អាជ្ញាធរទន្លេមេគង្គ មន្រ្តីសាលាខេត្តជាប់ទន្លេ និងប្រជាពលរដ្ឋឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់យ៉ាងរហ័ស ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសផ្នែកខាងលើទន្លេមេគង្គ ដូចជាប្រទេសចិនជាដើម។
អាជ្ញាធរតាមបណ្តាខេត្តជាប់ទន្លេមេគង្គឲ្យដឹងថា ទឹកទន្លេមេគង្គហក់ឡើងខ្ពស់តែក្នុងមួយយប់ គឺជាង១ម៉ែត្រ ដែលជារៀងរាល់ឆ្នាំ ក្នុងខែនេះ មិនដែលឡើងដល់កម្រិតនេះទេ។
លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានប្រាប់ VOA ថា បើទោះទឹកទន្លេមេគង្គកើនឡើងរហ័សបែបនេះ ប៉ុន្តែវាមិនទាន់ជាការព្រួយបារម្ភអ្វីនៅឡើយទេ ដោយសារនេះជាការឡើងចុះនៃទឹកទន្លេជាធម្មតាតែប៉ុណ្ណោះ។ លោកបន្ថែមថា ទឹកឡើងនេះបណ្តាលមកពីលំហូរទឹកពីប្រទេសនៅផ្នែកខាងលើ ដែលកំពុងជួបខ្យល់ព្យុះ និងភ្លៀងធ្លាក់ច្រើន។
លោកថ្លែងថា៖ «យើងបានដឹងហើយសព្វថ្ងៃនេះ វាមានភ្លៀងខ្លាំងនៅខាងលើ[ដែល] ព័ត៌មាន[ខាងក្រសួង]ធនធានទឹកសរសេរដែរតើ។ វាមានភ្លៀងនៅម្តុំស្រុកចិន វាមានភ្លៀងនៅម្តុំស្រុកថៃ ភ្លៀងនៅម្តុំស្រុកឡាវខ្លាំង។ ហើយដល់វាភ្លៀងអញ្ចឹងទៅ ទឹកនឹងប្រមូល ហូរចូលមកក្នុងទន្លេមេគង្គ វាហូរចុះមកក្រោម។ ហើយគេបញ្ជាក់ទៀតថាមានភ្លៀងមែនខាងម្តុំឦសាន គេមានដៃទន្លេ៣នៅហ្នឹងមានទន្លេសេកុង សេសាន ស្រែពក អញ្ចឹងកាលណាភ្លៀងវាប្រមូលមក វាហូរចូលមកទន្លេមេគង្គ។ ប៉ុន្តែទឹកដែលគេធ្វើការព្យាករណ៍ថា ឡើងវាមិនឡើងខ្លាំងគួរឲ្យយើងព្រួយបារម្ភអីទេ»។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចេញផ្សាយនៅថ្ងៃអង្គារនេះ ឲ្យដឹងថា កម្ពស់ទឹកនៅថ្ងៃទី២៧ ខែកក្កដា វេលាម៉ោង៧ព្រឹកនេះ កើនឡើងខ្លាំង ដែលទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ កើនឡើងប្រមាណ១.៨២ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេមានកម្ពស់ដល់១៥ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន គឺ២២ម៉ែត្រ។ ចំណែកទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម កើនឡើងជិតមួយម៉ែត្រ គឺ០.៩៨ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេមានកម្ពស់៨.០៤ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន គឺ១៥.២២ម៉ែត្រ។ ចំណែកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង កម្ពស់ទឹកកើនឡើង០.៨៨ម៉ែត្រ ដែលធ្វើឲ្យទឹកទន្លេមានកម្ពស់៧.៣៦ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នចំនួន១០.៧០ម៉ែត្រ។ ក្រសួងធនធានទឹកបានព្យាករថាទឹកទន្លេមេគង្គនឹងបន្តហក់ឡើងទៀត រហូតដល់ថ្ងៃទី៣០ ខែកក្កដា។ ចំណែកទឹកទន្លេបាសាក់ និងទន្លេសាប ក៏ហក់ឡើងផងដែរ។
ក្រសួងធនធានទឹកបានឲ្យដឹងថាកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ហើយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ចំណែកកាលពីថ្ងៃចន្ទ ក្រសួងធនធានទឹកបានជូនដំណឹងថារយៈពេលកន្លងមក ព្យុះទី៧ឈ្មោះសេមប៉ាកា(CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត មានឥទ្ធិពលមកលើអាងទន្លេមេគង្គ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងធនធានទឹកនិងឧតុនិយមបាននៅឡើយទេនៅថ្ងៃអង្គារនេះ។
អ្នកស្រី សំ ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូប បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ទឹកទន្លេកើនឡើង ស្របពេលដែលមានភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា។ អ្នកស្រីបញ្ជាក់ថា ការឡើងកម្ពស់ទឹកនេះខុសប្លែកពីឆ្នាំមុនៗផងដែរ ហើយអាជ្ញាធរពាក់ព័ន្ធត្រៀមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នផងដែរ ប្រសិនបើទឹកនៅតែបន្តកើនឡើងយ៉ាងគំហុកបែបនេះទៀត។
អ្នកស្រីថ្លែងថា៖ «ក្នុងខែហ្នឹង ឆ្នាំទៅៗ ទឹកវាអត់សូវឡើង បើយើងធៀបឆ្នាំទៅវាខុសគ្នា។ ប៉ុន្តែគ្រាន់ថាយើងមិនទាន់ដឹងថាវាមកពីបញ្ហាអ្វី ដោយសារស្ថានភាពប៉ុន្មានថ្ងៃនេះ វាភ្លៀងរហូត សំខាន់អាចមកពីជំនន់ទឹកភ្លៀង ក៏ថាបាន។ អញ្ចឹងបានមើលតាមដាន ថ្ងៃហ្នឹង ស្អែកអីអញ្ចឹងមើល [ថា]ឡើងអញ្ចឹងទៀត ឬយ៉ាងម៉េច។ ឡើងគំហុកអញ្ចឹង!»។
ចំណែកលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូបដែរ បានប្រាប់VOAថាកម្ពស់ទឹកទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក កើនឡើងផងដែរ។
លោកថ្លែងថា៖«ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ យើងមានព្យុះមកពីក្រៅ។ យើងទទួលរងខ្យល់ព្យុះមកពីបរទេស តាមការជូនដំណឹងរបស់ក្រសួងធនធានទឹកហ្នឹង។ ហើយយើងក៏ឃើញទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងមានការកើនឡើង [តែ]មិនជាមានការហក់ល្បឿនលឿន ឡើងលឿនទេ នេះគ្រាន់ជាទឹកភ្លៀង។ អញ្ចឹងអាជ្ញាធរខេត្តក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យធ្វើការផ្សព្វផ្សាយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្តខ្ពស់»។
អ្នកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូប បានប្រាប់ VOA ថា កម្ពស់ទឹកកើនឡើង ដែលអ្នកស្រីថា សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ចង់ឲ្យទឹកកើនឡើង ដើម្បីអាចជួយដល់ការកម្ចាត់ដង្កូវ និងសត្វល្អិតផ្សេងៗក្នុងចម្ការ។
អ្នកស្រីថ្លែងថា៖ «បើ[ទឹក]បានឡើងឲ្យបានលិចទៅ វាងាប់សត្វដង្កូវ សត្វអី[លើដំណាំ] ធ្វើស្រែ ធ្វើអីកើត។ ប្រជាពលរដ្ឋនៅតាមមាត់ទន្លេ គាត់អរណាស់ឲ្យតែបានលិច.... គាត់បារម្ភខ្លាចមិនលិចផង»។
ចំណែកអ្នកស្រី ផ្លោក សារ៉េត អាយុ៥០ឆ្នាំ ជាកសិករម្នាក់នៅលើកោះត្នោតជាប់នឹងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តស្ទឹងត្រែង បានប្រាប់ VOA ថា ទឹកទន្លេកើនឡើង ប៉ុន្តែតំបន់របស់អ្នកស្រីបានជួបគ្រោះរាំងស្ងួត មិនមានភ្លៀងធ្លាក់។
អ្នកស្រីថ្លែងថា៖ «គិតថាទឹកឡើងនេះឡើង ដោយសារទឹកវារីអគ្គិសនីដែលលិច បាក់ទំនប់នៅប្រទេសគេ។ បើថាទឹកភ្លៀងដូចអត់ឃើញមានភ្លៀងផង ពីព្រោះខ្ញុំ(ថា)ភាពរាំងស្ងួតខ្លាំងហើយឥឡូវ។ ជារួមថានៅក្នុងស្រុកសំបូរទាំងមូលនេះ ភាពរាំងស្ងួតខ្លាំង។ ស្រូវអ្នកពង្រួសមិនសូវអីទេ បានទឹកភ្លៀងខ្លះទៅ។ តែអ្នកស្ទូង គឺអត់មានទឹកស្ទូង[ទេ]»។
អ្នកស្រីបង្ហាញការព្រួយបារម្ភដែរ ប្រសិនបើទឹកទន្លេមេគង្គបន្តហក់ឡើងខ្ពស់ ដោយខា្លចមានទឹកជំនន់លិចផ្ទះសម្បែង និងដំណាំផ្សេងៗ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានថ្លែងថា កម្ពស់ទឹកឡើងនេះ ដោយសាររងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ច្រើនក្នុងប្រទេសនៅផ្នែកខាងលើ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងពាក់ព័ន្ធ៕