គណបក្ស​គូ​ជម្លោះ​ដាក់​សមាសភាព​សម្រាប់​កែទម្រង់​ការ​បោះឆ្នោត

ប្លាក​ដែល​មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «ឯណា​ទៅ​សន្លឹកឆ្នោត​របស់​ខ្ញុំ?» (Where is my vote) ត្រូវ​បាន​ចង​នៅ​ក្បែរ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​​ឯ​ទី​លាន​ប្រជាធិបតេយ្យ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​តែ​បាន​ព្រម​ព្រៀង​គ្នា​លើ​សមាស​ភាព​គណៈ​កម្មការកែ​ទម្រង់​ការ​បោះ​ឆ្នោត​ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​អរិយភាពនយោបាយ​រវាង​គ្នា។​

លោក​ យ៉ែម បុញ្ញឬទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សមាជិក​ម្នាក់​ក្នុងគណៈកម្មការ​នេះ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថាគណៈកម្មការ​នេះ​មានសមាស​ភាព​១២​រូប​គឺ​ប្រាំមួយ​រូប​មកពី​គណបក្ស​និមួយៗ។

ក្នុង​នោះ​ខាង​គណបក្ស​ជំទាស់​មាន​លោក​យ៉ែម បុញ្ញឬទ្ធិ ​លោក ​សុន ​ឆ័យ​ លោក​ យឹម ​សុវណ្ណ ​លោក គួយ ប៊ុនរឿន​ លោក អេង ឆៃអ៊ាង ​និង​លោក ម៉ៅ មុន្នីវណ្ណ។ រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​មានអ្នកស្រី គ្រួច សំអាន​លោក ​ជាម​ យៀប​ លោក ឈាង វុន​ លោក ប៉ែន បញ្ញា​ លោក ស៊ិក ប៊ុន​ហុក ​និងលោក ប៊ិន ឈិន។

លោក​យ៉ែម ​បុញ្ញឬទ្ធិ ​បញ្ជាក់​ថាគណៈកម្មការ​នេះ​នឹង​ត្រូវ​កំណត់​ពេល​ជួប​គ្នា​ជាក់​លាក់បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ស្នើឲ្យ​មាន​ជំនួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​កុម្ភៈ​សប្តាហ៍​នេះ។​

លោក​បញ្ជាក់​បន្ថែម​ថា៖​ «ចំនួន​សមាសភាព​យើង​បាន​ឯកភាព​គ្នា​ហើយ​គឺ​ខាង​គណបក្ស​ប្រជាជន​ចំនួន​ប្រាំមួយ​រូប​និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំមួយ​រូប​ក្នុង​គណៈកម្មការ​ចម្រុះ​ដើម្បី​កំណែ​ទម្រង់។ ​នៅ​តែ​ថា​តើ​គណៈកម្មការ​ចម្រុះ​នោះ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ពេល​ណា​ដើម្បី​ពិនិត្យ​លើ​កំណែ​ទម្រង់​កិច្ច​បោះ​ឆ្នោត​នោះ»។

​មន្ត្រី​អ្នកនាំពាក្យ​និង​ជា​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​នេះ​បញ្ជាក់​ថា​ជំនួបនៅ​ថ្ងៃ​ខាង​មុខ​នេះ​នាំ​ឲ្យ​មាន​សុទិដ្ឋិនិយមសម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោ​បាយ​ក្រោយ​ពី​ការ​បោះឆ្នោត។

​លោក​យ៉ែម បុញ្ញឬទ្ធិ​ បញ្ជាក់​ថា​ ការ​ចរចានឹង​ផ្តោត​លើការរៀបចំ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​និង​ភាពគួរឲ្យ​ទុក​ចិត្ត​បាន​នៃ​ការបោះឆ្នោត។

«ប្រធាន​បទ​ដែល​ជជែក​នោះ​គឺ​កំណែ​ទម្រង់​កិច្ច​ការបោះឆ្នោត​រួម​មាន​បញ្ជី​ឈ្មោះ​បោះឆ្នោត ​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​មាន​ការជជែក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជាដើម»។

ទាំង​លោកព្រំ សុខា ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជាប្រធាន​ក្រុម​ការងារ​កម្រិត​បច្ចេក​ទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​លោកជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក​បណ្ឌិត​ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​និងយុត្តិ​ធម៌​ដើម្បី​ការ​បោះឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅ​ថា​និកហ្វិកចាត់ទុក​ថាកិច្ចព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​សញ្ញា​វិជ្ជមាន។

«នេះ​គឺជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​គណ​បក្ស​នយោបាយ​ទាំង​ពីរ​សុទ្ធ​តែ​មាន​ផល​វិបាក​រៀង​ខ្លួន»។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្ថិត​នៅ​ក្នុង​ជម្លោះ​នយោបាយ​អស់​រយៈ​ពេលប្រាំ​ពីរ​ខែមក​ហើយ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​មុន។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​ទល់​នឹង​៦៨​អាសនៈ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រដ្ឋ​សភា​ប៉ុន្តែ​គណបក្ស​ជំទាស់មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​នេះ​ដោយ​សំអាង​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន។

គណបក្ស​នេះបាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ពេល​នេះ។​ផ្ទុយ​ទៅវិញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​ប្រកាស​រួច​ទៅ​ហើយ​ថា​សំណើ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

កាល​ពីសប្តាហ៍​មុន​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​ជួប​ចរចា​គ្នាហើយ​ពីរ​ថ្ងៃ​បន្ទាប់​មកគណបក្ស​សង្គ្រោះ​ជាតិ​បាន​គំរាម​ផ្អាក​ការចរចា​ក្រោយ​ពីខ្លួន​កត់​សម្គាល់​ឃើញថា​មាន​«ការ​គំរាម​កំហែង»​ផ្នែក​ស្មារតី​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាលក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង៕