ភ្នំពេញ —
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកំពុងរៀបចំជំនួបកំពូលនៃមេដឹកនាំគណបក្សគូជម្លោះទាំងពីរ ស្របពេលដែលក្រុមអ្នកជំនាញការជប៉ុនកំពុងសិក្សាពីលទ្ធភាពជួយកែទម្រង់ការបោះឆ្នោតសម្រាប់ប្រទេសកម្ពុជា។
ភាពចម្រូងចម្រាស់នយោបាយបានកើតមានឡើងរយៈពេល១០ខែមកហើយ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
លោកជាម យៀប តំណាងរាស្ដ្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាឲ្យដឹងនៅរសៀលថ្ងៃពុធនេះថា លោកបានទទួលការបញ្ជាក់ពីលោកស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងគណបក្សកាន់អំណាចថា គណបក្សសង្គ្រោះជាតិនឹងបញ្ជូនឥស្សរជនពីររូបសម្រាប់រៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំគណបក្សទាំងពីរ។
«លោកបានលើកឡើងថា លោកបានទទួលទូរស័ព្ទពីឯកឧត្តមសម រង្ស៊ី ដែលលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងចាត់តាំងឯកឧត្តមសុន ឆ័យ និងឯកឧត្តមគួយ ប៊ុនរឿនដើម្បីរៀបចំប្រធានបទ និងកម្មវិធីសម្រាប់ជំនួបកំពូលនៅពេលខាងមុខនេះ»។
កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយតាមទូរស័ព្ទជាមួយលោកស ខេងដើម្បីជជែកអំពីការរៀបចំការចរចាទ្វេភាគីឡើងវិញ។
លោកយ៉ែម បុញ្ញារិទ្ធ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ក្រុមការងារនៃគណបក្សទាំងពីរនឹងផ្លាស់ប្តូរឯកសារគ្នានៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
«ការប្តូរឯកសារគ្នាមួយចំនួននឹងអាចធ្វើនៅពេលស្អែកមុននឹងកំណត់ថ្ងៃជជែកគ្នាលម្អិត»។
យ៉ាងណាក៏ដោយ ជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរមិនទាន់ត្រូវបានកំណត់ថ្ងៃនៅឡើយទេ។
គម្រោងការជួបចរចាកម្រិតកំពូលនេះធ្វើឡើង ខណៈដែលក្រុមអ្នកជំនាញការផ្នែកបោះឆ្នោតមកពីប្រទេសជប៉ុនចំនួនដប់រូបកំពុងសិក្សាពីលទ្ធភាពជួយដល់ប្រទេសកម្ពុជាដើម្បីធ្វើការកែទម្រង់ការបោះឆ្នោតដែលបង្កឲ្យមានភាពចម្រូងចម្រាស់យ៉ាងច្រើន។
គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន៦៨និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះ ដោយចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតជាច្រើន។
ហើយគណបក្សជំទាស់បានធ្វើពហិការកិច្ចប្រជុំសភាដោយដាក់សម្ពាធឲ្យមានការកែទម្រង់ការបោះឆ្នោតមួយប្រកបដោយការជឿទុកចិត្តបាន និងទាមទារឲ្យបោះឆ្នោតឡើងវិញមុនចប់អាណត្តិរដ្ឋាភិបាល។
ការចរចាជាច្រើនខែមកនេះមានការជឿនលឿនទៅមុខមួយចំនួន ក៏ប៉ុន្តែបញ្ហាសំខាន់ស្តីពីការកែទម្រង់បោះឆ្នោតជាក់លាក់ហាក់ដូចជាមិនទាន់ត្រូវបានព្រមព្រៀងគ្នានោះទេ។
លោកយ៉ែម ប៉ុញ្ញារិទ្ធខាងគណបក្សសង្គ្រោះជាតិបន្ថែមថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរកំណត់អំពីការកែទម្រង់ការបោះឆ្នោតមួយច្បាស់លាស់ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិនិងទាមទារសិទ្ធិសេរីភាពបើកប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុ និងទូរទស្សន៍ជាដើម។
ដោយឡែកលោកជាម យៀប បញ្ជាក់ថា គណបក្សទាំងពីរមានចំណុចត្រូវរ៉ូវគ្នាចំនួន១៤រួចទៅហើយ ហើយការជជែកបន្តនឹងផ្តោតលើចំណុចទាំងនោះ។
ការចរចាកម្រិតកំពូលកាលពីលើកមុនរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាតាមទូរស័ព្ទជាមួយលោកសម រង្ស៊ី ស្ថិតនៅក្នុងការបកស្រាយដែលខ្វែងគំនិតគ្នាមួយចំនួននៅឡើយជាពិសេសទាក់ទងនឹងការបោះឆ្នោតឡើងវិញ។ ប៉ុន្តែភាគីទាំងពីរព្រមព្រាងគ្នាធ្វើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅរសៀលថ្ងៃពុធនេះ ក្រុមអ្នកជំនាញការប្រទេសជប៉ុនបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីសិក្សាអំពីដំណើរការបោះឆ្នោតនិងនិតិវិធី រួមទាំងតម្រូវការរបស់ស្ថាប័នជាតិនេះ។
ហើយនៅថ្ងៃព្រហស្បតិ៍ និងនៅថ្ងៃសុក្រ ក្រុមប្រតិភូជប៉ុននេះនឹងជួបជាមួយក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារឃ្លាំមើលការបោះឆ្នោត៕