ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មរតក​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ


សម្តេច ​​នរោត្តម​ សីហនុ នៃ​កម្ពុជា
សម្តេច ​​នរោត្តម​ សីហនុ នៃ​កម្ពុជា
បាងកក៖ ការ​ចូល​ទិវង្គតនៃ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៃកម្ពុជា ​បញ្ចប់​យុគ​សម័យ​មហិច្ឆតា និង​ចម្រូង​ចម្រាស់សម្រាប់​ព្រះរាជា​ដ៏​មាន​ឥទ្ធិពល​មួយ​អង្គ​នេះ។ ព្រះរាជា​អង្គ​នេះ​បាន​ធ្វើ​មគ្គុទ្ទេសក៍​ប្រទេស​របស់​ព្រះ​អង្គ​ឲ្យ​ទទួលបានឯករាជ្យ​ ប៉ុន្តែ​លោក​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​អសោច​ឈ្មោះ​ខ្មែរ​ក្រហម។

សម្តេច នរោត្តម​ សីហនុ នៃ​កម្ពុជាត្រូវ​បាន​ជ្រើស​តាំង​ដោយ​បារាំង​នៅ​ឆ្នាំ ១៩៤១​ ឲ្យ​ធ្វើ​ជា​មេដឹកនាំ​អាយ៉ង​សម្រាប់​អាណានិគម​របស់​ខ្លួន។

ប៉ុន្តែ ស្តេច​វ័យ​ក្មេង​អង្គ​នេះក្លាយ​ជា​កម្លាំងរួប​រួម​មួយ ​ទាម​ទារឯករាជ្យ​ ដែល​ព្រះអង្គសម្រេច​បាន​នៅ​ឆ្នាំ​១៩៥៣។ បន្ទាប់​មក ព្រះអង្គ​បាន​ដាក់​រាជ្យ​ដើម្បី​ចូល​ធ្វើ​នយោបាយ​ ហើយ​បាន​ធ្វើ​ជា​មេដឹក​នាំ​ប្រទេស​ដ៏​មាន​ប្រសិទ្ធភាព​អស់​រយៈ​ពេល១៧ឆ្នាំ​ក្រោយ​មក។
លោក មីថិន អូសប៊ន (Milton Osborne) គឺ​ជា​អ្នក​ស្រាវជ្រាវ​គោចរ​នៃ​វិទ្យា​ស្ថាន​ឡូវី (Lowy) ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ​ពីរក្បាល​ស្តី​អំពីសម្តេច​សីហនុ។

«នៅ​កម្ពុជា​ មាន​ជំនឿ​មួយថា ជំនាន់សម្តេចសីហនុ គឺ​ជា​យុគសម័យ​មាស​ដ៏​ខ្លី​មួយ។ មនុស្ស​ហាក់​ដូច​ជា​ភ្លេច​អំឡុង​ពេល​ដែល​ព្រះអង្គ​ចាត់​វិធានការ​ដ៏​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​អ្នក​ណា​ដែល​ព្រះ​អង្គ​យល់​ថា​ជា​សត្រូវ​របស់​ព្រះ​អង្គ»។

សត្រូវ​ទាំង​នោះរួមមាន​ ជនកុម្មុយនីស្ត​កម្ពុជា​ដែល​ក្រោយ​មក​ក្លាយ​ជា​ខ្មែរក្រហម។ អំឡុង​ពេលសង្គ្រាម​វៀតណាម​ សម្តេច​សីហនុ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​កម្លាំង​កុម្មុយនីស្តវៀតណាម​ពី​ការ​ឆ្លង​កាត់​កម្ពុជា​ ដែល​ការ​ឆ្លង​កាត់​នេះ​នាំ​ឲ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​សហរដ្ឋ​អាមេរិក។

សម្តេច​សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញពី​ដំណែង​ក្នុង​រដ្ឋប្រហារ​មួយ​នៅ​ឆ្នាំ​១៩៧០​ ហើយ​បាន​និរទេសខ្លួន​ទៅ​គង់​ប្រថាប់​នៅ​ប្រទេសចិន​ និង​កូរ៉េ​ខាង​ជើង។

ចំណង់​របស់​សម្តេច​សីហនុ​ក្នុង​ការ​ចូល​កាន់​អំណាច​វិញ​បាន​នាំ​ឲ្យ​ព្រះអង្គ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ខ្មែរ​ក្រហម​ដែល​ជាជនកម្មុយនីស្ត​ដែល​ជាអតីត​សត្រូវ​របស់​ព្រះអង្គ។ ការ​ផ្តាស់​ប្តូរ​នយោបាយ​នេះ​ នាំ​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​នឹង​បរទេស​ដែល​បន្ត​រហូត​ដល់ទីបំផុត​នៃ​ព្រះ​ជន្មាយុ​របស់​ព្រះអង្គ។

លោក ប៊ែន្នី វីឌីយ៉ូណូ (Benny Widyono) ធ្លាប់​ជា​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជាកាល​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៩០ ហើយ​ជា​អ្នក​និពន្ធ​សៀវភៅមួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «រាំ​ក្នុង​ស្រមោល៖ សីហនុ​ ខ្មែរ​ក្រហម និង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា»។

«អំឡុង​ពេល​ដែលព្រះអង្គ​នៅ​ជា​មួយ​ខ្មែរ​ក្រហម មិត្ត​ភក្តិ​របស់​ព្រះអង្គ​ពីរ​គឺ កូរ៉េខាង​ជើង និង​ចិន ហើយ​ព្រះ​អង្គចំណាយ​ពេល​ជាច្រើនគង់​ប្រថាប់​នៅ​ទីនោះ»។

ចំណង​ដែល​ព្រះរាជាកម្ពុជា​មាន​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ​គឺ​ មេដឹកនាំ​គឹម អ៊ីលស៊ុង បាន​ស្ថាបនា​ព្រះរាជ​ដំណាក់​មួយ​ដែល​មាន​៦០បន្ទប់នៅទីក្រុង​ព្យូងយ៉ាង។

«លោក​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា​ព្រះរាជា​ដ៏​ពិត​ប្រាកដ​ គង់​នៅព្រះរាជ​ដំណាក់​នៅ​កូរ៉េ​ខាង​ជើង​ ហើយព្រះ​អង្គ​ថែម​ទាំង​ទទួល​បាន​អង្គរក្ស​ពីរដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ទៀត​ផង។ អង្គរក្ស​ទាំង​នោះ​គឺ​ជា​ជន​កូរ៉េ​ខាង​ជើង​ដ៏​រឹង​មាំ និង​ហ្មត់​ចត់។ ព្រះអង្គ​មាន​អង្គរក្សកូរ៉េ​ខាង​ជើងទាំង​នោះ​នៅ​ជាមួយ​ព្រះ​អង្គ​គ្រប់​ពេល»។

ខ្មែរ​ក្រហម​បាន​យាង​សម្តេច​សីហនុ​ត្រឡប់​ចូល​កម្ពុជា​វិញ​ ជាទី​ដែល​គេ​ប្រើ​ឈ្មោះ​របស់​ព្រះអង្គ​ជា​មធ្យោបាយ​ដើម្បីទទួល​បាន​ភាព​ស្រប​ច្បាប់។ ក្រោយ​មក​គេ​បាន​បង្ខាំ​ព្រះអង្គ​នៅ​ក្នុង​ព្រះរាជវាំង។

អំឡុង​ពេល​នេះ សម្តេច​សីហនុ គ្មាន​លទ្ធភាព​ធ្វើ​អ្វី​ក្រៅ​ពី​ឃើញខ្មែរ​ក្រហម​បង្អត់​អាហារ​ប្រជាពលរដ្ឋ​ បង្ខំ​គេ​ឲ្យ​ធ្វើ​ការ និង​សម្លាប់ប្រជា​ជាពលរដ្ឋ​អស់ប្រហែល​២លាននាក់នោះ​ទេ។
នៅ​ឆ្នាំ​១៩៧៩ ព្រះអង្គ​បាន​គេចទៅ​ប្រទេស​ចិនពេល​ដែល​វៀតណាម​ចូល​មកកម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម។ ​
ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ជួយ​ឲ្យ​សម្តេច​សីហនុ​យាង​ត្រឡប់​ចូល​គ្រង​រាជ​វិញ​ក្រោម​លទ្ធិ​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ព្រះអង្គ​មាន​អំណាច​តិចតួច​ខណៈដែល​ព្រះរាជបុត្រ​របស់​ព្រះអង្គគឺសម្តេច​ នរោត្តម​ រណឫទ្ធិ ចែកអំណាច​ជា​សហនាយករដ្ឋ​មន្ត្រី​ជាមួយនឹងលោក ហ៊ុន សែន។

សម្តេច​សីហនុ​ មិន​ទទួល​បាន​ឥទ្ធិពល​ដែល​ព្រះអង្គ​បាន​ទទួល​ពី​មុន​មក​នៅ​កម្ពុជា​ទេ ដែល​លោក​ ប៊ែន្នី វីឌីយ៉ូណូ​ ដែល​ជា​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា ជាការ​អស់​ខក​ចិត្ត​អស់​មួយ​ជីវិត។

«ពេល​ខ្ញុំ​នៅ​កម្ពុជា​ ព្រះអង្គ​បាន​រអ៊ូ​ដាក់​ខ្ញុំ​ថា គឺ​នៅ​ពេល​ខ្ញុំ​ជា​ឯកអគ្គ​រដ្ឋ​ទូត​របស់​អង្គការ​សហប្រជាជាតិ​ ព្រះអង្គបាន​រអ៊ូ​ដាក់​ខ្ញុំ​ថា ព្រះអង្គ​គឺ​ជា​ព្រះរាជា​របស់​គេ​ដែលគ្រង​រាជ្យ តែមិន​គ្រប់​គ្រង​អំណាចពី​ព្រោះ​អំណាច​គឺ​ពិត​ជា​នៅ​ក្នុង​ដៃ​របស់​លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់រណឫទ្ធិ​ ដែល​ជា​សហនាយក​រដ្ឋ​មន្ត្រី។ ដូច្នេះ​ ព្រះអង្គ​មាន​អារម្មណ៍​ថា ការ​ក្លាយ​ជាមេដឹកនាំអំណាចនៃ​កម្ពុជា​ដ៏​រុងរឿង​គឺ​ជា​គោល​បំណង​របស់​ព្រះអង្គ​ជា​និច្ច តែ​គោល​បំណង​នោះ​ព្រះ​អង្គ​មិន​អាច​ទទួល​បានអស់​មួយ​ជីវិត»។

លោក​ ហ៊ុន សែន បាន​ទម្លាក់​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​នៅ​ឆ្នាំ​១៩៩៧ ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​អំណាច​តែម្នាក់​ឯង​នៅ​កម្ពុជា។

ខណៈ​ដែលអំណាច​របស់​សម្តេច​សីហនុ សាបរលាប ហើយ​សុខភាព​របស់​ព្រះអង្គទ្រុតទ្រោមនោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​ចិន​ជា​ញឹក​ញាប់​ដើម្បី​ទទួល​ការ​ព្យាបាល។ នៅឆ្នាំ​២០០៤ ព្រះអង្គ​បានដាក់​រាជ្យទៅ​ឲ្យ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​គឺ​ព្រះករុណា​ នរោត្តម​ សីហមុនី។

លោក អូស​ប៊ន (Osborne) មាន​ប្រសាសន៍​ថា ព្រះករុណា​ សីហមុនី ខុសពី​ព្រះរាជបីតា​របស់​ព្រះអង្គគឺ​គ្មាន​មហិច្ឆតា​នយោបាយ​ទេ។

«នឹង​មិន​មាន​ព្រះរាជា​អង្គ​ណា​ផ្សេង​ទៀត​ដែល​ដើរ​តួ​នាទី​ដូច​សម្តេច​សីហនុ​ទេ។ ហើយ​ពិត​ជា​មិន​មែន​ជា​ព្រះរាជា​ដែល​មាន​អំណាច​នយោបាយ​ និង​មាន​ការ​ចាប់​អារម្មណ៍​លើនយោបាយទេ។ ព្រះរាជា​បច្ចុប្បន្ន​គឺ​ជា​អ្នក​បម្រើ​ប្រទេសប្រកប​ដោយ​ការលះបង់ ប៉ុន្តែព្រះអង្គ​គ្មាន​តួនាទី​នយោបាយ​ទេ។ ព្រះអង្គពិត​ជា​មិន​ប្រកាន់​នយោបាយ។ ខ្ញុំ​យល់​ថា យុគសម័យ​ដូច​សម្តេច​សីហនុនោះ​គឺ​បាន​រំលង​ផុត​ទៅ​ហើយ»។
អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ យាង​ចូល​ទិវង្គត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ នៅ​រដ្ឋធានីប៉េកាំង នៃ​ប្រទេស​ចិន​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ ក្រោយ​ពី​ទទួ​ល​រង​ជំងឺ​មហារី​អស់​រយៈពេល​ដ៏​យូរ។
ប្រែសម្រួល​ដោយ​អ៊ឹម សុធារិទ្ធ។​
XS
SM
MD
LG