សភា​កម្ពុជា​អនុម័ត​សន្ធិសញ្ញា​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ដែល​សម្រេច​បាន​៨៦%

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

តាម​សំណើ​របស់​រដ្ឋាភិបាល រដ្ឋសភា​កម្ពុជាដែល​មាន​តំណាង​រាស្រ្ត​ទាំង​អស់​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បាន​អនុម័ត​យល់​ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ។ នេះ​ជា​ការ​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​កាល​ពីពេល​កន្លង​ទៅ ដែល​សម្រេច​បាន​ប្រមាណ​៨៦%​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​សរុប​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​យោង​តាម​សេចក្តី​ព្រាង​ច្បាប់ និង​ឯកសារ​ផ្លូវ​ការ​ដែល​វីអូអេ​ទទួល​បាន។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៣​មាត្រា​នេះ ជា​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ទីក្រុង​វៀងច័ន្ទ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សនសាយ ស៊ីផាន់ដន (Sonexay Siphandone) នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ឡាវ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះ​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ​២០២៣។

សេចក្តី​ថ្លែង​ហេតុ​របស់​លោក ហ៊ុន សែន ​ឱ្យ​ដឹង​ថា ​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បាន​ជួប​ប្រជុំ​ចរចា​គ្នា​ចំនួន​១៨៨​លើក ពី​ឆ្នាំ​១៩៩៥​ ដល់​២០០៩ ដោយ​សម្រេច​បាន​ការ​ត្រួត​ពិនិត្យខ្សែ​ព្រំដែន​បាន​ប្រមាណ​៨៦% ស្មើ​នឹង​៤៦៥​គីឡូ​ម៉ែត្រ​នៃ​ខ្សែ​ព្រំដែន​រួម ដែល​មាន​ប្រវែង​ប្រមាណ​៥៤០​គីឡូ​ម៉ែត្រ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​១២១​បង្គោល​លើ​ដី​ជាក់​ស្តែង នៅ​ខេត្ត​ព្រះ​វិហារ ស្ទឹង​ត្រែង និង​រតន​គិរី។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​នាយក​រដ្ឋមន្រ្តី។

លោក ហ៊ុន សែន បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ថា៖ «សន្ធិសញ្ញា​នេះ​គឺ​ជា​ឯក​សារ​ផ្លូវ​ច្បាប់​ប្រវត្តិសាស្រ្ត​ដ៏​មាន​សារៈ​សំខាន់​បំផុត ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​ខ្សែ​ព្រំដែន​ដែល​អាណានិគម​បន្សល់​ទុកឱ្យ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរបាន​ឯករាជ្យ»។

លោក​បន្ថែម​ថា​៖ «ហើយ​ជា​ឯកសារ​ផ្លូវ​ការ​មូលដ្ឋាន​ដ៏​សំខាន់​បំផុត​ក្នុង​ការ​បន្ត​រក​ដំណោះ​ស្រាយ​តំបន់​ព្រំដែន​ដែល​នៅ​សល់​ប្រមាណ​ជាង​១៤%​ទៀត»។

បើ​តាម​សេចក្តី​ថ្លែង​ហេតុ ប្រទេស​ទាំងពីរ​ប្តេជ្ញា​បោះ​បង្គោល​ព្រំដែន​ថ្មីឱ្យ​រឹងមាំ​ជាង​មុន និង​ធំ​ជាង​មុន ជំនួស​បង្គោល​ចាស់​ចំនួន​១២១ ដែល​បាន​បោះ​រួច​ហើយ និង​ជា​បង្គោល​បណ្តោះ​អាសន្ន​ដែល​មាន​ទំហំ​តូច និង​មិន​រឹងមាំ។

សេចក្តី​ថ្លែង​ហេតុ​របស់​នាយករដ្ឋមន្រ្តី​បន្ថែម​ថា៖ «រួម​គ្នា​ផលិត​ផែន​ទី​ឋាន​លេខា​ព្រំដែន​ខ្នាត​១/២៥០០០ ដើម្បី​ភ្ជាប់​ជា​ឧបសម្ព័ន្ធនៃ​ពិធីសារ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដោយ​បង្ហាញ​ពី​ទិស​ដើរ​នៃ​ខ្សែ​ព្រំដែន និង​ទីតាំង​បង្គោល​ព្រំដែន នៅ​តាម​បណ្តោយ​ព្រំដែន​ទាំងមូល​នៃ​ប្រទេស​ទាំងពីរ ដោយ​ឯកភាព​ចេញ​ចំណាយ​ពាក់​កណ្តាល​ម្នាក់»។

ចំពោះ​តំបន់​ដែល​នៅ​សល់​មិន​ទាន់​ឯកភាព​គ្នា ភាគី​ទាំង​ពីរ​ឯកភាព​បន្ត​ចរចា​និង​ដោះ​ស្រាយ​ដោយ​យក​ជា​មូល​ដ្ឋាន​គោល​ការណ៍​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​អនុវត្ត​កន្លង​មក ដើម្បី​បន្ត​រក​ដំណោះ​ស្រាយ​នៅ​តំបន់​ទាំង​នោះឱ្យ​បាន​ឆាប់។

សន្ធិសញ្ញា​នេះ​ធ្វើ​ជា​បី​ភាសា គឺខ្មែរ ឡាវ និង​បារាំង។ ក្នុង​ករណី​មាន​ការ​បក​ស្រាយ​ខុស​គ្នា អត្ថបទ​ជា​ភាសា​បារាំង​ត្រូវ​យក​មក​ធ្វើ​ជា​ឯកសារ​យោង។

លោក វ៉ា គឹមហុង ប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មិន​មាន​អ្វី​ប្រឈម​ឡើយ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេស​សល់​១៤%​ទៀត។

នៅ​ពេល​សួរ​ថា​តើ​ការ​បោះ​បង្គោល​ព្រំដែន​១៤%​ទៀត​នឹង​អាច​បញ្ចប់​នៅ​ពេល​ណា លោក វ៉ា គឹមហុង ​ថា​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយ​វា​អាស្រ័យ​លើ​ការ​យល់​ព្រម​រវាង​ភាគី​ទាំង​ពីរ។ លោក​បន្ថែម​ថា​មិន​មាន​ការ​ដោះដូរ​ដី​រវាង​កម្ពុជា និង​ប្រទេស​ឡាវ​ឡើយ នៅ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ។

លោក​ប​ញ្ជា​ក់​ថា​៖ «ការ​ដោះ​ដូរ​ដី​នេះ យើ​ង​កុំ​គិ​ត​ថា​វា​មិន​មែន​ករណី​ឡើយ យើង​មិន​មាន​ដី​ដោះ​ដូរ​ទេ​ គ្រាន់​តែ​ថា​អាការ​ដោះ​ដូរដី​នេះ​ប្រទេស​ជិត​ខាង​យើង គេ​ធ្វើ​ក៏​មាន​ដោះដូរ​ដែរ​ មិន​អត់​ទេ។ ដូច​វៀត​ណាម​ធ្វើ​ជាមួយ​ឡាវ ក៏​វា​ដោះ​ដូរ​ដី​ វៀត​ណាម​ធ្វើ​ជាមួយ​ចិន ក៏​វា​មាន​ដោះ​ដូរដី»។

ការ​អនុម័ត​របស់​រដ្ឋសភា​ដែល​មាន​តែ​គណបក្ស​នយោបាយ​មួយ​នា​ពេល​នេះ នាំឱ្យ​មាន​ការ​ចោទ​ជា​សំណួរ​ពី​សំណាក់​មន្រ្តី​គណបក្ស​ជំទាស់។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភិរិទ្ធ ដែល​ជា​អតីត​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប ប្រាប់​វីអូអេ​ថា​ ការ​អនុម័ត​សន្ធិសញ្ញា​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា​និង​ឡាវ ដោយ​សភា​ឯក​បក្ស មិន​ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​លោក​ចោទ​សួរ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​ការ​អនុម័ត​លើ​សន្ធិសញ្ញា​នេះ វា​អាច​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត និង​ភាព​ត្រឹម​ត្រូវ អ្វីដែល​បាន​ចែង​នៅ​ក្នុង​ផែនទី​កំណត់​ពី​មុនមក​»។

បើ​តាមអ្នក​នាំពាក្យ​រូបនេះ​ រឿង​ព្រំ​ដែន​កម្ពុជា​និង​ឡាវ​កាល​ពី​កន្លងមក​ មិន​មាន​ភាព​ចម្រូង​ចម្រាស​អ្វី​ជា​គួរ​ឱ្យ​កត់​សម្គាល់ ដូច​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀត​ណាម​ឡើយ។

គួរ​បញ្ជាក់​ថា​ កម្ពុជា​និង​ឡាវ​បាន​ឯកភាព​អនុម័ត​យក​គោល​ការណ៍ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​រួម​ដែល​បន្សល់​ទុកឱ្យដោយ​អាណានិគម​តាម​ផែនទី​ខ្នាត​១/១០០០០០ និង​ផែនទី​សមស្រប​ផ្សេង​ទៀត ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​ដល់​ឆ្នាំ​១៩៥៣ ដោយ​កុ្រម​ភូមិ​សាស្រ្ត​ឥណ្ឌូចិន៕

កំណត់សម្គាល់៖ អត្ថបទ​នេះ​ត្រូវបាន​កែតម្រូវក្នុង​កថាខណ្ឌ​ទី១​ត្រង់​ចំណុច​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​ឡាវ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា​ឆ្នាំ២០២៣ មិនមែន​ថ្ងៃចន្ទ​ឡើយ។