ការ​បង្រ្កាប​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ត្រូវ​បាន​យល់​ឃើញ​ថា​ជា​ ចំណាត់ការ​ចម្បង​របស់​រដ្ឋាភិបាល​ មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៨

  • Ron Corben

រូបឯកសារ៖ កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន​​ ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។ នាពេលថ្មីៗ​នេះ​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​កាសែត​ The Cambodia Daily បង់ពន្ធ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិនបាន​បង់ជូន​រដ្ឋ​តាំងពី​ឆ្នាំ២០០៧។ (ហ៊ាន សុជាតា/VOA)

ចំណាត់ការ​យ៉ាង​មុតមាំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​នេះ កើត​​ឡើង​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ការ​គាំទ្រ​បក្ស​ប្រឆាំង ជាពិសេស​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​វ័យ​ក្មេង។

ចំណាត់ការ​នាពេលថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្រ្កាប​បណ្តាញ​ផ្សព្វផ្សាយឯករាជ្យ ដែល​រួម​មាន​វិទ្យុ និង​សារព័ត៌មាន ត្រូវ​បាន​ក្រុម​អ្នក​វិភាគ និង​ក្រុម​សកម្មជន​យល់​ឃើញ​ថា ជា​ចំណាត់ការ​ចម្បង​មួយ​របស់​រដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨។

ចំណាត់ការ​យ៉ាង​មុតមាំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​នេះ កើតឡើង​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ការ​គាំទ្រ​បក្ស​ប្រឆាំង ជាពិសេស​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​វ័យ​ក្មេង។

ការ​ចោទប្រកាន់​ពី​យុទ្ធនាការ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ក៏​បាន​លើកឡើង​ពីយុទ្ធសាស្រ្ត​ទូលំទូលាយ​មួយ​ របស់​រដ្ឋាភិបាលប្រឆាំង​នឹង​បណ្តាញ​ផ្សព្វផ្សាយ និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស។

អង្គការ​វេទិកា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​ បាន​ថ្កោលទោស​ការ​វាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​អង្គការ​សង្គមស៊ីវិល និង​បណ្តាញ​ផ្សព្វផ្សាយ។

អង្គការ​វេទិកា​អាស៊ាន​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖

«វិធានការ​គាប​សង្កត់​ទាំង​នេះ​កើត​ឡើង​នៅ​ចំ​ចំណុច​របត់​សំខាន់​មួយ​សម្រាប់​កម្ពុជា និង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ស្របច្បាប់ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ»។

អង្គការ​នេះ​ក៏​បាន​លើកឡើង​ពី​ការ​បាញ់​សម្លាប់​សកម្មជន​មួយ​រូប គឺ​លោក​កែម ឡី​ ក្នុង​ខែ​កក្កដា កាល​ពី​ឆ្នាំ​មុន​ផង​ដែរ ក៏ដូចជា​ ការ​ឃុំ​ខ្លួន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដទៃ​ទៀត និង​បាន​បន្ថែម​ថា «វប្បធម៌​ភាព​ភ័យខ្លាច​កំពុង​តែ​រីករាលដាល​ពេញ​ផ្ទៃ​ប្រទេស»។

យុទ្ធនាការ​បង្រ្កាប​ក្នុង​ទម្រង់​ខុសៗ​គ្នា

យុទ្ធនាការ​បង្រ្កាប​បណ្តាញ​ផ្សព្វផ្សាយ​ ​រួម​មាន​ការ​ទាមទារ​ឲ្យ​បង់ពន្ធ​ក្នុង​ទឹកប្រាក់ ៦,៣ លាន​ដុល្លារ​ពី​កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily ដែល​បាន​ចេញ​ផ្សាយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣​មក ដោយ​បង្ខំ​ឲ្យ​កាសែតនេះ​បញ្ឈប់​ដំណើរការ ប្រសិន​បើ​មិន​បង់​ប្រាក់​ត្រឹម​ថ្ងៃ​ទី០៤ ខែ​កញ្ញា​ខាង​មុខ​នេះ។

​គោលដៅ​នៃ​ការ​បង្រ្កាប​ដទៃ​ទៀត​ រួម​មាន​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួននៅ​កម្ពុជា​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដោយ​រដ្ឋាភិបាល​បាន​អះអាង​ថា វិទ្យុ​ទាំង​ពីរ​នេះ​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ចោទ​ប្រកាន់​ថា ការិយាល័យ​វិទ្យុ​ទាំងពីរ​ «មិនបាន​ចុះបញ្ជី» ត្រឹមត្រូវ​ជាមួយ​អាជ្ញាធរ។

នៅ​ចុង​ខែ​សីហា ក្រសួង​ការបរទេសនៅ​កម្ពុជា បាន​បញ្ជា​ឲ្យ​បិទ​វិទ្យាស្ថានប្រជាធិបតេយ្យ​ជាតិ (NDI) ដែល​ជា​អង្គការ​អន្តរជាតិ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ ដោយ​បញ្ជា​ឲ្យ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា មុន​ចុង​ខែ​សីហា​នេះ។

​លោក Billy Chai-Lung Tai អ្នក​វិភាគ​ឯករាជ្យ​ផ្នែក​សិទ្ធិមនុស្ស និង​ការ​គ្រប់គ្រង​គម្រោង​ និយាយ​ថា ចំណាត់ការ​ប្រឆាំង​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ បាន​ធ្វើ​ឲ្យ​មាន​ការ​កាត់​ផ្តាច់​កាន់​តែ​ខ្លាំង​រវាង​រដ្ឋាភិបាល និង​បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន​ ក៏ដូចជា​ ការ​តស៊ូ​មតិ​ជា​សាធារណៈ។

អ្នក​វិភាគ​និយាយ​ថា ចិន​ជា​កត្តា​នៅ​ពី​ក្រោយ​មួយ

​លោក Chai-Lung Tai បាន​លើកឡើង​ក្នុង​សារអេឡិចត្រូនិច (អ៊ីម៉ែល) មួយ​មក​កាន់ VOA ថា៖ «ជាក់ស្តែង​គឺថា ការ​វាយប្រហារ​ដើម្បី​ប្រយោជន៍​កំពុង​កើត​មាន​ហើយ»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក៏​លែង​សូវ​មាន​ការ​សម្រប​ខ្លួន​ដូច​មុន​ ចំពោះ​ការ​រក្សា​ «រូបភាព​គាំទ្រ​សិទ្ធិមនុស្ស​ ដើម្បី​បង្ហាញ​ទៅ​ ប្រទេស​ផ្តល់​ជំនួយ​បរទេស​ត​ទៅ​ទៀត​ហើយ»។

កម្ពុជា​កំពុង​តែ​ថមថយ​ក្នុង​ការ​ពឹងផ្អែក​លើ​ជំនួយ​អភិវឌ្ឍន៍​បរទេស​ពី​បស្ចឹម​ប្រទេស​ នា​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេសនេះ​បាន​រីកចម្រើន ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​ចំណង​កាន់​តែ​ជិតដិត​ជាមួយនឹង​ប្រទេស​ចិន។

ការ​លើកឡើង​ផ្សេងៗ​ដែល​ថា រដ្ឋាភិបាល​ព្រួយបារម្ភ​ពី​ការ​បោះឆ្នោត

លោក Nathan Thompson ប្រធាន​ក្លឹប​អ្នក​សារព័ត៌មាន​បរទេសនៅ​កម្ពុជា (OPCC) បាន​និយាយ​ថា ការ​បោះឆ្នោត​ឆ្នាំ ២០១៨​ ជា​ហេតុផល​ចម្បង​នៅ​ក្រោយ​ការ​បង្រ្កាប​ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ។

​លោក Thompson បាន​ប្រាប់​ VOA តាម​សារអេឡិចត្រូនិច (អ៊ីម៉ែល) ថា៖ «គណបក្ស​កាន់អំណាច​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ចាញ់​ការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ធ្វើ​ការ​បង្រ្កាប​លើ​គ្រប់​សំឡេង​ប្រឆាំង»។ លោក​ក៏​បាន​លើកឡើង​ពី​ការ​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​កន្លង​ទៅ​នេះ ដោយនិយាយ​ថា លទ្ធផល​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់ «ត្រឹម​តែធ្វើ​ពួកគេព្រួយបារម្ភកាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណោះ»។

លោក​បាន​និយាយ​ថា ក៏​មាន​ការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ត្រូវ​ពង្រឹង​ច្បាប់​ទិដ្ឋាការ និង​អាជ្ញាប័ណ្ណ​ការងារ ដោយ​ការណ៍​នេះ​នឹង​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​ចំពោះរដ្ឋាភិបាល​ក្នុង​ការ​បដិសេធ​ទិដ្ឋាការ​សម្រាប់​ទាំង​អ្នកសារព័ត៌មាន​មិន​ក្រោម​អង្គភាព​ណាមួយ និង​ទាំង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស។

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចោទប្រកាន់​រដ្ឋាភិបាល​ថា ចង់​បង្រ្កាបក្រុម​អ្នក​រិះគន់

អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លោក Phil Robertson បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​តែ​បង្ហាញ​ភាព​ផ្តាច់ការ ដើម្បី​គ្រប់គ្រង​លើ​បណ្តាញ​ផ្សព្វផ្សាយ និង​ «កម្ចាត់» មេដឹកនាំ​នានា​ក្នុង​ជួរ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រិះគន់​មក​លើ​ខ្លួន តាមរយៈ «ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​មិន​ពិត ដែល​ត្រូវ​វិនិច្ឆ័យ​ដោយ​ចៅក្រម​ ជិតដិត​នឹង​ [លោក​នាយករដ្ឋមន្រ្តី]»។

លោក​ Robertson បាន​និយាយ​ថា យុទ្ធសាស្រ្ត​របស់​លោកហ៊ុន សែន​ គឺ «បន្ទុចបង្អាក់​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែល​នៅ​សេសសល់​នានា មិនថា​ជា វិទ្យុ ឬ​សារព័ត៌មាន មុនពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨»។

នៅ​ក្នុង​សេចក្តី​អធិប្បាយ​កាល​ពី​ខែ​ឧសភា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​កេង​ចំណេញ​ពី​ «វោហារសាស្ត្រ​ និង​គោលនយោបាយ​គឃ្លើន​ជាង​មុន» របស់​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​នៅ​សហរដ្ឋអាមេរិក ទៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ (នៅ​សហរដ្ឋ​អាមេរិក)។

សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (SEAPA) បាន​និយាយ​ថា រដ្ឋាភិបាល​គួរ​បញ្ជាក់​ឲ្យ​ច្បាស់​ពីនិយ័តកម្ម​ថ្មី​ពី​ដើម​ឡើយ «ជាជាង​ធ្វើ​ការ​បង្រ្កាប​ភ្លាមៗ​ជា​ចំណាត់ការ​ដំបូង»។

លោក Edgardo Legaspi ប្រធាន​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ បាន​ហៅ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថា​ជា «ការ​វាយប្រហារ​ជា​ប្រព័ន្ធ» នៅ​ក្នុង​ការ​បំបិទ​សំឡេង​បណ្តាញ​ផ្សព្វផ្សាយ និង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ជុំវិញ​ការ​បង្ក្រាប​លើ​បណ្តាញ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ។

លោក Legaspi បាន​ប្រាប់​ VOA ថា៖ «វា​ជា​ការ​សំខាន់​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ពួកគេ​ជុំវិញព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​នេះ ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ប្រកាន់​យក​ចំណាត់ការ​សមហេតុផល​ជាង​នេះ ចំពោះ​ការព្រួយបារម្ភ​ ដែល​មាន​ភ្លាមៗ ​របស់​ពួកគេ​អំពី​ពន្ធដារ ឬ​រាយការណ៍​ពី​វិទ្យុ​ (បរទេស) ដែល​ទិញ​ម៉ោង​ចាក់​ផ្សាយ»។

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​ស្នើសុំ​ឲ្យ​ដាក់​បញ្ចូល​ឡើង​វិញ​ជា​បន្ទាន់​នូវ​កម្មវិធី​វិទ្យុ​ ដែលត្រូវ​បាន​លុបចោល»។

ចំណាត់ថ្នាក់ «សេរីភាព​សារព័ត៌មាន» នៅ​កម្ពុជា នៅ​ទាប

កម្ពុជា​នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ទាប​នៅ​ឡើយ ចំពោះ​សេរីភាព​សារព័ត៌មាន​ ដោយ​អង្គភាព​ឃ្លាំ​មើល​បណ្តាញ​ផ្សព្វផ្សាយ​ Freedom House បាន​ចាត់ទុក​បណ្តាញ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ថា «មិន​សេរី» ខណៈ​ដែល​នៅ​ក្នុង​ឆ្នាំ ២០១៦ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ចាត់​ថ្នាក់​កម្ពុជា​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី១២៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨២ សម្រាប់​សេរីភាពសារព័ត៌មាន។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា អ្នក​សារព័ត៌មាន​បាន​ក្លាយ​ជា «ជន​រងគ្រោះ​នៃ​ការ​វាយដំ​លើ​រាងកាយ ការ​បៀតបៀន​តាម​ផ្លូវ​តុលាការ និង​ថែមទាំង​ការ​សម្លាប់​ផង​ដែរ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤មក អ្នក​សារព័ត៌មាន​ចំនួន ១៤​នាក់ ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ដោយ​ការ​សម្លាប់​ភាគច្រើន​ ត្រូវ​បាន​ធ្វើ​ឡើង «ដោយ​និទណ្ឌភាព​ទាំងស្រុង» ហើយ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន «បរិយាកាស​ភ័យខ្លាច​នៅ​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​ និង​អ្នក​អធិប្បាយ​ផ្នែក​នយោបាយ​នៅ​កម្ពុជា»។

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​សេចក្តីអធិប្បាយ​ទេ៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា