សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ពហិការ​ការ​ពិភាក្សា​លើ​ថវិកា​ឆ្នាំ​២០១៤

​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ពិនិត្យ​ច្បាប់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៤។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​បដិសេធ​មិន​ចូល​រួម​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​គ្នា​លើ​គម្រោង​ថវិកា​ឆ្នាំ​២០១៤​ដោយ​ចាត់​ទុក​ថា​ បាន​ធ្វើ​ឡើង​ដោយ​ឯកបក្ស​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​១១​រូប​មកពី​គណបក្ស​សម​ រង្ស៊ី​ បាន​ចាត់ទុក​ថា ​ការ​អនុម័ត​ថវិកា​ឆ្នាំ​២០១៤​របស់​រដ្ឋសភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​មិន​មាន​ធម្មនុញ្ញភាព​ឡើយ។​

លោក​ ទា វណ្ណុល​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​បាន​បញ្ជាក់​ថា​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៤​គឺ​សម្រេច​ដោយ​សភា​ឯកបក្ស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​តែ​ឯង​ដោយ​គ្មាន​ការ​ចូល​រួម​ពីសមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ហេតុ​ដូច្នេះ​ហើយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​ ក៏​មិន​អាច​គាំទ្រ​សភា​ឯកបក្ស​នេះ​បាន​ដែរ។​

លោក​និយាយ​ថា៖ «ព្រឹទ្ធសភា​តំណាង​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ហើយ​ដែល​ជា​ប្រទេស​អ្នក​កាន់​លទ្ធិប្រជាធិបតេយ្យ​យើង​មិន​អាច​គាំទ្រ​នូវ​ថវិកា​ហ្នឹង​បានទេ។ ​អញ្ចឹង​បាន​ន័យ​ថា​អ្វី​ដែល​គណបក្ស​ប្រជាជន​បាន​សម្រេច​នៅ​ក្នុង​ថវិកា​ហ្នឹង​គឺ​សម្រេច​ដោយ​ខ្លួន​ឯងគ្មាន​ការ​យល់​ស្រប​ពី​គណបក្ស​សង្គ្រោះ​ជាតិ»។​

សមាជិក​ព្រឹទ្ធសភា​សរុប​ទាំង​អស់​មាន​ចំនួន​៦១​រូបក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​គណបក្ស​សម រង្ស៊ី​មាន​ចំនួន​១១​រូប។​

ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​បាន​បញ្ជូន​មក​ឱ្យ​ព្រឹទ្ធសភា​ត្រូវ​ការ​សំឡេង​២​ភាគ​៣​ដូច្នេះ​បើ​គិត​ចំនួន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​មិន​អាច​រារាំង​ដល់​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទេ។​

លោក​ សាយ ឈុំ​ អនុប្រធានរដ្ឋសភា​មិន​អាច​ស្នើ​សុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ។​

សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃទី​១២ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៤​ដោយ​គ្មាន​វត្តមាន​ពី​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម។​

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៤​នេះ​បាន​ធ្វើ​ឡើង​ដោយ​លើក​ដៃ​មិន​បាន​ពិភាក្សា​សួរ​ដេញ​ដោល​គ្នា​ទេ ទាំង​អត្ថន័យ​និង​ខ្លឹម​សារ​សូម្បី​តែ​មួយ​តួ​អក្សរ​ក៏​មិន​បាន​កែ​ប្រែ​ដែរ។​

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​សរុប​ជាង​៣.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​គឺ​បាន​កើន​ឡើង​ប្រមាណ​១៣,១​ភាគរយ​ គឺ​ស្មើ​នឹង​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​នឹង​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ដែល​មាន​ចំនួន​តែ​៣.១០០​លាន​ដុល្លារ​តែប៉ុណ្ណោះ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ថា​ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ធ្វើ​តាម​ទម្រង់​ច្បាប់​និង​បាន​រំលោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ដោយ​សារ​តែ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះជាតិ។​

លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ក្នុង​ខេត្ត​ព្រៃ​វែង​នៅ​ថ្ងៃ​ពុធនេះ​បាន​ហៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ថា​បាន​កំពុង​ធ្លាក់​ខ្លួន​ឈឺ​និង​ព្យួរ​សេរ៉ូម​ហើយ​នៅ​ពេល​ខាង​មុខ​ដ៏ខ្លី​នឹង​ស្លាប់​ជា​ពុំ​ខាន។​

លោក​បាន​បញ្ជាក់​ថាគណបក្ស​សង្គ្រោះជាតិនឹង​ធ្វើ​ចលនា​មហាជន​គ្រប់​ទី​កន្លែង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន៕