អ្នក​វិភាគ​បាន​អះអាង​ថា​គណបក្ស​ជំទាស់​ទទួល​បានការ​ទាមទារ​កម្រិត​ទាប

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​អ្នក​យក​ព័ត៌មាន​ចោម​រោម​​នៅ​ក្រោយ​ជំនួប​កំពូល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មន្ទីរ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​ខែ​កក្កដា​​ឆ្នាំ​២០១៤ ដែល​បាន​បញ្ចប់​ភាព​ជាប់គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

កិច្ចព្រម​ព្រៀង​បញ្ចប់​វិវាទ​នយោបាយ​ជាប់គាំង​ជិត​១​ឆ្នាំ​ត្រូវ​បាន​ទទួល​ស្គាល់​និង​ អបអរសាទរ​ខ្លះ​មែន​ តែ​កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​ត្រូវ​គេ​ចាត់ទុក​ថា​ មិន​មែន​ជា​កិច្ចព្រម​ព្រៀង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ត្រូវ​ទទួល​បាន​ទេ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នកវិភាគ​ខ្លះ​បាន​អះអាង​ថា​ ក្រុម​អ្នក​គាំទ្រ ​និង​ពលរដ្ឋ​រង់ចាំ​មើល​ការ​ពន្យល់​របស់​គណបក្ស​នយោបាយ។​

បញ្ហា​ធំៗ​ពីរ​ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​ដើម្បី​បញ្ចប់​នយោបាយ នោះ​គឺ​មាន​ការ​កែ​ទម្រង់​ស្ថាប័ន​ និង​សមាសភាព​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ តាម​រូបមន្ត​ភាគច្រើន​ដាច់ខាត​នៃ​ការ​យល់ព្រម​ពី​សភា ​ដោយ​មាន​ន័យ​ថា​ នឹង​បែង​ចែក​សមាសភាព​រវាង​គណបក្ស​ទាំងពីរ​គឺ​៤រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​៤រូប​ទៀត​មកពី​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ដាក់​ជូន​រដ្ឋសភា។ ​ហើយ​មួយរូប​តម្រូវ​ឲ្យ​មាន​ការយល់​ព្រមរួមគ្នា​ពី​គណបក្ស​ទាំងពីរ​ផង​ដែរ។ ​ដោយ​ឡែក​ការបែង​ចែក​សមាស​ភាព​ដឹកនាំ​ក្នុង​រដ្ឋសភា​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ជា​ប្រធាន​សភា​ និង​អនុប្រធាន​ទី២​ ហើយ​ជា​ប្រធាន​គណៈ​កម្មការ​ចំនួន៥។​ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​នឹងកាន់​កាប់​តំណែង​អនុប្រធាន​សភា​និង​គណៈកម្មការ​៥​ដូច​គ្នា។​

លោក​ អ៊ូ វីរៈ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ជា​ អ្នក​វិភាគ​ឯករាជ្យ​មួយរូប​បាន​អះអាង​ថា៖​

«អ្វី​ដែល​យល់ព្រម​នោះ​ ចំពោះ​ខ្ញុំ​អត់​មាន​អ្វី​ភ្ញាក់​ផ្អើល​ទាំងអស់។​ ការ​ដែល​យល់​ព្រម​ទាំងអស់​នេះ​ប្រហែល​ជាយល់​ព្រម​តាំង​ពី​ខែ​៤​មក​ម្ល៉េះ​ មុន​បុណ្យ​ចូល​ឆ្នាំ​ម្ល៉េះ។ ​អញ្ចឹង​ចំពោះ​ ខ្ញុំ​អត់​មាន​អ្វីភ្ញាក់​ផ្អើល​ទាំងអស់។​ តែអ្វី​ដែលគួរ​ចាប់​អារម្មណ៍​មែន​ទែន​គឺ​គណបក្ស​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អាច​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទន់ខ្សោយ​ ជាពិសេស​ ក្រោយពេល​គេ​ចាប់​សកម្មជន​របស់​ខ្លួន ​ហើយ​ស្រាប់តែ​យល់ព្រម​តែម្តង»។​

លោក​ គល់ បញ្ញា​ នាយកប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឈ្មោះ​ខុមហ្រ្វែល ​បាន​ថ្លែង​ថា​ កិច្ចព្រម​ព្រៀង​នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់​ផ្តើម​ទេ។​

«នៅ​មាន​ផ្លូវវែង​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​ហ្នឹង​ត្រូវយក​ចំណុច​ដែល​បាន​ព្រម ព្រៀង​គ្នា​និង​ចាប់ផ្តើម​ព្រម​ព្រៀង​គ្នា​នេះ​ យក​ទៅ​ពិនិត្យ​មើល​ដើម្បី​កែ​លម្អរដ្ឋ​ធម្មនុញ្ញ​ ទៅ​កែលម្អ​ច្បាប់​ ទៅ​កែ​លម្អនីតិវិធី ​និង​ទៅ​កែ​លម្អរបៀប​ធ្វើ​ការងារ ​ ប្រតិបត្តិការ​ឬ​ក៏​សមត្ថភាព​អ្វី​មួយ​ចំនួន​ទៀត​ទាក់ទិន​នឹង​ស្ថាប័ន​ធំៗ ​តាំងពី​ស្ថាប័ន​គ.ជ.ប.និង​សភា​អ្វីហ្នឹង»។​

លោក​គល់ បញ្ញា​បានបន្ថែម​ថា​ គណបក្ស​ទាំងពីរ​មាន​បញ្ហា​ដូចគ្នា​ក្នុង​ពេល​ដែល​គណបក្ស​ទាំង​ពីរ​គិតគូរ​ពី​គណបក្ស​រៀងៗ​ខ្លួន។​

«មាន​អ្នក​ខ្លះ​ ដូចជា​ក្នុង​គណបក្ស​សង្គ្រោះជាតិ ​គេមិន​សប្បាយ​ចិត្តទេ។​ គេ​ថា​ លទ្ធផល​ហ្នឹង​វា​តិច​ពេក។​ គេចង់​ឲ្យមាន​ការ​ផ្លាស់ប្តូរ​ធំដុំអ្វី​អញ្ចឹងទៅ។​ ហើយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​អន្តរកាល​នេះ​ ហាក់ដូចជា​មាន​ការ​ធ្វើ​សកម្មភាព​មិន​បាន​ត្រឹមត្រូវ​អញ្ចឹង​ទៅ​ មិន​បាន​ពេញលេញ​ក្នុង​នាម​រដ្ឋាភិបាល​ទៅ ​ដោយ​សារ​វានៅ​ក្នុង​អន្តរកាល​មួយ​ដែល​មិនមាន​នីត្យា​នុកូលភាព​ពេញ​លេញ​ក្នុង​សភា ​និង​រដ្ឋាភិបាល។​ អញ្ចឹងទៅ​បរិយាកាស​របស់​ប្រទេស​ហ្នឹង​វា​អត់ទាន់​មាន​ភាព​ហ្នឹង​ន។​ នេះ​ក៏​មាន​បញ្ហា​ដែរ»។​

លោក​បញ្ញា​សង្កត់ធ្ងន់​ថា​ បញ្ហា​សំខាន់​មួយ​គឺ​តើ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ធ្វើ​កិច្ចការ​ក្នុង​បរិយាកាស​ថ្មី​ ​បើក​ឱកាស​ឲ្យមាន​សេរីភាព​ជួបប្រជុំ ​តវ៉ា ​បញ្ចេញ​មតិ ​ដោយ​សេរី​ឬ​យ៉ាងណា​ ក្រោយពេល​គណបក្ស​ទាំងពីរ​យល់ព្រម​ធ្វើការ​ជាមួយ​គ្នា​ក្នុងស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​នោះ។​

ទស្សនា៖ វិបត្តិ​នយោបាយ​កម្ពុជា​ត្រូវ​បញ្ចប់ (២២ កក្កដា ២០១៤)

Your browser doesn’t support HTML5

វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​ត្រូវ​បញ្ចប់

ក្រុមអ្នក​វិភាគ​បាន​អះអាង​ថា​ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹងមិន​មែន ជា​ស្ថាប័ន​ឯករាជ្យ​ពិតប្រាកដ​ទេ​ ព្រោះថា ​គណបក្ស​ទាំងពីរ​ដាក់​បេក្ខភាព​របស់​ ខ្លួន​ដដែល​គឺ​៤នាក់​ស្មើគ្នា​ ហើយ​បើ​ម្នាក់​ដែល​តម្រូវ​ឲ្យយល់​ព្រមរួមគ្នា​ ឬ​កុងសង់ស៊ុស​រវាង​គណបក្ស​ទាំងពីរ​នោះ​ ហើយ​ត្រូវគេ​ច្រាន​ចោល​បេក្ខភាព​ ដូច្នេះ​គ.ជ.ប.ចាស់​នឹង​នៅ​តែ​ដំណើរការ ​ដែលរឿង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​មាន​ប្រៀប​ជាង។​

លោកស្រី ​ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាត់​ទុក​ថា​ មាន​កិច្ច​ព្រមព្រៀង​ វា​ប្រសើរ​ជាង​គ្មាន​កិច្ចព្រម​ព្រៀង​ ទោះជា​កិច្ចព្រម​ព្រៀង​នេះ​ គួរតែ​កើត​មាន​យូរ​ហើយ​ក្តី។​ តែលោក​ស្រី​ក៏​មិន​រំពឹង​ថា​ កិច្ចព្រម​ព្រៀង​នេះ​អាច​ នឹង​បញ្ចប់​កំហឹង​ពលរដ្ឋ​បាន​ភ្លាមៗ​ដែរ។​

«ទោះណា​មិនបាត់​ភ្លាម​ក៏​ដោយ​ ក៏អាច​ថា​ ពេល​វេលា​ហ្នឹង​ក៏អាច​ថា​ ជា​ថ្នាំ​សម្រាប់​ជួយ​រម្ងាប់អំពើ​ហិង្សា​ឲ្យមក​ភាព​សុខ​ដុមរមនា ​ជា​នា​នឹង​គ្នា​វិញ។​ តែវា​ត្រូវការ​ពេលវេលា​យូរ​ដើម្បីប្តូរ​ពី​កំហឹង​មកជា​សន្តិភាព​ មកជា​អហិង្សា​ មកជា​សុខដុមរមនា ​នោះ​ត្រូវការ​ពេល​វេលា​យូរ»។​

លោកស្រី​បាន​អះអាង​បន្ថែម​ថា ​គណបក្ស​ទាំងពីរ​បាន​បង្កើត​ភាព​ស្របច្បាប់​ របស់​កម្ពុជា​វិញ​ហើយ ​ពេល​សកម្មជន​ជាប់ឆ្នោត​ទាំង​៥៥​នាក់​ចូល​ស្បថ​ដើម្បី​ ទទួល​មុខ​តំណែង​សភា​ពេញ​លេញ។​ កិច្ច​ព្រមព្រៀង​នេះ​ក៏ធ្វើ​ឲ្យ​ទំនាក់​ ទំនង​ជា​អន្តរជាតិ​បើក​ទូលំទូលាយ​ជាងមុន​ ទទួល​បាន​ជំនួយ​ដែល​ព្យួរខ្លះ​សម្រាប់​កម្ពុជា​បញ្ចប់​អំពើ​ហិង្សា​ ដោះលែង​មន្ត្រី​គណបក្ស​ជំទាស់​៨រូប ​ក្នុងនោះ​មាន​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​៧រូប ​ស្តារ​ទំនុក​ចិត្តពី​អ្នក​វិនិយោគ​ និង​បន្ថយការ​ខឹង​សម្បារ​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ បន្តិច​ម្តងៗ​ផង​ដែរ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និច ហ្វ៊ិច​ បាន​សាទរ​ចំពោះ​លទ្ធផល​ចរចា​រវាង​គណបក្ស​ទាំងពីរ តែ​អះអាង​ថា​ ទោះ​ជា​គណបក្ស​ទាំងពីរ​មានការ​ត្រូវគ្នា​មែន​ តែពលរដ្ឋ​នៅត្រូវ​តាម​ដាន​បន្ត​អំពី​ការ​ អនុវត្ត​ជាក់ស្តែង​របស់​គណបក្ស​ទាំង​ពីរ​បន្ត។​

«នេះជា​ជំហ៊ាន​មួយ​ឲ្យ​សហគមន៍​អន្តរជាតិ​ក្រឡេក​មើល​មក​លើ​ទិដ្ឋភាព​នយោ បាយ​នៅកម្ពុជា​វិញ​ ​ហើយក៏​ប្រហែល​ជាមាន​ការ​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​សភាព​ ការណ៍​នៅកម្ពុជា​ដែល​ថា​ សហគមន៍​អន្តរជាតិ​អាច​នឹង​វិលមកសហការ​ឲ្យ​ បាន​កាន់​តែជិតស្និត​ជាមួយ​កម្ពុជា»។​

គណបក្ស​ទាំងពីរ​ក៏​ព្រម​ព្រៀងគ្នា​កែប្រែ​ស្ថាប័ន​ព្រឹទ្ធសភា​ផងដែរ ​ហើយ​នឹង​ធ្វើ​ កិច្ចការ​លម្អិតលើ​បញ្ហា​កែទម្រង់​បទបញ្ជា​ក្នុង​សភា​ និង​គម្រោង​ការ​លម្អិតចំពោះ ការកែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​ទៀត​ផង។​

ក្រុម​អ្នក​វិភាគ​បាន​បន្ថែម​ថា​ នេះ​ជា​ជម្រើស​ល្អ​ ដែល​អាច​ឲ្យ​ពួកគេ​ត្រូវគ្នា​លឿន​ក្នុង​បរិបទ​នយោបាយ​កម្ពុជា​ពេល​នេះ។​ តែគណបក្ស​ជំទាស់​អាច​តវ៉ា​ ដាក់​គោល​ នយោបាយ​របស់ខ្លួន​ ផ្ទៀងផ្ទាត់​ដំណើរការ​ដឹក​នាំ​ប្រទេសរបស់​គណបក្ស​កាន់​អំណាច​ពេញលេញ​បាន​ដែរ​ នៅ​ពេល​ចូល​ប្រជុំ​សភា​នេះ។​ គណបក្ស​ជំទាស់​ក៏អាច​ដើរ​ចេញ​ពី​សភា​ជាថ្មី ​ពហិការ​ជាថ្មី​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដដែល​ ប្រសិន​បើ​បញ្ហា​ណាមួយ​ត្រូវ​គេ​គិត​ថា​ ប៉ះ​ទង្គិច​ដល់​ផល​ប្រយោជន៍​ជាតិ​ដែល​គណបក្ស​ កាន់​អំណាច​មិនព្រម​ធ្វើការ​កែ​ទម្រង់​និង​ទប់​ស្កាត់។​

ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៨​ខែ​កក្កដា​ឆ្នាំ២០១៣ ​ដែល​គេ​ចាត់ទុក​ថា​ មាន​ការ​គៃបន្លំ​សន្លឹក​ឆ្នោត​ និង​ប្តូរ​លទ្ធផល​ឆ្នោតនោះ​ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ទាមទារ​ធ្វើបាតុកម្ម​តវ៉ា​យ៉ាងខ្លាំង​ សុំឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ទាមទារ​ ឲ្យ​កែ​ទម្រង់​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​ឯករាជ្យ​ពិតប្រាកដ​ ទាមទារ​ឲ្យមាន​ការកែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុងសភា​ដើម្បី​ឲ្យ​ក្រុម​ជំទាស់​មាន​កម្លាំង​ ខ្លាំង​ក្នុង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​នេះ ​បើ​ពុំ​ដូច្នោះ​ទេ​ ពួក​គេ​អះអាង​ថា ​នឹង​បន្ត​ពហិការ​មិន​ចូលប្រជុំ​សភា​ មិន​បំពេញ​ភាព​ស្រប​ច្បាប់​ដល់សភា។​ តែក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ អ្វី​ដែល​គណបក្ស​ជំទាស់​ទាមទារ​បាន​នោះ​គឺមិនគ្រប់​គ្រាន់​តាម​អ្វី​ដែល​ខ្លួន​បាន​ទាមទារ​ទាំងស្រុង​តាំង​ពី​ដំបូង​ទេ៕