គុណភាព​នៃ​​​​​ភាពយន្ត​ខ្មែរ​កំណត់​វាសនា​ទីផ្សារ​របស់​ខ្លួន

  • អ៊ឹម សុធារិទ្ធ

លោក គាំ ចន្ធី ចាងហ្វាង​ផលិតកម្ម​ FCI Production ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​ការ​ប្រឈម​និង​លទ្ធភាព​នៃ​ការ​កែលម្អ​នៅ​ក្នុង​ទី​ផ្សារ​ភាពយន្ត​នៅ​កម្ពុជា។ (វីអូអេ)

ក្រៅ​ពី​ខ្វះ​ធនធាន​សម្រាប់វិនិយោគ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ និង​ខ្វះ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​បញ្ញា បញ្ហា​ដែល​ឧស្សាហកម្ម​ភាពយន្ត​ប្រឈម​ធំ​បំផុត​នោះ​គឺ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ភាពយន្ត​នេះ។ នេះ​បើ​តាម​សម្តី​របស់​លោក គាំ ចន្ធី ដែល​ជា​ផលិតករ​ភាពយន្ត​ និង​ជា​ចាងហ្វាង​ផលិតកម្ម​ FCI ​Production ដែល​បាន​ប្រាប់​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ។

«និយាយ​រួម​ធនធាន​មនុស្ស​របស់​យើង​អត់​ទាន់​មាន។ យើង​អត់​ទាន់​មាន​សាលា​ភាពយន្ត​សម្រាប់​បង្ហាត់​អ្នក​សម្តែង​ភាពយន្ត និង​សម្រាប់​ការ​ផលិត។ ខ្ញុំ​សង្ឃឹម​ថា នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​នឹង​ចាត់​វិធានការ​បង្ក​លទ្ធភាព​ក្នុង​ការ​បើក​សាលា​ភាពយន្ត»។

Your browser doesn’t support HTML5

ការ​ប្រឈម​និង​ការ​កែលម្អ​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា

អ្នក​សម្តែង​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​រិះ​គន់​ថា ការ​សម្តែង​ភាពយន្ត​របស់​តារា​ខ្មែរ​ច្រើន​តែ​ខ្វះ​ភាព​ចូល​តួប្រកប​ដោយលក្ខណៈ​ធម្មជាតិ។ ត្រង់​ចំណុច​នេះ លោក គាំ​ ចន្ធី​ បាន​ប្រាប់​វីអូអេ​ថា លោក​ក៏​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​ទាំង​នេះ​ដែរ ដោយ​យោង​លើ​កត្តា​ជា​ច្រើន​ដូច​ជា ភាព​មមាញឹក​របស់​តារា​ដែល​នាំ​ឲ្យ​អ្នក​សម្តែង​ទាំង​នោះ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បីអានរឿង​ដែល​ខ្លួន​ត្រូវ​សម្តែង​ សមត្ថភាព​នៃ​អ្នក​ដឹក​នាំ​រឿង និង​អារម្មណ៍​របស់​អ្នក​មើល។

«យើង​ត្រូវ​មាន​ពេល​វេលា​ដើម្បី​ឲ្យ​តារា​ហាត់។ ត្រូវ​មាន​ជំនាញ​ក្នុង​ការ​បង្ហាត់​តួ។ ជា​ធម្ម​តា​ តួ​យើង​មិន​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ។ ពេល​គាត់​បាន​ល្បី​បន្តិច​បន្តួច គាត់​អត់​មាន​ពេល​ហាត់​ដើម្បី​សម្តែង​ឲ្យ​បាន​ល្អ។ ម្យ៉ាង​ទៀត​បើ​ទស្សនិកជន​មិន​ដែល​ឃើញ​តួ​សោះ គាត់​គិត​ថា វាមិន​មែន​ជា​ការ​សម្តែង។ តែ​បើ​គាត់ឃើញ​តួ​ដដែលៗ គាត់​គិត​ថា​ជា​ការ​សម្តែង»។

លោក​ គាំ ចន្ធី មាន​ប្រសាសន៍​ថា ករណី​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​គុណភាពនៃ​ភាពយន្ត​ខ្មែរ​នៅ​មាន​កម្រិត​ទាប ហើយ​មិន​សូវ​មាន​អ្នក​គាំទ្រ ដែល​នាំ​ឲ្យ​ទីផ្សារ​ភាពយន្ត​ខ្មែរ​មិន​សូវ​រីក​ចម្រើន។ លើស​ពី​នេះ លោក គាំ ចន្ធី ក៏​បាន​បន្ទោស​គណៈកម្មការ​បង្រ្កាប​បទ​ល្មើស​របស់​ក្រសួង​វប្បធម៌​ថា មិន​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ឲ្យ​មាន​ប្រសិទ្ធិភាព​។

«ខ្ញុំ​មិន​ដឹង​ថា គាត់​ធ្វើ​ការ​ឬ​អត់​ទេ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​នេះ ការ​លួច​ចម្លង​នៅមាន​ដដែល ហើយនៅការ​ចម្លង​ដ៏​ខ្លាំង​បំផុត​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។ រឿង​របស់​ខ្ញុំ​ដែល​មាន​ទាំង​ប៉ុន្មាន​គឺ គេ​ចម្លង​ដោយ​សេរី បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក គាំ​ ចន្ធី​ បន្ត​ថា វិជ្ជាជីវៈ​ភាពយន្ត​ត្រូវ​តែ​ពង្រឹង​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ខ្លី​និង​វែង។ ក្រសួង​វប្បធម៌​ត្រូវអនុវត្ត​ច្បាប់​និង​គោរព​ច្បាប់​ជា​ចម្បង​មុន​ផលិតករ​ មុន​ប្រជាពលរដ្ឋ​ទូទៅ។

«កាល​ណា​គាត់​គោរព​ច្បាប់​ គាត់​អនុវត្ត​ច្បាប់ ទើប​គាត់​យក​ច្បាប់​ហ្នឹង​ទៅ​បង្ក្រាប​បទ​ល្មើស​ហ្នឹង​បាន។ ខ្ញុំ​សូម​អំពាវនាវ​ ទទូច​អង្វរ​គាត់​ដើម្បី​ឲ្យ​គាត់​ជួយ។

លោក គាំ​ ចន្ធី​ ក៏​អំពាវនាវ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បង្កើត​គោល​នយោបាយ​ស្តី​អំពី​ការ​គ្រប់​គ្រង​ភាពយន្ត​បរទេស​ដែល​ចរាចរ​នៅ​ស្រុក​ខ្មែរ​ និង​បែង​ចែក​ឲ្យ​បាន​ច្បាស់​រវាង​ភាពយន្ត​កម្ពុជា​និង​បរទេស និង​កំណត់​ម៉ោង​ចាក់​ផ្សាយ​នៅ​តាម​ទូរទស្សន៍​ ដោយ​លោក​សំណូមពរ​ឲ្យ​ទូរទស្សន៍​ចាក់​ផ្សាយ​រឿង​ខ្មែរ​នៅ​ម៉ោង​ពិសេស ​ឬ ​Prime Time ដើម្បីជួយ​លើក​កម្ពស់​ដល់​ភាពយន្ត​ខ្មែរ៕