ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​​សរសើរ​​សកម្មជន​​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​កម្ពុជា

  • ហេង រស្មី

លោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ (Clinton Global Initiative) នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សកម្មជន​នៅ​កម្ពុជា​ចំនួន​ពីរ​រូប ​ដែលការពារ​បរិស្ថាន​ ​សិទ្ធិ​មនុស្ស​ ​គឺ​លោក​ឈុត វុទ្ធី​ ប្រធាន​អង្គការ​អភិរក្សធនធាន​ធម្មជាតិ​ និង​លោក​ស្រី​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

លោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​លោក​បាន​ថ្លែង​កោត​សរសើរ​ដល់​បុរស​ស្រ្តី​ក្លាហាន​ក្នុង​ពិភពលោក​ដែល​ហ៊ាន​ឡើង​និយាយ​ ហើយ​ត្រូវ​រង​ការ​យារយី​និង​ការ​វាយ​ប្រហារ​ ដែល​មាន​ពេល​ខ្លះ​រហូត​ដល់​សលោក​ប្រធានាធិបតី​ថ្លៃង​ក្នុង​ពិធី​គំនិត​ផ្តួច​ផ្តើម​ជា​សកល​របស់​លោក​អតីត​ប្រធានា​ធិបតី​សហ​រដ្ឋអាមេរិក​ Bill Clinton​ នៅ​ទី​ក្រុង​ញូវយ៉ក ​កាល​ពី​ថ្ងៃ​អង្គារ​ត្រូវ​នឹង​ថ្ងៃ​ពុធ​ក្នុង​ប្រទេស​កម្ពុជាម្លាប់​ថែម​ទៀត។​

លោក​បាន​និយាយ​តាម​សម្តី​ដើម​ថា៖​ «ថ្ងៃនេះ​យើង​សូម​គោរព​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត។​ ​នៅ​ក្នុង​ចំណោម​នោះ​រួម​មាន​លោក​ ​ Eric Lembembe ​ក្នុង​ប្រទេស​កាមេរូន ​(Cameroon) ​ លោក​ Salwa Bugaighis​ ក្នុង​ប្រទេស​លីប៊ី និង​លោក​ឈុត វុទ្ធី ក្នុង​ប្រទេស​កម្ពុជា»។​

លោក​ឈុត វុទ្ធី​
លោក​ឈុត វុទ្ធី​

លោក​បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​ថា​ «យើង​គាំទ្រ​សកម្មជន​ដូច​ជា​លោក​ស្រី​ចក់ សុភាព​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ស្រី​ចក់ សុភាព​បាន​ឃើញ​អ្នក​ធ្វើ​ការ​គាំទ្រ​សិទ្ធិ​មនុស្ស​ដូច​គ្នា​ត្រូវ​បាន​នគរបាល​ចាប់​យក​ទៅ។​ ពេល​នោះ​លោក​ស្រី​អាច​គេច​ខ្លួន​បាន​ តែ​លោក​ស្រី​និយាយ​ថា​ លោក​ស្រី​នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​មួយ​នាទី​ណា​ឡើយ។​

ដូច្នេះ​អ្នក​ស្រី​បាន​ដើរ​កៀង​គរ​អ្នក​តវ៉ា​ និង​បំផុស​យុវជន​ឲ្យទាមទារ​យុត្តិធម៌។​ ​កាលណោះ​ លោក​ស្រី​មាន​ប្រសាសន៍ថា៖​ «ខ្ញុំ​មាន​ការ​ស្រម៉ៃ​ចង់​បាន​ថា​ ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ដែល​ត្រូវ​គេ​មាន»។​

លោក​អូបាម៉ា​មាន​ប្រសាសន៍ថា៖ «យើង​មាន​មោទនភាព​ចំពោះ​លោក​ស្រី​ហើយ​យើង​គាំទ្រ​លោក​ស្រី​ចក់ សុភាព»។​

លោក​ស្រី​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។
លោក​ស្រី​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។

លោក​ស្រី​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាកំពុង​ជាប់​បំពេញ​បេសកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។​

លោក​ស្រី​មាន​ប្រសាសន៍ថា៖​ «ចា៎ ​នេះ​ជា​កិត្តិយស​មួយ​សម្រាប់​រូប​ខ្ញុំ ​ហើយ​ក៏​ជា​កិត្តិយស​ម្រាប់​លោក​ឈុត វុទ្ធី​ផង​ដែរ​ ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​លើក​ឈ្មោះ​របស់​យើង​មក​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក។​ ហើយ​នេះ​ជា​មោទន​ភាព​របស់​ប្រទេស​កម្ពុជា​យើង ​ហើយនឹង​សកម្មជន​ទាំង​អស់​ដែល​គាត់​បាន​លើក​ឡើង​នូវ​តួនាទី​សំខាន់​របស់​តួអង្គ​សង្គម​ស៊ីវិល​ ជាពិសេស​គឺ​ពលរដ្ឋ​ទាំង​មូល​ចា៎»។​

បទសម្ភាសន៍វីអូអេជាមួយលោកស្រី ចក់ សុភាព

លោក​ឈុត វុទ្ធី​ ​ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ឆ្នាំ​២០១២​ នៅ​ឃុំ​បាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះ​កុង​ ខណៈពេល​ដែល​លោក​នាំ​អ្នក​យក​ព័ត៌មាន​ចំនួន​២​រូប​ចុះ​អង្កេត​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ទី​នោះ។​

ឃាតកម្ម​ទៅ​លើ​លោក​ឈុត វុទ្ធី​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចប់​ការ​ស៊ើប​អង្កេត​ និង​បាន​សន្និដ្ឋាន​ថា ​លោក​ឈុត វុទ្ធី​បាន​ស្លាប់​ដោយ​សារ​រាល​កៃ​គ្រាប់​កាំភ្លើង​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ផ្សេង​ទៀត។

លោក​ឆើយ ​ឧត្តម​រស្មី​ អាយុ​២១​ឆ្នាំ​ កូន​ប្រុស​លោក​ឈុត វុទ្ធី​ មាន​ប្រសាសន៍ថា ​នេះ​ជា​មោន​ភាព​ណាស់​ដែល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បាន​កោត​សរសើរ​ដល់​សព​ឪពុក​របស់លោក។​ ​តែ​លោក​បាន​ស្នើ​សុំ​ឲ្យសហ​រដ្ឋ​អាមេរិក​ជួយ​ឃ្លាំ​មើល​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជា​ធិបេតយ្យ​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ផង។​

លោក​និយាយ​ថា៖​ «ថ្នាក់​ដឹក​នាំ​អាមេរិក​មួយ​ដែល​មាន​លទ្ធិប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ​គេ​បាន​កោត​សរសើរ​លើ​ឪពុក​ខ្ញុំ។​ ​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្តមែន​ទែន។​ ខ្ញុំ​គិត​ថា ​អញ្ចឹង​មាន​ន័យ​ថា​ អាមេរិក​នៅ​មើល​ឃើញ​ឪពុក​របស់​ខ្ញុំ​ថា ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​អ្វី​ដើម្បី​បរិស្ថាន ​និង​ពិភព​លោក​ គឺ​ល្អ​មែន​ទែន​ ​ខុស​ប្លែក​ពី​មេ​ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ ការ​វាយ​តម្លៃ​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​មួយ​ដាច់​ដោយ​ឡែក​របស់​បរទេស​តែ​ប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ​កម្ពុជា​ក៏​បាន​វាយ​តម្លៃ​សម្រាប់ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ដូច​គ្នា​នេះ​ដែរ។

លោក​និយាយ​ថា៖ ​«រឿង​ការ​ស្លាប់​របស់​គាត់​គឺ​ដាច់​ដោយ​ឡែក​ពី​បេសក​កម្ម​របស់​គាត់​ ​ជា​រឿង​មួយ​វា​ខុស​ពេល​ ហើយ​និង​ខុស​កន្លែង​ ដែល​យើង​ខំធ្វើ​ការ​ស្រាវ​ជ្រាវ​ ការ​ពិនិត្យ​មើល ​ហើយ​ករណី​ហ្នឹង​បាន​បិទ​រួច​ស្រេច​ទៅ​ហើយ»។

លោក​ចាន់ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ ការ​កោត​សរសើរ​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេរិក​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ដទៃ​ផ្សេង​ទៀត​ ឲ្យខិតខំ​តស៊ូ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ និងក៏​ជា​ការ​ពញាក់​អារម្មណ៍​ដល់​មេដឹក​នាំ​កម្ពុជា​ផង​ដែរ ​ដែល​មាន​មេដឹក​នាំ​ពិភព​លោក​មួយ​មក​ចាប់​អារម្មណ៍​លើ​សកម្ម​ជន​ការ​ពារសិទ្ធិ​មនុស្ស​ និង​បរិស្ថាន៕

XS
SM
MD
LG