លោកហ៊ុន សែន​ប្រកាស​មិន​ឱ្យ​យក​រឿង​នយោបាយ​ឡូកឡំ​នឹង​ទំនាស់​ដី​ធ្លី

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន

វ៉ាស៊ីនតោន៖ ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រកាស​ជាសាធារណៈ​ថ្មី​ទៀត​ថា​បញ្ហា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មិនអាច​ដោះស្រាយ​បាន ​ក្រុមមន្ត្រី​គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​បានអះអាងថា​អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​ការ​បង្វែរ​ការទទួល​ខុសត្រូវ​និង​ការ​គំរាម ​ពលរដ្ឋ​មុន​ការ​បោះឆ្នោត។

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បានអះអាង​ថា​ អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មិនសប្បាយ​ចិត្ត​ ហើយ​ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះឆ្នោត​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស។
លោក​កឹម សុខា​បញ្ជាក់ថា៖
«ពីព្រោះ​ប្រជាពលរដ្ឋ​មុននឹង​មកពឹង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឬអង្គការ ​សង្គម​ស៊ីវិល​ គេបាន​ដោះស្រាយ​ជាមួយ​អាជ្ញាធ​រដ្ឋាភិបាល​ហើយ​តែអត់​អាចរក​យុត្តិធម៌​ អត់អាច​ដោះសា្រយ​ឲ្យគេបាន។​ ដូច្នេះ​បើសិនណា​ជាគាត់​ទៅខ្ទប់មួយ​ចំហៀង​ទៀត​គឺគាត់​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រឹតតែ​ខឹង​គាត់​ឡើង។ ​ហើយ​ប្រសិនណា​ជាអ្វី​ដែលគាត់​ដោះស្រាយ​បានវាបាន​ទៅ​ហើយ ​ប្រជាពលរដ្ឋ​គេជឿ​ទៅលើគាត់​ទៅហើយ​ មិនចាំបាច់​គាត់ទៅ​សំឡុតទៅ​រារាំងគេ​បន្ថែម​ទេ»។

លោក ​កឹម សុខា ​អះអាង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​ហ៊ុន​ សែន​ពុំគួរយក​លេស​ទម្លាក់​ការ​ទទួល​ខុសត្រូវ​នេះ​ដល់​គណបក្ស​ជំទាស់​ និង​ក្រុម​មន្ត្រី​សង្គម ​ស៊ីវិល​ថារារាំង​ទេ​នៅពេល​ទាល់​ច្រក​មិនអាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ដែល ​រដ្ឋាភិបាល​ បង្កើត​ឡើង​ខ្លួនឯង​ដូចជា​ បញ្ហា​បណ្តេញ​ចេញពី​លំនៅដ្ឋាន​នៅ​បឹងកក់​ បូរីកីឡា​និងដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ឯកជន​ជាដើម​នោះ។

«ហើយ​មិនអាច​ទៅរារាំង​ឬហាម​ឃាត់ថា​មិនឲ្យ​សង្គមស៊ីវិល​ទៅចុះ​ជួយប្រជា​ពលរដ្ឋទេព្រោះជា​កាតព្វកិច្ច។​ នាយក​រដ្ឋមន្ត្រី​មិនអាច​មកហាម​បានទេ​ ព្រោះ នេះជា​កាតព្វកិច្ច​របស់​យើង​ជា​តំណាងរាស្ត្រ​ កាតព្វកិច្ច​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គេជួយ​មើល​រាស្ត្រ។​ បើយើង​ជាអ្នក​ដឹកនាំ​យើងធ្វើ​មិនកើត​ហើយ​ គេ​ក៏​មាន ​កាតព្វកិច្ច​ដែរ​ព្រោះ​រាស្ត្រហ្នឹង​មិនមែន​រាស្ត្រ​តែ​របស់​គណបក្ស​កាន់​អំណាច​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ថ្លែងជា​សាធារណៈ​ក្នុងឱកាស​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​នៅស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ​លោក​ហ៊ុន សែន​បាន​អះអាង​ថា​លោក​ស្វាគមន៍​បំណងល្អ​ របស់​គណបក្ស ​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ជាដៃគូ​ក្នុងការរួម​ចំណែក​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី៖
«ប៉ុន្តែ​កុំឲ្យមាន​ការញុះញង់​ខាងផ្នែក​នយោបាយ ​តែប៉ុណ្ណឹងទេ​ ព្រោះអ្វី​ដែលជា តំណម​របស់ខ្ញុំ​គឺ​កាលណា​នយោបាយ​ចូលហើយ​ ដោះងាប់​ទាំងខ្លួនទៀត​ ដោះ ​មិន​ចេញ​ទេ​ ខ្ញុំចង់​សំដៅ​កែតម្រូវ​ត្រង់​ហ្នឹង​បន្តិច»។

លោក ​ហ៊ុន សែន​មិនបាន​លើកឡើងចំៗ​ថាតើ​ករណី​រំលោភ​បំពាន​ដីធ្លី​មួយណា ​ជាប់​ពាក់ព័ន្ធ​នយោបាយ​យ៉ាងម៉េច​ ដែល​មិនអាច​ឲ្យលោក​ដោះស្រាយ​បាន។

បើតាមការ​អះអាង​របស់​មន្ត្រី​គណបក្ស​ជំទាស់់​និង​ក្រុម​មន្ត្រីសង្គម​ស៊ីវិល​បាន ​អះអាង​ថាលោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទំនងជា​និយាយ​សំដៅ​ទៅលើ​បញ្ហា​ បូរីកីឡា​ និង​បឹងកក់​ដែលមាន​អ្នកភូមិ​ត្រូវជាប់គុក​ អ្នកភូមិ​ត្រូវគេ​រឹបអូស​យក ផ្ទះសម្បែង ​បាត់បង់​ដីធ្លី​របស់ពួកគេ​ក្រោយពី​មាន​បាតុកម្ម​តវ៉ាជាច្រើន​ឆ្នាំ​ទោះបីជា​រដ្ឋាភិបាល​ផ្តល់ដី​មួយចំនួន​ដល់ពលរដ្ឋ​នៅទីនោះ​ក្តី។

លោក​ នី ចរិយា​ ប្រធាន​អ្នកស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​ថា​ការដោះស្រាយ​បញ្ហាដីធ្លី​គួរតែ​ពឹងផ្អែក​ទៅលើច្បាប់​ លើភស្តុតាង​និង​ ហេតុផល​សមស្រប​តាម​ច្បាប់​ដែល​មិន​ទាក់ទង​នឹង​ការពាក់ព័ន្ធ​របស់​សង្គម ​ស៊ីវិល​ ពាក់នឹង​គណបក្ស​នយោបាយ​ទេ។​ លោក​ចាត់ទុកថា​ការប្រកាស​របស់ ​លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រសិនជា​ក្នុង​ប្រទេស​ប្រកាន់​ច្បាប់​ពេញលេញ ​គឺជា​រឿងខុស​គោលការណ៍​ច្បាប់ ​និងអាច​ជាសារ​គំរាម​ដល់​ប្រជាពលរដ្ឋ​និង​ រារាំង​មិនឲ្យ​មានអន្តរាគមន៍​ពីសង្គម​ស៊ីវិល​ឬក្រុម​ណាមួយ។

«ពីព្រោះ​គោលការណ៍​ច្បាប់​គ្មានច្បាប់​ណា​និយាយ​អំពី​ហេតុផល​ទាក់ទង​ទៅនឹង ​មាន​ភាគី​ណាមួយ​អន្តរាគមន៍​ឬ​មិន​អន្តរាគមន៍​ទេ។ ​ធម្មតា​នៅក្នុង​ច្បាប់​តែងតែ​ បើកឱកាស​ ជំរុញ​ហើយ​និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ ទោះបី​មាន​និន្នាការ​អី្វ ​ក៏ដោយ​ចូលរួម​សហកា​គ្នា​ធ្វើការ​ដោះសា្រយ​បញ្ហា​នៅក្នុង​សង្គម​ទាំងអស់គ្នា»។

លោក​ចរិយា​ថ្លែងថា​គណបក្ស​កាន់អំណាច​អាច​បារម្ភ​ខ្លាចថា​ក្រុមផ្សេង​មាន​ការចំណេញ​នយោបាយ​ពីការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​គណបក្ស​កាន់​អំណាច​ចង់បាន​១០០​ភាគរយ។

លោក​ យឹម សុវណ្ណ ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី​ និង​ជា​អ្នកនាំពាក្យ​បានអះអាង​ថា​ប្រសិនបើ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​គាត់មិនទៅ​រក ​សង្គមស៊ីវិល​ ទៅរក​គណបក្ស​ប្រឆាំង​ទេ។​ ហើយវាជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ​មេដឹកនាំ​រដ្ឋាភិបាល​ថ្នាក់ជាតិ​ និង​មូលដ្ឋាន ​នៅពេល​កាន់អំណាច​ ថា​ត្រូវតែ​ ដោះសា្រយ​បញ្ហា​ទាំងអស់​ជូន​ប្រជា​ពលរដ្ឋ៖

«ក៏ប៉ុន្តែ​ដោយសារ​មន្ត្រី​ទាំងអស់​នោះ​ធ្វើព្រងើយ​កន្តើយ​ មានអ្នកខ្លះ​គាប​សង្កត់ ​គាត់ ​មាន​អ្នកខ្លះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ធ្វើឲ្យគាត់​រងនូវ​អំពើ​អយុត្តិធម៌ ​ដូច្នេះ​គាត់ ​គ្មានជម្រើស​បានជា​គាត់​ទៅពឹង​ឲ្យ​សង្គម​ស៊ីវិល​ជួយ​ ទៅពឹងឲ្យ​គណបក្ស ​ប្រឆាំងជួយ។​ ប៉ុន្តែនៅ​ប្រទេសគេ​គោរព​ច្បាប់​ត្រឹមត្រូវ​ ប្រកាន់​នីតិរដ្ឋ​ មានប្រព័ន្ធ​តុលាការ​ត្រឹមត្រូវ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ ហើយនឹង​តុលាការ ​ដែល​រក​យុត្តិធម៌​ជូន​គាត់»។

លោកអះអាង​ដែរថា​អ្វីដែល​រដ្ឋាភិបាល​ដោះស្រាយ​បាន​គឺ​តិចតួច​បំផុត។​ ការដោះស្រាយ​កន្លង​មក​គឺដោះស្រាយ​បញ្ហាដីធ្លី​នៅកន្លែង​ដែលគ្មាន​ទំនាស់​គឺមាន​ន័យ​ថា​ ចេញប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​កាន់កាប់​ដីស្របច្បាប់​យូរយា​ណាស់ ​មក​ហើយ​តែប៉ុណ្ណោះ​ទេ។​ ចំណែក​កន្លែង​ដែល​មាន​ទំនាស់គឺ​មិនបាន​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​ឡើយ​ តែថែម​ទាំង​បង្ក​ទំនាស់​កាន់តែ​ស្រួចស្រាល់​ទៅ។

លោក ​សៀ ភារម្យ​នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បានអះអាង​ថា​អង្គការ​សង្គម​ស៊ីវិល​និង​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​គឺធ្វើ​ទៅតាម​កាតព្វកិច្ច​តែប៉ុណ្ណោះ​ក្នុង​ការជួយ​ផ្តល់​សេវាកម្ម​ច្បាប់​ ជាគំនិត​ផ្លូវច្បាប់​នានា​ដល់ ​ជនរងគ្រោះ​រឿងដីធ្លី។ តែអ្វី​ដែល​ដោះសា្រយ​មិនបាន​លោកកត់​សម្គាល់​ឃើញ ​ថា​ក្រុមហ៊ុន​ អ្នកមាន​ឋានៈ​និង​ទឹកប្រាក់​ មាន​ឥទ្ធិពល​លើការ​សម្រេច​របស់ ​រដ្ឋាភិបាល ​និង​តុលាការ​ក៏​មាន។

«ដោយសារតែ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដែលត្រូវ​ដោះស្រាយហ្នឹង​មិនមាន​មុខងារ ច្បាស់លាស់​ មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ ដូច្នេះ​ហើយ​បាន ​ជា​ទំនាស់​ហ្នឹង​គឺមិនអាច​ដោះស្រាយ​ចេញ​បាន​ទេ។​ យើង​អាច​និយាយ​ចេញ​បាន ​ថា​ដោយសារ​ថា​មានឆន្ទៈ​តិចតួច​នៅក្នុង​ការ​ចង់ដោះស្រាយ​អញ្ចឹង»។

លោកថ្លែង​ដូច្នេះ​ដោយលើក​យកបញ្ហា​បឹងកក់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ផ្តល់ដី​១២,៤៤​ ហិកតា​ ដល់​ពលរដ្ឋ​រងគ្រោះ​តែ​ទីបំផុត​ពុំមានការ​បែងចែក ​តាម​ការចង់បាន​របស់​ពលរដ្ឋ​ទេ។​ ហើយ​បញ្ហា​បូរីកីឡា​ ទោះជា​មាន​ការព្រមព្រៀង​ថា​ក្រុមហ៊ុន​ត្រូវសាងសង់​អគា១០​ដើម្បី​ចែក​ជូន​ពលរដ្ឋ​១.៧៧៦​ គ្រួសារ​ ហើយ​ តែសម្រេច​ចុងក្រោយ​ មានការ​សាងសង់​តែ​៨អគា​ដោយ​ រំលោភ​លើ​កិច្ចសន្យា​និង​ទុកចោល​ពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ដោយ​គ្មាន​ទីជម្រក​ហើយ​ពួកគេ​បន្ត​ការ​តវ៉ា​រហូត​មកទល់​បច្ចុប្បន្ន។
បញ្ហា​វិវាទ​ដីធ្លី​ត្រូវគេ​ដឹងថា​ស្ថិតក្នុង​ចំណោម​បញ្ហាក្តៅ​នានា​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​យកមកធ្វើ​ជា​ប្រធានបទ​នៃ​ការ​ឃោសនា​ទាញយក​សំឡេងឆ្នោត​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ៕