រដ្ឋាភិបាល​បង្កើត​​ជា​ផ្លូវការ​​«ទិវា​ជាតិ​នៃ​ការ​ចងចាំ»​របប​ប្រល័យ​ពូជសាស៍​ខ្មែរ​ក្រហម​ដើម្បី​ជា​សំណង​​ដល់​ជន​រងគ្រោះ

រូប​ឯកសារ៖ សិស្ស​និស្សិត​ អ្នក​រស់រាន​មានជិវិត​ពី​របប​ខ្មែរ​របប ព្រះសង្ឃ​​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ជាង​១.០០០​នាក់​ទស្សនា​ការ​សម្ដែង​ការ​ធ្វើ​ទារុណកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​ នៅ​វាលពិឃាត​ជើង​ឯកនៅ​រាជធានី​ភ្នំពេញ​​កាល​ពី​​ថ្ងៃ​ទី​២០​ឧសភា ២០១៦ ក្នុង​ឱកាស​ទិវា​នៃ​ការ​ចងចាំដើម្បី​រំឭក​ដល់​​វិញ្ញានក្ខ័ន្ធ​​អ្នក​ដែល​ស្លាប់​នៅ​របប​ប្រល័យ​ពូជសាសន៏​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

ក្រោយ​ពី​ទិវា​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាស៍​ខ្មែរ​ក្រហម​បាន​ប្រារព្ធ​ច្រើន​ទសវត្សរ៍​មក​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​​អនុក្រឹត្យ​មួយ​បង្កើត​​ទិវា​នេះ​ជា​បុណ្យ​ជាតិ​ផ្លូវការ​ ​ដែល​ជា​សំណង​មួយ​នៃ​សំណង​រដ្ឋប្បវេណី​សមូហភាព​​​ដល់​ជនរងគ្រោះ​​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ ​ប៉ុល ពត។

ការបង្កើត​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដោយ​កំណត់​យក​ថ្ងៃទី​២០​ ​ខែ​ឧសភា​ ​ជា​ថ្ងៃ​ឈប់​សម្រាក​ជារៀង​រាល់​ឆ្នាំ​ ​ដើម្បី​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្មដែល​កើត​មាន​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យនោះ គឺ​ជាផ្នែក​មួយ​នៃ​សំណង​រដ្ឋប្បវេណីបែប​សមូហភាព​ ​ដែល​ផ្តល់​ដោយ​សាលាក្តី​ខ្មែរ​ក្រហម។​ ​នេះ​បើ​តាម​ការ​បញ្ជាក់របស់​លោក​ ​នេត ភក្រ្តា​ ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។​

ការ​បញ្ជាក់​របស់​លោក​ ​នេត្រ ភក្រ្តា​ ​ធ្វើ​ឡើង​បន្តាប់​ពី​ ​រដ្ឋាភិបាល​បាន​ចេញអនុ​ក្រឹត្យមួយ​ស្តីពី​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ​ដែល​ចុះ​ហត្ថលេខា​ ​និង​ត្រានៅ​ថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ ​ដោយលោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។​ ការ​បង្កើត​ថ្ងៃ​នៃ​ការ​ចងចាំគឺ​ដើម្បី​រំឭក​ដល់​ជនរង​គ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្មដែល​កើត​មាន​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ។​

លោក​ នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ​(ECCC)​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ អនុក្រឹត្យ​ស្តីពី​ទិវា​នៃ​ការ​ចងចាំ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​គឺ​ជា​សំណង​រដ្ឋប្បវេណីមួយ​សម្រាប់​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​០០២/០១​ ​បន្ទាប់​ពីជនរង​គ្រោះ​បាន​ស្នើ​ទៅ​តុលាការ​សាលាក្តី​ខ្មែរក្រហម​ ក្នុង​ពេល​កន្លង​មក។​ ​លោក​បន្ថែម​ថា​ ​ទិវា​នៃ​ការ​ចងចាំ​នេះ​គឺ​ជា​សំណង​សមូហភាព​មួយ​ក្នុង​ចំណោម​សំណង​សមូហភាព​ផ្សេង​ទៀត​ ដែល​បាន​ផ្តល់​ដោយ​សាលាក្តីខ្មែរ​ក្រហម ​ជូនដល់​ជន​រងគ្រោះ​ទាំង​ឡាយ​ក្នុង​របប​អាវខ្មៅ​ខ្មែរក្រហម។​

លោក ​នេត្រ ភក្រ្តា​ បញ្ជាក់​ថា៖​

«ជា​ផ្នែក​មួយ​នៃសំណង​ក្នុង​សំណុំ​រឿង​០០២​ ​វគ្គ១​ ​ដែល​ជន​រងគ្រោះ​បាន​ស្នើ​សុំ​ទៅ​កាន់​តុលាការ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ទទួល​បាន​សំណើ​ពី​ខាង​ជនរង​គ្រោះ​ ​តាម​រយៈ​មេធាវីនាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណីជាតិ ​និង​អន្តរជាតិ​ ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គភាព​គាំពារ​ជនរង​គ្រោះ​ហ្នឹងដើម្បី​ដាក់​ថ្ងៃ​ទី២០ឧសភា​ ​នេះ​ ​ជា​ទិវា​ជាតិ​នៃការ​ចង​ចាំ​តែ​ម្តង»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​ ​ខ្មែរ​ក្រហម​ ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ និង​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន​ ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា​ឆ្នាំ​ ​១៩៧៥ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។​ របប​កុម្មុយនីស្ត​មួយ​នេះ​ត្រូវ​បាន​គេស្តី​បន្ទោស​ថា​ បាន​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ជិត២លាន​នាក់​ ​ដោយ​ការ​កាប់​សម្លាប់​ ​ធ្វើ​ទារុណ​កម្ម​ ​បង្អត់​បាយ​ ​បង្ខំ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ការ​ហួស​កម្លាំង​ជា​ដើម។​

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ឆ្នាំ​២០០៦​ ​ក្នុង​គោលបំណង​ស្វែង​រក​ការណ៍​ពិត ​និង​យុត្តិធម៌​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​ឬ​ដែល​គេ​ស្គាល់​ថា​ ​ជា​ក្រុម​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។​

សាលាក្តី​ខ្មែរ​ក្រហម​បាន​ជំនុំ​ជម្រះ​ ​និង​ផ្តល់​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមូហ​ភាពផ្សេងៗ។​ ​បើទោះបី​ជា​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្តល់​ជា​សំណង​សមូហ​ភាពដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​ជនរង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ដោយ​ ​ប៉ុន្តែ​ក្រុម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាច្រើន​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ផ្តល់​សំណង​ដល់​បុគ្គល​ ​ជា​ទឹក​ប្រាក់​សម្រាប់​ជនរង​គ្រោះ​ម្នាក់ៗ។​

អនុក្រឹត្យ​ស្តីពី​ទិវាជាតិ​នៃ​ការ​ចងចាំ​ ដែល​មាន៤​មាត្រា​ ​បាន​បញ្ជាក់​ក្នុង​មាត្រា​១​ថា​ ​រដ្ឋាភិបាល​សម្រេច​កំណត់យក​ថ្ងៃទី​២០​ ​ខែ​ឧសភា​ ​ជា​រៀង​រាល់​ឆ្នាំ​ ​ជា​«ទិវា​ជាតិ​នៃ​ការ​ចងចាំ»​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការមួយនៅកម្ពុជា​ ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦​ខែ​មករា​ឆ្នាំ​១៩៧៩។

អនុក្រឹត្យដដែលបន្ថែម​ថា​ ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះធ្វើ​ឡើង​ដើម្បីលើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​លើក​តម្កើង​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​ការ​ស្តារ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ ​ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ ​និង​ផ្នែក​សង្គម​ដល់​ជន​រងគ្រោះ​ ​និង​ក្រុម​គ្រួសារ​ ​ចូល​រួមក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ​ ​និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​ ​ក្នុង​សង្គម​កម្ពុជា​ ​និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ ​និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនោះ ដើម្បីកុំ​ឲ្យ​វា​កើត​មាន​សារ​ជាថ្មី។

មាត្រា​២​នៃ​អនុក្រឹត្យ​នេះ​ចែង​ក្នុង​ន័យ​ដើម​ថា៖​

«ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា​ ឬ​ទំនៀម​ទម្លាប់​របស់​ខ្លួន​ ក្នុង​គោល​បំណង ដូច​មាន​ចែង​ក្នុង​មាត្រា​១​ខាង​លើ»។​

លោក​ ​ប៊ូ ម៉េង​ ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ​ប្រាប់​ VOA​ ថា​ ​អនុក្រឹត្យ​ស្តីពី​ទិវា​នៃ​ការ​ចងចាំដែល​ចេញ​ដោយ​រដ្ឋាភិបាល​ ​និង​សំណង​រដ្ឋប្បវេណី​សមូហ​ភាព​ផ្សេង​ទៀត អាច​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​របស់​លោក​បាន​តិច​តួច​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ ​លោក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​សំណង​ជា​ថវិកាដល់​បុគ្គល ឲ្យ​ដូច​ករណី​សំណង​ផ្តល់​ដល់​ជន​រងគ្រោះ​នៃ​ការ​រត់ជាន់គ្នា​លើ​ស្ពាន​កោះពេជ្រ​ កាល​ពី​ឆ្នាំ​២០១០។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​យល់​ថា​ វា​មិន​បាន​អី​ដល់​ជន​រងគ្រោះ​ទេ។ ​អាហ្នឹង​វា​គ្រាន់តែ​ការ​ចងចាំ។​ ​ខ្ញុំ​ចង់​បាន​សំណង​ ​សំណង​ជា​លុយ​កាក់​ ​ដើម្បី​ឲ្យ​ជន​រងគ្រោះ​ហ្នឹង​មាន​ទឹក​ចិត្ត​ក្នុង​ការ​បំភ្លេច​នូវ​ឧក្រិដ្ឋ​កម្មរបស់ ​ប៉ុល ពត​ ហ្នឹង»។​

យ៉ាងណា​ក៏​ដោយ​ លោក​ ​នេត្រ ភក្រ្តា​ឲ្យ​ដឹង​ថា​ ​សំណង​ដែល​ផ្តល់​ដល់​ជន​រងគ្រោះ​ ដែលជា​ដើម​បណ្តឹង​រដ្ឋប្បវេណីគឺ​សុទ្ធ​តែ​ជា​សំណងសមូហ​ភាព​ ​មិន​មាន​សំណង​ណាមួយ​សង​ទៅ​បុគ្គល​ ​តាម​ការ​ស្នើ​សុំ​ពី​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​ចំនួន​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​សំណង​សមូហភាព​ដែល​បាន​ផ្តល់ចំពោះ​មុខ​សាលាក្តី​ក្នុង​ពេលកន្លងមក​ ​មាន​ដូចជា​ ​ការ​ទទួល​ស្គាល់​ជន​រង​គ្រោះ​ជា​ដើម​បណ្តឹង​ ​ការ​ស្តារ​សម្បទា​ឡើង​វិញ​ ​ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ ​ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​ ​និង​អប់រំ​ ​ផ្សះផ្សាផ្លូវចិត្តពាក់ព័ន្ធ​នឹងរបប​កម្ពុជា​ប្រជា​ធិបតេយ្យ​ជាដើម។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ចំពោះ​សំណើ​របស់​ជនរង​គ្រោះ​មួយ​ចំនួន​ ស្នើ​សុំ​សំណង​ជា​បុគ្គល​ ​គឺ​ជា​សិទ្ធិ​របស់​ពួកគាត់។​ ក៏​ប៉ុន្តែ​វិធាន​ផ្ទៃ​ក្នុង​ ​ក៏​ដូចជា​ច្បាប់​របស់សាលាក្តី​ខ្មែរក្រហម​ ​គឺ​យើង​មិន​មាន​សំណង​ជា​បុគ្គល​ទេ​ ​គឺ​យើង​មាន​តែសំណង​តែ​ពីរ​ទេ​ ​គឺ​សំណង​ផ្លូវ​ចិត្ត​ ​និង​សំណង​សមូហ​ភាព។​ ​ដូច្នេះ​សម្រាប់​ការ​សុំ​សំណង​ជា​កញ្ចប់​ថវិកា​សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​ជា​ជនរងគ្រោះ​ហ្នឹង​ គឺ​តុលាការមិន​មាន​ទេ»។​

សាលាក្តី​ខ្មែរក្រហម​ ​ដែល​កំពុង​បន្ត​ការ​ជំនុំ​ជម្រះ​ទោស​មេ​ដឹកនាំ​ជាន់​ខ្ពស់​ ​និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​សំណុំ​រឿង​០០២​ ​វគ្គ២​ ​លើ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ ​ បាន​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​នាក់​គឺ​ ​នួន ជា​ ​បងធំ​ទី​២​ ​និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា​ ​និង​ ​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ​១ ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។​ សាលាក្តី​កូនកាត់​មួយ​នេះ​ក៏​កំពុង​តែ​ចាត់​ការ​កាត់​ក្តី​សំណុំ​រឿង​០០៣​ ​និង​០០៤​ ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ៕