មន្រ្តី​កម្ពុជា៖ កម្ពុជា​និង​ហ្វីលីពីន​ត្រៀម​ធ្វើ​សមយុទ្ធ​រួមគ្នា​នា​ពេល​ខាង​មុខ

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា និងនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន ជួបពិភាក្សាគ្នាក្នុងជំនួបទ្វេភាគីមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / ក្រសួងការពារជាតិ)

កម្ពុជា​និង​ហ្វីលីពីន​ត្រៀម​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​លើ​ការងារ​មនុស្ស​ធម៌​ និង​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​ផ្នែក​យោធា​បន្ថែម។​ នេះ​បើ​តាម​មន្ត្រីជាន់​ខ្ពស់​ផ្នែក​យោធា​កម្ពុជា។​

លោក ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ហ្វីលីពីន​ ដើម្បី​ធ្វើ​លំហាត់​រួមគ្នា​នេះ​ ហើយ​ភាគី​ហ្វីលីពីន​ក៏​បាន​យល់​ព្រម ​ហើយ​នេះ​គឺ​ជា​លើក​ទី ១ ​ដែល​ប្រទេស​ទាំង​ពីរ​ធ្វើ​លំហាត់​រួម​គ្នា​តាម​លក្ខណៈ​ទ្វេភាគី​បែប​នេះ។​

ទោះ​ជា​យ៉ាងណា​ មន្ត្រី​កម្ពុជា​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រធាន​បទ ​ពេល​វេលា ​និង​ទីកន្លែង​នៅ​ឡើយ​ទេ។​

ហ្វីលីពីន​និង​ចិន​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា​នៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​គ្នា។​ កាលពី​ខែ​សីហា​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នាវា​ឆ្មាំ​សមុទ្រ​ចិន​ និង​ហ្វីលីពីន​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​ ចិន​និយាយ​ថា​ តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន។​

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ភាព​តាន​តឹង​រវាង​ចិន ​និង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ លោក ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ ​បញ្ជាក់​ថា៖ ​«ប្រទេស​ណា​ក៏ជា​មិត្ត​របស់​កម្ពុជា ​ហើយ​សំណើ​របស់​កម្ពុជា​នៅ​ពេល​នេះ ​គឺ​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី ​ផ្តោត​សំខាន់​លើ​ការ​ហ្វឹក​ហ្វឺន​ពង្រឹង​សមត្ថ​ភាព​ការងារ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ និង​ការងារ​មនុស្ស​ធម៌​ ក៏​ដូចជា​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព ​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រទេស​ទាំង​ពីរ»។​

ការ​លើក​ឡើង​ពី​ការ​ធ្វើ​លំហាត់​រួមគ្នា​នេះ​ធ្វើ​ឡើង​នៅ​គ្រា​លោក​ រ៉ូមេអូ ​អេស ប្រាវនើ​ ជេអ ​(​Romeo S Brawner Jr) ​នាយ​សេនាធិការ​នៃ​កងទ័ព​ហ្វីលីពីន​ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី ​៧​ដល់​ទី​១០​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ តប​តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ៩​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤ ​ នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​គឺ​លោក​ ហ៊ុន ម៉ាណែត ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ ​ខណៈ​នាយ​សេនាធិការ​របស់​ហ្វីលីពីន​រូប​នោះ​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ដ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត​ តាម​រយៈ​ការ​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់ ​និង​ការ​ដាក់​ចេញ​នូវ​ផែន​ការ​សកម្ម​ភាព​សម្រាប់​កិច្ច​សហ​ការ​ថ្មីៗ​បន្ថែម​ទៀត។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ លោក​ ហ៊ុន ម៉ាណែត ​បាន​សម្តែង​ភាព​រីករាយ​ចំពោះ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កងទ័ព​កម្ពុជា ​និង​ហ្វីលីពីន ​និង​ជំរុញ​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែរឹង​មាំ​ថែម​ទៀត ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​បណ្ដុះ​បណ្ដាល ​ការ​ពង្រឹង​សមត្ថ​ភាព ​ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​សិក្សា ​និង​លំហាត់​រួម​គ្នា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​វង្ស ពិសេន ​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក ​មាស សុភណ្ឌ ​និង​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​បាន​ដែរ។​

គួរ​រំឭក​ថា​ កាល​ពី​ខែ​ឧសភា​ កម្ពុជា ​និង​ចិន​ដែល​ជា​មិត្ត​ដែក​ថែប​បាន​ធ្វើ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​លើក​ទី ៦ ​រួម​គ្នា​ ដែល​មាន​ឈ្មោះ​ថា ​«នាគមាស​ឆ្នាំ ​២០២៤» ​ក្រោម​ប្រធាន​បទ ​«ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវ​កម្ម​រួមគ្នា​និង​ការងារ​សង្គ្រោះ​មនុស្ស​ធម៌»។​

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​លំហាត់​រួម​គ្នា​នេះ​គឺ​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​សន្តិសុខ​ ដែល​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​មួយ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។ ​បើ​តាម​អ្នក​តាមដាន​រូប​នេះ​ កម្ពុជា​តែង​តែ​ចង់​ឃើញ​ឬ​ក៏​ចូលរួម​សមយុទ្ធ​យោធា​បែប​មនុស្ស​ធម៌​ជា​ទ្វេភាគី ដោយសារ​តែ​វា​មិន​ស្ថិត​នៅ​ទីតាំង​គ្រោះ​ថ្នាក់​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ជា​គោល​ការណ៍ ​យើង​ឃើញ​ហើយ​ថា​ កម្ពុជា​តែងតែ​ចង់​ឃើញ​សមយុទ្ធ​បែប​ហ្នឹង​ ហើយ​ការ​ធ្វើ​សមយុទ្ធ​បែប​ហ្នឹង​គឺ​ភាគ​ច្រើន​មិន​ស្ថិត​នៅ​ទីតាំង​គ្រោះ​ថ្នាក់​ ដែល​អាច​ត្រូវ​បាន​វាយ​តម្លៃ​នៅ​ក្នុង​ន័យ​អវិជ្ជមាន​ណា​មួយ​ពី​ភាគី​ដែល​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង»។​

លោក ​សេង វណ្ណលី ​បន្ថែម​ថា​ កម្ពុជា​តែងតែ​មិន​ចាប់​អារម្មណ៍​ចំពោះ​សមយុទ្ធ​យោធា​ណា​ដែល​ធ្វើ​ឡើង​នៅ​ជិត​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ៕​