មន្ត្រី​កម្ពុជា៖​ គ្មាន​ខ្មាន់​កាំភ្លើង​កម្ពុជា​ត្រូវ​គេ​ជួល​ទៅ​បាញ់​​បាតុករ​នៅ​ក្រុង​បាងកក​ទេ​

លោក ​ស៊ូថេប​ ទិតសូបាន​ (Suthep Thaugsuban) មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​អំឡុង​​បាតុកម្ម​មួយ​ក្នុង​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​មាន​ខ្មាន់​កាំភ្លើង​កម្ពុជា​ត្រូវ​គេ​ជួលទៅ​បាញ់​សម្លាប់​ក្រុមបាតុករ​ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ។

ភ្លាមៗ​ក្រោយ​ពី​សារព័ត៌មាន​ប្រទេស​ថៃ​ថ្ងៃ​នេះ​បាន​ដក​ស្រង់​សម្តី​លោក ​ស៊ូថេប​ ទិតសូបាន​ (Suthep Thaugsuban) មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មក​បញ្ជាក់​ថា​ មាន​ការ​ជួល​អ្នក​ បាញ់​កាំភ្លើង​ពី​ប្រទេស​កម្ពុជា​ដើម្បី​សម្លាប់​បាតុករ​ម្នាក់​ មន្ត្រី​រដ្ឋាភិបាល​បាន​ខឹង​សម្បារ​និង​ការ​ចោទ​ប្រកាន់​នោះ​ ហើយ​បាន​ចាត់​ទុក​ថា​ ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ។​ នេះជា​ការ​អះអាង​របស់​លោកកុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​

«ដូច្នេះ​ការ​លើកឡើង​របស់​ស៊ូថេប ​ទិតសូបាន នេះ​ជា​លើក​ទី២​ហើយ​ដែល​ដាក់​ការ​សង្ស័យ ​ចោទប្រកាន់​មកលើ​ពលរដ្ឋ​យើង។​ ដូច្នេះ​ខ្ញុំសុំ​ធ្វើ​ការ​បដិសេធ​ដាច់​អហង្ការ​ចំពោះ​សម្តី​ដ៏​ឆ្កួត​លីលា​របស់​លោក​ស៊ូថេប​នេះ»។​

ការចោទ​ប្រកាន់​ដូច្នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​មេដឹកនាំ​បាតុកម្ម​ម្នាក់​គឺលោក ​ស៊ូទីន ថារ៉ាតស៊ីន​ (Suthin Tharathin) ​មេដឹកនាំ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បាន​ដឹក​នាំ​ការតវ៉ា​ក្នុងការ​រារាំង​ការ​រៀបចំ​ការ​បោះឆ្នោត​មុន​អាណតិ្ត​ក្នុង​ប្រទេស​ថៃ​កាល​ ពី​ថ្ងៃ​អាទិត្យ។​

សារព័ត៌មាន​ថៃ​តាម​ប្រព័ន្ធ​អ៊ីនធ័តណេតមួយ​ឈ្មោះ​ MCOT ​Online ​News​ បាន​រាយ​ការណ៍​តាម​ពាក្យ​របស់​លោក​ស៊ូថេប​ អគ្គលេខា​ធិការ​គណៈ​កម្មការ​កែ​ទម្រង់​ប្រជា​ធិបតេយ្យ​ពលរដ្ឋ​ (PDRC)​ ​ពេល​ដែល​លោក​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​ក្នុង​តំបន់​ប៉ាទុំវណ្ណ​ រាជធានី​បាងកក​ថា ​លោក​សង្ស័យ​ថា ​ខ្មាន់​កាំភ្លើង​អាច​ត្រូវ​គេ​ជួល​មក​ពី​ប្រទេស​កម្ពុជា​ ពី​ក្រុម​ពិសេស​សម្រាប់​ធ្វើ​សង្គ្រាម។​

លោកកុយ គួង​បាន​បន្ត​ថា​ ការ​ចោទ​ប្រកាន់​លើក​ដំបូង​មកលើ​ពលរដ្ឋ​កម្ពុជា​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២២​ ខែ​មករា​ តែ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បដិសេធរួចហើយ​ដែរ​ ហើយ​លោក​ថ្លែង​ថា​ស្ថានទូត​កម្ពុជា​និង​ស្ថានកុង​ស៊ុល​កម្ពុជា​ក្នុង​ប្រទេស​ថៃ​បាន​ណែនាំ​ជនជាតិ​កម្ពុជា​និង​កម្មករ​កម្ពុជា​ក្នុង​ប្រទេស​មិន​ឲ្យ​ទៅ​ជិត​បាតុកម្ម​ថៃ​នោះ​ទេ៕