ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា៖ ទំនាក់​ទំនង​កម្ពុជា​និង​ឥណ្ឌូណេស៊ី​កំពុងតែ​រីក​ចម្រើន​ទៅ​មុខ


នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត និង​លោក Prabowo Subianto ដែល​នឹង​កាន់ដំណែង​ជាប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី ចាប់ដៃគ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត និង​លោក Prabowo Subianto ដែល​នឹង​កាន់ដំណែង​ជាប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី ចាប់ដៃគ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ប៉ែន បូណា ​បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​កម្ពុជា​និង​ឥណ្ឌូណេស៊ី ​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ តាម​រយៈ​ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ។​

ការ​លើក​ឡើង​របស់​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បែ​បនេះ ​កើត​ឡើង​ក្រោយ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​ឥណ្ឌូណេស៊ី ​និង​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក Prabowo Subianto​ មក​កាន់​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​និង​បន្ទាប់​ពី​ការ​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​កាល​ពី​ចុង​ខែ​សីហា។​

លោក​ ប៉ែន បូណា ​អតីត​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា៖ ​«ហើយ​បើ​និយាយ​ពី​ឥណ្ឌូណេស៊ី​ និង​កម្ពុជា​ យើង​មាន​ទំនាក់​ទំនង​ល្អ​តាំង​ពី​យូរ​មក​ហើយ​ គឺ​អត់​ដែល​មាន​បញ្ហា​អី​ទេ​ ហើយ​ទំនាក់​ទំនង​នេះ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ជានិច្ច​ ហើយ​កាន់​តែត្រូវ​បាន​ពូន​ជ្រំ​ជា​បន្ត​បន្ទាប់ ​ហើយ​ឥណ្ឌូណេស៊ី​គឺ​ជា​ប្រទេស​មាន​ឥទ្ធិពល​នៅ​ក្នុង​អាស៊ាន ​ហើយ​ទំនាក់​ទំនង​កម្ពុជា-ឥណ្ឌូណេស៊ី​គឺ​ជា​ទំនាក់​ទំនងល្អ​គ្រប់​វិស័យ»។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ ​កម្ពុជា​មាន​គោល​នយោបាយ​ការ​បរទេស​ល្អ​ដែល​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​ពិភព​លោក ​និង​ថា​ កម្ពុជា​រាប់​អាន​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក។​

នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ឥណ្ឌូណេស៊ី ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​មេ​ដឹកនាំ​កម្ពុជា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា ​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​ឥណ្ឌូណេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​Prabowo Subianto ​ដែល​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ខែ​តុលា​ខាង​មុខ។​

មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ​ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់​ទំនង​ឥណ្ឌូណេស៊ី-កម្ពុជា​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ ​និង​រឹងមាំ​ថែម​ទៀត។​

លោក ​ហ៊ុន ម៉ាណែត​ ថ្លែង​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Prabowo ​នាពេល​នេះ ​«នឹង​ចូល​រួម​ពូន​ជ្រំ» ​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។ ​នេះ​បើ​តាមសារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Prabowo ​កើត​ឡើង​ក្រោយ​កម្ពុជា​ទទួល​បាន​សព្វា​វុធ​យោធា​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ​អាមេរិក ​ដោយ​ក្នុង​នោះ ​រួមមាន​កាំភ្លើង​ខ្លី​ កំាំភ្លើង​វែង ​និង​គ្រាប់​រំសេវ​ជាដើម ​កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ​សីហា​កន្លង​ទៅ។​

អ្នក​តាមដាន​ភូមិ​សាស្ត្រ​នយោបាយ​លោក ​សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Prabowo ​បង្ហាញ​ពី​សារៈ​សំខាន់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឥណ្ឌូណេស៊ី​លើ​បញ្ហា​សន្តិសុខ​ និង​យោធា​ជាមួយ​កម្ពុជា។ ​លោក​បន្ថែម​ថា ទំនាក់​ទំនង​កម្ពុជា​ និង​ឥណ្ឌូណេស៊ី ​«ល្អគ្រាន់​បើ» ​ប៉ុន្តែ​លោក​ថា​ ឥណ្ឌូណេស៊ី​ព្រួយ​បារម្ភ​ពី​ការណ៍​ដែល​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គន្លង​របស់​ចិន។​

លោក​បញ្ជាក់​ថា៖​ «ថ្វី​ដ្បិត​តែ​ទំនាក់​ទំនង​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ជិត​ដិត​ ក៏​ប៉ុន្តែ​ដោយ​ឡែក​គំនិត​ផ្តួច​ផ្តើម​ដែល​ឥណ្ឌូណេស៊ី​បង្កើត​ឡើង​ច្រើន​តែ​គ្មាន​វត្តមាន​កម្ពុជា។ ​អា​ចំណុច​ត្រង់​ហ្នឹង​ ខ្ញុំ​គិត​ថា ​ឥណ្ឌូណេស៊ី​ប្រហែល​ព្រួយ​បារម្ភ​ខ្លាច​ថា ​បើ​សិន​ជា​កម្ពុជា​គ្មាន​វត្តមាន​នៅ​ក្នុង​លំហាត់​យោធា​ ឬ​ក៏​គំនិត​ផ្តួច​ផ្តើម​ណា​មួយ​របស់​ឥណ្ឌូណេស៊ី​ ឬ​សមាជិក​អាស៊ាន​ផ្សេង​ទៀត ​កម្ពុជា​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​ភូមិ​សាស្ត្រ​នយោបាយ​របស់ចិន​ ហើយ​នឹង​អាច​ធ្លាក់​ចូល​ទៅ​ក្នុងឥទ្ធិពល​របស់​ចិន»។​

​បើ​តាម​អ្នក​តា​មដាន​រូប​នេះ ​ការណ៍​ដែល​ឥណ្ឌូណេស៊ី​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ អាច​ជួយ​កម្ពុជា​នៅ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ទំនាក់​ទំនងជាមួយ​ប្រទេស​ដទៃ​បាន​ទូលំ​ទូលាយ​ជាង​មុន។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ឥណ្ឌូណេស៊ី​ល្អ​តាំង​ពី​យូរ​មក​ហើយ​ គឺ​រាប់​ចាប់តាំង​ពី​ជំនាន់​សម្តេច​សីហនុ។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា​ ឥណ្ឌូណេស៊ី​គឺ​ជា​សហ​ប្រធាន​មួយ​ដែល​ជំរុញ​ឱ្យ​មាន​សន្តិភាព​នៅ​កម្ពុជា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

លោក​បញ្ជាក់​ថា៖​ «បច្ចុប្បន្ន​យើង​ឃើញ​ប្រធានាធិបតី​ថ្មីៗ​គាត់​អញ្ជើញ​មក​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ ជា​ការ​រឹត​ចំណង​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​រឹងមាំ​រវាង​កម្ពុជា​ និង​ឥណ្ឌូណេស៊ី ​ហើយ​យើង​ឃើញ​ឥណ្ឌូណេស៊ី​បាន​ផ្តល់​នូវ​ជំនួយ​យោធា​សប្តាហ៍​មុន​ ក្នុង​រង្វង់​កន្លះ​លាន​ដុល្លារ​មក​កម្ពុជា។​ ហ្នឹង​ជា​កិច្ច​ការ​សំខាន់​ ដែល​ធ្វើ​ឱ្យ​កម្ពុជា ឥណ្ឌូ​ណេស៊ី​អាចគិត​ពិចារណា​នូវ​រឿង​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​ឡើង​ក្នុង​ក្រប​ខណ្ឌ​ទ្វេ​ភាគី ​ព្រម​ទាំង​ក្រប​ខណ្ឌ​តំបន់»។​

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​ប្រទេស​កម្ពុជា ​ប្រធានាធិបតី​ជាប់​ឆ្នោត ​លោក ​Prabowo ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​អាស៊ាន ​រួម​មាន​ព្រុយណេ ​ឡាវ ​ថៃ ​និង​ម៉ាឡេស៊ី៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG