គណបក្សភ្លើងទៀននឹងយកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០២៣ នេះ ទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាចុងសប្តាហ៍នេះ ខណៈឯកសារចុះឈ្មោះដើមរបស់គណបក្សជំទាស់មួយនេះ ដែលជាឯកសារសំខាន់ ដើម្បីអាចចុះឈ្មោះគណបក្ស និងបេក្ខជននៅ គ.ជ.ប បានក្លាយជាបញ្ហាចម្រួងចម្រាស។
ដំណើរការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នឹងបិទបញ្ចប់នៅថ្ងៃទី ៨ ខែឧសភានេះ។ គិតត្រឹមថ្ងៃទី ៤ ខែឧសភា មានគណបក្សនយោបាយចំនួន ៨ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោក ផ្ទាល់នឹងនាំយកបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ អមជាមួយលិខិតប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី មកជាគណបក្សភ្លើងទៀនទៅដាក់នៅ គ.ជ.ប នៅថ្ងៃទី ៦ ខែឧសភា ដើម្បីឱ្យបានមុនកាលកំណត់ នៃនីតិវិធីការចុះបញ្ជី។ លោកជឿថា ស្ថាប័នគ.ជ.ប នឹងទទួលយកលិខិតឯកសារដើម ដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី មកជាគណបក្សភ្លើងទៀន ដើម្បីអាចឱ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែង ដោយស្មើមុខស្មើមាត់ ជាមួយគណបក្សកាន់អំណាច។
លោក រ៉ុង ឈុន ថ្លែងថា៖ «គណបក្សនឹងសម្រេចយកលិខិតលេខ ២០២៤ លេខដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី មក[ជា]គណបក្សភ្លើងទៀន ដែលមានការទទួលស្គាល់របស់ក្រសួងមហាផ្ទៃហ្នឹង។ យើងយកភ្ជាប់លិខិតលេខ ២០២៤ ហ្នឹង ទៅដាក់ជូន គ.ជ.ប នៅថ្ងៃស្អែក ម៉ោងប្រមាណជា ១០ [ព្រឹក]»។
ឆ្លើយតបទៅនឹងសំណួររបស់វីអូអេ ទាក់ទិនឯកសារសម្រាប់ចុះបញ្ជីគណបក្សភ្លើងទៀន អ្នកនាំពាក្យ (គ.ជ.ប) លោក ហង្ស ពុទ្ធា លើកឡើងថា បើសិនជាគណបក្សនយោបាយបាត់ឯកសារដើម គឺអាចស្នើសុំក្រសួងមហាផ្ទៃ ធ្វើលិខិតថតចម្លងឯកសារដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីយកមកប្រើប្រាស់។
លោកថ្លែងថា៖ «ជាគោលការណ៍ គ.ជ.ប [គណបក្សនយោបាយ] ត្រូវអនុវត្តទៅតាមច្បាប់ បើសិនជាបាត់[ឯកសារ] ក៏មានតម្កល់ច្បាប់ដើមនៅក្រសួងមហាផ្ទៃដែរ។ អ៊ីចឹងសាមីគណបក្សលោកអាចទាក់ទងក្រសួងមហាផ្ទៃដើម្បីស្នើសុំធ្វើជាលិខិតថតចម្លងផ្លូវការអាចប្រើប្រាស់បានហើយ»។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា គណបក្សភ្លើងទៀនអាចនឹង មិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ប្រសិនបើគណបក្សនេះធ្វើឱ្យមានកំហុសខ្លួនឯង ទាក់ទងនឹងឯកសារសម្រាប់ការចុះបញ្ជីឈ្មោះនៅ គ.ជ.ប។
លោកថ្លែងថា៖ «អំឡុងពេលដែលគណបក្សកាន់អំណាចហ៊ានរំលាយសង្គ្រោះជាតិដែលមានតំណាងរាស្ត្រ ៥៥ រូប មានអ្នកគាំទ្រជាង ៣ លាននាក់ នៅតែគណបក្សកាន់អំណាចហ៊ានធ្វើចុះទម្រាំកំហុសរបស់ភ្លើងទៀន ជាកំហុសរបស់ភ្លើងទៀនបែបនេះកាន់តែងាយស្រួលទៀត ហើយបើសិនជាក្នុងករណីគណបក្សកាន់អំណាចមិនចង់ឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតឆ្នាំ ២០២៣ នេះ»។
ស្របពេលដែលគណបក្សភ្លើងទៀនត្រៀមដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅស្ថាប័នគ.ជ.ប នេះ បញ្ហាមួយទៀត ត្រូវបានសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ថា លោក រ៉ុង ឈុន ដែលស្ថិតក្នុងការព្យួរទោសសាកល្បង មិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របាននោះទេ ហើយអាចប្រឈមនឹងការចាប់ខ្លួន។
ប៉ុន្តែលោក រ៉ុង ឈុន បានអះអាងថា លោកនៅតែអាចឈរឈ្មោះបាន ដោយសំអាងថា លោកបានបំពេញទៅតាមលក្ខន្តិកសម្រាប់ការឈរឈ្មោះបោះឆ្នោត ហើយលោកក៏មិនបានធ្វើសកម្មភាពផ្ទុយពីបម្រាមរបស់តុលាការនោះដែរ។ លោកបន្ថែមថា សូម្បីក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់លោកជាអនុប្រធានគណបក្សភ្លើងទៀន។
បើតាមលោក រ៉ុង ឈុន នីតិវិធីរបស់ គ.ជ.ប មិនតម្រូវឱ្យលោកធ្វើលិខិតថ្កោលទោសសម្រាប់ការឈរឈ្មោះបោះឆ្នោតនោះទេ។ លោក រ៉ុង ឈុន បញ្ជាក់ឱ្យដឹងទៀតថាលោកនឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមកពីគណបក្សភ្លើងទៀនក្នុងលេខរៀងទី ១ នៅមណ្ឌលខេត្តកណ្តាល។
ទោះជាមានការបកស្រាយរបស់លោក រ៉ុង ឈុន យ៉ាងណាក្តី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្តល់ការពន្យល់តាមផ្លូវច្បាប់ថា តាមគោលការណ៍ច្បាប់ គឺទណ្ឌិតមិនមានសិទ្ធិក្នុងការឈរឈ្មោះជាតំណាងរាស្រ្តក្នុងដំណើរការបោះឆ្នោតទេ បើទោះបីទណ្ឌិតនោះជាប់ការអនុវត្តទោសព្យួរសាកល្បងក៏ដោយ៕