ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​ចិន​ចាត់ទុក​អតីត​ព្រះ​មហាក្សត្រ​ជា​មិត្ត​ដ៏​សំខាន់


អតីត​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហនុ
អតីត​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហនុ

មេ​ដឹក​នាំ​​ជាន់​ខ្ពស់​ចិន​មួយ​ចំនួន​រូម​ទាំង​អនុប្រធានាធិបតី​ស្ស៊ី ជីនពីង (Xi Jinping) បាន​ចូលរួម​មរណៈទុក្ខ​​ដល់​អគ្គមហិសី​​របស់​ព្រះអង្គ​​នៅ​រដ្ឋធានី​ប៉េកាំង ជា​ទី​ដែល​សម្តេច​សីហនុ​ត្រូវ​បាន​ព្យាបាល​តាំង​ពី​ខែ​មករា​កន្លង​មក។

សេចក្តី​រាយការណ៍​វីអូអេ
ប្រែសម្រួល​ដោយ អ៊ឹម សុធារិទ្ធ
វ៉ាស៊ីនតោន៖ ការ​ចូល​ទិវង្គត​នៃ​អតីត​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហនុ បាន​ទាក់​ទាញ​ការ​ចូលរួម​មរណៈទុក្ខ​ និង​បូជនីយកិច្ចពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​ចិន។ ក្រសួង​ការបរទេស​ចិន​ហៅ​សម្តេច​សីហនុ​ថា ជា​ «មិត្ត​ដ៏​អស្ចារ្យ​របស់​ប្រជា​ជន​ចិន​» ហើយ​តាម​ទូរទស្សន៍​រដ្ឋ​ មន្រ្តីចិន​បាន​សរសើរ​ចំណង​មិត្តភាព​ជាមួយ​អតីត​ព្រះមហាក្សត្រ។
មេ​ដឹក​នាំជាន់​ខ្ពស់​ចិន​មួយ​ចំនួន​រូម​ទាំង​អនុប្រធានាធិបតី​ស្ស៊ី ជីនពីង (Xi Jinping) បាន​ចូលរួម​មរណៈទុក្ខដល់​អគ្គមហិសីរបស់​ព្រះអង្គនៅ​រដ្ឋធានី​ប៉េកាំង ជា​ទី​ដែល​សម្តេច​សីហនុ​ត្រូវ​បាន​ព្យាបាល​តាំង​ពី​ខែ​មករា​កន្លង​មក។

ប្រទេស​ចិន​មាន​ចំណង​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ទាំង​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ​ជាមួយប្រទេស​កម្ពុជា ហើយ​លោក រ៉េន សាវ (Ren Xiao) ​សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យល័យ​ហ៊្វូដាន (Fudan) នៅ​ទីក្រុង​សៀងហៃ មាន​ប្រសាសន៍​ថា អតីត​ព្រះមហាក្សត្រ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ទំនាក់​ទំនងនោះ។

«នៅ​ពេល​ព្រះអង្គ​មាន​ការ​លំបាក​ និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ប្រទេស​ចិន​បាន​ជួយ​ព្រះ​អង្គ​ ហើយ​បន្ត​ចាត់​ទុក​ព្រះ​អង្គ​ថា​ជា​មេដឹក​នាំ​កម្ពុជា»។

សម្តេច​សីហនុ ដែល​ជីវិត​នយោបាយ​របស់​ព្រះអង្គ​ទាំង​ពេល​គង់​នៅ​កម្ពុជា និង​ពេល​និរទេសមាន​រយៈពេល​ជិត​ប្រាំមួយ​ទសវត្សរ៍​នោះ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​លើក​ដំបូង​នៅ​ឆ្នាំ ១៩៥៦។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋសីនហួ (Xinhua) ប្រកាសថា ពេល​នោះ​ព្រះអង្គ​បាន​បង្កើត​ទំនាក់​ទំនង​ជា​លក្ខណៈបុគ្គលជា​មួយ​មេដឹកនាំ​ប្រទេស​ចិន ដែល​ក្នុង​នោះ​រួមមាន លោក ជូ អេនឡៃ (Zhouo Englai) និង​មេកុម្មុយនីស្ត​ម៉ៅ សេទុង។

នៅ​ឆ្នាំ ១៩៧០ ក្រោយ​ពី​រដ្ឋ​ប្រហារយោធា សម្តេច​សីហនុ បាន​យាង​តាម​យន្ត​ហោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ជា​ទី​ដែល​លោកម៉ៅ សេទុង ​បានសន្យា​ចង​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹងសហរដ្ឋ​អាមេរិក។

«ចិន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ដែល​នាំស​ង្គ្រាម​ទៅកាន​ប្រទេស​វៀតណាម ហើយ​នៅ​ពេល​នោះ ចិន​ និង​សហរដ្ឋ​អាមេរិក​គឺ​ជា​សត្រូវ​នៅ​ក្នុង​សង្គ្រាម​ត្រជាក់។ ដោយ​គិត​អំពី​ទស្សនៈនយោបាយ​ យើង​គាំទ្រ​សម្តេច​សីហនុ ជា​ព្រះមហាក្សត្រ ហើយ​យើង​ប្រឆាំង​នឹងរដ្ឋាភិបាលលន់ ណុល។ ដោយ​មាន​និស្ស័យ យើង​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​សម្តេច​សីហនុ»។ ​

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ ហើយ​អំពី​ថា​តើ​សម្តេច​សីហនុ គិត​យ៉ាង​ម៉េច​ចំពោះ ប្រទេស​ចិន​ក្នុង​នាម​ជា​ផ្ទះ​សម្បែង​ទី២របស់​ព្រះអង្គ។

លោក​ ម៉ាក ថំសិន (Mark Thompson) សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យស៊ីធី (City) មាន​ប្រសាសន៍​ថា ប្រទេស​ចិន​ប្រើ​ចំណង​មិត្ត​ភាព​របស់​ខ្លួន​ជាមួយ​សម្តេច​សីហនុ ដែល​ជា​និមិត្ត​រូប​បិតា​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​គោលដៅនយោបាយ​របស់​ខ្លួន។

«គេ​ចង់​រាប់​អាន​មនុស្ស​ដូចជាសម្តេច​សីហនុ ដែល​ទោះ​បី​ជា​ព្រះ​អង្គ​មាន​ភាពក្រឡេច​ក្រឡុច​ក្នុង​រឿង​នយោបាយ​ក៏​ដោយ​ ព្រះអង្គ​មាន​ភាព​លេចធ្លោ​ដ៏​អស្ចារ្យ​ដោយ​គ្មាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ ព្រះអង្គ​ប្រៀប​បាន​ជា​ឆ្នាំង​ខ្ទះ​មិន​ជាប់​ខ្លាញ់ ដោយ​មិន​សូវមានបញ្ហា​ជាប់​ពាក់ព័ន្ធនឹង​ព្រះអង្គ​ ទោះ​បី​ជា​ព្រះអង្គ​បាន​ធ្វើ​អំពើ​អ្វីៗកាល​ពី​អតីតកាល​ដូច​ជា​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ខ្មែរ​ក្រហម​ជាដើម។ ដោយ​ការ​រាប់​អាន​មនុស្ស​បែបនេះ ពួក​គេ​សង្ឃឹម​ថានឹងអាច​ប្រមូល​យក​ប្រយោជន៍​មូល​ធនសង្គម​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ចំណង​មិត្ត​ភាព​នេះ»។

ប្រទេស​កម្ពុជា​ និង​ចិន​បង្កើនទំនាក់​ទំនង​ដ៏​កក់ក្តៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ ឆ្នាំ​២០១១ ​វិនិយោគទុន​ចិន​នៅ​កម្ពុជា​កើន​ជាង​១០​ដង​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ ហើយ​ច្រើន​ជាង​ទ្វេដង​នៃ​វិនិយោគ​សរុប​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់។

នៅ​ក្នុង​សមរភូមិ​ការទូត​ ចិន​ប្រមូល​ការគាំទ្រ​ពី​កម្ពុជានៅ​ក្នុង​ជម្លោះ​ដែន​ដី​របស់​ខ្លួននៅសមុទ្រចិន​ភាគ​ខាង​ត្បូង។ នៅ​ជំនួបកំពូលអាស៊ាន​ឆ្នាំ​នេះ កម្ពុជា​បាន​ធ្វើ​ឲ្យ​គាំ​ដំណើរ​ការ​ចរចា​ស្តីអំពី​ជម្លោះ​ដែន​សមុទ្រ​មិន​ចាញ់​មិនឈ្នះ​រវាង​ប្រទេស​ចិន និង​ហ្វីនលីពីន ដោយ​បាន​កាន់​ជើងប្រទេសចិន​។
XS
SM
MD
LG