គណបក្សសង្គ្រោះជាតិបានទទូចដល់គណបក្សប្រជាជនកម្ពុជាឱ្យបន្តចូលរួមប្រជុំចរចាដើម្បីស្វះស្វែងរករូបមន្តកណ្តាលមួយដើម្បីទម្លុះទម្លាយការជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
ការស្នើឡើងរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំបានប្រកាសដាច់ណាត់ថាគណបក្សប្រជាជនកម្ពុជានឹងមិនចូលរួមចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិទៀតទេប្រសិនណាបើគណបក្សនេះនៅតែទទូចឲ្យមានការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេង២ភាគ៣ នៃសមាជិកសភាទាំងមូល។
លោកហ៊ុន សែន បាននិយាយកាលពីថ្ងៃអង្គារថា ការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) តាមរូបមន្ត២ភាគ៣នឹងបង្កឲ្យមានការជាប់គាំងនយោបាយ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្រៅពីស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា គ្មានឆន្ទៈក្នុងការដោះស្រាយវិបត្តិនយោបាយបានផ្តល់ជម្រើសថ្មីមួយទៀតសម្រាប់ជាផ្លូវកណ្តាលដែលគណបក្សទាំងពីរនឹងត្រូវដោះស្រាយ។
លោក កឹម សុខា មានប្រសាសន៍ថា ផ្លូវកណ្តាលដែលលោកបានស្នើឡើងនោះទាល់តែគណបក្សទាំងពីរចូលរួមអង្គុយតុចរចារដើម្បីស្វែងរកគន្លឹះថា តើនឹងត្រូវដោះស្រាយភាពជាប់គាំងនយោបាយតាមរបៀបណា។
លោកនិយាយថា៖ «គណបក្សប្រជាជនចង់បាន៥០ភាគរយបូក១ គណបក្សសង្គ្រោះជាតិចង់បាន២ភាគ៣ មកអង្គុយជជែកគ្នាសិន បានដឹងថាកន្លែងណាមួយដែលយើងអាចថាមិនផ្អៀងទៅខាងណាៗ។ តែគ.ជ.បមានលក្ខណៈឯករាជ្យដែលមិនស្ថិតនៅក្នុងគណបក្សនយោបាយណាមួយដែលត្រួតត្រាបាន»។
នៅសល់តែជាងបីសប្តាហ៍ទៀតតែប៉ុណ្ណោះ ប្រទេសកម្ពុជាបានជាប់គាំងនយោបាយអស់រយៈពេលមួយឆ្នាំគត់ មូលហេតុដែលនាំឲ្យជាប់គាំងក្នុងពេលនេះគឺការខ្វែងគំនិតគ្នាលើការអនុម័តបង្កើតសមាសភាពគ.ជ.បដែលគណបក្សសង្គ្រោះជាតិបានធ្វើដំណើរយ៉ាងប្រុងប្រយ័ត្នបំផុត ដោយសារតែមានបទពិសោធន៍ពីគណបក្សហ៊្វុនស៊ីនប៉ិច។
គណបក្សសង្គ្រោះជាតិបានស្នើឲ្យដាក់គ.ជ.ប ជាស្ថាប័នធម្មនុញ្ញឬមានន័យថាត្រូវចែងក្នុងរដ្ឋធម្មនុញ្ញហើយការជ្រើសតាំងសមាសភាពនៃគ.ជ.បនេះត្រូវមានការយល់ព្រមពីសមាជិកសភាចំនួន២ភាគ៣។ ចំណែកឯគណបក្សកាន់អំណាចទាមទារឲ្យការបោះឆ្នោតជ្រើសតាំងសមាសភាព គ.ជ.ប នេះដោយសំឡេង៥០បូក១នៃសមាជិកសភាសរុបវិញ។
លោក ឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនមិនជំទាស់ទៅនឹងការស្នើឡើងរបស់លោកកឹម សុខាដែលទាមទាររករូបមន្តផ្លូវកណ្តាលមួយដើម្បីដោះស្រាយភាពជាប់គាំងទេ។ ក៏ប៉ុន្តែគណបក្សប្រជាជននៅតែប្រកាន់ជំហរឱ្យបោះឆ្នោតជ្រើសតាំងសមាសភាពគ.ជ.បដោយសំឡេង៥០ភាគរយបូកមួយដដែល បើទោះបីជាស្ថិតនៅក្នុងរូបមន្តណាក៏ដោយ។
លោកបញ្ជាក់ថា៖ «ការស្នើរបស់លោក កឹម សុខានេះ ចំពោះខ្លួនខ្ញុំទេ ខ្ញុំគិតថាជាគំនិតល្អមួយដែលយើងអាចធ្វើដំណើរការ។ ប៉ុន្តែការសម្រុះសម្រួលគ្នាក្នុងការបែងចែកអាសនៈរបស់គ.ជ.បនេះគឺគេមិនបាច់និយាយថាត្រូវបោះឆ្នោត២ភាគ៣ដើម្បីចងគ្នាទៅវិញ ទៅមកនោះទេ អាហ្នឹងធ្វើឱ្យស្ថាប័នរដ្ឋគាំង»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានផ្តល់យោបល់ឱ្យគណបក្សទាំងពីរគួរតែផ្លាស់ប្តូរជំហរទាមទារដែលមិនអាចរកច្រកចេញបាននេះ។
លោកបានឱ្យរូបមន្តចំនួនពីរសម្រាប់គណបក្សទាំងពីរត្រូវជ្រើសរើសហើយប្រសិនបើ២ភាគបីមិនអាចទៅរួចទេគេគួរតែយករូបមន្ត៦៩ បូកមួយ បូក២និងបូក៣ ដែលរូបមន្តបូកនេះតុលាការខ្មែរក្រហមបានអនុវត្តរួចមកហើយនិងជម្រើសទី២ដើម្បីកុំឱ្យខាតបង់ថវិកាជាតិនិងសមាសភាពច្រើនមិនបានការ។ សមាសភាពថ្នាក់ដឹកនាំគ.ជ.បលើកក្រោយនេះគួរមានតែម្នាក់ប៉ុណ្ណោះ ហើយត្រូវជាមនុស្សឯករាជ្យ៕