កម្ពុជា​ថា​គម្រោង​ព្រែក​ជីក​នឹង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​វៀត​ណាម​ចំនួន​៧០%

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និងដឹកជញ្ជូន។

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​អះអាង​ថា​គម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​១.៧០០​លាន​ដុល្លារ ភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​កែប​នឹង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កំពង់​ផែ​វៀតណាម ប្រមាណ​៧០%។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន ​Reuters ដែល​បាន​ដក​ស្រង់​សម្តី​របស់លោក​ ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រែក​ជីក​នេះ។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Reuters ហើយ​អត្ថបទ​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី​១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ ទំនិញ​នាំ​ចូល​និង​នាំ​ចេញ​ពី​កម្ពុជា​ឆ្លង​តាម​កំពង់​ផែ​វៀតណាម សម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ មាន​ប្រហែល​៣៣% ដោយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ទន្លេ​មេគង្គ។ លោក​បន្ថែម​ថា​ព្រែក​ជីក​នេះ​នឹង​អាច​កាត់​បន្ថយ​ទំនិញ​ដឹក​ជញ្ជូន​ឆ្លង​កាត់​កំពង់​ផែ​វៀត​ណាម​ពី​ជាង​៣០%​មក​នៅ​ត្រឹម១០% ដែល​តំណាង​ឱ្យ​ការ​ធ្លាក់​ចុះ​៧០%​លើ​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​បច្ចុប្បន្ន​នេះ។

លោក ស៊ុន ចាន់​ថុល ក៏​បាន​ការពារ​ថា​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ឡើយ ហើយ​គម្រោង​នេះ​គ្រោង​នឹង​សាង​សង់​នៅ​ចុង​ឆ្នាំនេះ។

បើ​តាម​សារព័ត៌មាន ​Reuters លោក ស៊ុន ចាន់​ថុល បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​ថា គម្រោង​សាង​សង់​ព្រែក​ជីក​ហ្វូណននេះ ដើម្បី​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ចិន​ចូល​ដល់​ដែន​ទឹក​កម្ពុជាថា​ជា​ការ​ចោទ​មួយ​ដែល«គ្មាន​មូល​ដ្ឋាន»។

លោក​ ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ លើក​ឡើង​ថា​ព្រែក​ជីក​ហ្វូណន​ជា​គម្រោង​ប្រវត្តិ​សាស្រ្ត​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន និងសម្រួល​ពាណិជ្ជកម្ម ដើម្បី​កុំ​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ឆ្លង​កាត់។

លោក​ថ្លែងថា៖«ចង់​ជម្រាប​ជូន​ថា​ព្រែក​ជីក​នេះ​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​សុទ្ធ​សាធ គឺ​គាំទ្រ​នូវ​វិស័យ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​យើង​ សម្រាប់​ភ្ជាប់​ទៅ​នឹង​កំពង់ផែ​ធំៗ​របស់​អន្តរជាតិ...យើង​រំពឹង​ទុក​ថា​មាន​ព្រែក​ជីក​នេះ​ចរន្ត​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​នឹង​កើន​ឡើង​ជា​លំដាប់​អាស្រ័យ​ដោយ​ចរាចរណ៍​នៃ​ការ​ដឹក​ជញ្ជូន​មាន​ការ​ងាយ​ស្រួល​ជាង​មុន...​ហើយ​អាច​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ​ឱ្យ​កាន់​តែ​ច្រើន​ទៅ​ទៀត»។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​មាន​តម្លៃ​ប្រមាណ​៦.៥៨០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣។ កម្ពុជា​បាន​នាំ​ចូល​ពី​វៀត​ណាម​ប្រមាណ​៣.៦១០​លាន​ដុល្លារ​អាមេរិក។ ចំណែក​កម្ពុជា​នាំ​ចេញ​ទៅ​វៀត​ណាម​ប្រមាណ​២.៩៧០​លាន​ដុល្លារ ដែល​ទាប​ជាង​តម្លៃ​វៀត​ណាម​នាំចូល​ប្រមាណ​៦៤០​លាន​ដុល្លារ​អាមេរិក។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក គិន ភា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​លោក ស៊ុន ចាន់ថុល ព្រោះ​រាល់​ទំនិញ​ផ្សេងៗ​របស់​កម្ពុជា​ដែល​នាំ​ទៅ​ក្រៅ​ប្រទេស​នានា​ តែង​តែ​មាន​ការ​ឆ្លង​កាត់​កំពង់​ផែ​វៀត​ណាម។ ដូច្នេះ​លោក​ថា​គម្រោង​ព្រែ​កជីក​ហ្វូណន​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​អាស្រ័យ​ពី​ប្រទេស​វៀត​ណាម​បាន​ច្រើន​ទាំង​ពេល​វេលា​និង​តម្លៃ​ទំនិញ។

លោក​បញ្ជាក់​ថា៖ «ព្រែក​ជីក​នេះ​នឹង​រួម​ចំណែក ជា​កត្តា​ទាក់​ទាញ​នូវ​ការ​វិនិយោគ​ហើយ​ក៏​ជា​ឧត្តម​ជាតិ​នៃ​ការ​ប្រកួត​ប្រជែង សម្រាប់​ទំនិញ​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ដែរ ពី​ព្រោះ​ពេល​ដែល​យើង​អាច​កាត់​បន្ថយ​បាន​នូវ​ចំណាយ​ថ្លៃ​ដើម​លើ​ការ​ដឹក​ជញ្ជូន​គឺ​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​សរុប​ហ្នឹង​វា​មាន​ការ​ធ្លាក់​ចុះ​ដែរ។ អ៊ីចឹង​វា​ជា​កត្តា​មួយ​ដែល​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឧត្តម​ភាព​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង»។

លោក​បន្ថែម​ថា​វៀត​ណាម​គួរតែ​សាទរ​ចំពោះ​គម្រោង​នៃ​ការ​សាង​សង់​ព្រែក​ជីក​នេះ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ​របស់​កម្ពុជា។

លោក គិន ភា បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​វា​មិន​គួរ​ជា​កម្ម​វត្ថុ​ឬមិន​គួរ​ជា​ការ​បង្ក​ឧបសគ្គ​រារាំង​ទៅ​ដល់​ទំនាក់​ទំនង​កម្ពុជា​ និង​វៀត​ណាម​ទេ។ វៀត​ណាម​ខ្លួន​ឯង​តែង​តែ​លើក​ឡើង​អំពី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ ដៃ​គូរ​យុទ្ធសាស្រ្ត​យូរ​អង្វែង​ជា​ប្រពៃណី។ ដូច្នេះ​គេ​គួរ​តែ​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ហ្នឹង។ ខ្ញុំ​គិត​ថា​វា​ផ្តល់​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅ​មក​វិញ​ទេ ព្រោះ​ពិភព​លោក​មិន​មែន​ជា​ពិភព​លោក​ដែល​បិទ​ជិត​ទេ ជា​ពិភព​លោក​ដែល​ប្រទេស​ទាំង​អស់​មាន​ភាព​អាស្រ័យ និង​អន្តរ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក»។

ចំណែក​អ្នក​វិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ស៊ុន ចាន់​ថុល ដូច​គ្នា​ដែរ។ ប៉ុន្តែ​លោក​ថា​ព្រែក​ជីក​ហ្វូណន​នេះក៏​មិន​ប្រាកដ​ថា​អាច​ជួយ​កម្ពុជា​បាន​១០០% ​ដែរ ប្រសិន​បើ​កម្ពុជា​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​នោះ។
លោក​បាន​ឱ្យ​ដឹង​ថា​អំឡុង​ពេល​កម្ពុជា​អាច​ទាញ​យក​ផល​ប្រយោ​ជន៍​ពី​ការ​ដឹក​ជញ្ជូន កម្ពុជា​ក៏​អាច​នឹង​មាន​ភាព​មិន​ចុះ​សម្រុង ឬភាព​ចម្រូង​ចម្រាសមួយ​ចំនួន​ជា​មួយ​ភាគី​វៀត​ណាម​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «បើ​រឿង​សម្ពាធ​ពី​វៀត​ណាម​នេះ ខ្ញុំ​គិត​ថា​វា​មិន​អាច​ជៀស​រួច​ទេ គ្រាន់​តែ​ថា​តើ​វា​នៅ​ក្នុង​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​ ឬ​អាច​ចរចា អាច​និយាយ​គ្នា​បាន។ ប៉ុន្តែ​វៀត​ណាម​គេ​នឹង​អាច​រក​មធ្យោ​បាយ​ផ្សេង​ទៀត ដើម្បី​ដាក់​សម្ពាធ​មក​លើ​យើង»។

សារព័ត៌មាន Vietnamnet.vn បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​ថា​វៀត​ណាម​បាន​ស្នើ​ឯកសារ​ផ្សេងៗ ដូច​ជា​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​ទៅ​លើ​ផល​ប៉ះពាល់ និង​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​របស់​ MRC​ សម្រាប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ឆ្លង​ដែន​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​នេះ។ វៀតណាម​បាន​ស្នើ​សុំ​ឯកសារ​ទាំង​នេះ​តាម​រយៈ​យន្តការ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​(Mekong River Commission ឬ MRC)ដែល​វៀតណាម​និង​កម្ពុជា​ជា​សមាជិក។

គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​(Belt and Road Initiative​ ឬ​ BRI)​ របស់​រដ្ឋា​ភិបាល​ចិន​ដែល​មាន​ចំណង​មិត្តភាព​ដែក​ថែប​ជាមួយ​កម្ពុជា។

គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​សារព័ត៌​មាន​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន ប្រសិន​បើ​ផ្លូវ​ទឹក​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំ​ពេញ​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម។

គម្រោង​ព្រែក​ជីក​នេះ​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ​១.៧០០ ​លាន​ដុល្លារ​អាមេរិក។ បើ​តាម​គម្រោង ​ព្រែក​ជីក​នេះ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង​ព្រែក​ជីក​នេះ តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ។ នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ចិន​នឹង​គ្រប់​គ្រង​ផ្លូវ​ទឹក​នេះ ​ក្នុង​រយៈ​ពេល​កំណត់​ណាមួយ ​អាច​ដល់​៥០​ឆ្នាំ មុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់​គ្រង​វិញ៕