មន្ត្រី​យោធា​កម្ពុជា​សោក​ស្តាយ​ចំពោះ​រឿង​អាស្រូវ​មេ​បញ្ជាការ​ខ្មែរ​អាមេរិកាំង​ តែ​ថា​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​យោធា​​ទេ​

ក្នុង​រូបថត​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ មន្ត្រី​នាវី​អាមេរិក​លោក Michael "Vannak Khem" Misiewicz (ស្តាំ) សំពះ​សាច់​ញាតិ​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ។ លោក «ខឹម វណ្ណៈ‍» បាន​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​នាម​ជា​មេ​បញ្ជាការ​នាវា​ពិឃាត​ USS Mustin របស់​សហរដ្ឋ​អាមេរិក។

ចៅក្រម​តុលាការ​យោធា​កម្ពុជា​ម្នាក់​​​បាន​និយាយ​​​ថា​ នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​រហូត​ដល់​ទោស​មួយ​ជីវិត​ដែរ​ចំពោះ​មន្ត្រី​យោធា​ដែល​ប្រព្រឹត្ត​អំពើ​ធ្លាយ​ការ​សម្ងាត់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ និង​អំពើ​ពុករលួយ​ដែរ។

ក្រុម​មន្ត្រី​យោធា​កម្ពុជា​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​រឿង​អាស្រូវ​ធ្លាយ​ការ​សម្ងាត់​របស់​ជាតិ(សហរដ្ឋ​អាមេរិក)​និង​អំពី​ពុករលួយ​ ដែល​បាន​កើត​ឡើង​ចំពោះ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​ដែល​មាន​ដើម​កំណើត​ខ្មែរ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​យោធា​កម្ពុជា បាន​អះអាង​ថា​ ចំណាត់​ការ​តាម​ច្បាប់​ក្នុង​ប្រទេស​អាមេរិក​លើ​បញ្ហា​រឿង​អាស្រូវ​ នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ទេ។

មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ម្នាក់​គឺ​លោក ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) បាន​ទទួល​កំហុស​នៅ​ចំពោះ​មុខ​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦ ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ករណី​ទទួល​ប្រាក់​សូក​ប៉ាន់​ជា​ថ្នូរ​នឹង​ការ​ចែក​រំលែក​ព័ត៌មាន​យោធា​សម្ងាត់​និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​វិស័យ​យោធា​សហរដ្ឋ​អាមេរិក។​ ក្រុម​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​បាន​និយាយ​ថា ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ច្បាប់​នៅ​ក្នុង​ប្រទេស​ដទៃ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ដែរ​ដែល​អ្នក​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​យោធា​ បើ​រក​ឃើញ​ថា​មាន​កំហុស​ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ​ទោស​ដែរ។ ​តែ​រឿង​នេះ​មិន​ប៉ះ​ពាល់​អ្វី​ដល់​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ប្រទេស​ទាំង​ពីរ​ទេ។

លោក​មេបញ្ជាការ​កងទ័ព​ជើងទឹក​ Michael Vannak Khem Misiewicz ​អាយុ ៤៨ ឆ្នាំ ​ដែល​ជា​និស្សិត​ បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​កងទ័ព​ជើងទឹក នៅ​ទីក្រុង ​Annapolis ​រដ្ឋ ​Maryland ​បាន​ក្លាយ​ជា​មនុស្ស​ទី​៨​ដែល​យល់ព្រម​ទទួល​កំហុស​នៅ​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៏​ធំ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​កងទ័ព​ជើងទឹក​រហូត​ដល់​ថ្នាក់​មន្រ្តី​ជាន់​ខ្ពស់។​ មន្ត្រី​ជាង​១០០​នាក់​ត្រូវ​គេ​ដឹង​ថា​ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​លើ​ករណី​បទឧក្រិដ្ឋ​ ការ​បំពាន​ក្រម​សីលធម៌​ ឬ​ការ​បំពាន​ផ្នែក​រដ្ឋបាល ​ក្រោយ​ពេល​ពួកគេ​បាន​ទទួល​សំបុត្រ​យន្តហោះ​ ប្រើប្រាស់​សេវា​ពេស្យាចារ​និង ​សំបុត្រ​ប្រគុំ​តន្រ្តី ​របស់​តារាចម្រៀង​ Lady Gaga ​ក្រោយ​ពេល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ចំនួន​ទឹកបា្រក់​ ២០លាន​ដុលា្លរ​ដែល​ពួក​គេ​បាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​បរទេស​នៅ​អាស៊ី។ លោក​ Michael ​Misiewicz​ មាន​ឈ្មោះ​ខ្មែរ​ហៅ​ថា ​Vannak Khem ​ធ្លាប់​ដឹកនាំនាវា​ចម្បាំង ​USS Mustin របស់​សហរដ្ឋ​អាមេរិកដែល​មាន​បុគ្គលិក​ប្រមាណ​៣០០​នាក់​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​ នៅ​ក្នុង​បេសកកម្ម​មនុស្សធម៌​ពង្រីក​ទំនាក់ទំនង​លើ​វិស័យ​យោធា​អាមេរិក​និង​កម្ពុជា​ មុន​ពេល​លោក​ត្រូវ​តំឡើង​ឋានៈ​ ​ទៅ​ជា​អនុ​មេបញ្ជាការ​នៃ​នាវា​ទី​៧​ សហរដ្ឋ​អាមេរិក​ប្រចាំការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​USS​ Blue Ridge។

លោក​នាយ​ឧត្តមសេនីយ៍​ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ថ្លែង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​តែ​មាន​ទោស​ដូច​គ្នា​ដែរ​ប្រសិន​បើ​កង​ទ័ព​មិន​បាន​បំពេញ​មុខ​នាទី​របស់​ខ្លួន​ ហើយ​បណ្តោយ​ឲ្យ​ធ្លាយ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​និង​សន្តិសុខ​ជាតិ។

«នៅ​ពេល​ដែល​បញ្ហា​កើត​ឡើង​ អញ្ចឹង​វា​ជា​ការ​សោក​ស្តាយ​មួយ​ហើយ ចំពោះ​ជនជាតិ​កម្ពុជា​របស់​យើង។​ ឥឡូវ​នេះ​គាត់​ក្លាយ​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ក៏ដោយ ​ក៏​ប៉ុន្តែ​ចំពោះ​យើងៗ​ជា​ខ្មែរ​មាន​ពាក្យ​ខ្មែរ​នៅ​ខាង​ក្នុង​ហ្នឹង។​ បើ​ខ្មែរ​ធ្វើ​អ្វី​ដែល​ល្អ​ យើង​រីករាយ ​តែ​បើ​ខ្មែរ​ធ្វើ​អ្វី​មួយ​ដែល​មិន​ល្អ​ទេ​ ក៏​វា​ពាក់ព័ន្ធ​ទៅ​ដល់​កេរ្តិ៍ឈ្មោះ​ របស់​ពួក​យើង​ទាំងអស់​គ្នា​ដែរ ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ»។

រូបថត​ឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បក់​រវេចនៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

លោក​ថា ​នៅ​កម្ពុជា​ កង​យោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ច្បាប់​សហលក្ខន្តិកៈ​ និង​បទប្បញ្ញត្តិ​ទូទៅ​ក្រៅ​ពី​ច្បាប់​ប្រទេស​ដោយ​ចែង​អំពី​សកម្មភាព​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ហាម​ ហើយ​អំពី​ទណ្ឌកម្ម​ដែល​ទទួល​ខាង​ផ្នែក​វិន័យ​ ប្រសិន​ណា​បើ​ប្រព្រឹត្ត​ខុសឆ្គង។

«ជា​ការ​ពិត​ណាស់​ដែល​ជាតិ​និមួយៗ​ ព្រោះ​ថា​ជាតិ​មួយៗ​ប្រទេស​មួយៗ​ត្រូវ​មាន​កងទ័ព​មួយ​ ហើយ​កងទ័ព​នោះ​ត្រូវ​មាន​តួនាទី​បំពេញ​តែ​ក្នុង​ក្របខណ្ឌ​មុខ​នាទី​របស់​ខ្លួន​ ហើយ​ខ្លួន​មិន​ត្រូវ​ធ្វើ​ឲ្យ​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ ធ្លាក់​ទៅ​លើ​ដៃ​នៃ​រដ្ឋ​ណា​ ឬ​ភាគី​ណា​ ឬ​ក្រុម​ណា​ដែល​មិនមែន​ជា​ភារកិច្ច​របស់​ខ្លួន។​ កាល​ណា​តែខ្លួន​នាំ​ព័ត៌មាន​ឬ​ក៏​នាំ​បញ្ហា​អ្វី​មួយ​ដែល​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ ដែល​ជា​កិច្ច​ការងារ​ដ៏​សំខាន់​នោះ​ នៅ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​តែ​មាន​ទោស​ដូចគ្នា​ដែរ»។

លោក​ថ្លែង​បន្ត​ថា​ អំពើ​ពុករលួយ​ដែល​ជា​សត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ រាជរដ្ឋាភិបាល​ មាន​ការ​បង្កើត​ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ដើម្បី​កម្ចាត់​អំពើ​ពុករលួយ ​ធ្វើ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ហើយ​ក៏​មាន​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ក្រុម​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ដែរ។

លោក​ឧត្តមសេនីយ​ឯក​ ណឹម ​សុវត្តិ ​អគ្គនាយក​អគ្គនាយកដ្ឋាន​កិច្ចការ​បរទេស ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា ​សំណុំ​រឿង​មេបញ្ជាការ​យោធា​អាមេរិក​ដែល​ត្រូវ​តុលាការ​ចាត់ការ​តាម​និតិវិធី​នោះ​គឺ​ជា​រឿង​របស់​សរអា​ តែ​មិន​ប៉ះពាល់​ដល់​ទំនាក់​យោធា​ទេ​ ទោះ​ជា​លោក ​Michael ​Vannak Khem ​Misiewicz ជា​ជនជាតិ​អាមេរិកាំង​មាន​ដើម​កំណើត​ខ្មែរ​ក្តី។

«វា​សំខាន់​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​គោលការណ៍​ជាក់​ស្តែង ផែនការ​ដែល​យើង​មាន​សម្រាប់​ទ្វេភាគី។​ រឿង​នេះ​ដូច​ជា​មិន​មាន​អី​ពាក់ព័ន្ធ​នឹង​ការ​ឡើង​ ការ​ចុះ​នៃ​(ទំនាក់ទំនង) ​រឿង​នេះវា​អាស្រ័យ​ទៅ​លើ​ភាព​ជាក់​ស្តែង​នៃ​តម្រូវការ​ទៅ​វិញ​ទៅ​មក​ទាំង​អស់​គ្នា»។

លោក ​គង់ ភោគ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​យល់ស្រប​គ្នា​នេះ​ដែរ​ ដោយ​អះអាង​ថា​ គ្មាន​អ្វី​ដែល​ជា​រឿង​ប៉ះពាល់​រវាង​កម្ពុជា​និង​សរអា​ទេ​ ព្រោះ​រឿង​នេះ​កើត​នៅ​ឆ្ងាយ ​ហើយ​នេះ​គឺ​ជា​រឿង​ផ្ទៃក្នុង​របស់​សរអា​សុទ្ធសាធ។

«ពាក់ព័ន្ធ​ជាមួយ​រឿង​ការ​ប៉ះទង្គិច​ហ្នឹង​ វា​គ្រាន់​តែ​ជាការ​មើល​ឃើញ​ថា​ ហ្អ!​ គាត់​ជា​ខ្មែរ​ដែល​ចេញ​ពី​ប្រទេស​ខ្មែរ​ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ឯណោះ ​(សរអា)​ ហើយ​ជាប់​ពាក់ព័ន្ធ​រឿង​ពុករលួយ​អញ្ចឹង​ទេ។​ តែ​បើ​និយាយ​ពី​ការ​ប៉ះពាល់​ជា​ដុំ​កំភួន​ វា​អត់​ទេ»។

ចៅក្រម​តុលាការ​យោធា​កម្ពុជា​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ប្រាប់​ឈ្មោះ​ថា​ នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​រហូត​ដល់​ទោស​មួយ​ជីវិត​ដែរ​ចំពោះ​មន្ត្រី​យោធា​ដែល​ប្រព្រឹត្ត​អំពើ​ធ្លាយ​ការ​សម្ងាត់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ និង​អំពើ​ពុករលួយ​ដែរ។

មន្ត្រី​តុលាការ​យោធា​ដដែល​បាន​បញ្ជាក់​ថា ​កន្លង​មក​តុលាការ​យោធា​ក៏​ធ្លាប់​បាន​កាត់​ទោស​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាមេរិក​ចំពោះ​ជន​ល្មើស​ដែល​បង្ក​ជា​បញ្ហា​អសន្តិសុខ​ជាតិ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដូច​ជា​ការ​កិបកេង​ប្រាក់​និង​សម្ភារៈ​យោធា​ ប្រព្រឹត្ត​អំពើ​បាញ់​បោះ​លើ​កូន​ទាហាន​ជាដើម។

ក្នុង​អំឡុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២ ​លោក​ Misiewicz ​បាន​កាន់​តំណែង​ដ៏​សំខាន់​មួយ​ជា​អនុប្រធាន​ប្រតិបត្តិការ​កង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ទី៧ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។ ​នៅ​ក្នុង​តួនាទី​នោះ​ លោក​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ឲ្យ​នានា​របស់​កងទ័ព​ជើងទឹក​ថា​គួរ​ចត​នាវា​របស់​ខ្លួន​នៅ​កំពង់​ផែ​មួយ​ណា និង​រយៈ​ពេល​ប៉ុន្មាន​ ដែល​តួនាទី​នេះ​ធ្វើ​ឲ្យ​លោក​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុមហ៊ុន ​Glenn ​Defense ​Marine ​Asia ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់។

យោង​តាម​ដីកា​ចោទ​ប្រកាន់​មួយ​លើ​ករណី​នេះ ​លោក ​Misiewicz ​បាន​ទម្លាយ​នូវ​ព័ត៌មាន​សម្ងាត់​អំពី​ផែនការ​បម្លាស់ទី​កន្លែង​របស់​នាវា​កងទ័ព​ជើង​ទឹក​ដល់​ក្រុមហ៊ុន​ Glenn ​Defense ​Marine Asia ​ចំនួន​៦​លើក​ខុសៗ​គ្នា។

បន្ថែម​ពី​លើ​នោះ​ទៀត ​យោង​តាម​លិខិត​ផ្លូវការ​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​សហព័ន្ធ​ លោក​ Misiewicz ​ពេល​ខ្លះ​បាន​បញ្ជា​នាវា​ឲ្យ​ទៅ​ចត​នៅ​កំពង់ផែ​ដែល​ត្រួតត្រា​ដោយ​ក្រុមហ៊ុន ​Glenn Defense ​Marine Asia ​ជា​ថ្នូរ​នឹង​លុយ​ពុករលួយ​និង​ការ​សប្បាយ​នានា​ដែល​ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ី​នេះ​បាន​ចំណាយ​ប្រាក់​សូក​ប៉ាន់។

ជា​ឧទាហរណ៍​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១​ នាវា​ចម្បាំង​ USS ​John C. ​Stennis បាន​ពន្យារ​រយៈ​ពេល​ចត​នៅ​កំពង់ផែ​មួយ​នៅ​ម៉ាឡេស៊ី​ដែល​ជា​របស់​ក្រុមហ៊ុន​ Glenn Defense ​Marine Asia ​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​គិត​ថ្លៃ​បន្ថែម​ពី​កងទ័ព​ជើង​ទឹក​ចំនួន​២៥០.០០០​ដុល្លារ។

បើ​តាម​លិខិត​ដដែល​នេះ​បញ្ជាក់​ថា ​ការណ៍​ដូច​គ្នា​បាន​កើត​មាន​ឡើង​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​ទៀត​ឈ្មោះ​ USS George ​Washington ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១២ ​នៅ​ពេល​វា​បាន​លុបចោល​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ ហើយ​បាន​ទៅ​ឈប់​សំចត​នៅ​ឯ​កំពង់ផែ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ដែល​ចាត់​ចែង​ដោយ​ក្រុម​ហ៊ុន ​Glenn​ Defense ​Maritime Asia ​ដោយ​ផ្តល់​ប្រាក់​១.៨​លានដុល្លារ​ឱ្យ​ក្រុមហ៊ុន​នេះ ។

ក្រុម​រដ្ឋ​អាជ្ញា​និង​ក្រុម​អ្នកស៊ើប​អង្កេត​សហព័ន្ធ​បាន​ចោទ​ប្រកាន់​លោក Misiewicz ​ថា​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ផែនការ​ស៊ីសំណូក​សូក​ប៉ាន់​រយៈពេល​វែង ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ជាប់​កុងត្រា​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ គឺ​ក្រុមហ៊ុន ​Glenn ​Defense ​Marine ​Asia ​កេង​ប្រវ័ញ្ច​ពី​កងទ័ព​ជើង​ទឹក​អាមេរិក​នូវ​ទឹក​ប្រាក់​ជាង​២០​លាន​ដុល្លារ។​ ក្រុមហ៊ុន​នេះ​បាន​ជាប់​កុងត្រា​ជាង​២៥ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​សេវា​ដល់​នាវា​យោធា​សារ​ជា​ថ្មី​ក្នុង​អំឡុង​ពេល​ចុះចត​នៅ​កំពង់ផែ​នៅ​អាស៊ី​ ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​សារភាព​ថា​ ខ្លួន​បាន​គិត​ថ្លៃ​ខ្ពស់​ហួស​ហេតុ​ពី​រដ្ឋាភិបាល​អាមេរិក​សម្រាប់​សេវាកម្ម​របស់​ខ្លួន។

VOA ​ព្យាយាម​ទាក់ទង​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​គ្រួសារ​លោក ​Michael Vannak Khem ​Misiewicz ​ជា​ជន​ជាប់​ចោទ​ដែរ​ ដើម្បី​បំភ្លឺ​អំពី​រឿង​ចោទ​ប្រកាន់​នេះ តែ​មិន​បាន​ជោគជ័យ​ទេ។​ បងប្រុស​ជន​ជាប់​ចោទ​ម្នាក់​គឺ ​លោក ​ខឹម វាសនា​ បាន​បដិសេធ​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ ​VOA ​ដោយ​លោក​បញ្ជាក់​ថា ​គ្មាន​ការ​ចាំ​បាច់​ដែល​លោក​និង​គ្រួសារ​លោក​ត្រូវ​និយាយ​រឿង​ប្អូន​ប្រុស​លោក​ទេ។​ តែ​លោក​ គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ «ការ​មួល​បង្កាច់​និង​ការ​ច្រណែន ​គឺ​ជា​ឫសគល់​នៃ​បញ្ហា​ទាំង​អស់»។

លោក​ Michael​ Vannak Khem​ Misiewicz ​ត្រូវ​គេ​ដឹង​ថា ​ត្រូវ​បាន​បុគ្គលិក​ទូត​អាមេរិកាំង​ម្នាក់​បាន​យក​មក​ចញ្ចឹម​ក្នុង​ពេល​កម្ពុជា​មាន​សង្គ្រាម​កាលពី​ជិត៤០ឆ្នាំ​មុន។​ រឿង​អាស្រូវ​ពុករលួយ​និង​ការ​បញ្ចេញ​ការ​សម្ងាត់​ជាតិ​នេះ​ កើត​ឡើង​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​លោក​ត្រូវ​បង្ហាញ​មុខ​ថា ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ មាន​តួនាទី​ជាន់ខ្ពស់​ក្នុង​វិស័យ​យោធា​អាមេរិកាំង​ បានបំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ប្រទេស​កំណើត​របស់​លោក​ដែល​រង​ឥទ្ធិពល​បរទេស​និង​សង្គ្រាម​ជា​ច្រើន​ឆ្នាំ៕