ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ដោះលែង​អ្នក​ដាក់​ស្លាក​សុំ​លោក​អូបាម៉ា​ឲ្យ​ជួយ​ក្រោយ​ពី​ចាប់​ខ្លួន​មួយ​រយៈ


ពលរដ្ឋ​ទាំងនេះ​បាន​យក​រូបថត​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា ព្រមទាំង​សរសេរ​អក្សរ​ឡា​តាំង​ថា​ SOS​ដែល​មាន​ន័យថា ​ស្វែងរក​ការ​ជួយ បិទ​លើ​ដំបូល​ផ្ទះ​ពួកគេ​ដែល​ធ្វើ​ពី​សង្កសី​។
ពលរដ្ឋ​ទាំងនេះ​បាន​យក​រូបថត​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា ព្រមទាំង​សរសេរ​អក្សរ​ឡា​តាំង​ថា​ SOS​ដែល​មាន​ន័យថា ​ស្វែងរក​ការ​ជួយ បិទ​លើ​ដំបូល​ផ្ទះ​ពួកគេ​ដែល​ធ្វើ​ពី​សង្កសី​។
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ចំនួន​ប្រាំបី​នាក់​ក្នុង​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។
​ការ​ចាប់ខ្លួន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​យក​រូបថត​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា ព្រមទាំង​សរសេរ​អក្សរ​ឡា​តាំង​ថា​ SOS​ដែល​មាន​ន័យថា ​ស្វែងរក​ការ​ជួយ បិទ​លើ​ដំបូល​ផ្ទះ​ពួកគេ​ដែល​ធ្វើ​ពី​សង្កសី​។
​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​មក​ដល់​របស់​លោក​អូបាម៉ា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ អា​មេរិក​ក្នុង​រាជធានី​ភ្នំពេញ។​
ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​ទាំងនេះ​មក​វិញ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោកស្រី​ពុង ឈីវហ្គិក ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​១២​ម៉ោង។
​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួនទាំង​ប្រាំបី​រួម​មាន​ស្ត្រី​ចំនួន​ប្រាំមួយ​នាក់។ ពួកគេស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​១៨២​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ឲ្យ​រំកិល​លំនៅឋាន​របស់​ពួក​គេ​ចេញពី​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចម្ងាយ​ប្រាំ​ម៉ែត្រ​នៅ​ផ្នែក​ខាង​លិច ក៏​ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​ដោយសារ​ពុំ​មាន​សំណង​ពី​អាជ្ញាធរ​ដល់​ពួក​គេ។​
កញ្ញា អ៊ុន សុគន្ធី​ ដែល​ជា​បងស្រី​របស់​យុវជន​អ៊ុន​ សុគន្ធា ដែល​ត្រូវ​ចាប់ខ្លួន​បាន​រៀបរាប់​ពី​ការ​ព្រមាន​ជា​មុន​របស់​អាជ្ញាធរ។​
«សរសេរ​អក្សរ​SOS​និង​បិត​រូប​លោក​អូបាម៉ាដាក់ លើដំបូល​ផ្ទះ​ដើម្បី​ឲ្យ​គាត់​មក​ គាត់​អាច​ឃើញ​អក្សរ​កាត់​ហ្នឹង​សុំ​ឲ្យ​ជួយ​ពួក​ខ្ញុំ​ផង​ព្រោះ​រដ្ឋ​កំពុង​ចង់​យក​ដី​ពួក​ខ្ញុំ​ប្រាំ​ម៉ែត្រ​ហើយ​អត់​ផ្តល់​សំណង​អី​ទេ។​ ប៉ុន្តែ​ពួក​ប៉ូលីស​ខណ្ឌ​មក​ប្រាប់​ថា កុំ​ឲ្យ​សរសេរ​ហើយ​បើ​សរសេរ​គេ​នឹង​ចាប់​យក​ដាក់​ប៉ុ​ស្តិ៍ប៉ូ​លីស។​ គេ​ថា​យើង​បំផ្លាញ​សណ្តាប់​ធ្នាប់។ ចាប់​នេះ​មិន​បង្ហាញ​ហេតុផល​ណា​ឬ​ដីកា​អី​ទេ​ចាប់​វ៉ៃ​ខ្នោះ​ទាំង​ប្រាំបី​នាក់​ហ្នឹង»។​
ស្នងការ​រាជធានី​ភ្នំពេញ​លោក​ជួន​ សុវណ្ណ​ មិន​អាច​ទាក់ទង​បាន​ទេ​ដោយសារ​តែ​ទូរ​សព្ទ​របស់​លោក​រោ​ទិ៍​ដោយ​គ្មាន​អ្នក​ទទួល។ ដោយឡែក​លោក​ប៊ន សំអាត​ អធិការ​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ​ត្រូវ​អ្នក​លើក​ទូរសព្ទ​ថា​មិនមែន​ជា​រូប​លោក។​
ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ទាំង​ប្រាំបី​នាក់​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​មន្ដ្រី​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២១​របស់​អាស៊ាន។​
​លោក​ឆេង សុភ័ស្ត​ មន្ដ្រី​ស៊ើបអង្កេត​របស់​អង្គការ​លី​កាដូ​ កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ទាំងនេះ​ត្រូវ​ចាត់​ទុក​ថា ជា​អ្នកប្រឆាំង។​
«ចាប់ខ្លួន​នេះ​ទំនងជា​ពួក​គាត់​នេះ​តំណាង​សហគមន៍​ហើយ​ពួក​គាត់​ហ៊ាន​ចេញ​មតិ​យោបល់​ក្នុង​ការ​តវ៉ា​ច្រើន។ ដូច្នេះ​ទើប​គេ​ចាប់ខ្លួន​គាត់។ ដូច្នេះ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​តវ៉ា​មិន​ព្រម​ចេញ​គឺជា​មនុស្ស​ដែល​គេ​គិត​ថា ប្រឆាំង​នឹង​មន្ដ្រី​អាជ្ញាធរ​សាធារណៈ»។
​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុម​សហគមន៍​ពី​កម្ពុជា​ ភូមា​ និង​ម៉ាឡេ​ស៊ី​ ដែល​អះអាង​ថា ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​រង​គ្រោះ​បាន​ធ្វើ​វេទិកា​ដើម្បី​សាធារណៈ​មួយ​ដើម្បី​ទាមទារ​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​សម្រេច​ឲ្យ​មានការ​គោរព​ដល់​សិទ្ធិ​ពួក​គេ៕
XS
SM
MD
LG