មេបក្ស​ប្រឆាំង​ត្រឡប់​ពី​ប្រមូល​កម្លាំង​គាំទ្រ​នៅ​បរទេស​ដើម្បី​ធ្វើ​បាតុកម្ម

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហគមន៍​អឺរ៉ុប​ ស្រប​ពេល​ដែល​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ក្រោយ​ការ​បោះឆ្នោត។​

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ នៅ​ថ្ងៃ​ច័ន្ទ​នេះបាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​ក្នុង​ថ្ងៃតែ​មួយ​ក្រោយ​ពី​បាន​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​នៅ​ឯបរទេស។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហគមន៍​អឺរ៉ុប​ ស្រប​ពេល​ដែល​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ក្រោយ​ការ​បោះឆ្នោត។​

មេដឹក​នាំគណបក្ស​ទាំង​ពីរ​មាន​សុទិដ្ឋិនិយម​ថា​ប្រជាពលរដ្ឋ​នៅ​ឯក្រៅ​ប្រទេស​ក៏ដូច​ជា​សហគមន៍​អន្តរជាតិ​បាន​យល់​ច្បាស់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​តាម​ឃ្លាំមើល​នូវ​សកម្មភាព​យ៉ាង​យក​ចិត្តទុក​ដាក់​នៅ​ក្នុង​ការតស៊ូ​ដោយ​អហិង្សា​របស់​គណបក្ស។​

ការ​វិល​ត្រឡប់​ពី​បរទេស​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​រូប​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​គ្រោង​នឹង​ប្រារព្វ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ។​

គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​ចូលរួម​គោរព​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទី​លាន​ប្រជាធិបេតយ្យ​ហើយ​ក្រោយ​មក​មេដឹក​នាំ​របស់​គណបក្ស​ទាំង​ពីរ​នឹង​ចេញ​ដំណើរទៅ​ខេត្ត​សៀម​រាប​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹងទន្លេសាបមុន​ពេល​ដែល​គណបក្ស​នេះចាប់​ផ្តើម​បាតុកម្ម​ជារៀង​រាល់​ថ្ងៃ​អាទិត្យ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

ក្រសួង​មហា​ផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ពិធី​ជួប​ប្រជុំ​របស់​គណបក្ស​សង្គ្រោះជាតិ​តែមិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ហែរ​ក្បួន​ទាំង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​ខេត្ត​សៀម​រាប។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ក្រុម​អ្នក​កាសែតនៅឯ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរជាតិ​ថា​ក្បួន​បាតុកម្ម​នៅ​តែ​ហែរ​មិន​នៅ​នឹង​មួយ​កន្លែង​ទេ។​

លោក​និយាយ​ថា៖«​យើង​នៅ​តែ​ហែរ​ពីព្រោះ​យើង​បាន​ជម្រាប​ជូន​ទៅ​អាជ្ញាធរ​ហើយ។​ហើយ​អាជ្ញាធរ​មាន​កាតព្វកិច្ច​ត្រឹម​តែ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​សុវត្តិភាព​ជូន​ដល់​បាតុករ​ហើយ​យើង​និង​ធ្វើ​ការ​ងារ​ទៅតាម​អ្វី​ដែល​យើង​មាន​គ្រោង​ទុក»។​

គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​បាន​ចូល​រួម​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ។​គណបក្ស​នេះ​គ្រោង​នឹង​ធ្វើ​មហាបាតុកម្ម​ដោយ​សន្តិវិធី​ក្នុង​ខេត្ត​សៀម​រាប​ ព្រះ​វិហារ​ កំពង់​ធំ​និង​ធ្វើ​ជារៀង​រាល់​សប្តាហ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​បង្កើត​គណៈកម្មការ​ស្វែង​រកការ​ពិត​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​

លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា​ ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​មិន​ខុស​ពីទឹក​ចិត្ត​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ទេ​គឺចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​និង​ចង់​ឱ្យ​ប្រទេស​យើង​បាន​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​

លោក​និយាយ​ថា៖ «គេ​និង​រក​ដំណោះ​ស្រាយ​គេ​ឃើញ​ថា​ស្រុក​យើង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ណាស់​សូម្បី​តែ​ប្រទេស​ចិន​ដែល​ជា​មិត្ត​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា​គឺ​ជំរុញ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​នយោបាយ​ឱ្យ​បាន​ឆាប់»។​

មាន​អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​មក​ព្រលាន​យន្ត​ហោះ​ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ក្នុង​ពេល​ដែល​បាន​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ។​ក៏ប៉ុន្តែ​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​មិន​បាន​មក​តាម​ជើង​យន្តហោះ​ជាមួយ​គ្នា​ទេ​គឺបាន​មក​ខុស​គ្នា​ប្រមាណ​បី​ម៉ោងតែ​ប៉ុណ្ណោះ។​

«អរគុណ​ណាស់​បាន​អញ្ជើញ​មក! ​សប្បាយ​ណាស់។​ ស្អែក​ចូល​រួម​ទេ?»។​

កំពុង​តែ​ថត​យក​រូបភាព​នូវសកម្មភាព​លោក​សម រង្ស៊ី​ ដើរ​ស្វាគមន៍​ប្រជា​ពលរដ្ឋ​តាម​ដង​ផ្លូវ។​ ស្រ្តី​មួយ​រូប​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​បញ្ចេញ​ទស្សនៈ​ថា៖ «ដូច​ជាសត្វ​នៅ​ក្នុង​អណ្តូង។​ អើត​កមក​គេកាត់​ក។​អញ្ចឹង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្ញុំ​ចង់​សម្តែង​ឆន្ទៈ​របស់​ខ្ញុំ។​ ខ្ញុំ​ចង់​បញ្ចេញ​មតិ​របស់​ខ្ញុំ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ងើប​ឈរ​ឡើង​ ងើប​ឡើង​ចាប់​ពីពេល​នេះ​ ម៉ោងនេះ​ខែ​នេះ​ទៅ​គឺ​ដល់​ហើយ​ស្អែក​ថ្ងៃ​ទី​១០​ធ្នូ។ ថ្ងៃ​ដែល​យើង​ទាមទារ​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំង​អស់»។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​គ្រោង​នឹង​ដង្ហែរ​ញត្តិ​ទៅ​អគារ​រដ្ឋសភា​ដែល​ជាផ្នែក​មួយ​ការ​ទាមទារ​ចំពេល​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។​ ស្រប​ពេល​ជាមួយ​គ្នាដែរ​រដ្ឋាភិបាល​ក៏​បាន​រៀប​ចំទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ស្តាតអូឡាំពិក​និង​កន្លែង​កម្សាន្ត​កោះពេជ្រ៕