ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់គ្នា​ពេល​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​


គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់គ្នា​ពេល​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​
គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់គ្នា​ពេល​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​

គណបក្ស​គ្រប់គ្រង​អំណាច​ និង​គណបក្ស​ប្រឆាំង​កំពុង​ខំប្រឹងប្រែង​ធើ្វ​យុទ្ធនាការ​ឃោសនា​ទាក់ទាញ​អ្នក​បោះឆ្នោត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​នរោត្ត​ រណឫទិ្ធ ​ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ។

នៅ​ក្នុង​អាណតិ្ត​ទី​២ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​១០​រូប (មុន​ការ​បែកបាក់​គ្នា)​ គណបក្ស​សម ​រង្ស៊ី ​ចំនួន​២​រូប និង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤៥​រូប។

អ្នក​មាន​សិទិ្ធ​បោះឆ្នោត​ព្រឹទ្ធ​សភា​គឺ​ស​មាជិក​រដ្ឋសភា​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​១០០០០​នាក់​ ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​៦១​ រួម​មាន​ពីរ​រូប​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ​និង​ពីរ​រូប​ទៀត​តែងតាំង​ដោយ​រដ្ឋសភា។

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី​ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​មាន​ពេល​ឃោសនា​ចំនួន​២១​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​២៧​ ខែ​មករា។

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សម​ រង្ស៊ី​បាន​ថែ្លង​ថា​ គណបក្ស​សម​ រង្ស៊ី​បាន​ប្រើ​យុទ្ធសាស្រ្ត​ប្រមូល​ផ្តុំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​នៅ​តាម​ការិយាល័យ​គណបក្ស​រៀងៗ​ខ្លួន ​ដើម្បី​សម្តែង​ភាព​ស្មោះត្រង់​ចំពោះ​គណបក្ស ​និង​ម្ចាស់​ឆ្នោត​ ដោយ​គ្មាន​ការ​ដង្ហែរ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។

«ការ​ចំណាយ​លើ​ការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​គឺ​ជា​ការ​ចំណាយ​ ដ៏​គ្មាន​ប្រយោជន៍។​ គណបក្ស ​សម​ រង្ស៊ី​ សន្សំ​សំចៃ​ធនធាន​ថវិកា​សម្រាប់​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​ ហើយ​យើង​ចាប់​ដំណើរ​ការឃោសនា​ក្នុង​ទ្រង់ទ្រាយ​ថ្នាក់​ខេត្ត​ ថ្នាក់ស្រុក​និង​ថ្នាក់​ឃុំ។ ​យើង​ជួប​តែ​អង្គ​បោះឆ្នោត​របស់​គណបក្ស ​ដើម្បី​ពង្រឹង ​ហើយ​រួមគ្នា​សម្តែង​ឆន្ទៈ​ស្មោះត្រង់​ជាមួយ​ម្ចាស់​ឆ្នោត​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​ធើ្វ​ជា​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ក្លាយ​ទៅ​ជា​អង្គ​បោះឆ្នោត ​ដើម្បី​បោះឆ្នោត​ព្រឹទ្ធ​សភា។

«យើង​មិន​ធើ្វ​ការ​ឃោសនា​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​តាម​ខេត្ត ​តាម​ស្រុក ​និង​តាម​ក្រុង​នោះ​ទេ»។

លោក​អ៊ក​ គឹមហ៊ាន ​ប្រធាន​នាយកដ្ឋាន​បូក​សរុប​ប្រចាំ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ថៃ្ង​ដំបូង​ ចំ​ថៃ្ង​៧​ មករា​ ហើយ​ថ្ងៃ​បន្ទាប់​មក ​ធើ្វ​ការឃោសនា​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

លោក​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ បាន​បញ្ជាក់ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធើ្វ​សកម្មភាព​ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំៗ​ ច្រើន​ជាង​គណបក្ស​សម ​រង្ស៊ី។

លោក​យឹម​ សុវណ្ណបាន​ត្អូញត្អែរ​ថា ​គណបក្ស​សម ​រង្ស៊ី​បានប្រឈម​នឹង​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​របស់​គណបក្ស ​សម ​រង្ស៊ី​១០​ទៅ​២០​នាក់​នាក់​ ហើយមាន​ការ​ផ្លាស់​ប្តូរ​ និង​ការ​ទិញ​ទឹក​ចិត្ត​កើត​មាន​ស្ទើរ​គ្រប់​ខេត្ត​ ក្រុង។

លោកយឹម ​សុវណ្ណ​បាន​លើកឡើង​ថា​ មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​របស់​គណបក្ស​សម រង្ស៊ី​ ដើម្បី​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

«ពេល​វេលា​នេះ​គឺ​ជា​ពេល​វេលា​នៃ​ការ​តស៊ូ​រវាង​អ្នក​ដែល​ព្យាយាម​ទិញ​សន្លឹក​ឆ្នោត​គឺ​គណបក្ស​កាន់​អំណាច​ជាមួយ​នឹង​អង្គ​បោះឆ្នោត​នៃ​គណបក្ស​សម​ រង្ស៊ី។ ​គណបក្ស​សម ​រង្ស៊ី​គ្មាន​ជំនឿ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល ​កាត់​សេចក្តី​អំពី​ជម្លោះ​បោះឆ្នោត​ទេ។ ​យើង​រិះរក​មធ្យោបាយដោយ​ខ្លួនឯង​ ដើម្បី​ការពារ​សន្លឹកឆ្នោត​ និង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ដោយ​ខ្លួន​ឯង»។

លោក​អ៊ក ​គឹមហ៊ាន ​ប្រធាន​នាយកដ្ឋាន​បូក​សរុប​ប្រចាំ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ។

«វា​មិនមែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ទេ។ ​អាហ្នឹង​ជា​ការ​ឃោសនា​កម្មវិធី​នយោបាយ​របស់​គេ។ ​ជួនកាល ​សមាជិក​គណបក្ស​សម ​រង្ស៊ី ​ឃើញ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ល្អ គេ​អាច​បោះឆ្នោត​ឲ្យ​ដែរ។​ បើ​ថា​ ទិញ​ទឹក​ចិត្ត​ គ្មាន​ទេ។ ខាង​ខ្ញុំ​គ្មាន​ប្រាក់​ទិញ​ទេ។ ​បើ​សិន​ជា​បង្កើត​ការ​ទិញ​ទឹក​ចិត្ត​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​ទិញ​ទឹក​ចិត្ត​មិន​ឈ្នះ​ខាង​គណបក្ស​សម ​រង្ស៊ី​ទេ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក​ទេព​ នីថា​បាន​ថ្លែង​ថា ​លោក​មិន​ទាន់​បាន​ទទួល​ពាក្ស​បណ្តឹង​អំពី​ការ​ទិញ​ទឹក​ចិត្ត​ពី​គណបក្ស​នយោបាយ​ណាមួយ​នៅ​ឡើយ​ទេ។

«ជាទូទៅ​ ពុំទាន់​មាន​ភស្តុតាង​អំពី​បញ្ហា​នេះ​ទេ។ ​ហើយ​ករណី​មាន​បណ្តឹង​ គ.ជ.ប.​នឹង​ស្រាវជ្រាវ​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់ ​និង​នីតិវិធី»។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នឹង​ធើ្វ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មករា​ខាង​មុន​នេះ។

XS
SM
MD
LG