មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​ការពារ​កំណត់ត្រា​សិទ្ធិ​មនុស្ស​កម្ពុជា

Your browser doesn’t support HTML5

ថ្លែង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​ហៅ​ថា ​Clinton​ Global​ Innitive ​របស់​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Bill Clinton​ ​នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់​ អូបាម៉ា​បានកោត​សរសើរ​ដល់​សកម្មជនក្នុង​ពិភពលោក​ដែល​ហ៊ាននិយាយ​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​ត្រូវ​រង​ការ​យារយី​និង​ការ​វាយ​ប្រហារ​ ដែល​មាន​ពេល​ខ្លះ​រហូត​ដល់​សម្លាប់​ថែម​ទៀត។​ ​

ក្នុង​ចំណោម​អ្នកដែល​លោក​ប្រធានាធិបតីស.រ.អា.​កោត​សរសើរ​នោះ​មាន​សកម្មជន​កម្ពុជា​ពីរ​នាក់​ផង​ដែរ​គឺ​អ្នកស្រី ​ចក់ សុខភាព​ និង​សព​លោក​ ឈុត វុទ្ធី​សកម្មជន​ការពារ​ព្រៃឈើ​ដែលត្រូវ​គេ​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០១២។​ ការ​ថ្លែង​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​យ៉ាង​ច្រើន។​

តែ​ទោះជា​យ៉ាង​ណាក្តី​ ប្រមុខ​ការ​ទូត​កំពូល​នៃ​ប្រទេស​កម្ពុជា​គឺ​លោក​ឧបនាយករដ្ឋមន្ត្រីឋ ​ហោ ណាំហុង ​បាន​ការពារ​ការប្រវត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​អះអាង​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​កិច្ចការ​កែ​ទម្រង់សិទ្ធិ​មនុស្ស​និង​ធ្វើ​ឲ្យ​រីក​ចម្រើនច្រើន​ផង​ដែរ។​

«បញ្ហា​អ្នកដែល​ការពារ​ព្រៃឈើ​នេះ​យើង​កំពុងតែ​អង្កេត​តទៅ​ទៀត ​ដោយ​កន្លង​មក​ការ​ស៊ើប​អង្កេត​បាន​ឃើញ​ហើយ​ថា ប៉េអ៊ឹម​ម្នាក់​នោះ​គាត់​ជា​អ្នក​ប្រព្រឹត្ត​ឃាតកម្ម​នេះ។ ​យើង​យក​វិធានការ​ ទោះជា​យ៉ាង​ណាក្តី​ ក៏​យើង​នៅ​តែ​បន្ត​ស្រាវជ្រាវ​ជាក់ស្តែង​ទៀត។​ ខ្ញុំ​យល់​ឃើញ​ថា​ មិន​មែន​នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ដែល​ឧក្រិដ្ឋកម្ម​បាន​កើត ​ហើយ​រក​មិន​ឃើញ។​ នៅ​ស.រ.អា.ក៏​អញ្ចឹង​ នៅ​ប្រទេស​ក្នុង​សកលលោក​ក៏​អញ្ចឹង។ ​ច្រើនណាស់​ដែល​មាន​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ហើយ​ យើង​រក​មិន​ទាន់​ឃើញ ​មិន​មែន​តែ​នៅ​កម្ពុជា​ទេ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ​វីអូអេ​ខ្មែរ​នៅ​ឯ​បូរី​ញូវយ៉ក​កាល​ពី​ថ្ងៃ​សៅរ៍​មុន​ពេល​លោក​អញ្ជើញ​ចូលរួម​ថ្លែង​ការណ៍​ទៅ​កាន់​ប្រទេស​ជិត​២០០​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត​អ.ស.ប.នៅ​ថ្ងៃ​ច័ន្ទ​ទី២៩​ខែ​កញ្ញា។​ លោក​ថ្លែង​ថា ​នៅ​កម្ពុជា​មាន​ការ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​សារព័ត៌មាន​បរទេស​ក្នុង​ស្រុក ​ផ្តល់​ការ​អនុញាត​ឲ្យ​ការិយា​ល័យ​សិទ្ធិ​មនុស្ស​ អ្នក​រាយ​ការណ៍​សិទ្ធិ​មនុស្ស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ពាន់​ដើម្បី​ប្រតិបត្តិ​ការ​ដោយ​សេរី ​និង​ឯករាជ្យ។​

«តើ​ប្រទេស​ណា​ក្នុង​ពិភព​លោក​មាន​ដល់​ប៉ុណ្ណឹង​ទេ។ ​ដូច្នេះ​គេ​ចេះតែ​និយាយ។​ ដរាប​ណា​យើងមាន​អ្នក​ធ្វើ​អំពី​សិទ្ធិ​មនុស្ស​ច្រើន ​ដរាប​នោះ​យើង​នៅ​តែ​មាន​ បញ្ហា។ ​បើសិន​ជា​យើង​អស់​បញ្ហា ​(អត់​មាន​បញ្ហា​ហ្នឹង)​ អង្គការ​ទាំង​នោះ​ ​ច្បាស់​ជា​អត់​ការងារ​ធ្វើ​ហើយ​។ ​ដូច្នេះ​តោង​មាន​ការងារ​ធ្វើ​ តោង​មាន​អី​និយាយ ​ត្រូវតែ រក​ឲ្យ​ឃើញ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ឯង»។​

ថ្លែង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ Bill Clinton​ នៅ​ទី​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​អង្គារ​នោះ លោកប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាន​កោត​សរសើរ​ដល់​សកម្ម​ជន​ដែល​ក្លាហាន​ក្នុង​ពិភព​លោក​ដែល​ហ៊ាន​ឡើង​និយាយ​ ហើយ​ត្រូវ​រង​ការ​យារយី​ និង​ការ​វាយ​ប្រហារ​ ដែល​មាន​ពេល​ខ្លះ​រហូត​ដល់​សម្លាប់​ថែម​ទៀត។​ លោក​អូបាម៉ា​បាន​បញ្ជាក់​ឈ្មោះ​ចំៗ​របស់​សកម្មជន​តស៊ូ​ទាំង​នោះ​និង​ឈ្មោះ​ប្រទេស​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផង​ដែរ។​

«ថ្ងៃ​នេះ​យើង​សូម​គោរព​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត។​ ​នៅ​ក្នុង​ចំណោម​នោះ​រួម​មាន​លោក​ Eric Lembembe ​ក្នុង​ប្រទេស​កាមេរូន ​(Cameroon) ​ លោក​ Salwa Bugaighis​ ក្នុង​ប្រទេស​លីប៊ី ​និង​លោក​ឈុត វុទ្ធី​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​ថា៖​ «យើង​គាំទ្រ​សកម្មជន​ដូច​ជា​លោក​ស្រី​ចក់ សុភាព​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ស្រី​ចក់ សុភាព​បាន​ឃើញ​អ្នក​ធ្វើ​ការ​គាំទ្រ​សិទ្ធិ​មនុស្ស​ដូច​គ្នា​ត្រូវ​បាន​នគរបាល​ចាប់​យក​ទៅ។​ ពេល​នោះ​លោក​ស្រី​អាច​គេច​ខ្លួន​បាន​ តែ​លោក​ស្រី​និយាយ​ថា​ លោក​ស្រី​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​មួយ​នាទី​ណា​ឡើយ។​ ដូច្នេះ​អ្នក​ស្រី​បាន​ដើរ​កៀង​គរ​អ្នក​តវ៉ា​ និង​បំផុស​យុវជន​ឲ្យ​ទាមទារ​យុត្តិធម៌។​ ​កាលណោះ​លោក​ស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មាន​ការ​ស្រម៉ៃ​ចង់​បាន​ថា​ ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ដែល​គេត្រូវ​មាន»។​

លោក​អូបាម៉ា​មាន​ប្រសាសន៍​ថា៖​ «យើង​មាន​មោទនភាព​ចំពោះ​លោក​ស្រី​ហើយ​យើង​គាំទ្រ​លោក​ស្រី ​ចក់ សុភាព»។​

លោក​អូបាម៉ា​បាន​បញ្ជាក់​ពី​គោល​នយោបាយ​ជា​បន្ទាន់​មួយ​គឺ​ស.រ.អា.នឹង​ធ្វើ​កិច្ចការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​បណ្តា​ប្រទេស​នានា​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ រួមទាំង​ការ​ផ្តល់​ជំនួយ​ផង។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ពិភាក្សា​អំពី​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា​នៅ​រដ្ឋ​វីជីនៀគឺ​មុន​អ្នកស្រី​ចូលរួម​ស្តាប់​លោក​អូបាម៉ា​ថ្លែង​ការណ៍នេះ​ អ្នកស្រី​ចក់ សុភាព​បាន​ថ្លែង​អំពី​បញ្ហា​រំលោភ ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ហា​និទណ្ឌភាព​ផង​ដែរ។​

«លទ្ធិប្រជាធិបតេយ្យ​នេះ​ផ្សារ​ភ្ជាប់​នឹង​និទណ្ឌភាព ​ហើយនិទណ្ឌ​ភាព​គឺផ្សារភ្ជាប់​នឹង​មរណ​ភាព​របស់​លោក​ម៉ៅ សុខ​ចាន់​ហ្នឹង​ឯង​ ដែល​យើង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតហើយ​រក​យុត្តិធម៌​ដល់​លោក​ម៉ៅ សុខចាន់​នេះ​ឯង​ ហើយ​នឹង​បាតុករ​ផ្សេងៗ​ទៀត​ដែល​បាន​បាត់​បង់​ជីវិត​នឹង​រង​របួស​ក្នុង​នោះ​ដែរ​ចា៎»។​

លោកគុជ ច័ន្ទលី ​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​ មុន​ពេល​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​នោះ​ដែរ​ បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​សិទ្ធិ​មនុស្ស​ថា៖​

«សិទ្ធិ​បឋម​នេះ​វា​មាន​ទឹក​ដី​ ស្រែ​ចម្ការ ​ផ្ទះ ​ជម្រក​ ក្រុម​គ្រួសារ ការ​រស់នៅ​សុខដុមរមនា​ផ្សេងៗ។ អាហ្នឹង​ហើយ​ជាសេចក្តី​ត្រូវការ​ចាំបាច់។ ​ប្រជាពលរដ្ឋ បើ​អត់​មាន​អាធាតុ​បឋម​ហ្នឹង​ទេ​ ត្រូវ​តែ​នាំ​គ្នា​បះបោរ​ក្រោក​ឈរ​រើ​បម្រះ​ហើយ​រស់​នៅ​សិទ្ធិ​ទទួល​បាន​សេរីភាព»។

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ដែល​អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.គឺលោក​សុរិយា ស៊ូប៊េឌី​ កាល​ពី​ សប្តាហ៍​មុន ​បាន​ទទូច​ឲ្យ​មាន​ការ​កែ​ទម្រង់លើ​បញ្ហា​រចនា​សម្ព័ន្ធ​សិទ្ធិ​មនុស្ស​នានា​ក្នុង​ពេល​ដែល​គណបក្ស​នយោបាយ​កម្ពុជា​ទាំង​ពីរ​បាន​បញ្ចប់​ភាព​ទល់​ច្រក ខាង​នយោបាយ​ហើយ​នោះ៕