន្ដ្រីខ្មែរបានបង្ហើបពីពិធីបូជាព្រះសពខណៈដែលលោកបកស្រាយពីគម្រោងបដិសណ្ឋារកិច្ចផ្លូវការដល់ប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនដែលនឹងត្រូវទទួលដោយព្រះមហាក្សត្រនរោត្តម សីហមុនី។ ក៏ប៉ុន្តែគម្រោងទាំងនោះត្រូវលុបចោលទៅវិញដោយសារតែការកាន់ទុក្ខព្រះសពព្រះបិតាព្រះអង្គ។
«គម្រោងរបស់ព្រះករុណាដែលនឹងទៅប្រទានសវនាការចំពោះប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនិងប្រទានភោជនាហារក៏ត្រូវបានលុបចោលដើម្បីទុកឱកាសឲ្យព្រះអង្គកាន់ទុក្ខពេញលេញមុនរយៈពេលបូជាសពដែលគ្រោងនឹងធ្វើនៅថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៣»។
សម្តេចឪនរោត្តម សីហនុ បានសោយទីវង្គតកាលពីថ្ងៃទី១៥តុលាក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ព្រះសពរបស់ព្រះអង្គត្រូវតម្កល់ទុករយៈពេលបីខែដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលគោរពវិញ្ញាណខន្ធព្រះអង្គ។
ក្នុងពេលនេះប្រជាពលរដ្ឋកម្ពុជាមន្ត្រីរាជការនិងសមាជិកអង្គការនានាត្រូវបានអនុញ្ញាតឲ្យចូលគោរពព្រះបរមសពក្នុងព្រះបរមរាជវាំងជាក្រុមដោយមានការស្នើសុំជាមុនប៉ុន្តែប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងមួយថ្ងៃៗបានទៅគោរពវិញាណខន្ធព្រះសពនៅបរិវេណខាងមុខនិងក្រៅព្រះបរមរាជវាំង៕